ប៉ូលិស​ខេត្ត​កំពង់ឆ្នាំង​ចាប់​ខ្លួន​​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត​​រឿង​រួម​គំនិត​ក្បត់​ជាតិ

0:00 / 0:00

ប៉ូលិស​ខេត្ត​កំពង់ឆ្នាំង​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​ម្នាក់​បន្ថែម​ទៀត​បញ្ជូន​ទៅ​​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​​ក្នុង​រាជធានី​ភ្នំពេញ​ ពី​បទ​រួម​គំនិត​ក្បត់ជាតិ​។​ សាច់ញាតិ​ជន​ជាប់ឃុំ​​ចាត់​ទុក​​ការ​ចាប់​​ខ្លួន​របស់​ប៉ូលិស​នេះ​ថា​ ជា​​រឿង​អយុត្តិធម៌​មិន​អាច​ទទួល​បាន​ឡើយ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ភូមិ​សាលាឃុំ ឃុំ​ពពេល ស្រុក​បរិបូរណ៍​ខេត្ត​កំពង់ឆ្នាំង គឺ​លោក ​ថៃ គន្ធា ត្រូវ​បាន​ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង ​សហការ​ជា​មួយ​ប៉ូលិស​ក្រសួង​មហាផ្ទៃ ចាប់​ខ្លួន​ ខណៈ​ដែល​លោក​កំពុង​ស្រោច​​ដំណាំ​នៅ​ក្បែរ​ផ្ទះ​កាល​ពី​ព្រឹក​ថ្ងៃ​ទី២៦ មីនា។

កូន​ប្រសា​ជន​ជាប់​ឃុំ​ គឺ​លោក ម៉ែន សុកល​ ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី២៧ មីនា​ថា ការ​ចាប់​ខ្លួន​នេះ គឺ​ប៉ូលិស​ពុំ​បាន​បង្ហាញ​ដីកា និង​ផ្ដល់​ដំណឹង​ឱ្យ​សាច់ញាតិ​បាន​ដឹង​នោះ​ឡើយ។លោក​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​បាត់ខ្លួន​ឪពុក​ក្មេក​អស់​​ជា​ច្រើន​ម៉ោង​នៅ​ថ្ងៃ​ទី២៦ ទើប​ដឹង​តាម​រយៈ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ប្រាប់​ថា ​ប៉ូលិស​បាន​ចាប់​ខ្លួន​លោក ថៃ គន្ធា បញ្ជូន​តាម​រថយន្ត​ទៅ​រាជធានី​ភ្នំពេញ​ភ្លាមៗ។ លោក​បន្ត​ថា ​ឪពុក​ក្មេក​របស់​​ខ្លួន​ពុំ​មាន​ប្រព្រឹត្ត​សុខ​ច្បាប់​អ្វី​ឡើយ៖ «ខ្ញុំ​យល់​ថា​ ការ​ចាប់​បែប​នេះ វា​អត់​បង្ហាញ​ឱ្យ​ច្បាស់​ថា​ខុស អី តើ​គាត់​មាន​រឿង​អី​។អីចឹង​វា​ពិបាក​ហ្នឹង​ទទួល​យក​ដែល​ព្រោះ​អី​គ្រប់​រឿង​កើត​ឡើង​ដោយសារ​មាន​ភស្តុតាង​បាន​អាច​ធ្វើ​បាន​ តែ​នៅ​ពេល​នេះ​គាត់​អត់​ដឹង​រឿង​​អី​ទាំង​អស់​ ហើយ​គាត់​អត់​ដឹង​ខ្លួន​ថា​ខុស​អី​ផង​។ នេះ​ជា​ការ​ដោយ​គាបសង្កត់ និង​ធ្វើ​ដោយ​បង្ខំ​ អីចឹង​វា​មិន​មែន​ជា​រឿង​យុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ទេ »

លោក ថៃ គន្ធា​ គឺ​ជា​​មនុស្ស​ទី២ ហើយ​ នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​បន្ទាប់​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​នេះ គឺ​លោក​ កែវ ថៃ ដែល​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​យក​ឃុំឃាំង​នៅ​រាជធានី​ភ្នំពេញ ព្រឹក​ព្រលឹម​ថ្ងៃ​ទី២៦ មីនា។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ឃឿន​ ប្រាប់​អាស៊ី​សេរី​ថា​ ការ​ចាប់​ខ្លួន​នេះ​ ធ្វើ​ឡើង​តាម​ដីកា​របស់​តុលាការ​រាជធានី​ភ្នំពេញ ដែល​បាន​​ចោទ​ប្រកាន់​អ្នក​ទាំង​២​នេះ ​ពី​បទ​រួម​គំនិត​ក្បត់ជាតិ ​និង​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ល្មើស។ ទោះ​ជា​យ៉ាង​ណា​លោក​មិន​​បាន​បញ្ជាក់​ឱ្យ​បាន​​ច្បាស់លាស់​ថា​អ្នក​​ទាំង​២​​បាន​ប្រព្រឹត្ត​ខុស​នៅ​កន្លែង​ណា​ និង​ធ្វើ​​សកម្មជន​ភាព​​អ្វីខ្លះ​នោះ​​ឡើយ៖ «ទេ​គាត់​ចេះ​តែ​ថា​អីចឹង​ហើយ​ ខ្ញុំ​អត់​មាន​ស្អី​បំភ្លឺ​បន្ថែម​ទេ​ យើង​ខ្ញុំ​មាន​ឯកសារ​នៅ​ហ្នឹង​ដៃ​បាន​ចាប់​ទី​មួយ​ ហើយ​រឿង​ព័ត៌មាន​យើង​ក៏​ក្ដាប់​បាន​ហើយ​ថា​គាត់​បើក​បង្រៀន​តាម​អនឡាញ​បាន​គេ​ចាប់​ ការ​និយាយ​នេះ​វា​ផ្ទុយ​ស្រឡះ​​ពី​គោលការណ៍​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចុះ និយាយ​បំផ្លើស បំពុល​ឥតមាន​ទេ។ មាន​អ្នក​ណា​អត់​ដីកា​គេ​ទៅ​ចាប់​ អត់​កំហុស​គេ​ទៅ​ចាប់​យ៉ាង​ម៉េច​វា​អត់​មាន​ទេ »

លោក ឆាយ គឹម​ឃឿន​ បន្ថែម​ថា បច្ចុប្បន្ន​ប៉ូលិស​បាន​បញ្ជូន​អ្នក​ទាំង​២​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​នៅ​រាជធានី​ភ្នំពេញ​ ក៏​ប៉ុន្តែ​លោក​មិន​​បាន​ប្រាប់​ថា​នៅ​ក្នុង​ពន្ធនាគារ​ណា​មួយ​នោះ​ទេ។

ទាក់​ទង​នឹង​បញ្ហា​នេះ​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា ​យល់​ថា ការ​ចាប់​ខ្លួន​នេះ គឺ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ច្រើន​ជាង​​​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​ដោយសារ​តែ​អ្នក​ទាំង២ ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្លាប់​មាន​ឈ្មោះ​ប៉ូលិស​តាម​ចាប់​ខ្លួន​កន្លង​ទៅ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្ថែម​ទៀត​ថា សព្វ​ថ្ងៃ​នេះ​លោក​មើល​ពុំ​ឃើញ​ប្រជាពលរដ្ឋ​ណា​ម្នាក់​នៅ​កម្ពុជា​ ដែល​រៀបចំ​ធ្វើ​បដិវត្តន៍​ពណ៌ ឬ​មាន​សកម្មភាព​ក្បត់ជាតិ​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ​។​ ផ្ទុយ​ទៅ​វិញ​លោក​ថា ការ​ចាប់​ខ្លួននេះ​នឹង​​​ធ្វើ​ឱ្យ​ស្ថានការណ៍​នយោបាយ​របស់​ស្រុកទេស​កាន់តែ​អាក្រក់​ទៅ ហើយ​រដ្ឋាភិបាល​និង​រង​ការ​រិះគន់​ពី​អង្គការ​ជាតិ​និង​អន្តរជាតិ៖ «រដ្ឋាភិបាល​គួរ​ណាស់​បច្ចុប្បន្ន​នេះ​ ត្រូវ​តែ​បន្ធូរបន្ថយ​បរិយាកាស​នយោបាយ​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​ ទាក់​ទង​នឹង​ជម្លោះ​រវាង​គណបក្ស​នយោបាយ​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​ ដោយ​មេ​ដឹក​នាំ​គណបក្ស​ទាំង​២​នេះ​ គួរ​តែ​ខិតខំ​ប្រមូល​ស្មារតី​ ដើម្បី​មក​ចូល​រួម​ចំណែក​ ក្នុង​ការ​ស្ថានភាព​របស់​ប្រទេស​ជាតិ​យើង​ដែល​កំពុង​តែ​ជួប​ប្រទះ​បញ្ហា​ចម្បង ដែល​ប្រជាពលរដ្ឋ​កំពុង​តែ​រងគ្រោះ​ពី​ជំងឺ​កូវិត១៩ »

ចំណែក​ឯ​កូន​ស្រី​របស់​លោក​​កែវ ថៃ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង គឺ​កញ្ញា កែវ ចាន់​រចនា​ ឱ្យ​ដឹង​ថា​ ​នៅ​ពេល​នេះ​ឪពុក​របស់​កញ្ញា​​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​​នៅ​រាជធានី​ភ្នំពេញ។​ ទោះ​ជា​យ៉ាង​ណា​​ចាប់​តាំង​ពី​ប៉ូលិស​ចាប់​ខ្លួន​មក​សាច់ញាតិ​​នៅ​មិន​ទាន់​បាន​ជួប​​មុខ​​ជន​ជាប់​ឃុំ​ទាំង​២នាក់​នេះ​នៅ​ឡើយ​ទេ។

ចាប់​ពី​ផ្ទុះ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​កូវិដ១៩ នៅ​លើ​ពិភពលោក​មក គឺ​របប​ក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​​ជា​បន្ត​បន្ទាប់​ ក្នុង​នោះ​មាន​ដូច​ជា​​សកម្មជន​គណបក្ស​​ប្រឆាំង​​​​​នៅ​ខេត្ត​ព្រៃវែង ២នាក់ ស្វាយរៀង​​ម្នាក់​ និង​ ២នាក់​នៅ​ខេត្ត​កំពង់ឆ្នាំង​ ជា​ដើម​ ដោយ​សារ​តែ​ពួកគេ​បង្ហោះ​សារ​តាម​ហ្វេសប៊ុក និង​និយាយ​ទូរស័ព្ទ​ព្រួយ​បារម្ភ​ពី​ការ​​រីក​ការ​រាលដាល​ជំងឺ​កូវិដ១៩ នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។