ឪពុក​លោក ទិត រ៉ន ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ក្រោយ​ពី​កូន​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ

ដោយ ហេង រស្មី
2019-05-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ឃុំ​ទួល​ព្រះ​ឃ្លាំង ខេត្ត​កំពង់ចាម គឺ​លោក អៀម ទិត បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ​ក្រោយ​ពី​កូន​ប្រុស​របស់​លោក​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ចាម​ដោយ​សង្ស័យ​ថា ​ជា​ករណី​ឃាតកម្ម​ផ្នែក​នយោបាយ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ផ្សេង​ទៀត​នៅ​ខេត្ត​កំពង់ចាម លោក​ ស្រង់ ឡាយ​ប្រាប់​អាស៊ី​សេរី​ថា​ លោក​ អៀម ទិត បាន​ទៅ​ដល់​កន្លែង​មាន​សុវត្ថិភាព​ហើយ​ក្រោយ​ភៀសខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​ក្នុង​សប្ដាហ៍​នេះ។​លោក​បញ្ជាក់​ថា​ លោក​ អៀម ទិត តែងតែ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ក្រោយ​ពី​បាន​ភៀសខ្លួន​មក​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​លោក​មួយរយៈពេល​ខ្លី៖ «ពី​ខេត្ត​មក​គេ​អ្នក​នាំ​ឱ្យ​គេ​ចេញ​ទៅ​តែ​មក​ខ្ញុំ​នេះ​គ្រាន់​តែ​បាន​មក​ស្នាក់​នៅ​ហូបចុក​បណ្ដោះអាសន្ន អ៊ីចឹង​ទៅ​គេ​ថា​ ចាំ​នាំ​ទៅក្រៅ​ចេញ​ទៅ​ថៃ»

លោក​ អៀម ទិត បាន​ភៀស​ខ្លួន​ចេញ​ពី​ក្នុង​ភូមិ​បន្ទាប់​ពី​កូន​ប្រុស​របស់​លោក​ឈ្មោះ ទិត រ៉ន ស្លាប់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ដោយ​សង្ស័យ​ថា​ ទទួល​រង​នូវ​ការ​ធ្វើ​ទារុណកម្ម​ជន​សង្ស័យ​រហូត​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ។

អភិបាល​ខេត្ត​កំពង់ចាម​ លោក​ គួច ចំរើន ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា លោក​ធានា​ដល់​សុវត្ថិភាព​លោក​ អៀម ទិត នៅ​ក្នុង​ស្រុក​មិន​ចាំបាច់​ភៀស​ខ្លួន​រក​កន្លែង​សុវត្ថិភាព​ទេ។

ការ​ភៀស​ខ្លួន​របស់​លោក អៀម ទិត បាន​ធ្វើឡើង​ស្រប​ពេល​នឹង​គណៈកម្មការ​ចម្រុះ​ដឹក​នាំ​ដោយ​ក្រសួង​មហាផ្ទៃ បាន​ចុះ​ស៊ើប​អង្កេត​ឡើង​វិញ ករណី​ស្លាប់​កូន​ប្រុស​របស់​លោក​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង។

ក្រោយ​ពី​ចុះ​ស៊ើប​រយៈ​ពេល​មួយ​ថ្ងៃ​ របប​ក្រុង​ភ្នំពេញ​បាន​ចេញ​របាយការណ៍​បឋម​ថា ជន​សង្ស័យ​លោក​ ទិត រ៉ន​ ពិត​ជា​បាន​ស្លាប់​ដោយសារ​ការ​ដួល​ខ្លួន​ឯង​ក្នុង​បន្ទប់ទឹក​ មិនមែន​ជា​ករណី​ឃាតកម្ម​ឡើយ។

បើ​ទោះ​បី​ជា​មាន​ការ​អះអាង​បែបនេះ​ក្តី​ក៏​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​តាម​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​តែ​ទាមទារ​អោយ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ដោយ​សង្ស័យ​ថា ជន​រង​គ្រោះ​ទទួល​រង​ការ​វាយ​ដំ​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​មុន​ពេល​ស្លាប់។

ទាក់ទិន​នឹង​ករណី​នេះ​ដែរ ក្រសួង​ការ​បរទេស​អាមេរិក អំពាវនាវ​ឱ្យ​របប​លោក ហ៊ុន សែន ចាត់ការ​ស៊ើប​អង្កេត​ករណី​នេះ​ដោយ​ឯករាជ្យ និង​ជា​បន្ទាន់​មួយ ដើម្បី​រក​ឱ្យ​ឃើញ​មូលហេតុ​ពិត​នៅ​ពី​ក្រោយ​ការ​ចាប់​ខ្លួន និង​ការ​ស្លាប់​របស់​កូន​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល