មេធាវី​ស្នើសុំ​ឲ្យ​ដោះ​ស្រាយ​តាម​ផ្លូវ​នយោបាយ ដើម្បី​ដោះ​លែង​លោក កឹម សុខា ល្អ​ជាង​ផ្លូវ​ច្បាប់

ដោយ ទីន ហ្សាការីយ៉ា
2018-10-30
Share
មេធាវី ផែង ហេង ៦២២ លោក ផែង ហេង មេធាវី​ការពារក្ដី​ឲ្យ​លោក កឹម សុខា ប្រធាន​គណបក្ស​ សង្គ្រោះ​ជាតិ។
រូប៖ ហ្វេសប៊ុក​លោក ផែង ហេង

ក្រុមមេធាវីលោក កឹម សុខា កំពុង​ពិនិត្យ​មើល​សំណុំរឿង​លោក កឹម សុខា និង​ភស្ដុតាងផ្សេងៗ នឹង​ដាក់​ទៅ​តុលាការ ដើម្បី​បន្ទុក​កូន​ក្ដី​របស់​ខ្លួន។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​មេធាវី​បញ្ជាក់​ថា មាន​តែ​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​នយោបាយ​ទេ ទើប​អាច​ឲ្យ​លោក កឹម សុខា មាន​សេរីភាព​ឡើង​វិញ​បាន​ឆាប់។

មេធាវី​លោក កឹម សុខា អះអាង​ថា សំណុំ​រឿង​លោក កឹម សុខា គួរ​តែ​ដោះ​ស្រាយ​តាម​ផ្លូវ​នយោបាយ ល្អ​ជាង​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ត​តាំង​ក្ដី​នៅ​ក្នុង​តុលាការ។

លោក​មេធាវី ផែង ហេង មាន​ប្រសាសន៍​ថា សំណុំ​រឿង​លោក កឹម សុខា ទាក់ទង​នឹង​រឿង​នយោបាយ ដែល​រឿង​នេះ​លោក​ទទួច​ឲ្យ​អ្នក​នយោបាយ​នៃ​គណបក្ស​ទាំង​ពីរ​ដោះ​ស្រាយ​តាម​ផ្លូវ​នយោបាយ​ដូច​ដែល​អ្នក​នយោបាយ​ខ្មែរ​ធ្លាប់​បាន​ធ្វើ ឬ​ដោះ​ស្រាយ​កន្លង​មក។ លោក​បញ្ជាក់​ថា ករណី​នយោបាយ​នេះ យក​មក​ដោះ​ស្រាយ​តាម​បែប​បច្ចេកទេស ដែល​ជា​ការ​លំបាក​ក្នុង​ការ​តតំាង​គ្នា​តាម​ផ្លូវ​ច្បាប់៖ «អ្វី​ដែល​យើង​តវ៉ា​នៅ​ក្នុង​តុលាការ​នោះ គឺ​សុទ្ធ​តែ​សំណុំ​រឿង​ក្រៅ​អង្គ​សេចក្ដី ហើយ​សំណុំ​រឿង​អង្គ​សេចក្ដី​នេះ យើង​មើល​ឃើញ​ថា រឿង​របស់​គាត់​មិន​អាច​បញ្ជួន​ទៅ​ជំនុំជម្រះ និង​ចោទ​ប្រកាន់​លោក កឹម សុខា បាន​ទេ ព្រោះ​ថា រឿង​គាត់​ក៏​ជា​អ្នក​នយោបាយ ហើយ​វោហាសាស្រ្ត​របស់​លោក​ក៏​ជា​វោហាសាស្រ្ត​នយោបាយ ហើយ​អ្នក​នយោបាយ​ខ្មែរ​តែង​តែ​មាន​ជម្លោះ គិត​ចាប់​ពី​ទសវត្ស​ឆ្នាំ១៩៧០ មក ពិសេស​ឆ្នាំ១៩៩៧ ជម្លោះ​របស់​សម្ដេច​ក្រុមព្រះ​រហូត​ដល់​មាន​ផ្ទុះ​អាវុធ​ដាក់​គ្នា​ទី​បញ្ចប់​នៅ​តែ​មាន​ដំណោះ​ស្រាយ ហើយ​ករណី​លោក កឹម សុខា នេះ គឺ​ជា​រឿង​តូចតាច​បំផុត»

ការលើកឡើងរបស់​លោក​មេធាវី ផែង ហេង នៅ​ស្រប​ពេល​សំណុំ​រឿង​លោក កឹម សុខា ដែល​ក្រុម​មេធាវី​បាន​ប្ដឹង​ទាស់​ទៅ​តុលាការ ដូច​ជា សំណុំ​រឿង​ប្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន សំណុំ​រឿង​តុលាការ​ពន្យារ​ពេល​ឃុំ​ខ្លួន​លោក កឹម សុខា ត្រូវ​បាន​តុលាការ​គ្រប់​ជាន់​ថ្នាក់​បាន​កាត់​ក្ដី​ឲ្យ​ចាញ់​ជា​បន្ត​បន្ទាប់។ បញ្ហា​នេះ អ្នក​វិភាគ និង​អង្គការ​អន្តរជាតិ​ជា​ច្រើន​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា នេះ ជា​រឿង​នយោបាយ។

អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​សួរ​អំពី​ការ​ដោះ​ស្រាយ​ករណី​លោក កឹម សុខា តាម​ផ្លូវ​នយោបាយ​នេះ​បាន​ទេ កាល​ពី​ថ្ងៃ​ទី២៩ តុលា។ ប៉ុន្តែ​លោក សុខ ឥសាន ធ្លាប់​ឲ្យ​ដឹង​កន្លង​មក​ថា សំណុំ​រឿង​លោក កឹម សុខា គឺ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ និង​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ។

ទោះបីជាបែបនេះក្ដី ការ​ឃុំខ្លួន​លោក កឹម សុខា នេះ គឺ​មាន​ការ​ថ្កោល​ទោស​ពី​សហគមន៍​អន្តរជាតិ​ជា​បន្ត​បន្ទាប់ ដូចជា អង្គការ​សហប្រជាជាតិ ​ហៅ​ការ​ឃុំ​ខ្លួន​លោក កឹម សុខា ធ្វើ​ឡើង​តាម​ទំនើង​ចិត្ត ហើយ​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ដោះ​លែង​លោក កឹម សុខា ជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ។

ភា្នក់ងារ​របស់​អង្គការសហប្រជាជាតិ​ ​ឃ្លាំមើល​ការ​ឃុំ​ឃាំង​ដោយ​អយុត្តិធម៌ ហៅ​ជា​អង់គ្លេស​ថា WGAD បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន និង​ការ​ឃុំឃាំង លោក កឹម សុខា ថា ធ្វើ​ឡើង​ក្នុង​ហេតុផល​នយោបាយ។ ភា្នក់ងារ​របស់​អង្គការសហប្រជាជាតិ ឃ្លាំមើល​ការ​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌ បាន​អំពាវនាវ​ដល់​របប​លោក ហ៊ុន សែន ​ផ្ដល់​សំណង​ដល់​លោក កឹម សុខា និង​សំណង​ផ្សេងៗ ទៀត​សម្រាប់​ការ​ឃុំ​ឃាំង​ដោយ​បំពាន​ច្បាប់​អន្តរជាតិ។ ក្រុម​នេះ​ក៏​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​សុខភាព​របស់​លោក កឹម សុខា ដែល​កំពុង​ទទួលរង​ការ​ឈឺ​ចាប់​ធ្ងន់ធ្ងរ​ពី​ការ​ត្បៀត​សរសៃ​ស្មា​របស់​លោក ក៏​ដូច​ជា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ជំងឺ​លើស​ឈាម​ជា​ដើម។ អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ធានា​ឱ្យ​លោក កឹម សុខា ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ​ឱ្យ​បាន​ឆាប់​រហ័ស​តាម​ស្តង់ដារ​អន្តរជាតិ។

លោកមេធាវី ផែង ហេង បញ្ជាក់​ថា ស្ថានភាព​ជំងឺ​គាប​សរសៃ​របស់​លោក កឹម​ សុខា នៅ​ឈឺ​ដដែល ហើយ​លោក​ត្រូវ​ការ​ទៅ​ព្យាបាល​ជំងឺ​នៅ​ឯ​បរទេស៖ «ជំងឺ​គាត់​ហ្នឹង​គាត់​ឈឺ​ចឹង​មែន ប៉ុន្តែ​រង់ចាំ​ឲ្យ​មាន​ដំណោះ​ស្រាយ​ពី​តុលាការ ហើយ​ទម្លាក់​បទ​ចោទ​លើ​គាត់​វិញ ដើម្បី​ងាយ​ស្រួល​គាត់​ធ្វើ​ដំណើរ និង​ស្វែងរក​ពេទ្យ​សម្រាប់​ព្យាបាល»

អ្នកនយោបាយបក្ស​ប្រឆាំង​មាន​វាសនា​មិន​ទៀង អាច​ជាប់​គុក ឬ​រត់​ចោល​ស្រុក គិត​ចាប់​ពី​ឆ្នាំ១៩៩៣ មក ដែល​កាល​ណោះ ជម្លោះ​នយោបាយ​រវាង​គណបក្ស ហ្វ៊ុនស៊ិនប៉ិច របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​គណបក្ស ប្រជាជន​កម្ពុជា របស់​លោក ហ៊ុន សែន ម្ដង​ក្ដៅ​ម្ដង​ត្រជាក់។ សម្ដេច​ក្រុមព្រះ​ក៏​ជាប់​បណ្ដឹង​នៅ​តុលាការ​ជា​ច្រើន​លើក​ដែរ ក៏​ប៉ុន្តែ​នៅ​ដំណាក់​កាល​នីមួយៗ ត្រូវ​បាន​លើកលែង​ការ​ចោទ​ប្រកាន់​វិញ តាម​រយៈ​ការ​ចរចា​បញ្ចប់​ជម្លោះ​នយោបាយ។

រីឯ​ជម្លោះ​នយោបាយ​រវាង​គណបក្ស សង្រ្គោះ​ជាតិ និង​គណបក្ស ប្រជាជន​កម្ពុជា នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៣ និង​បាតុកម្ម​ប្រឆាំង​ការ​បោះ​ឆ្នោត​ក៏​មាន​ការ​ចាប់​ខ្លួន តំណាងរាស្រ្ត​បក្ស​ប្រឆាំង​មួយ​ចំនួន​ដាក់​ពន្ធនាគារ​ដែរ ក៏​ប៉ុន្តែ​នៅ​ក្រោយ​ពី​បក្ស​ទាំង​ពីរ​ចរចា​ត្រូវរ៉ូវ​គ្នា កាល​ពី​ឆ្នាំ២០១៤ ក៏​មាន​ការ​ដោះ​លែង​អ្នក​ទាំង​នោះ​វិញ​ភ្លាមៗ ដែរ។

សម្រាប់ជម្លោះនយោបាយនា​ពេល​បច្ចុប្បន្ន​នេះ​វិញ អតីត​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក ព្រឹទ្ធធាចារ្យ លឺ ឡាយស្រេង មាន​ប្រសាសន៍​ថា មាន​តែ​អង្គ​ព្រះមហាក្សត្រ​ទេ ដែល​ជា​អាជ្ញា​កណ្ដាល​ក្នុង​ការ​ជួយ​សម្រុះសម្រួល ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ និង​ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំង​អស់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ៖ «នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​ចែង​ច្បាស់​ណាស់ កាល​ណា​ប្រទេស​ជាតិ​មាន​កលិយុគ គ្មាន​សន្តិភាព គឺ​ព្រះមហាក្សត្រ​ត្រូវ​ចេញ​មុខ​មក​ដោះ​ស្រាយ»

លោក ហ៊ុន សែន បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​លោក កឹម សុខា ហើយ​សមត្ថកិច្ច​ បាន​សម្រុក​ចាប់​ខ្លួន​លោក​ដល់​ក្នុង​ផ្ទះ​ទាំង​កណ្ដាល​អធ្រាត្រ កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ និង​បញ្ជួន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខែត្រ​ត្បូង​ឃ្មុំ។ សមត្ថកិច្ច​បាន​ផ្លាស់​ប្ដូរ​ទី​ឃុំ​ខ្លួន​លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង យក​មក​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ឯ​រាជធានី​ភ្នំពេញ​វិញ កាល​ពី​ថ្ងៃ​ទី១០ ខែ​កញ្ញា ឆ្នាំ២០១៨។

នាយកប្រតិបត្តិនៃអង្គការ Amnesty International លោក មីនា ភីមផ្លេ (Minar Pimple) លើក​ឡើង​កន្លង​មក​ថា​ លោក កឹម សុខា បាន​ក្លាយ​ទៅ​ជា​អ្នក​​ទោស ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ។ លោក មីនា ភីមផ្លេ (Minar Pimple) មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​ការ​ដោះ​លែង​នេះ គឺ​ជា​ការ​វិវឌ្ឍ​គួរ​ឲ្យ​សាទរ​យ៉ាង​ណា​ក្តី ក៏​ទង្វើ​ប៉ុណ្ណេះ មិន​អាច​ជួលជុល ឬ​ប៉ះប៉ូវ​អំពើ​អយុត្តិធម៌​ដ៏​ធំធេង ដែល​កើត​មាន​លើ​រូប​លោក កឹម សុខា នោះ​ឡើយ។ លោក​បន្ថែម​ថា ក្រោយ​ការ​ឃុំ​ខ្លួន​លោក កឹម សុខា អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​នេះ លោក កឹម សុខា នៅ​តែ​​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន និង​ដោយ​ហេតុផល​នយោបាយ។

ក្រុម​អ្នកច្បាប់លើកឡើងថា កម្ពុជា​គ្មាន​ច្បាប់​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ឡើយ ហើយ​ការ​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា ក្នុង​ផ្ទះ គឺ​បិទ​សិទ្ធិ​មិន​ឲ្យ​លោក​ជួប​ថ្នាក់​ដឹក​នាំ​គណបក្ស សង្រ្គោះ​ជាតិ និង​មនុស្ស​ពាក់ព័ន្ធ​ផ្សេង​ទៀត​នេះ គឺ​ជា​រឿង​ខុស​ច្បាប់ និង​រំលោភ​សិទ្ធិ​លោក កឹម សុខា។ លោក​មេធាវី ផែង ហេង សង្ឃឹម​ថា សំណុំរឿង​លោក កឹម សុខា អ្នក​នយោបាយ​អាច​នឹង​លើក​យក​មក ដោះ​ស្រាយ​តាម​ផ្លូវ​នយោបាយ​ក្នុង​ពេល​ឆាប់ៗ ហើយ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល