តុលាការបដិសេធសំណើរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលស្នើសុំចៅក្រមបើកសេរីភាពខ្លះដល់លោក ដើម្បីជួបជុំគ្រួសារ អំឡុងពេលពិធីបុណ្យចូលឆ្នាំខាងមុខនេះ។
ការស្នើនេះ គឺបន្ទាប់ពីសាលាឧទ្ធរណ៍ បានបន្តបើកសវនាការលើកទី៥ លើបណ្ដឹង ជំទាស់លោក កឹម សុខា ប្រឆាំងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ឱ្យលោកមានទោសក្បត់ជាតិ ២៧ឆ្នាំ និងដាក់ឃុំក្នុងផ្ទះ រួមទាំង ដាក់បម្រាមមិនឱ្យជួបបរទេស លើកលែងតែមានការអនុញ្ញាតពីតុលាការ។
មេធាវីការពារក្ដីលោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២១ មីនា ថា អ្វីដែលតុលាការសួរដេញដោលនៅថ្ងៃនេះ ពាក់ព័ន្ធនឹងការធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ដែលត្រូវបានតុលាការចោទ ថា ជាលេសបង្កើតឱ្យមានអំពើហិង្សា បើទោះបីជាបាតុកម្មពេលនោះ ទាមទារឱ្យបង្កើតគណៈកម្មការបោះឆ្នោតឯករាជ្យក៏ដោយ។
អ្នកស្រីថា កូនក្ដីរបស់អ្នកស្រីបានបញ្ជាក់ទៅចៅក្រមនៅក្នុងអង្គសវនាការ រាល់សកម្មភាពរបស់លោកមិនបានប្រឆាំងនឹងរដ្ឋាភិបាល និងបង្កើតឱ្យមានអំពើហិង្សា ដូចចោទប្រកាន់ឡើយ។
លើសពីនេះ ក្រោយការធ្វើបាតុកម្មអហិង្សានៅពេលនោះ ក៏មានការចរចាគ្នា ក្នុងការកែទម្រង់ការបោះឆ្នោតជាដើម។
អ្នកស្រី ម៉េង សុភារី៖ «សកម្មភាពទាំងអស់ហ្នឹងហើយ វាអត់មានអំពើហិង្សាកើតឡើងអត់មានអីហ្នឹងហើយ ដែលវាស៊ីសង្វាក់ដែលថា នោះហើយដែលជាការទាមទារទាក់ទងនឹងទៅ ការបង្កើតគណៈកម្មការទាក់ទងនឹងការបោះឆ្នោតពិតមែន។ អត់មានថា ជាលេស ដើម្បីបង្កើតឱ្យអំពើប្រទូសរាយ ដើម្បីច្បាមយកអំណាចខុសច្បាប់ ដើម្បីទៅធ្វើផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់អីគឺអត់ទេ ហើយក៏បានបញ្ជាក់ដែរថា ការបង្កើតគណបក្សសង្គ្រោះជាតិក៏ដោយ ក្នុងគោលបំណងតែមួយគត់ គឺដើម្បីចូលរួមការបោះឆ្នោត មិនមែនទៅច្បាមអំណាចខុសច្បាប់នោះទេ»។
សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានផ្ដន្ទាទោស លោក កឹម សុខា ដាក់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ពីបទ«សន្ទិដ្ឋភាពជាមួយបរទេស ឬឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស» ដែលត្រូវបានចោទប្រកាន់តាំងពីឆ្នាំ២០១៧។ តុលាការបានដាក់បម្រាម មិនឱ្យលោក កឹម សុខា ធ្វើនយោបាយ មិនឱ្យចេញពីផ្ទះ មិនឱ្យជួបបរទេស លើកលែងតែមានការអនុញ្ញាតពីតុលាការ។
យ៉ាងណា ក្នុងអង្គសវនាការនៅថ្ងៃនេះ លោក កឹម សុខា បានស្នើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ បើកសិទ្ធិសេរីភាពដល់រូបលោកខ្លះ ដើម្បីបាន ជួបជុំគ្រួសារ ស្របពេលពិធីបុណ្យចូលឆ្នាំជិតមកដល់។ ប៉ុន្តែសំណើ របស់លោក កឹម សុខា ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អ៊ឹម វណ្ណៈ បដិសេធដោយឱ្យលោកអនុវត្តតាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc)លោក យី សុខសាន្ត ដែលឃ្លាំមើល ក្នុងសវនាការនៅថ្ងៃនេះ កត់សម្គាល់ថា សវនាការហាក់មិនមានភាពជឿនលឿន ដោយសួរដេញដោលតែរឿងបាតុកម្ម។ ចំណែកការសួរដេញដោល ពាក់ព័ន្ធនឹងបទចោទ ប្រកាន់ «ឃុបឃិតត្រូវរ៉ូវគ្នាជាមួយរដ្ឋបរទេស » លោកថា ហាក់ដូចជាមិនទាន់ច្បាស់លាស់នៅឡើយ។
លោក យី សុខសាន្ត ថា ប្រសិនបើរឿងនេះ ពាក់ព័ន្ធនឹងរឿងនយោបាយ គួរតែមានការបន្ធូរបន្ថយខ្លះ។
លោក យី សុខសាន្ត៖ «ទាំងអស់គ្នា គឺសុទ្ធតែភាគី ដែលធ្វើម៉េចជួយឱ្យប្រទេសកម្ពុជាយើងមានសន្តិភាព ក៏ដូចជា ពលរដ្ឋយើងរួចចាកការអត់ឃ្លាន ហើយមានកិត្តិយសស្មើមុខស្មើមាត់ដូចប្រទេសដែលគេជឿនលឿន។ ខ្ញុំគិតថា ប្រសិនជាលោកប្រធានក្រុមប្រឹក្សាជំនុំជម្រះ បើសិនអនុញ្ញាតឱ្យគាត់មានសេរីភាពបន្តិច ដូចជាការព្យួរ ពីព្រោះគាត់នៅក្នុងផ្ទះ ប៉ុន្តែអត់បានជួបគ្រួសារ វារឿងមួយដែលធ្វើឱ្យនៅក្នុងសង្គមគ្រួសារមិនសប្បាយនៅពេលក្នុងពិធីបុណ្យចូលឆ្នាំ»។
ទោះជាយ៉ាងណា សហគមន៍ជាតិ និងអន្តរជាតិចាត់ទុកថា សំណុំរឿងនេះ ជារឿងនយោបាយ និងទាមទារឱ្យលុបចោលការចោទប្រកាន់ និងប្រគល់សេរីភាពពេញលេញជូនមេបក្សប្រឆាំងរូបនេះវិញ។
ក្រោយបើកសវនាការពេញមួយព្រឹក ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អ៊ឹម វណ្ណៈ កំណត់នៅថ្ងៃទី៤ ខែមេសា ដើម្បីបន្តសវនាការជាលើកទី៦ ខណៈសំណុំរឿង លោក កឹម សុខា នៅសាលាឧទ្ធរណ៍នេះចៅក្រមថា អាចនឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។