លោក កឹម សុខា ជួប​ជាមួយ​ឯកអគ្គរាជទូត​ស៊ុយអែត

ដោយ អាស៊ីសេរី
2021-07-01
Share
លោក កឹម សុខា ជួប​ជាមួយ​ឯកអគ្គរាជទូត​ស៊ុយអែត (ឆ្វេង) លោក ប្យ៉ន ហ៊ែហ្គម៉ាក (Bjorn Haggmark) ឯកអគ្គរាជទូត​ស៊ុយអែតដែល​ត្រូវ​ផុតអាណត្តិក្នុងជំនួបជម្រាបលាលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុក Kem Sokha

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​​​ជួប​ជាមួយ​តំណាង​ទូតប្រទេស​លោកសេរី​ជា​បន្ត​បន្ទាប់ ទោះជា​របបលោក ហ៊ុន សែន មិន​ទាន់​ផ្តល់​សិទ្ធិ​នយោបាយ​ដល់​រូប​លោ​កវិញយ៉ាងណាក្តី។

លោក កឹម សុខា ឱ្យដឹង​តាម​ហ្វេសប៊ុក (Facebook) នៅថ្ងៃទី១ កក្កដាថា លោក​បាន​ជួប​ជាមួយ​ឯកអគ្គរាជទូត​ស៊ុយអែតដែល​ត្រូវ​ផុតអាណត្តិលោក ប្យ៉ន ហ៊ែហ្គម៉ាក (Bjorn Haggmark) នៅក្នុងសប្តាហ៍នេះ។ លោក​បញ្ជាក់​ថា នេះជា​ជំនួបលាគ្នា ប៉ុន្តែ​ឯកអគ្គរាជទូត​ស៊ុយ​អ៊ែត​បានប្រាប់​លោក​ថា ស៊ុយ​អែត​ជាមិត្ត​របស់​កម្ពុជា ហើយ​នៅ​តែ​បន្ត​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ក្នុងការ​លើក​ស្ទូយ​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ ព្រម​ទាំង​វិស័យ​មួយចំនួន​ទៀត។

ស៊ុយអែត (Sweden) គឺ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ឈាន​មុខ​គេ​មួយ ដែល​តែង​ចេញ​មុខ​រិះគន់​របប​លោក ហ៊ុន សែន ​ជុំវិញ​ទង្វើ​រំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ កាល​ពី​ពាក់​កណ្តាល​ឆ្នាំ២០២០ ប្រទេសសមាជិក​សហភាពអឺរ៉ុប​មួយ​នេះ បាន​ប្រកាសឈប់​ផ្តល់​​ជំនួយ​អភិវឌ្ឍន៍​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយ​សារ​តែមើល​ឃើញថា លំហប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅកម្ពុជា កំពុង​ទទួល​រង​ការ​រឹតត្បិតយ៉ាង​​ខ្លាំង​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ។

ជាង​នេះទៅ​ទៀត រដ្ឋាភិបាល​ស៊ុយ​អែតនឹង​​បិទ​ស្ថាន​ទូត​របស់​ខ្លួន​នៅកម្ពុជា ចាប់ពី​ចុងឆ្នាំ២០២១ នេះ​ត​ទៅ ដោយសកម្មភាពការ​បរទេស​ទាំងឡាយ​ជាមួយ​កម្ពុជា ត្រូវ​ផ្ទេរ​ឱ្យ​ស្ថិត​ក្រោម​ការ​ចាត់​ចែង​របស់​ស្ថាន​ទូត​ស៊ុយ​អែត​ប្រចាំនៅប្រទេស​ថៃវិញ។ ក្រុម​អ្នកសង្កេតការណ៍​ជឿថា ការ​សម្រេច​ដក​ទូត​ចេញពីកម្ពុជានេះ គឺដោយសារ​ស៊ុយអែត​លែង​អាច​ធ្វើការ​កើតជាមួយ​រដ្ឋាភិបាលលោក ហ៊ុន សែន​ ដែល​ជារដ្ឋាភិបាល​ផ្តាច់​ការ និង​រំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល