មេធាវីការពារក្តីលោក កឹមសុខា ឆ្លើយតបទៅនឹងលិខិតព្រមានរបស់តុលាការថា ការធ្វើដំណើររបស់លោក កឹម សុខា នៅតាមបណ្ដាខេត្តនៅរយៈថ្មីៗ នេះ វាមិនមែនជាសកម្មភាពនយោបាយទេ។ ការលើកឡើងនេះបន្ទាប់ពីប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ព្រមានថា សកម្មភាពចុះតាមបណ្តាខេត្តនានា របស់លោក កឹម សុខា អាចនឹងឈានទៅហួសព្រំដែនដែលតុលាការបានកំណត់។ អ្នកវិភាគមើលឃើញថា លិខិតនេះត្បិតជាលិខិតផ្លូវច្បាប់ ប៉ុន្តែក៏បង្កប់នូវរូបភាពនយោបាយផងដែរ។
សហមេធាវីលោក កឹម សុខា គឺលោក ចាន់ ចេន និយាយថា លោក កឹម សុខា តែងតែគោរពច្បាប់កន្លងមក បច្ចុប្បន្ន និងទៅអនាគត។ លោកថា លោក កឹម សុខា យល់ដឹងច្បាស់ថា អ្វីអាចឬអ្វីមិនអាចធ្វើនិងពេលណាគួរ ឬមិនគួរធ្វើ។ លោកបន្តថា ការចុះទៅខេត្តជួបមនុស្ស ឬជួបដោយចៃដន្យមានមនុស្សបួនដប់នាក់ មានខ្លះដើរ ខ្លះឈរ ខ្លះអង្គុយ និងសួរសុខទុក្ខអ្នកជំងឺ គឺជាការជួបសួរសុខទុក្ខធម្មតា។ លោកមេធាវី ចាន់ ចេន លើកឡើងទៀតថា សកម្មភាពលោក កឹម សុខា មិនខុសច្បាប់ដែលហាមនោះទេ ហើយប្រសិនបើតុលាការ យល់ថា ការជួបមនុស្សដែលស្រលាញ់រាប់អានគ្នាបួនដប់នាក់ខុសច្បាប់នោះ គឺអាចជាការបិទសេរីភាពទៅវិញទេ៖ «មានដើរខ្លះ ឈរខ្លះ អង្គុយសួរសុខទុក្ខអ្នកជំងឺជាការជួបសួរសុខទុក្ខធម្មតាមិនមែនជាសកម្មភាពនយោបាយទេ។ លិខិតនេះជាលិខិតក្រើនរំលឹកមែន ក៏ប៉ុន្តែជាការព្រមានភ្លាមៗ ផងដែរ » ។
ការឆ្លើយតបរបស់មេធាវី លោក កឹម សុខា បែបនេះ ក្រោយពេលប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោកចៅក្រម កូយ សៅ បានផ្ញើលិខិតរម្លឹកមួយច្បាប់ទៅលោក កឹម សុខា កាលពីថ្ងៃទី២០ ខែកក្កដាថា ក្រុមប្រឹក្សាជំនុំជម្រះបានទទួលរបាយការណ៍ពីមន្ត្រីនគរបាលយុត្តិធម៌ដែលទទួលបន្ទុកតាមដាន លោក កឹម សុខា ឱ្យដឹងថា លោក កឹម សុខា បានធ្វើសកម្មភាពមួយចំនួន ជាពិសេស នៅតាមបណ្ដាខេត្តដោយចុះជួបសំណេះសំណាលជាមួយពលរដ្ឋ ក៏ដូចជាការប្រមូលផ្ដុំជួបជុំអ្នកគាំទ្ររបស់ខ្លួនក្រោមរូបភាពផ្សេង។ លិខិតដដែលបន្តថា សកម្មភាពរបស់ប្រធានគណបក្សសង្គ្រោះជាតិ ដែលរងការចោទប្រកាន់ទាំងនេះអាចនឹងឈានទៅហួសព្រំដែន ឬនាំទៅដល់ការបំពានលើកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ។ ក្រុមប្រឹក្សាជំនុំជម្រះរម្លឹកទៅលោក កឹម សុខា ត្រូវមានស្មារតីគោរពបម្រាមតុលាការឱ្យបានហ្មត់ចត់ ម៉ឺងម៉ាត់ ដើម្បីធានានូវការគោរព ចំពោះកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ និងដូចសន្តិសុខផ្ទាល់ខ្លួននិងផលប្រយោជន៍ស្របច្បាប់របស់លោក កឹម សុខា ក្នុងសវនាការបន្តនាពេលខាងមុខ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី យល់ថា លិខិតរបស់តុលាការពេលនេះ បើគិតត្រឹមផ្លូវច្បាប់គ្រាន់តែជាការរម្លឹក លោក កឹម សុខា ប៉ុន្តែបើគិតផ្លូវនយោបាយវិញ គឺមានការបារម្ភខ្លាចសកម្មភាពលោក កឹម សុខា អាចធ្វើឱ្យមានការងើបឡើងរបស់ពលរដ្ឋ ខណៈប្រទេសថៃ ដែលជាប្រទេសជិតខាងកម្ពុជាកំពុងមានការងើបឡើងរបស់ពលរដ្ឋប្រឆាំងរដ្ឋាភិបាល។ លោកសង្កេតឃើញថា អ្នកហែហមអមដំណើរ ឬអ្នកគាំទ្ររបស់លោក កឹម សុខា មួយចំនួន បានប្រើប្រាស់សារបែបលេបខាយទៅភាគីគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសលើបណ្ដាញសង្គមដែលអាចធ្វើឱ្យមានការយល់ច្រឡំហើយករណីនេះធ្វើឱ្យអាជ្ញាធរកត់សម្គាល់ និងត្រូវធ្វើការរម្លឹកខ្លះទៅលោក កឹម សុខា៖ «អ្នកគាំទ្រលោក កឹម សុខា គាត់តែងតែប្រើប្រាស់សារ ហើយសារហ្នឹង ជាការរំលេចដែលភាសាខ្មែរយើងថា លែបខាយភាគីម្ខាងទៀតនៅក្រៅប្រទេសទៅទៀត អ៊ីចឹងថា អ្នកគាំទ្រគួរតែប្រយ័ត្នប្រយែងក្នុងការប្រើសារទីមួយ ទីពីរហ្នឹងគួរតែមានភាពចាស់ទុំបន្តិចនៅក្នុងការប្រើប្រាស់បណ្ដាញសង្គម »។
ប្រធានគណបក្សសង្គ្រោះជាតិត្រូវសមត្ថកិច្ចចាប់ខ្លួន និងឃុំក្នុងផ្ទះក្រោយរងការចោទប្រកាន់ពីទោសក្បត់ជាតិ កាលពីឆ្នាំ២០១៧ ប៉ុន្តែកាលពីចុងឆ្នាំ២០១៩ តុលាការបានបន្ធូរបន្ថយការត្រួតពិនិត្យដោយអនុញ្ញាតធ្វើដំណើរក្នុងប្រទេស ប៉ុន្តែហាមឃាត់ធ្វើសកម្មភាពនយោបាយ។ នៅដើមខែកក្កដានេះលោក បានបង្ហាញ វត្តមាន នៅចម្ការនៅខេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។