សហគមន៍ខ្មែរក្រោម ប្រារព្ធខួប ៧២ឆ្នាំ នៃថ្ងៃបារាំងកាត់ទឹកដីខ្មែរក្រោមទៅវៀតណាមទាំងខុសច្បាប់ រយៈពេលវែងចាប់ផ្ដើមពីថ្ងៃទី៤ ខែមិថុនារហូតដល់ចុងខែមិថុនា។ ថ្ងៃទី១ នៃការប្រារព្ធខួបនៃទិវាកាន់ទុក្ខជាតិខ្មែរ លើកទី៧២ នេះ សហគមន៍ខ្មែរក្រោម ទាមទារទៅវៀតណាមត្រូវទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើមម្ចាស់ស្រុក។ ជុំវិញការប្រារព្ធខួបនេះ អ្នកនាំពាក្យរដ្ឋាភិបាលយល់ថា ខ្មែរ ក្រោមមានសិទ្ធិទាមទារសិទ្ធិជាម្ចាស់ស្រុក ប៉ុន្តែ រដ្ឋាភិបាលមិនអាចជួយ ឬលូកដៃការទាមទារនេះបានទេ ព្រោះពេលនេះកម្ពុជាក្រោមជាទឹកដីរបស់វៀតណាមហើយ។
សហគមន៍ខ្មែរក្រោមជួបការលំបាកក្នុងការរៀបចំឱ្យជួបជុំ ក្នុងពេលនៃវិបត្តិនៃជំងឺ Covid-19 ប៉ុន្តែ សហគមន៍បានលើកយកបញ្ហាខ្មែរក្រោម និងទាមទារសិទ្ធិសេរីភាព មកជជែកតាមបណ្ដាញសង្គម (Facebook) ក្រៅពីនេះ ក៏មានការប្រមូលថវិកាដើម្បីចែកជួនពលរដ្ឋក្រីក្រ ជាពិសេស ពលរដ្ឋខ្មែរក្រោមដែលកំពុងជួបវិបត្តិជំងឺកូវីដ១៩។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ថាច់ សេដ្ឋា ឱ្យដឹងថា សហគមន៍ខ្មែរក្រោមនៅតែជំរុញទៅវៀតណាមត្រូវទទួលស្គាល់ការពិតថា ខ្មែរក្រោមជាជនជាតិដើមម្ចាស់ស្រុក។ លោកស្នើទៅខ្មែរក្រោមរស់នៅតាមប្រទេសនានា និងខ្មែរកណ្ដាលផងដែររួមគ្នាជាសំឡេងរួមមួយ ទាមទារឱ្យវៀតណាមគោរពសិទ្ធិជនជាតិដើមដូចដែលវៀតណាមបានផ្ដល់សច្ចាប័នទៅអង្គការសហប្រជាជាតិកន្លងទៅ៖ « រឿងអង្គការអន្តរជាតិនានាយើងតែងតែជំរុញឱ្យយួន ( វៀតណាម ) ត្រូវតែទទួលស្គាល់នៃប្រវត្តិសាស្ត្រពិតជាពិសេសខ្មែរនៅទីនោះជាជនជាតិដើមអ្នកកសាងទឹកដីពិតប្រាកដមែនយួន ( វៀតណាម ) មិនអាចគេចចេញពីការទទួលខុសត្រូវហ្នឹងបានទេ»។
លោក ថាច់ សេដ្ឋា ឱ្យដឹងទៀតថា ដ្បិតការរម្លឹកខួបនេះ ត្រូវធ្វើនៅថ្ងៃទី៤ ខែមិថុនាក្ដី ប៉ុន្តែ ប្រសិននៅថ្ងៃទី២៧ ខែមិថុនាខាងមុខ ស្ថានភាពជំងឺកូវីដចុះថមថយ នឹងមានការរៀបចំពិធីជួបជុំ និងការធ្វើការពិធីសាសនាឱ្យបានធំដុំ។
ក្នុងថ្ងៃនៃខួបបាត់បង់ទឹកដីនេះដែរ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនបានប្ដូរ រូបលើប្រូហ្វាល (Profile) របស់ខ្លួន នូវរូបសញ្ញាកាន់ទុក្ខជារូបទង់ជាតិកម្ពុជាក្រោម ផែនទីទឹកដីខ្មែរ និងរៀបរាប់ពីការឈឺចាប់នៃការបាត់បង់ដែនដីខ្មែរក្រោម។ អ្នកផ្សេងទៀត ក៏បានបង្ហោះចម្រៀងបង្ហាញពីលះបង់ជីវិតរបស់ឧកញ៉ា ស៊ឺន គុយ ដែលជាការប្ដូរមកវិញ សិទ្ធិសេរីជូនពលរដ្ឋខ្មែរក្រោម។
ចំណែកសហព័ន្ធខ្មែរក្រោមដែលមានមូលដ្ឋាននៅអាមេរិកវិញ ក៏នឹងជួបជុំគ្នាធ្វើពិធីបាត់បង់ទឹកដីនេះដែរ។ សាខាសហព័ន្ធនឹងធ្វើពិធីនៅតាមរដ្ឋនីមួយៗ។ មន្ត្រីសហព័ន្ធលើកឡើងថា ចាប់តាំងពីវៀតណាមត្រួតត្រាទឹកដីខ្មែរក្រោមមក វៀតណាមមានមហិច្ឆតាបំបាត់ អត្តសញ្ញាណខ្មែរក្រោមរួមមាន ការកែប្រែឈ្មោះខេត្តពីខ្មែរទៅជាភាសាវៀតណាម បំបាត់វប្បធម៌ ប្រពៃណី អក្សរសាស្ត្រ និងសិទ្ធិជាជនជាតិដើមកំណើតជាដើម។ មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោមឲ្យដឹងថា ដើម្បីទប់ស្កាត់ មហិច្ឆតារបស់វៀតណាមនេះ សហព័ន្ធនឹងបំផុសស្មារតីស្នេហាជាតិដល់បងប្អូនខ្មែរក្រោម ដែលកំពុងរស់លើទឹកដីកំណើតឲ្យប្រកាន់ភ្ជាប់និងរក្សាអត្តសញ្ញាណជាខ្មែរក្រោម ដើម្បីទាមទារសិទ្ធិស្វ័យសម្រេចជោគជ័យទៅថ្ងៃក្រោយ។
កម្ពុជាបានបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម ដែលមានខេត្តចំនួន២១ កាលពីឆ្នាំ១៩៤៩ ដោយសារតែបារាំងកាត់ទឹកដីខ្មែរកម្ពុជាក្រោមទៅឱ្យវៀតណាមទាំងខុសច្បាប់និងគ្មានការយល់ព្រមពីកម្ពុជា និងពលរដ្ឋខ្មែរកម្ពុជាក្រោម។
ទោះយ៉ាងណាមកដល់ពេលនេះ រដ្ឋាភិបាលលោក ហ៊ុន សែន បានចាត់ទុកទឹកដីខ្មែរមួយនេះជារបស់វៀតណាមទៅហើយ ជាងនេះទៅទៀត រដ្ឋាភិបាលលោក ហ៊ុន សែន ក៏មិនដែលបង្ហាញការឈឺឆ្អាលពីទុក្ខលំបាកខ្មែរក្រោមដែលត្រូវអាជ្ញាធរវៀតណាមជិះជាន់ ឬធ្វើទុក្ខបុកម្នេញនោះដែរ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន លើកឡើង ពេលនេះរដ្ឋាភិបាលកម្ពុជា មិនអាចទៅលូកលាន់លើបញ្ហាខ្មែរក្រោមបានទេព្រោះកម្ពុជាក្រោម ស្ថិតក្នុងដែនដីអធិបតេយ្យភាពរបស់វៀតណាម។ ទោះយ៉ាងណា សង្កេតឃើញ ថា សហគមន៍ខ្មែរក្រោមនៅកម្ពុជាឬតាមប្រទេសនានាមានសិទ្ធិបើកវិទ្យុ ទូរទស្សន៍ និងធ្វើការទាមទារសិទ្ធិរបស់ខ្លួននៅលើអន្តរជាតិ និងនៅអង្គការសហប្រជាជាតិ៖ «ថ្ងៃប្រវត្តិសាស្ត្រហ្នឹងយើងនាំគ្នាមើលប្រវត្តិសាស្ត្រទៅយើងយល់មិនបាច់ខ្ញុំពន្យល់ធ្វើអី ? អត់មានពាក់ព័ន្ធនឹងរដ្ឋាភិបាលកម្ពុជាទេព្រោះដីនៅកម្ពុជាតាំងពីអាណានិគមដើរចេញមកជាដីប្រគល់ឱ្យវៀតណាមទៅហើយហ្នឹង»។
ប្រតិកម្មតបទៅនឹងមន្ត្រីនាំពាក្យរដ្ឋាភិបាលនេះ ពលរដ្ឋខ្មែរ លោក ថាច់ កឿង ដែលកំពុងនៅក្រោមការត្រួតត្រារបស់វៀតណាម នៅខេត្តព្រះត្រពាំងថា លោកសោកស្ដាយចំពោះជំហរបែបនេះរបស់រដ្ឋាភិបាលកម្ពុជា។ យុវជនខ្មែរក្រោមរូបនេះឱ្យទៀតថា ក្នុងថ្ងៃរំលឹកខួបបាត់បង់ទឹកដីខ្មែរក្រោម ថ្ងៃទី៤ ខែមិថុនា នេះ លោកបានបង្ហោះរូបទង់ជាតិ និងផែនទីខ្មែរក្រោម តាមបណ្ដាញសង្គមហ្វេសប៊ុក ប៉ុន្តែ ត្រូវបានអាជ្ញាធរវៀតណាមបញ្ជាឱ្យលុបរូបនោះចោល និងព្រមានថា ពួកគេនឹងទៅសួរនាំលោកដល់កន្លែងស្នាក់នៅ នាថ្ងៃទី៦ ខែមិថុនា៖ «មានអីគួរឱ្យខុសណាគ្រាន់តែយើងបង្ហោះវីដេអូអញ្ចឹងមានអីគួរខុស ប៉ុន្តែអាជ្ញាធរវៀតណាមថ្ងៃនេះជាថ្ងៃសំខាន់របស់ខ្មែរ មិនឱ្យបង្ហោះអ្វីឡើយ។ ស្អែកហ្នឹងពេលវេលាម៉ោង ១០កន្លះ គេចូលមកបន្ទប់ប្អូន មានការងារបន្តិច ប៉ុន្តែមិនដឹងការងារអីដែរគេប្រាប់ព្រឹកមិញ»។
អាណានិគមបារាំង បានកាត់ទឹកដីខ្មែរកម្ពុជាក្រោមទៅឱ្យវៀតណាមត្រួតត្រាទាំងខុសច្បាប់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។ ចាប់តាំងពីពេលនោះមក វៀតណាមបានប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីបំបាត់វប្បធម៌ អត្តសញ្ញាណ សាសនា និងទំនៀមទម្លាប់ខ្មែរក្រោម។ បច្ចុប្បន្ន ខ្មែរកម្ពុជាក្រោមនៅជុំវិញពិភពលោក និងនៅលើទឹកដីកំណើត កំពុងធ្វើចលនានៅជុំវិញពិភពលោក ដើម្បីទាមទារសិទ្ធិស្វ័យសម្រេចដោយខ្លួននៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។