លោក កឹម សុខា ចេញ​សារ​អំពាវនាវ​ឲ្យ​មាន​តម្លាភាព និង​ភាព​ស្មោះ​ត្រង់​អំពី​ការ​បង្ហាញ​ព័ត៌មាន

0:00 / 0:00

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ចេញ​សារ​អំពាវនាវ​ជា​ច្រើន​ចំណុច ដើម្បី​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​ជំងឺ​កូវីឌ-១៩ ដ៏​កាច​សាហាវ​នេះ។ ក្នុង​ចំណោម​សារ ដែល​លោក​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក នៅ​ថ្ងៃ​ទី ២៣ ខែ មីនា​នេះ លោក កឹម សុខា ស្នើសុំ​ឲ្យ​មាន​តម្លាភាព និង​ភាព​ស្មោះ​ត្រង់​ក្នុង​ការ​បង្ហាញ​ព័ត៌មាន។ លោក​ស្នើសុំ​កុំ​បំភ្លៃ កុំ​បំប៉ោង​ព័ត៌មាន និង​កុំ​លាក់​បាំង​ព័ត៌មាន​ពិត។

ទោះ​បី​ជា​លោក កឹម សុខា មិន​បាន​ដៅ​សារ​នេះ ចំៗ ឆ្ពោះ​ទៅ​ស្ថាប័ន​ណា​មួយ​ជាក់លាក់​យ៉ាង​ណា​ក្តី ក៏​មួយ​រយៈ​ពេល​ចុង​ក្រោយ ការ​ផ្សាយ​ព័ត៌មាន​បំភ្លៃ និង​បំប៉ោង​តាម​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម យ៉ាង​ផុលផុស។ ជាង​នេះ​ទៅ​ទៀត ថ្មីៗ នេះ របប​ក្រុង​ភ្នំពេញ ក៏​រង​ការ​រិះគន់​ថា ព្យាយាម​លាក់​បាំង​ព័ត៌មាន​ពិត អំពី​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​នេះ​ដែរ ជា​ពិសេស​ការ​លាក់​ព័ត៌មាន​អំពី​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស ដែល​បាន​ឆ្លង​ជំងឺ​នេះ។

បន្ថែម​លើ​សារ​នេះ លោក កឹម សុខា ក៏​បាន​អំពាវនាវ​ឲ្យ​ពិភពលោក មាន​សាមគ្គី​គ្នា​ជា​សកល ដោយ​កុំ​រើសអើង​ជាតិ​សាសន៍ ប្រទេស ឬ​ប្លុក​នយោបាយ សេដ្ឋកិច្ច ឬ​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។