អ្នកវិភាគនយោបាយសង្កេតឃើញថា ការបន្តពន្យារពេល ឬផ្អឹបសំណុំរឿងលោក កឹម សុខា មិនបន្តសវនាការជម្រះក្ដី គឺជាការទិញពេលវេលារបស់គណបក្សកាន់អំណាច ដោយរង់ចាំមេបក្សដឹកនាំគណបក្សប្រឆាំងបែកបាក់គ្នាសិន។ ប៉ុន្តែលោក សម រង្ស៊ី អះអាងថា លោក និងលោក កឹម សុខា នៅតែជាមនុស្សតែមួយ។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមបណ្ឌិត សេង សារី យល់ថា ការបន្តពន្យារពេលសវនាការលោក កឹម សុខា ជាយុទ្ធសាស្ត្រគណបក្សកាន់អំណាច ដោយមានចេតនាមិនឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ។ លោកសង្កេតឃើញថា អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺមកដល់ពេលនេះ មិនទាន់មានសញ្ញាណាមួយបង្ហាញថា លោក កឹម សុខា បែកបាក់ពីលោក សម រង្ស៊ី នោះទេ បើទោះជាម្នាក់នៅក្នុងស្រុក និងម្នាក់ទៀតនៅក្រៅស្រុកក្ដី៖ « បច្ចុប្បន្ននេះយើងមើលឃើញថា ទោះបីជាមានការសង្ស័យ ទោះមានភាពរកាំរកូសផ្ទៃក្នុងរវាងមេដឹកនាំអតីតមេដឹកនាំគណបក្សប្រឆាំងទាំងពីរក៏ដោយ ប៉ុន្តែយើងអត់ទាន់ឃើញមានសញ្ញាបែកបាក់គ្នាជាផ្លូវការនៅឡើយទេ។ ដូច្នេះ គណបក្សកាន់អំណាចលោកប្រយ័ត្នប្រយែងរឿងហ្នឹងណាស់ »។
ទាក់ទិននឹងបញ្ហានេះ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី មានប្រសាសន៍នៅក្នុងវេទិការអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៦ វិច្ឆិកាថា លោក និងលោក កឹម សុខា មិនបែកបាក់គ្នាទេ ហើយលោកទាំងពីរនៅតែជាមនុស្សតែមួយដដែល។
រីឯនាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនៃសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត យល់ថា ការបន្តពន្យារពេលសំណុំរឿងលោក កឹម សុខា បែបនេះ អាចធ្វើឱ្យសាមីខ្លួនរងភាពអយុត្តិធម៌។ លោកសង្កេតឃើញថា សព្វថ្ងៃរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គឺលោក កើត រិទ្ធ កំពុងពន្លឿនដោះស្រាយការកកស្ទះសំណុំរឿងក្ដីនៅតុលាការ។ ដូច្នេះលោកថា សំណុំរឿងលោក កឹម សុខា គួរទទួលបានការយកចិត្តទុកដាក់ដូចសំណុំរឿងផ្សេងទៀតដែរ៖ « អ៊ីចឹងខ្ញុំយល់ថា ដើម្បីបំបាត់ភាពសង្ស័យទាំងអស់នេះ តុលាការគួរតែកំណត់កាលបរិច្ឆេទនៃសវនាការទៅ ដើម្បីឱ្យអ្នកដែលតាមដាមរឿងហ្នឹងបាត់ចម្ងល់ នៅពេលដែលមានសាលក្រមពីតុលាការ »។
ការលើកឡើងរបស់អ្នកវិភាគ និងមន្ត្រីសង្គមស៊ីវិលបែបនេះ ខណៈសាលាដំបូងរាជធានីភ្នំពេញ នៅតែផ្អាកការជម្រះក្ដីសំណុំរឿងលោក កឹម សុខា បើទោះជាក្រុមមេធាវី លោក គឹម សុខា បានស្នើសុំម្ដងហើយម្ដងទៀត ឱ្យតុលាការជម្រះក្ដីសំណុំរឿងលោក កឹម សុខា ឡើងវិញ។ សាលាដំបូងរាជធានី ភ្នំពេញបានសម្រេចផ្អាកសវនាការលោក កឹម សុខា ដោយគ្មានកាលកំណត់ ព្រោះវិបត្តិជំងឺឆ្លងកូវីដ-១៩ កាលពីខែមីនា។
ជុំវិញករណីនេះអាស៊ីសេរីបានព្យាយាមសុំការបំភ្លឺពីប្រធាននិងលេខាធិការដ្ឋានសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ នៅថ្ងៃទី០៦ ខែវិច្ឆិកា ប៉ុន្តែទូរស័ព្ទហៅចូលគ្មានអ្នកទទួល។ ទោះបីជាយ៉ាងណា កាសែត (Khmer Times) បានចុះផ្សាយកាលពីខែកញ្ញាថា ក្នុងកិច្ចប្រជុំបិទទ្វារមួយនៅទីស្តីការគណៈរដ្ឋមន្ត្រី លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាននិយាយថា សំណុំរឿងរបស់លោក កឹម សុខា អាចពន្យារពេលរហូតដល់ឆ្នាំ២០២៤។
កាលពីថ្ងៃទី២៤ ខែតុលា មេធាវី លោក កឹម សុខា ផែង ហេង ប្រាប់អាស៊ីសេរីថា ក្រុមមេធាវី មិនទាន់ទទួលលិខិតឆ្លើយតបពីតុលាការវិញនៅឡើយទេ ពីសំណើសុំជម្រះក្ដីលោក កឹម សុខា ឡើងវិញបានមេធាវីបានស្នើឡើង។ លោកមេធាវី ផែង ហេង ចង់ឃើញតុលាការពន្លឿនសំណុំរឿងនេះដូចសំណុំរឿងផ្សេងទៀត ដែលក្រសួងយុត្តិធម៌យកចិត្តទុកដាក់ដោះស្រាយពន្លឿននីតិវិធី។
ទោះយ៉ាងណាក្ដី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា តុលាការគ្មានចេតនាណាមួយក្នុងការផ្អឹបទុកករណីលោក កឹម សុខា នេះទេ ហើយផ្ទុយទៅវិញ តុលាការចង់តែបញ្ចប់រឿងនេះទៅវិញទេ។ លោកថា បញ្ហាដែលធ្វើតុលាការមិនអាចទាន់ជម្រះក្ដីរឿងនេះ ព្រោះបញ្ហាជំងឺកូវីដ១៩ និងបញ្ហាទឹកជំនន់ ដែលកម្ពុជាកំពុងជួបប្រទះ៖ «ព្រោះឯកឧត្ដមក្រសួងយុត្តិធម៌ថ្មី គឺគាត់ចង់បញ្ចប់រឿងនានា កុំឱ្យវែងឆ្ងាយតទៅទៀត។ គាត់ខិតខំដោះស្រាយបានច្រើនសំណុំរឿងហើយ ខ្ញុំយល់ថា ដោះស្រាយបានច្រើនសំណុំរឿងហើយ ខ្ញុំយល់ថា ករណី កឹម សុខា រដ្ឋមន្ត្រីក៏មិនអាចជ្រែតជ្រែកបានដែរស្ថិតក្នុងដំណើរការនីតិវិធីតុលាការ»។
អ្នកវិភាគជើងចាស់ បណ្ឌិត ឡៅ ម៉ុងហៃ សរសេរលើហ្វេសប៊ុកលោកថា ការពន្យារសំណុំរឿងលោក កឹម សុខា ដល់ឆ្នាំ២០២៤ ជាការបំពានសិទ្ធិមួយរបស់ជនជាប់ចោទ គឺសិទ្ធិ "ត្រូវបានជំនុំជំរះដោយឥតពន្យារពេលយូរហួស"។ លោកបន្តថា យកល្អសម្រាប់ឯករាជ្យភាពតុលាការ និងការបែងចែកអំណាច ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ រដ្ឋាភិបាលគួរគោរពអនុវត្តច្បាប់ ហាមលើកឡើងនូវសំណុំរឿងតុលាការដែលស្ថិតនៅក្រោមនីតិវិធីជំនុំជម្រះ។ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយចោទប្រកាន់ពីបទក្បត់ជាតិ កាលពីឆ្នាំ២០១៧។ ប៉ុន្តែកាលពីឆ្នាំ២០១៩ តុលាការបានបន្ធូរបន្ថយការត្រួតពិនិត្យខ្លះ ដោយអនុញ្ញាតឲ្យលោកអាចឱ្យធ្វើដំណើរក្នុងប្រទេសបាន ប៉ុន្តែហាមធ្វើនយោបាយ និងចេញក្រៅប្រទេស។ លោក កឹម សុខា កាលពីកាលពីខែកញ្ញា បានអំពាវនាវដល់តុលាការទម្លាក់បទចោទ និងផ្ដល់សិទ្ធិពេញលេញដល់រូបលោកវិញ។ លោកធ្លាប់លើកឡើងថា មាសសុទ្ធ មិនខ្លាចភ្លើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។