ក្រុមមេធាវី និងអង្គការសិទ្ធិមនុស្សចាត់ទុកការសម្រេចរបស់តុលាការយកករណីអ្នកបញ្ចេញមតិរិះគន់គម្រោង CLV កន្លងមក ទៅបំបែកជា ៥សំណុំរឿងផ្សេងគ្នាថា ជារឿងមិនត្រឹមត្រូវ នឹងធ្វើឱ្យប៉ះពាល់សិទ្ធិជនជាប់ចោទ។ ពួកគាត់ស្នើឱ្យតុលាការពន្លឿនការជំនុំជម្រះក្តី ហើយដោះលែងពួកគេឱ្យមានសេរីភាពជួបជុំគ្រួសារវិញ ខណៈរដ្ឋាភិបាលបានសម្រេចលុបចោលគម្រោង CLV តាមការទាមទាររបស់ពលរដ្ឋរួចហើយនោះ។
សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែធ្នូ បានបើកសវនាការលើសំណុំរឿងសកម្មជនសង្គម នយោបាយ និងប្រជាពលរដ្ឋចំនួន៣៧នាក់ ពីបទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធការបញ្ចេញមតិរឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កន្លងទៅ។ ជនជាប់ចោទទាំងនោះ រួមមានសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក សាន សិទ្ធិ និងមន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិលោក ជិន ប៊ុណ្ណារ័ត្ន ជាដើម។
ខុសពីការគ្រោងទុក តុលាការបានសម្រេចប្តូរពីសវនាការជំនុំម្រះទៅជាសវនាការមុនអង្គសេចក្តីភ្លាមៗ ចំណែកសមត្ថកិច្ចមិនបានដឹកជនជាប់ឃុំឱ្យចូលរួមក្នុងសវនាការនោះទេ។ សវនាការដែលសួរដេញដោលពីនីតិធីលើបណ្តឹងរបស់តំណាងអយ្យការ ដែលស្នើសុំបំបែកសំណុំរឿង រយៈពេលមួយព្រឹកនេះ ក្រុមមេធាវីការពារក្តីឱ្យជនជាប់ចោទ បានវែកញែកផ្លូវច្បាប់ជាមួយតំណាងអយ្យការដែរ។ ប៉ុន្តែចៅក្រមបានសម្រេចបំបែកសំណុំរឿងមួយនេះ ជា៥សំណុំរឿងផ្សេងគ្នា តាមសំណើរបស់តំណាងអយ្យការ តែចៅក្រមទុកពេលឱ្យមេធាវីជនជាប់ចោទប្តឹងជំទាស់ ក្នុងករណីមិនយល់ស្របតាមការសម្រេចនេះ។
សហមេធាវីការពារក្ដីឱ្យសកម្មជន៦នាក់ក្នុងសំណុំរឿងព្រហ្មទណ្ឌដែលមានជនជាប់ចោទ៣៧នាក់ លោក សឺន ជុំជួន ប្រាប់វិទ្យុអាស៊ីសេរីក្រោយចេញពីសវនាការ ថា លោកសោកស្ដាយដែលតុលាការលើកពេលសវនាការ លើអង្គសេចក្តី តែបែរជាលើកយកករណីរបស់កូនក្តីពួកលោក ដែលមានអង្គហេតុ និងបទចោទតែមួយ ទៅបំបែកជាច្រើនសំណុំរឿងទៅវិញ។ លោកយល់ថា ការអូសបន្លាយពេល គឺប្រឈមការប៉ះពាល់សិទ្ធិរបស់ជនជាប់ចោទ ក្នុងការទទួលបានការជំនុំជម្រះក្តីមួយដោយឆាប់រហ័ស និងយុត្តិធម៌ ហើយសហមេធាវីការពារក្តីនឹងជួបពិភាក្សាគ្នា ថាតើគួរប្តឹងទាស់ការសម្រេចនេះបន្តទៀត ឬយ៉ាងណា។
លោក សឺន ជុំជួន៖«អ្វីជាការកត់សម្គាល់របស់យើង គឺការស្នើសុំបំបែកសំណុំរឿងហ្នឹងហាក់ដូចជាភ្លាមៗពេក ដែលយើងកត់សម្គាល់ថា រឿងហ្នឹង វាគួរតែត្រូវបានបំបែកនៅក្នុងដំណាក់កាលចាប់ផ្តើមស៊ើបសួរ ឬដំណាក់កាលនៃការសន្និដ្ឋានជាស្ថាពរបញ្ជូនទៅជំនុំចម្រះហ្នឹងគួរតែមាននីតិវិធីហ្នឹងរួចហើយ មិនគួរមកលើកឡើងនៅពេលនីតិវិធីដែលជាសវនាការជំនុំជម្រះហ្នឹង ហើយ(តំណាងអយ្យការ)មកស្នើសុំបំបែកសំណុំរឿងអ៊ីចឹងទេ វាធ្វើឱ្យប៉ះពាល់ដល់សិទ្ធិកូនក្តី សិទ្ធិទទួលបានការជំនុំជម្រះដោយលឿនបំផុតជាដើម»។
វីទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ដើម្បីសាកសួរពីមូលហេតុនៃការបំបែកសំណុំរឿងនេះបានទេ នៅថ្ងៃទី២៤ ខែធ្នូ។

ជុំវិញរឿងនេះ មន្ត្រីជាន់ខ្ពស់នៃសមាគមអាដហុក (Adhoc) លោក យី សុខសាន្ត ដែលចូលឃ្លាំមើលសវនាការនេះកត់សម្គាល់ថា ការបំបែកសំណុំរឿងដែលមានជនជាប់ចោទ ៣៧នាក់នៅពេលនេះ ហាក់ធ្វើឡើងមិនត្រឹមត្រូវ និងអូសបន្លាយដំណើរការក្តីក្តាំកាន់តែយូរ ខណៈតុលាការធ្លាប់ដំណើរការក្តីរបស់សកម្មជនបក្សសង្គ្រោះជាតិដែលមានជនជាប់ចោទជាក្រុមធំៗរួចមកហើយនោះ។ យ៉ាងណាក្តី លោកចង់ឃើញរដ្ឋាភិបាលដោះលែងសកម្មជន និងពលរដ្ឋដែលរដ្ឋាភិបាលចោទប្រកាន់ថាប្រឆាំងនឹងគម្រោង CLV ឱ្យមានសេរីភាពឡើងវិញ ពីព្រោះរដ្ឋាភិបាលបានសម្រេចលុបកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ជាស្ថាពររួចហើយ។
លោក យី សុខសាន្ត«ទោះបីជារឿងបើកសវនាការមិនបានស៊ីជម្រៅទៅលើអង្គសេចក្តីក៏ដោយ ក៏ការស្នើសុំបំបែកសំណុំរឿងនេះ វាគួរតែដឹកភាគីជនត្រូវចោទបានចូលរួមស្តាប់ ហេតុអ្វីបានជាបំបែកសំណុំរឿងពួកគាត់?រឿងដូចគ្នា អង្គហេតុដូចគ្នាហេតុអ្វីបំបែកសំណុំរឿង?តើមូលហេតុអ្វី?អ៊ីចឹងពួកគាត់អត់បានចូលរួមទេ ប៉ុន្តែមេធាវីពួកគាត់ទាំង៧រូបបានជំទាស់ទៅហ្នឹង សេចក្តីសម្រេចរបស់តុលាការដែរ»។
សវនាការលើសំណុំរឿងនេះ ក៏មានការចូលរួមឃ្លាំមើលពីមន្ត្រីសិទ្ធិមនុស្សក្នុងស្រុក ក្រុមគ្រួសារ និងអ្នកគាំទ្ររបស់សកម្មជនកិច្ចព្រមព្រៀងក្រុងប៉ារីសប្រមាណ ៥០នាក់ដែរ។
សំណុំរឿងដែលមានជនជាប់ចោទចំនួន ៣៧នាក់នេះ ក្នុងនោះក៏មានជនជាប់ចោទចំនួនពីរនាក់ គឺប្អូនប្រុសអតីតសកម្មជនបក្សសង្គ្រោះជាតិប្រចាំប្រទេសជប៉ុនលោក ហៃ វណ្ណា គឺលោក ហៃ វណ្ណនិត និងយុវជនម្នាក់ទៀតឈ្មោះ ហ៊ុយ សុភ័ក្រ្ត ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំ ក្រោយពួកគេប្រកាសចុះចូលជាមួយបក្សកាន់អំណាច និងបង្ហោះសារសុំទោសលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។
អ្នកឃ្លាំមើលលើកឡើងថា ការណ៍ដែលតុលាការសម្រេចបំបែកសំណុំរឿងសកម្មជនទាំងនោះ អាចពាក់ព័ន្ធការធ្វើទុក្ខបុកម្នេញខាងនយោបាយ ច្រើនជាងហេតុផលដោះស្រាយភាពស្មុគស្មាញនៅក្នុងករណីនេះ។ ការសម្រេចដូច្នេះអាចធ្វើឡើងក្នុងគោលដៅបង្កភាពងាយស្រួយសម្រាប់តុលាការបែងចែករវាងអ្នកដែលចុះចូលបក្សកាន់អំណាច និងអ្នករក្សាជំហររឹងមាំមិនចុះញ៉មជាមួយអ្នកកាន់អំណាច នៅពេលតុលាការធ្វើសម្រេចក្តីខាងមុខ ខណៈប្រព័ន្ធតុលាការរងការរិះគន់ថា ជាឧបករណ៍នយោបាយរបស់គណបក្សកាន់អំណាចដើម្បីបង្ក្រាបសំឡេងប្រឆាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
