លោក កឹម សុខា ជួប​ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ពិភាក្សា​អំពី​ជំងឺ​កូវីដ១៩ និង​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ

0:00 / 0:00

លោក កឹម សុខា គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​អ្នកស្រី កាមិន ម៉ូរិណូ (Carmen Moreno) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា នៅ​ឯ​គេហដ្ឋាន​របស់​លោក នៅ​ថ្ងៃ​ទី៤ ខែឧសភា​នេះ។

លោក កឹម សុខា បាន​សរេសរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​នៅ​មុន​ពេល​ផ្សាយ​នេះ​បន្តិច​ថា ជំនួប​ក្នុង​កាលៈទេសៈ​ចង្អៀត​នេះ ពិត​ជា​មាន​សារៈ​សំខាន់ ដែល​ភាគី​ទាំង​ពីរ​បាន​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក អំពី​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​លើ​កម្មវិធី​នានា រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប។ ក្រៅ​ពី​នេះ ក៏​ជជែក​អំពី​បញ្ហា​ដែល​កម្ពុជា និង​ពិភព​លោក​កំពុង​តែ​ប្រឈម​ខ្លាំង​ដែរ គឺ​ការ​រាល​ដាល​ជំងឺ​កូវីដ១៩ និង​ផល​ប៉ះពាល់​សេដ្ឋកិច្ច។

លោក កឹម សុខា លើក​ឡើង​ថា កម្ពុជា​ជា​ប្រទេស​តូច ប្រជាពលរដ្ឋ​ក្រីក្រ ពេល​ជួប​វិបត្តិ​ម្តងៗ តែងតែ​"ត្រូវ​ការ​ជំនួយ​ជា​សម្ភារៈ ថវិកា បច្ចេកទេស ក៏​ដូច​ជា​ទស្សនៈ ស្មារតី​ពី​សហគមន៍​អន្តរជាតិ ដូច​ដែល​ធ្លាប់​បាន​ធ្វើ និង​បាន​ទទួល​កន្លង​ទៅ "។ សម្រាប់​ពេល​នេះ​វិញ លោក​បញ្ជាក់​ថា ក៏​ដូច​គ្នា​ដែរ "មិន​ត្រូវ​អស់​សង្ឃឹម មិន​ត្រូវ​បោះបង់ ឬ​បដិសេធ​ជំនួយ​ដែល​ស្មោះ​ត្រង់​ពី​មិត្ត​របស់​កម្ពុជា" នោះ​ទេ។

លោក កឹម សុខា មិន​បាន​សរសេរ​ឲ្យ​ចំ​ថា មិត្ត​ដែល​ស្មោះ​ត្រង់​នោះ ជា​ប្រទេស​ណា​នោះ​ទេ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា "ដូច​ដែល​លោក​ធ្លាប់​បាន​និយាយ និង បាន​ធ្វើ​ជា​បន្ត​បន្ទាប់​មក​ហើយ គឺ​សំខាន់​ណាស់ អ្វីៗ ត្រូវ​តែ​ចាប់​ផ្ដើម​ចេញ​ពី​យើង​ជា​ខ្មែរ និង ខ្មែរ ដូច​ជា ការ​ស្គាល់​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋ និង ប្រទេសជាតិ ហើយ ចេះ​ស្រឡាញ់​រាប់​អាន​គ្នា ចេះ​ចូល​រួម​ជួយ​គ្នា​ក្នុង​គ្រា​លំបាក ចេះ​អត់​ឱន​ឲ្យ​គ្នា ជា​ពិសេស សាមគ្គីភាព​រវាង​ខ្មែរ និង ខ្មែរ" មិន​មែន​ចេះ​តែ​បំបែក​បំបាក់​ខ្មែរ ដើម្បី​មហិច្ឆតា​រៀងៗ ខ្លួន" នោះ​ទេ។

នេះ​មិនមែន​ជា​លើក​ទី១ ទេ ដែល​លោក កឹម សុខា បាន​សរសេរ​សារ​ចង់​ឲ្យ​មេ​ដឹក​នាំ​ខ្មែរ "វិល​មក​បង្រួបបង្រួម​ជាតិ​ឡើង​វិញ " នៅ​ស្រប​ពេល​លោក កំពុង​តែ​ជាប់​បណ្ដឹង​នៅ​តុលាការ​នៅ​ឡើយ​នេះ៕

Kem_Sokh_meets_Carmen_Moreno_EU_Ambassador_050421_2.jpg
លោក កឹម សុខា និង​អ្នកស្រី កាមិន ម៉ូរិណូ (Carmen Moreno) ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ក្នុង​ជំនួប​ពិភាក្សា​អំពី​ជំងឺ​កូវីដ១៩ និង​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ រូប៖ ហ្វេសប៊ុក​លោក កឹម សុខា



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។