លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានជួបជាមួយតំណាងទូតប្រទេសលោកសេរីជាបន្តបន្ទាប់ ទោះជារបបលោក ហ៊ុន សែន មិនទាន់ផ្តល់សិទ្ធិនយោបាយដល់រូបលោកវិញយ៉ាងណាក្តី។
លោក កឹម សុខា ឱ្យដឹងតាមហ្វេសប៊ុក (Facebook) នៅថ្ងៃទី១ កក្កដាថា លោកបានជួបជាមួយឯកអគ្គរាជទូតស៊ុយអែតដែលត្រូវផុតអាណត្តិលោក ប្យ៉ន ហ៊ែហ្គម៉ាក (Bjorn Haggmark) នៅក្នុងសប្តាហ៍នេះ។ លោកបញ្ជាក់ថា នេះជាជំនួបលាគ្នា ប៉ុន្តែឯកអគ្គរាជទូតស៊ុយអ៊ែតបានប្រាប់លោកថា ស៊ុយអែតជាមិត្តរបស់កម្ពុជា ហើយនៅតែបន្តជួយដល់ពលរដ្ឋខ្មែរក្នុងការលើកស្ទូយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ព្រមទាំងវិស័យមួយចំនួនទៀត។
ស៊ុយអែត (Sweden) គឺជាប្រទេសប្រជាធិបតេយ្យឈានមុខគេមួយ ដែលតែងចេញមុខរិះគន់របបលោក ហ៊ុន សែន ជុំវិញទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។ កាលពីពាក់កណ្តាលឆ្នាំ២០២០ ប្រទេសសមាជិកសហភាពអឺរ៉ុបមួយនេះ បានប្រកាសឈប់ផ្តល់ជំនួយអភិវឌ្ឍន៍ដល់រដ្ឋាភិបាលលោក ហ៊ុន សែន ដោយសារតែមើលឃើញថា លំហប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា កំពុងទទួលរងការរឹតត្បិតយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ជាងនេះទៅទៀត រដ្ឋាភិបាលស៊ុយអែតនឹងបិទស្ថានទូតរបស់ខ្លួននៅកម្ពុជា ចាប់ពីចុងឆ្នាំ២០២១នេះតទៅ ដោយសកម្មភាពការបរទេសទាំងឡាយជាមួយកម្ពុជា ត្រូវផ្ទេរឱ្យស្ថិតក្រោមការចាត់ចែងរបស់ស្ថានទូតស៊ុយអែតប្រចាំនៅប្រទេសថៃវិញ។ ក្រុមអ្នកសង្កេតការណ៍ជឿថា ការសម្រេចដកទូតចេញពីកម្ពុជានេះ គឺដោយសារស៊ុយអែតលែងអាចធ្វើការកើតជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន ដែលជារដ្ឋាភិបាលផ្តាច់ការ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។