ក្រុម​យុវជន​ខ្មែរ​ថាវរៈ​នៅតែ​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​កញ្ញា សេង ធារី

ដោយ យ៉ង ចាន់តារា
2022.11.16
Share on WhatsApp
Share on WhatsApp
ក្រុម​យុវជន​ខ្មែរ​ថាវរៈ​នៅតែ​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​កញ្ញា សេង ធារី កញ្ញា សេង ធារី នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ មុន​ពេល​ត្រូវ​ចាប់​ខ្លួន កាលពីថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ​២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ក្រុម​យុវជន​ខ្មែរ​ថាវរៈ នៅតែ​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​កញ្ញា សេង ធារី ចេញ​ពី​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ទោះបី​យុទ្ធនាការ​បង្អត់អាហារ​រយៈពេល​៧​ថ្ងៃ​បាន​បញ្ចប់​ទៅ​ហើយ​ក្ដី​។ ពួកគាត់​ថា ការ​ព្រងើយ​កន្តើយ​របស់​រដ្ឋាភិបាល​ចំពោះ​សំណើ​នេះ ជា​ការ​បង្ហាញ​ពី​ភាព​គ្មាន​ទំនួល​ខុសត្រូវ និង​មិន​ឆ្លើយតប​ទៅ​នឹង​សំណើ​របស់​សហរដ្ឋអាមេរិក​ទាក់ទង​នឹង​ការ​ដោះលែង​អ្នក​ទោស​នយោបាយ។ មន្ត្រី​សង្គម​ស៊ីវិល ទទូច​ឱ្យ​រដ្ឋាភិបាល​គោរព​ទៅតាម​សិទ្ធិ​សញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស និង​ការ​ស្នើ​សុំ​របស់​ប្រទេស​ប្រជាធិបតេយ្យ ដើម្បី​ចៀសវាង​ធ្វើ​ឱ្យ​ខូចប្រយោជន៍​រួម​ដល់​កម្ពុជា។

ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ដែល​កំពុង​សម្រាក​ព្យាបាល​ខ្លួន​បន្ទាប់ពី​បញ្ចប់​យុទ្ធនាការ​បង្អត់អាហារ​រយៈពេល​៧​ថ្ងៃ​នោះ នៅតែ​បន្ត​ស្នើ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌ និង​សិទ្ធិ​សេរីភាព ដោយ​ដោះលែង​កញ្ញា សេង ធារី និង​អ្នកទោស​មនសិការ​ផ្សេងទៀត​ចេញពី​ពន្ធនាគារ។

សមាជិក​យុវជន​ខ្មែរ​ថាវរៈ អ្នកនាង ឈឿន ដារ៉ាវី ប្រាប់​វិទ្យុ​អាស៊ីសេរី​ឱ្យ​ដឹង​នៅ​ថ្ងៃទី​១៥ វិច្ឆិកា ថា ទោះបី​ពេលនេះ​ក្រុម​យុវជន​បាន​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​អត់​អាហារ និង​កំពុង​សម្រាក​ព្យាបាល ក៏​ពួកគាត់ មិន​បោះបង់​ការ​ស្នើ​សុំ​ឲ្យ​ដោះលែង​កញ្ញា សេង ធារី នេះ​ឡើយ។ អ្នកនាង​បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​ដោះលែង​កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព​វិញ តាម​ការ​ស្នើសុំ​របស់​ក្រុម​យុវជន ខណៈ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ចូ បៃដិន (Joe Biden ) ក៏បាន​លើកយក​បញ្ហា​នេះ​ស្នើ​ទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ជំនួប​ថ្មីៗ​នេះ​ដែរ។

អ្នកនាង ឈឿន ដារ៉ាវី៖ «មានតែ​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​គិត​ឡើងវិញ ហើយ​អ្វី​ដែល​ពួក​ធ្វើ​នេះ​គឺ​យើង​ចង់​បានតែ​ភាព​ត្រឹមត្រូវ​សម្រាប់​ជន​ស្លូតត្រង់ មិន​ចង់​ឃើញ​ភាព​អយុត្តិធម៌​បន្ត​កើត​ឡើងលើ​អ្នកស្នេហាជាតិ​ដទៃ​ណា​ផ្សេងទៀត​។ អ្វី​ដែល​ចង់បាន​បំផុត​នោះ​គឺ​រដ្ឋាភិបាល​ស្ដាប់ និង​ផ្ដល់​សិទ្ធិ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​សម្ដែង​មតិ»

ក្រុម​យុវជន​ខ្មែរ​ថាវរៈ បាន​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​បង្អត់អាហារ​តាំងពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១៣ វិច្ឆិកា ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​មេធាវី​អន្តរជាតិ និង​ជា​សកម្មជន​សិទ្ធិមនុស្ស កញ្ញា សេង ធា​រី និង​អ្នកទោស​មនសិការ​ដទៃ​ទៀត​ដែល​កំពុង​ជាប់ឃុំ​ក្នុង​សំណុំរឿង​នយោបាយ​។ យុទ្ធនាការ​នេះ​បាន​បណ្ដាល​ឱ្យ​សមាជិក​យុវជន​ខ្មែរ​ថាវរៈ​ពីរ​នាក់ គឺ​កញ្ញា ឆែម ស្រី​គារ ហៅ​ខ្លឹមសារ និង លោក ស្វាយ សំណាង ធ្លាក់ខ្លួន​ឈឺ​មាន​បញ្ហា​ក្រពះ​ធ្ងន់ធ្ងរ។

សមាជិក​ក្រុម​ខ្មែរ​ថាវរៈ​មួយ​រូប​ទៀត គឺ​លោក ហ៊ុន វណ្ណៈ ឱ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ការ​ឆ្លើយតប​ណាមួយ​វិជ្ជមាន​ពី​មន្ត្រី​រដ្ឋាភិបាល​នៅឡើយ​ទេ ខណៈ​មន្ត្រី​មួយចំនួន​បាន​សើចចំអក​ចំពោះ​ការ​ធ្វើ​យុទ្ធនាការ​បង្អត់អាហារ​របស់​ពួក​លោក​នេះ។ ប៉ុន្តែ​លោក​ថា យុទ្ធនាការ​មួយ​នេះ នឹង​បង្ហាញ​ទៅកាន់​មន្ត្រី​ទាំងនោះ និង​ប្រជាពលរដ្ឋ​ទូទៅ​អំពី ការឈឺចាប់ និង​ភាព​អយុត្តិធម៌ នៅក្នុង​ប្រទេស​ដែល​ខ្វះ​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។ ទន្ទឹមគ្នា​នេះ លោក​មើលឃើញ​ថា រដ្ឋាភិបាល​ខ្វះ​ទំនួល​ខុសត្រូវ ក្នុង​ការ​ឆ្លើយតប​នឹង​ការ​ស្នើសុំ​របស់​ប្រធានាធិបតី​អាមេរិក​ទៅកាន់​លោក ហ៊ុន សែន ឱ្យ​បើក​លំហ​លទ្ធិប្រជាធិបតេយ្យ និង​ដោះលែង​អ្នក​ទោស​នយោបាយ​ឱ្យ​មាន​សេរីភាព​ឡើងវិញ នៅមុន​ការបោះឆ្នោត​ឆ្នាំ​២០២៣។ លោក ហ៊ុន វណ្ណៈ បន្ថែម​ថា ប្រសិនបើ​នៅតែ​គ្មាន​ការ​ឆ្លើយ​តប​វិជ្ជមាន​ណាមួយ​ទេ​នោះ ក្រុម​យុវជន​នឹង​រៀបចំ​យុទ្ធនាការ ឬ​កូដកម្ម​អហិង្សា​បែបនេះ​ជា​បន្តបន្ទាប់ និង​មាន​ទ្រង់ទ្រាយ​ធំ​ជាង​មុន ដើម្បី​ដាស់តឿន​ដល់​រដ្ឋាភិបាល​ឱ្យ​ងាក​មក​ពិចារណា​ឡើងវិញ។

លោក ហ៊ុន វណ្ណៈ៖ «ខ្ញុំ​ថា​ជា​ការ​មិន​ទទួលខុសត្រូវ​របស់​រដ្ឋាភិបាល ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​ផង ហើយ​គាត់​មាន​ភារកិច្ច​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ផង (​តែ​)​គាត់​អត់​បាន​ឆ្លើយតប​បែប​ជា​អ្នកទទួលខុសត្រូវ​បែរ​ទៅជា​បង្កើត​រឿង​គួរ​ឱ្យ​ចង់​សើច ឆ្លើយតប​បែប​ជា​លក្ខណៈ​កំប្លែង​លេងសើច»

ក្នុង​អំឡុង​ពេល​ធ្វើ​កូដកម្ម​បង្អត់អាហារ​រយៈពេល​១​សប្តាហ៍ ដោយ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ដើម្បី​ទាមទារ​យុត្តិធម៌​ជូន​អ្នកទោស​មសិ​ការ និង​ដោះលែង​កញ្ញា សេង ធារី នេះ ក្រុម​អាជ្ញាធរ​តែងតែ​មក​តាម​រំខាន បំភិតបំភ័យ​ពួកគេ​ជា​ហូរហែ រហូត​មានការ​ប្រឌិត​រឿង​ចោទប្រកាន់​យុវជន​ពីរ​នាក់​ពីរ​បទ​រំលោភ​សេពសន្ថវៈ​ទៀត​ផង​។ តែ​ទោះ​យ៉ាងណា ការរារាំង​ទាំងនេះ​មិនអាច​បង្អាក់​ការ​ធ្វើ​យុទ្ធនាការ​របស់​ពួកគេ​បាន​នោះ​ឡើយ។

ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ប្រធានាធិបតី​អាមេរិក ឬ​សេត​វិមាន ( The White House) កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា ក្នុង​ជំនួប​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​៤០ និង​៤១ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ចូ បៃដិន បាន​ជំរុញ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ដោះលែង​អ្នក​ជាប់ឃុំ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ក្រោម​ហេតុផល​នយោបាយ ក្នុង​នោះ​មាន កញ្ញា សេង ធារី និង​ស្នើ​ឱ្យ​បើក​លំហ​សិទ្ធិ​ពលរដ្ឋ សង្គម​ស៊ីវិល និង​សិទ្ធិ​នយោបាយ​ឡើងវិញ នៅមុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៣។

ក៏ប៉ុន្តែ​នៅក្នុង​សន្និសីទ​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​អាស៊ាន​នៅ​ថ្ងៃទី​១៤ វិច្ឆិកា ឆ្លើយតប​ទៅកាន់​អ្នក​សារព័ត៌មាន លោក ហ៊ុន សែន ធ្វើ​ភ្លេច​អ្វី​ដែល​បាន​ជជែក​ជាមួយ​លោក ចូ បៃឌិន និង​បាន​រុញ​ឱ្យទៅ​សួរ​ស្ថានទូត​សហរដ្ឋអាមេរិក​វិញ ជុំវិញ​សំណើ​របស់​លោក ចូ បៃដិន នេះ។

ដោយឡែក ប្រធាន​អ្នកនាំពាក្យ​រដ្ឋាភិបាល​វិញ លោក ផៃ ស៊ីផាន នៅតែ​អះអាង​ថា ករណី​ដោះលែង​កញ្ញា សេង ធារី គឺជា​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​តុលាការ ហើយ​រដ្ឋាភិបាល​មិនអាច​អន្តរាគមន៍​រឿង​នេះ​បាន​ឡើយ​។ លោក ផៃ ស៊ីផាន បញ្ជាក់​ថា ចំពោះ​ការ​ស្នើ​សុំ​របស់​អាមេរិក គ្រាន់តែ​ជា​ការ​សម្ដែង​មតិ​ក្នុង​ន័យ​នយោបាយ​ប៉ុណ្ណោះ។

សមត្ថកិច្ច​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​កញ្ញា សេង ធារី កាលពី​ថ្ងៃទី​១៤ ខែមិថុនា នៅ​ខាងមុខ​តុលាការ​ក្រុង​ភ្នំពេញ ក្រោយ​តុលាការ​ប្រកាស​សាលក្រម​កាត់ទោស​ឲ្យ​កញ្ញា​ជាប់ពន្ធនាគារ ៦​ឆ្នាំ ពី​បទ​ចោទ​រួមគំនិត​ក្បត់​ក្នុង​សំណុំរឿង​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី កាលពី​ឆ្នាំ​២០១៩​។ មួយថ្ងៃ​បន្ទាប់មក​តុលាការ បាន​បញ្ជូន​កញ្ញា​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ ដែល​ជា​តំបន់​ដាច់ស្រយាល ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ រហូត​មក​ទល់នឹង​បច្ចុប្បន្ន​នេះ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា លើកឡើង​ថា ការ​ឆ្លើយ​តប​របស់​លោក ហ៊ុន សែន ជា​ការ​បង្ហាញ​ថា លោក​ហាក់​មិន​ទទួលយក​ការ​លើកឡើង​របស់​សហរដ្ឋ​អាមេរិក​នោះ​ឡើយ​។ លោក​បន្ត​ថា ក្នុងនាម​ជា​ប្រទេស​ប្រកាន់យក​លទ្ធិ​ប្រជាធិបតេយ្យ និង​មាន​កតិកាសញ្ញា​អន្តរជាតិ​ផ្សេងៗ​ស្ដីពី​ការគោរព​សិទ្ធិមនុស្ស កម្ពុជា​គួរ​ដោះស្រាយ​បញ្ហា​តានតឹង​ក្នុង​ប្រទេស ដោយ​បើក​លំហ​ប្រជាធិបតេយ្យ និង​ដោះលែង​អ្នក​ទោស​នយោបាយ​ដែល​កំពុង​ជាប់ឃុំ​។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​លើ​សំណើ​លោក ចូ បៃដិន ដើម្បី​បន្ធូរបន្ថយ​ភាព​តឹងតែង​ផ្នែក​នយោបាយ និង​ជា​ការ​រក្សា​ផលប្រយោជន៍​រួម​របស់​ជាតិ ចៀសវាង​មានការ​ដាក់ទណ្ឌកម្ម​ណា​មួយ​ពី​ប្រទេស​ប្រជាធិបតេយ្យ​លើ​សកលលោក។

លោក ស៊ឹង សែនករុណា៖ «ការដែល​មិន​គិតគូរ​រក​ដំណោះស្រាយ​បែបនេះ ជា​ការ​បង្ហាញ​ធ្វើ​ឱ្យ​មាន​ភាព​ព្រួយបារម្ភ​ចំពោះ​សកម្មភាព​នយោបាយ​ទៅដល់​សកម្មជន​នយោបាយ​នានា ដែល​ពួកគេ​កំពុងតែ​មានការ​ព្រួយបារម្ភ មានការ​ភ័យខ្លាច​អំពី​ការចូលរួម​ក្នុង​ផ្នែក​នយោបាយ»

ករណី​កញ្ញា សេង ធារី នេះ ក្រុម​មេធាវី​អន្តរជាតិ​ដែល​មាន​ទីតាំងនៅ​ទីក្រុង​វ៉ាស៊ីងតោន ឌី ស៊ី នៃ​សហរដ្ឋ​អាមេរិក (Washington DC, United States) បាន​ដាក់​ញត្តិ​មួយ​ទៅកាន់​ក្រុមការងារ​ឃុំ​ខ្លួន​ដោយ​រំលោភបំពាន នៃ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា ដើម្បី​សុំ​ឱ្យ​អង្គការ​សហ​ប្រជាជាតិ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​កញ្ញា សេង ធារី ឲ្យ​មាន​សេរីភាព​វិញ​។ មេធាវី​អន្តរជាតិ លោក ចារ៉េត ហ្គេនហ្ស៊ី (Jared Genser) លើកឡើង​ក្នុង​ញត្តិ​នេះ​ថា ការ​ឃុំខ្លួន​របស់​កញ្ញា សេង ធារី គឺ​ធ្វើ​ឡើង​ដោយ​រំលោភបំពាន​សិទ្ធិមនុស្ស​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​សាកល ពីព្រោះ​តាមរយៈ​បទ​ចោទ​ដែល​តុលាការ​កម្ពុជា​បាន​ប្រើប្រាស់ ដើម្បី​ចោទប្រកាន់​កញ្ញា សេង ធារី គឺ​មិនបាន​ផ្អែក​ទៅ​លើ​ច្បាប់​ត្រឹមត្រូវ​នោះ​ឡើយ ដោយ​សកម្មភាព​របស់​កញ្ញា សេង ធារី ធ្វើ​កន្លងមក​គឺ​ស្រប​ទៅ​តាម​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​ផ្សេងៗ​ទៀត​តែប៉ុណ្ណោះ។

ទាក់ទង​ទៅ​នឹង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅ​ដែរ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) ដែល​បាន​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​អង្គការ​សហប្រជាជាតិ ក៏​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បើក​លំហ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការពារ​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន ដើម្បី​ឲ្យ​ពួកគេ​ចូលរួម​ធ្វើ​សកម្មភាព​ក្នុង​សង្គម​ឲ្យ​បាន​ទូលំទូលាយ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
គណបក្ស​ភ្លើង​ទៀន​ចាប់​ផ្ដើម​យុទ្ធនាការ​ពង្រឹង​​សមាជិក​បក្ស​តាម​មូលដ្ឋាន ដើម្បី​ទទួល​បាន​​ការ​​គាំទ្រ​​ពី​​ប្រជាពលរដ្ឋ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។