បើទោះជាមួយរយៈនេះប្រធានគណបក្សប្រឆាំង លោក កឹម សុខា មិនបានបង្ហាញវត្តមានរបស់ខ្លួននៅទីសាធារណៈ ដូចមុនៗក្ដីក៏មេធាវីរបស់លោកឱ្យដឹងថា លោក កឹម សុខា នៅតែបន្តធ្វើសកម្មភាពទាំងឡាយណាដែលតុលាការបានអនុញ្ញាត ដែលក្នុងនោះក៏មានធ្វើដំណើរតាមបណ្ដាខេត្តជួបពលរដ្ឋដែរ។ រីឯអ្នកវិភាគ យល់ថា ការរក្សាភាពស្ងៀមស្ងាត់របស់លោក កឹម សុខា មិនផ្ដល់ផលចំណេញដល់លោក ក្នុងនាមជាអ្នកនយោបាយនោះទេ។
លោកមេធាវី ចាន់ ចេន មានប្រសាសន៍ថា លោក កឹម សុខា នៅតែប្រើប្រាស់សិទ្ធិរបស់ខ្លួន រួមទាំងសិទ្ធិធ្វើដំណើរក្នុងប្រទេសដដែល លើកលែងតែការចេញក្រៅប្រទេស និងសិទ្ធិធ្វើនយោបាយ ដែលតុលាការបានហាមឃាត់។ ទោះយ៉ាងណា លោកមេធាវី មិនទាន់អាចបញ្ជាក់បានទេថា លោក កឹម សុខា នឹងធ្វើដំណើរទៅតាមខេត្តទៀត ឬយ៉ាងណានោះដែរ៖ «ដោយសារខ្ញុំអត់ បានជួបគាត់ ( លោក កឹម សុខា ) ខ្ញុំធ្វើអត្ថាធិប្បាយអីអត់កើតទេណា ប៉ុន្តែដូចជម្រាបប្រាប់លោកអ៊ីចឹងអ្វីដែលមិនស្ថិតក្នុងបម្រាមជាសិទ្ធិរបស់លោក»។
កាលពីអំឡុងខែកក្កដា លោក កឹម សុខា បានធ្វើដំណើរទៅតាមខេត្តមួយចំនួន បានជួបសួរសុខទុក្ខអតីតសហការីរបស់លោក ទៅកន្លែងសក្ការមួយចំនួន ធ្វើពិធីបួងសួងសុំក្ដីសុខ ដើរមើលប្រាសាទបុរាណ ហើយលោកក៏បានជជែកសំណេះសំណាលជាមួយពលរដ្ឋផងដែរ។
ប៉ុន្តែភ្លាមៗក្រោយរូបថតសកម្មភាពរបស់លោក កឹម សុខា ចុះតាមខេត្ត ត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក ព្រោងព្រាត ខាតតុលាការចាត់វិធានការទប់ស្កាត់ភ្លាម ដោយចាត់ទុកថាជាសកម្មភាពនយោបាយ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោកចៅក្រម កូយ សៅ បានចេញលិខិតមួយព្រមានថា ក្រុមប្រឹក្សាជំនុំជម្រះ បានទទួលរបាយការណ៍ពីមន្ត្រីនគរបាលយុត្តិធម៌ ដែលទទួលបន្ទុកតាមដាន លោក កឹម សុខា ឱ្យដឹងថា លោក កឹម សុខា បានធ្វើសកម្មភាពមួយចំនួន ជាពិសេសនៅតាមបណ្ដាខេត្ត ដោយចុះជួបសំណេះសំណាលជាមួយពលរដ្ឋ និងប្រមូលផ្ដុំជួបជុំអ្នកគាំទ្ររបស់ខ្លួនក្រោមរូបភាពផ្សេងៗ។ លិខិតចុះកាលពីថ្ងៃទី២០ ខែកក្កដា បន្តទៀតថា សកម្មភាពរបស់ប្រធានគណបក្សសង្គ្រោះជាតិ អាចនឹងឈានទៅហួសព្រំដែន ឬនាំទៅដល់ការបំពានលើកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ។
បើទោះបីជាតុលាការឃុំខ្លួនលោក កឹម សុខា ក្នុងផ្ទះទៀតក៏ដោយ ក៏តុលាការបានកម្រិតព្រំដែន ដោយមិនអនុញ្ញាតឱ្យលោកធ្វើដំណើរចេញទៅក្រៅប្រទេស និងរឹតត្បិតសិទ្ធិសេរីភាពពាក់ព័ន្ធនឹងសកម្មភាពជាច្រើនទៀតរបស់លោក កឹម សុខា ដែលតុលាការកំណត់ថា ជាសកម្មភាពនយោបាយ។
លិខិតព្រមានរបស់លោក កូយ សៅ នោះ រងប្រតិកម្មជាច្រើនពីក្រុមមេធាវីការពារក្ដីឱ្យលោក កឹម សុខា។ សហមេធាវីមួយរូប គឺអ្នកស្រី ម៉េង សុភារី សរសេរសារនៅលើគណនីហ្វេសប៊ុករបស់អ្នកស្រី ភ្លាមៗក្រោយឃើញលិខិតនោះ ថា លោក កឹម សុខា តែងតែគោរពច្បាប់ ទាំងពេលកន្លងមក ពេលបច្ចុប្បន្ន និងទៅអនាគត។ អ្នកស្រីបន្ថែមថា លោក កឹម សុខា យល់ដឹងច្បាស់ណាស់នូវអ្វី ដែលគាត់មានសិទ្ធិ និងអ្វីដែលគាត់មិនមានសិទ្ធិ។ អ្នកស្រីបន្តថា លិខិតមួយសន្លឹកនោះ បញ្ជាក់ជូនសាធារណជន ទាំងជាតិនិងអន្តរជាតិ ឱ្យយល់ឃើញកាន់តែច្បាស់ហើយ ថាលោក កឹម សុខា សូម្បីតែច្បាប់មិនបានហាមឃាត់សិទ្ធិដើរហើរក្នុងប្រទេស ឬជួបប្រជាពលរដ្ឋដែលស្រលាញ់រាប់អាន សម្ដែងនូវក្ដីនឹករលឹកគាត់ ឬទៅកន្លែងសក្ការបូជា ក៏ត្រូវទទួលការក្រើនរម្លឹក ឬអាច ថា ជាការផ្ដល់ភ្លើងលឿងភ្លាមៗ ឱ្យមានការប្រុងប្រយ័ត្នផងដែរ។
ទោះជាមានប្រតិកម្មយ៉ាងនេះក្ដី ចាប់ពីពេលនោះមក គេមិនបានឃើញ លោក កឹម សុខា ឬមេធាវី លោក កឹម សុខា និងមន្ត្រីដែលនៅស្និទ្ធនឹងលោក កឹម សុខា បង្ហាញរូបភាពនៃការធ្វើដំណើររបស់លោក កឹម សុខា ទៀតនោះទេ គិតត្រឹមថ្ងៃទី៦ ខែសីហា។
ទោះជាយ៉ាងណា ស្របពេលតុលាការព្រមានលោក កឹម សុខា រឿងចេញទៅទីសាធារណៈជួបពលរដ្ឋនេះ លោក កឹម សុខា បានទៅជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) នៅថ្ងៃទី៦ សីហា។ លោក ប៉ាទ្រីក ម័រហ្វី សរសេរលើបណ្តាញធ្វីតធ័រ (Twitter) ថា លោកបានពិភាក្សាជាមួយលោក កឹម សុខា អំពីខួប៧០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-អាមេរិក និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក្នុងនោះក៏រួមបញ្ចូលទាំងបញ្ហាប្រឈមធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច អំឡុងការរាតត្បាតនៃជំងឺកូវីដ-១៩ ផងដែរ។ លោក ប៉ាទ្រីក ម័រហ្វី បញ្ជាក់ទៀតថា លោកតែងតែកោតសរសើរចំពោះភាពរាបសារ និងការលះបង់របស់លោក កឹម សុខា ចំពោះប្រទេសកម្ពុជា។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោកបណ្ឌិត សេង សារី យល់ថា ក្នុងស្ថានភាពនេះ លោក កឹម សុខា គឺមិនត្រូវបំពានបម្រាមរបស់តុលាការនោះទេ។ ប៉ុន្តែ លោក កឹម សុខា ក៏មិនគួរនៅស្ងៀមដែរ ខណៈលោកមានសិទ្ធិដើរហើរជួបពលរដ្ឋនោះ។ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមដដែល បន្តថា អ្វីដែលលោក កឹម សុខា ត្រូវប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរចេញក្រៅលើកនេះ ទាមទារឱ្យអ្នកហែហមអមដំណើរលោក មិនត្រូវប្រើប្រាស់សារនយោបាយតាមបណ្ដាញសង្គមដែលករណីនេះអាចធ្វើឱ្យតុលាការចោទប្រកាន់៖ «ក្នុងមានជាអ្នកនយោបាយជាពិសេសជាអ្នកនយោបាយដែលមានប្រជាប្រិយភាព ជាអ្នកនយោបាយលេចធ្លោក្នុងចំណោមអ្នកនយោបាយខ្មែរតែប៉ុន្មានហ្នឹង សម្រាប់ខ្ញុំការការស្ងប់ស្ងាត់មិនមែនការធ្វើនយោបាយបែបអហិង្សាទេ ជាការធ្វើនយោបាយបែបភ័យខ្លាចទៅវិញ ដូច្នេះហើយយើងគ្រាន់តែកុំបំពាននូវច្បាប់ទៅ កុំបំពាននូវបម្រាមតុលាការទៅ»។
ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវសមត្ថកិច្ចចាប់ខ្លួន និងឃុំក្នុងផ្ទះក្រោយរងការចោទប្រកាន់ ពីទោសក្បត់ជាតិ កាលពីឆ្នាំ២០១៧ ប៉ុន្តែកាលពីចុងឆ្នាំ២០១៩ តុលាការបានបន្ធូរបន្ថយការត្រួតពិនិត្យ ដោយអនុញ្ញាតធ្វើដំណើរក្នុងប្រទេស តែហាមឃាត់ធ្វើសកម្មភាពនយោបាយ។ នៅពេលតុលាការចេញលិខិត ព្រមានពីសកម្មភាពចុះតាមបណ្ដាខេត្តនានា កាលពីថ្ងៃទី២០ ខែកក្កដា លោក កឹម សុខា បានសរសេរលើហ្វេសប៊ុកថា លោកនៅតែនឹករលឹក ចង់ជួប ចង់ស្ដាប់ និងចង់និយាយឆ្លើយឆ្លងសួរសុខទុក្ខជាមួយពលរដ្ឋ នៅទីកន្លែងនានាបន្តទៀត ឱ្យតែមានឱកាស៕