កូន​សកម្មជន​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង​ពីរ​នាក់​ប្រឈម​បោះបង់​ការ​សិក្សា​ក្រោយ​ឪពុក​ស្លាប់

កូន​សកម្មជន​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង ពីរ​នាក់ ប្រឈម​បោះបង់​ការសិក្សា ក្រោយ​ពី​ឪពុក​គឺ​លោក សែន សទ្ធា ស្លាប់​ទៅ ពុំ​មាន​អ្នកផ្គត់ផ្គង់​ថវិកា​ឱ្យ​រៀន​សូត្រ​បន្ត​ទៀត​។ សហគមន៍​ព្រៃឡង់​បារម្ភ ពី​ជោគវាសនា ការ​សិក្សា​របស់​កូនៗ​លោក និង​អំពាវនាវ​ដល់​សប្បុរស​ជន​ជួយ​ផ្គត់ផ្គង់​ការ​សិក្សា​របស់​កូនៗ​គាត់​។ លោក សែន សទ្ធា ដែល​ជា​សកម្ម​ជ​ព្រៃឡង់​លេចធ្លោ​ម្នាក់ បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ អំឡុង​ពេល​ចុះ​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ កាលពី​ខែ​កក្កដា​កន្លង​ទៅ។

កូនស្រី​លោក សែន សទ្ធា កញ្ញា ឡៃ រច្ចនី កំពុង​សិក្សា​ថ្នាក់​ទី ១១ នៃ​វិទ្យាល័យ​ព្រះរាជ​បូជនីយកិច្ច ខេត្ត​ស្ទឹងត្រែង​។ កញ្ញា​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៧ ខែ​សីហា ថា គ្រួសារ​កញ្ញា គ្មាន​ទ្រព្យសម្បត្តិ​ជា​ដុំកំភួន​នោះ​ទេ ហើយ​ការ​ចំណាយ​លើ​ការសិក្សា​ទៀតសោត ឪពុក​ជា​ជន​បង្គោល ផ្គត់ផ្គង់​សព្វបែបយ៉ាង​។ កញ្ញា​បារម្ភ​ថា ក្រោយពី​ឪពុក​ស្លាប់​ទៅ នឹង​ប្រឈម​ខ្វះខាត​សម្រាប់​បន្ត​ការសិក្សា​ថ្នាក់​ទី​១២ នៅ​ឆ្នាំក្រោយ ព្រោះ​ការសិក្សា​នៅ​ទី​រួម​ខេត្ត​ត្រូវ​ចំណាយ​ប្រាក់​ជាង ២០០​ដុល្លារ ក្នុង​មួយ​ខែៗ សម្រាប់​ថ្លៃ​បន្ទប់​ជួល ការ​ហូបចុក និង​ផ្គត់ផ្គង់​ការសិក្សា​ជាដើម​។ រីឯ​ម្ដាយ ពុំ​មាន​លទ្ធភាព​គ្រប់គ្រាន់​ទ្រទ្រង់​លើ​ការសិក្សា​របស់​កញ្ញា​បាន​នោះ​ទេ៖ «ការ​ប៉ា​ខ្ញុំ​នៅ​រស់ ដូចជា​ខោអាវ ពេល​ចូល​កង កាបូប​រៀន និង​សៀវភៅ គាត់​ទិញ​ឱ្យ តែ​ខ្វះខាត​ច្រើន​ដូចជា​ខោអាវ​រៀន​។ ខ្ញុំ​ខ្លាច​តែ​ដល់​ខ្ញុំ ប្រលង​ទី​១២ ខ្លាច​តែ​ខ្ញុំ​គ្មាន​ថវិកា​គ្រប់គ្រាន់ សម្រាប់​ខ្ញុំ​រៀន និង​ការចាយវាយ ព្រោះ​បើ​ខ្ញុំ​រៀន​ទី​១២ ខ្ញុំ​ខ្លាច​មិន​បាន​រៀន​បន្ត​ទៅ​មុខ​ទៀត»។

កញ្ញា ឡៃ រច្ចនី បន្ថែម​ថា ក្នុង​ពេល​អនាគត កញ្ញា​ចង់​ក្លាយ​ជា​វិចិត្រករ និង​ជា​អ្នកការពារ​ធនធាន​ធម្មជាតិ​ដ៏​ឆ្នើម​ម្នាក់ ព្រោះ​ការងារ​ជា​អ្នកការពារ​ព្រៃឈើ គឺជា​បំណង​ប្រាថ្នា របស់​ឪពុក ដែល​ចង់​អភិរក្ស​ព្រៃឈើ​ឱ្យ​មាន​ប្រសិទ្ធភាព​។ កញ្ញា​នៅចាំ​ថា កាល​ឪពុក​នៅ​មាន​ជីវិត គាត់​សុខចិត្ត​អត់ឃ្លាន សន្សំ​ប្រាក់ ដើម្បី​ឱ្យ​កូនៗ​រៀន​សូត្រ​ខ្ពង់ខ្ពស់ យកចំណេះ​ដឹង​ជួយ​ជាតិ​៖ «ខ្ញុំ​ចង់​ការពារ និង​ស្រឡាញ់​ព្រៃឈើ​ដូច​ប៉ា​ខ្ញុំ​ដែរ ខ្ញុំ​ឃើញ​ព្រៃឈើ​ស្អាត ខ្ញុំ​មិន​ចង់​ឱ្យ​កាប់​បំផ្លាញ ខ្ញុំគេ​ឃើញ​គេ​កាប់​បំផ្លាញ​ព្រៃឈើ​ខ្ញុំ​ស្ដាយ ហើយ​ខ្ញុំ​ក៏​ចង់​មាន មុខរបរ​ផ្ទាល់ខ្លួន និង​រៀន​ឱ្យ​ខ្ពស់ ខ្ញុំ​ចង់​ធ្វើ​វិចិត្រករ ដើម្បី​មាន​មុខ​របរ​ផ្ទាល់ខ្លួន»។

នាយក​សាលាបឋមសិក្សា​អូរឡង់ អ្នកស្រី សែន ហុន ប្រាប់​អាស៊ីសេរី​ថា យុវតី រច្ចនី គឺជា​សិស្ស​ពូកែ និង​ឆ្លាត​ជាងគេ ហើយ​នាង​រៀន​ជាប់​លេខ​១ និង​លេខ ២​ស្ទើរ​ជាង​រៀងរាល់​ខែ ចាប់​តាំង​ពី​ថ្នាក់​ទី១ រហូតដល់​ថ្នាក់​ទី ៦​។ លោកស្រី​បារម្ភ​ថា បើ​គ្មាន​ការ​ជួយជ្រោមជ្រែង ពី​ខាងក្រៅ​ទេ កត្តា​ជីវភាព​នឹង​រុញច្រាន​ឱ្យ​យុវតី​រូប​នេះ បោះបង់​ការសិក្សា​។ អ្នកស្រី​នៅ​ចាំ​ថា កាល​លោក សែន សទ្ធា នៅ​មាន​ជីវិត លោក​បាន​ដើរ​ខ្ចីបុល​គេ ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​ការសិក្សា​របស់​កូនៗ​៖ «ថ្នាក់​ទី​១ ទី​២ រហូតដល់ ទី​៣ និង​ទី ៤ គាត់​ជាប់​លេខ​១ រហូត គាត់​ជា​សិស្ស​ពូកែ​ដែល​លោកគ្រូ។ ចូល​ថ្នាក់​ទី ៦ ឆមាស​ទី​១ គាត់​បាន​លេខ ១ ឆមាស​ទី​២ គាត់​ជាប់​លេខ ២​។ គាត់​ជា​សិស្ស​សុភាពរាបសារ ចូលចិត្ត​ការសិក្សា អ៊ីចឹង​បាន​ឪពុក​គាត់ ខ្នះខ្នែង ជីវភាព​ក្រ​ប៉ុណ្ណា​ក៏ដោយ គាត់​ប្រឹង​ឱ្យ​កូន​រៀន រហូត​គាត់​ជូ​ល ផ្ទះ​គេ​នៅ​ខេត្ត​។ ជីវភាព​គាត់​ក្រ​ណាស់​ហើយ ក្រ​ជាទីបំផុត»។

សព្វថ្ងៃ យុវតី ឡៃ រច្ចនី និង​ប្អូនប្រុស​ម្នាក់ទៀត ឈ្មោះ ឡៃមុន្នីរត៍ រៀន​ថ្នាក់​ទី​៩ កំពុង​ស្នាក់នៅ​បន្ទប់​ជួល មួយ​កន្លែង​ក្នុង​ក្រុង​ស្ទឹងត្រែង ដើម្បី​បន្ត​ការសិក្សា​។ រីឯ​ផ្ទះ​របស់​ពួកគេ ឋិត​នៅ​ភូមិ​អូរឡង់ ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ប្រមាណ ៥០ គីឡូម៉ែត្រ​។ លំនៅឋាន​របស់​ពួកគេ សាងសង់​នៅ​លើ​ដី​ចំណី​មាត់​ទន្លេ​មេគង្គ​ត្រើយ​ខាងកើត មាន​ទំហំ ៤​ម៉ែត្រ គុណ ៦​ម៉ែត្រ សង់​ផ្ទាល់​ដី ប្រក់​ស័ង្កសី ជញ្ជាំង​បិទ​មិនទាន់​ជុំ​។ ចំណែក​ម្ដាយ​មានមុខ​របរ លក់​នំ​បញ្ចុក​បន្តិច​បន្តួច​ក្នុង​ភូមិ។

កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​កក្កដា សកម្មជន​បរិស្ថាន លោក ហេង ស្រស់ និង លោក សែន សទ្ធា បាន​ចុះ​អង្កេត​បទល្មើស​ព្រៃឈើ ក្នុង​ឃុំ​កំពង់ចាម ស្រុក​សំបូរ ជាប់​ព្រៃ​ឡង់ ខេត្ត​ក្រចេះ ហើយ​ក្នុង​គ្រា​ស្នាក់​នៅផ្ទះ​អ្នកភូមិ​ម្នាក់ ស្រាប់តែ​ត្រូវ​បាន​មេ​សន្តិសុខ​ក្រុមហ៊ុន​ស៊ីងបាយអូថេក ប្រាប់​ឱ្យ​ពួកគេ​ចាក​ចេញ​ពី​ទីនោះ​ជាបន្ទាន់ បើ​ពុំ​ដូច្នោះ​ទេ នឹង​មិន​អាច​រួចខ្លួន​ឡើយ។ ដំណឹង​នេះ ធ្វើ​ឱ្យ​ពួកគេ​ភ័យខ្លាច និង​បារម្ភ​ពី​សុវត្ថិភាព រួច​បាន​បង្ខំចិត្ត​ចាកចេញ​ពី​ភូមិ​ទាំង​យប់​បណ្តាល​ឱ្យ​ដួល​ម៉ូតូ ហើយ​លោក សែន សទ្ធា បាន​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​នោះ។ បញ្ហា​នេះ​មន្ត្រី​សង្គម​ស៊ីវិល និង​សហគមន៍​ព្រៃ​ឡង់ ទាមទារ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្ត​ក្រចេះ ស៊ើបអង្កេត​រក​ការពិត ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ជនរងគ្រោះ ដែល​បាន​លះបង់​ការពារ​ប្រយោជន៍​ជាតិ។

ម្តាយ​កញ្ញា រច្ចនី គឺ​លោកស្រី អ៊ិន ភឿន វ័យ ៤៧​ឆ្នាំ បារម្ភ​ថា ការ​បាត់បង់​ប្តី បាន​រុញច្រាន​ឱ្យ​ជីវភាព គ្រួសារ និង​ការសិក្សា​របស់​កូនៗ​ជួប​ការ​លំបាក​ខ្លាំង​។ លោកស្រី​ថា មុខរបរ លក់​នំ​បញ្ចុក ទទួល​បាន​ប្រាក់ចំណេញ​តិចតួច គ្រាន់តែ​ផ្គត់ផ្គង់​ការ​ហូបចុក​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ មិន​អាច​ជួយ​ការសិក្សា​របស់​កូន​បាន​គ្រប់គ្រាន់​ទេ៖ «ការងារ​គាត់​ទៅ​បម្រើ​ជាតិ គាត់​ត្រូវតែ​ទៅ ទោះបី​ខ្ញុំ​ជេរ​គាត់​យ៉ាងណា ក៏​គាត់​មិន​ស្ដាប់​ខ្ញុំ​ទេ​។ គាត់​ថា គាត់​ត្រូវតែ​តស៊ូ ដើម្បី​ឱ្យ​ព្រៃ​គង់វង្ស ដើម្បី​ឱ្យ​កូនចៅ​ទៅ​មុខ​ទៀត​។ ខ្ញុំ​ព្រួយបារម្ភ​ព្រោះ​អី​កូន​ខ្ញុំ ចូលរៀន​សូត្រ បន្ត​ទៅ​មុខ​ទៀត ខ្ញុំ​អត់​មានលទ្ធភាព អត់​ពី​ប្ដី​ទៅ ខ្ញុំ​គ្មាន​លទ្ធភាព​រកលុយ​ឱ្យ​កូន​ទៅ​រៀន​ទេ»។

សមាជិក​ក្រុម​ស្នូល​ព្រៃឡង់ ខេត្ត​ក្រចេះ លោក ឯក សុវណ្ណា ថ្លែង​ថា បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ គ្មាន​កញ្ចប់​ថវិកា សម្រាប់​ជួយ​ក្រុម​គ្រួសារ លោក សែន សទ្ធា ជា​ដុំកំភួន​បាន​នោះ​ទេ​។ លោក​បន្ថែម​ថា ក្តី​ស្រមៃ របស់​លោក សែន សទ្ធា ចង់​ឱ្យ​កូនៗ រៀន​បាន​ខ្ពស់ ក៏ប៉ុន្តែ​បំណង​ប្រាថ្នា​នេះ​បាន​រលាយ​ទាំងស្រុង ដោយសារតែ​លោក​បាត់បង់​ជីវិត​។ លោក​ថា ប្រសិនបើ​មាន​សប្បុរសជន​ណា​ចង់​ជួយ ដើម្បី​ឱ្យ​ក្តី​ស្រមៃ របស់​សកម្មជន​ព្រៃ​ឡង់​រូប​នេះ​បាន​ដូច​បំណង សូម​ទាក់ទង​មក​គណៈកម្មការ​សហគមន៍​ព្រៃ​ឡង់ តាម​លេខ​ទូរ​សព្ទ 012 63-77- 49៖ «គោលជំហរ និង​ក្តី​រំពឹង គឺ​ទៅលើ​ឪពុក ដោយសារតែ​បង សែន សទ្ធា ហ្នឹង​អ្វី​ដែល​សំខាន់ គាត់​ស្រឡាញ់​ការសិក្សា គាត់​ចង់​ឱ្យ​កូន​សិក្សា ប៉ុន្តែ ក្តី​ស្រមៃ​ត្រូវ​រលាយ ដោយសារ​ខ្លួន​គាត់​ស្លាប់។ ប្រសិនបើ​មាន​បងប្អូន​អាណិត​ស្រឡាញ់ និង​ស្រឡាញ់​គាត់ ជួយ​ការសិក្សា​កូន​គាត់​កាន់តែ​ល្អ ដើម្បី​ឱ្យ​គាត់​សម្រេច​បំណង​ប្រាថ្នា»។

លោក ឯក សុវណ្ណា បន្ថែម​ថា ការ​យក​ជីវិត​ទៅ​ប្ដូរ បំណង​ការពារ​ព្រៃ របស់​លោក សែន សទ្ធា គឺជា​ការ​លះបង់​ធំធេង​ណាស់ ដើម្បី​ប្រយោជន៍​ព្រៃ​ឡង់ និង​សង្គមជាតិ​។ ហេតុនេះ លោក​អំពាវនាវ​ឱ្យ​សប្បុរសជន ជួយ​ដល់​ក្រុម​គ្រួសារ សកម្មជន​ព្រៃ​ឡង់​រូប​នេះ ដើម្បី​លើកទឹកចិត្ត ពលរដ្ឋ​ផ្សេងទៀត ដែល​ហ៊ាន​លះបង់​រហូតដល់​អាយុជីវិត​ដើម្បី​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ស្រប​តាម​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។