អ្នក​ទោស​មនសិការ​ក្នុង​ពន្ធនាគារ​ព្រៃ​ស រក្សា​ជំហរ​មិន​បាន​ធ្វើ​ខុស និង​ទាមទារ​ឲ្យ​ដោះ​លែង

ដោយ ជាតិ ចំណាន
2020-09-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពីឆ្វេង ១) លោក មាន ព្រហ្មមុនី អនុប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ជា​សមាជិក​ក្រុម​ការងារ ២) លោក ហ៊ុន វណ្ណៈ ៣) លោក ថុន រដ្ឋា ៤) ព្រះតេជព្រះគុណ កើត សារ៉ាយ ៥) នាង ឈឿន ដារ៉ាវី ៦) កញ្ញា ឡុង គន្ធា  ៧) កញ្ញា សូ មេត្តា ៨) កញ្ញា ភួង កែវ ជា​សមាជិក​ខ្មែរ​ថាវរៈ។
ពីឆ្វេង ១) លោក មាន ព្រហ្មមុនី អនុប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ជា​សមាជិក​ក្រុម​ការងារ ២) លោក ហ៊ុន វណ្ណៈ ៣) លោក ថុន រដ្ឋា ៤) ព្រះតេជព្រះគុណ កើត សារ៉ាយ ៥) នាង ឈឿន ដារ៉ាវី ៦) កញ្ញា ឡុង គន្ធា ៧) កញ្ញា សូ មេត្តា ៨) កញ្ញា ភួង កែវ ជា​សមាជិក​ខ្មែរ​ថាវរៈ។
រូប៖ ហ្វេសប៊ុក

សាច់​ញាតិ​របស់​ក្រុម​សកម្មជន​បរិស្ថាន ដែល​កំពុង​ជាប់​ឃុំ ដោយ​សារ​ការ​ទាមទារ​យុត្តិធម៌​សង្គម ឲ្យ​ដឹង​ថា សកម្មជន​ទាំង​អស់​មាន​សុខ​ភាព​អន់ថយ និង​ស្គម​ខ្លាំង ប៉ុន្តែ ពួកគេ​នៅ​តែ​មាន​បញ្ញា​ស្មារតី និង​ជំហរ​ដដែល។ ក្រុម​សាច់​ញាតិ​សកម្មជន​ទាំង​នោះ ចាត់​ទុក​ការ​ចាប់​ខ្លួន​សកម្មជន​ការពារ​បរិស្ថាន​ថា ជា​ការ​បង្ក្រាប​ ដោយ​បំពាន​ច្បាប់ ដូច្នេះ​អាជ្ញាធរ​ត្រូវ​ដោះ​លែង​ពួក​គេ ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ គឺ​កញ្ញា ឡុង គន្ធា មាន​សភាព​ស្គម​ស្គាំង​ជាង​គេ​ ក្នុង​ចំណោម​អ្នក​ទោស​មនសិការ​ជាង ១០នាក់ ដែល​ទើប​ចាប់​ខ្លួន​រយៈ​ពេល ២ខែ​ចុង​ក្រោយ​នេះ​ ក្រោម​បទ​ចោទ​ញុះញង់ បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម នេះ​បើ​ការ​តាម​ការ​អះអាង​របស់​សាច់​ញាតិ​កញ្ញា។

ម្ដាយ​របស់​កញ្ញា ឡុង គន្ធា គឺ លោកស្រី សាន សា​រ៉ន ថា លោក​ស្រី​មាន​អារម្មណ៍​តក់​ស្លុត ពេល​ឃើញ​​​កូន​ស្រី ស្រក​សាច់​ខ្លាំង ដោយ​សារ ​គេង​មិន​គ្រប់គ្រាន់។ លោកស្រី សាន សារ៉ន ឲ្យ​ដឹង​​ថា ក្នុង​បន្ទប់​ឃុំ​ឃាំង ​របស់​កញ្ញា ឡុង គន្ធា ផ្ទុក​អ្នក​ជាប់​ឃុំ​ច្រើន​ពេក​បណ្ដាល​ឲ្យ​ចង្អៀត ដូច្នេះ កញ្ញា ឡុង គន្ធា មិន​អាច​គេង​គ្រប់គ្រាន់​ទេ។

លោកស្រី សាន សារ៉ន ជា​ស្ត្រី​មេម៉ាយ​មាន​កូន ៥នាក់ ក្នុង​បន្ទុក​រូប​នេះ បន្ត​ថា ការ​ចាប់​ខ្លួន​កូន​ស្រី​នេះ​ បណ្ដាល​ឲ្យ​កើត​ក្ដី​ក្ដៅ​ក្រហាយ និង​បង្ក​ការ​លំបាក​យ៉ាង​ធ្ងន់ធ្ងរ​ សម្រាប់​គ្រួសារ​លោកស្រី។ លោក​ស្រី ទាមទារ​ឲ្យ​រដ្ឋាភិបាល ដោះលែង​ កញ្ញា ឡុង គន្ធា និង​សកម្មជន​ទាំង​អស់ ឲ្យ​មាន​សេរីភាព​វិញ៖ «រាង​ស្គម ខ្ញុំ​ទៅ​ឃើញ​កូន ដូច​ស្លុត​ចិត្ត​ដល់​ហើយ។ ខ្ញុំ​សួរ ​ទៅ​ ថា​រឿង ​ហូប​ចុក​ធម្មតា​ទេ ប៉ិន​គ្រាន់​ថា ចង្អៀត។ អ៊ីចឹង ពិបាក​គេ ពិបាក​អ្វី​អ៊ីចឹង​ទៅ​ណា។ ចា! ខ្ញុំ​ចង់​សំណូម​ពរ​ឲ្យ​រដ្ឋាភិបាល​ហ្នឹង ដោះលែង​កូន​ខ្ញុំ ​ព្រោះ​កូន​ខ្ញុំ ធ្វើ​ការ​វា​មិន​ខុស​អ្វី​ទេ។ អ៊ីចឹង ខ្ញុំ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​​ លោក​ដោះលែង​កូន​ខ្ញុំ​វិញ អ្វី​អ៊ីចឹង​ទៅ ឲ្យ​មាន​សេរីភាព ដោះលែង​សកម្ម​ជន​ទាំង​អស់​ហ្នឹង​ទៅ​ណា»

ចំណែក​​ស្ថានភាព​ជាប់​ឃុំ​របស់​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ក៏​ត្រូវ​បាន​អះអាង​ថា បណ្ដាល​ឲ្យ​ពួកគេ​ជួប​​ការ​​លំបាក​ផ្នែក​ផ្លូវ​កាយ​មួយ​ចំនួន​ដែរ។ តែ​យ៉ាង​ណា សម្រាប់​ស្មារតី និង​ជំហរ​នៃ​ការ​ទាមទារ​យុត្តិធម៌ ​គឺ​ពួកគេ មិន​តក់​ស្លុត​ឡើយ។

ប្អូន​ស្រី​របស់​កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា គឺ​កញ្ញា អេង វ៉ាន់ឌី ឲ្យ​ដឹង​ថា កញ្ញា សូ មេត្តា កើត​កម​រមាស់​ខ្លាំង បណ្ដាល​មក​ពី​ក្នុង​បន្ទប់​ឃុំឃាំង​ខ្វះ​អនាម័យ និង​ភាព​ចង្អៀត​ណែន​ខ្លាំង​ពេក។ តែ​យ៉ាង​ណា កញ្ញា សូ មេត្តា អះអាង​នឹង​ខិតខំ​ស៊ូទ្រាំ​ក្នុង​ពន្ធនាគារ​បន្ត​ទៀត។ កញ្ញា សូ មេត្តា រក្សា​ជំហរ​ថា មិន​បាន​ប្រព្រឹត្តិ​ខុស​ច្បាប់​ទេ និង​ហៅ​ការ​ចាប់​ខ្លួន​កញ្ញា ជា​ការ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ៖ «គាត់​អត់​បាន​បំពាន​ច្បាប់ ហើយ​គាត់​ធ្វើ​ដោយ​សន្តិវិធី​ស្រប​ច្បាប់​អ្វី​អ៊ីចឹង​ណា​បង។ គាត់​នៅ​តែ​រឹង​មាំ​ជា​និច្ច ទោះ​គាត់​​នៅ​ក្នុង​ហ្នឹង មាន​ការ​លំបាក គាប​សង្កត់​គាត់​យ៉ាង​ណា​ក៏​ដោយ​ នៅ​តែ​រឹងមាំ។ គាត់​ផ្ដាំ​ផ្ញើ​ដល់​យុវជន យុវនារី​ របស់​យើង​ថា កុំ​បាក់​ទឹក​ចិត្ត ទោះ​គេ​គាប​សង្កត់​គាត់​យ៉ាង​ណា​ក៏​ដោយ គាត់​នៅ​តែ​គាំទ្រ​ លើក​ទឹក​ចិត្ត​ ទាំង​នៅ​ខាង​ក្រៅ ទាំង​នៅ​ខាង​ក្នុង»

រី​ឯ​សមាជិក​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ ចំនួន ២នាក់ ដែល​កំពុង​ជាប់​ឃុំ នៅ​ពន្ធនាគារ​ព្រៃ​ស គឺ លោក មាន ព្រហ្ម​មុនី និង​លោក មួង សុភ័ក្រ ក៏​មាន​សភាព​មិន​សូវ​ខុស​ពី​យុវជន កំពុង​ជាប់​ឃុំ​ផ្សេង​ទៀត​ដែរ។ ប្រធាន​សមាគម គឺ​លោក មួង សូនី ឲ្យ​ដឹង​ថា ក្រុម​ការងារ និង​គ្រួសារ បាន​ទៅ​សួរ​សុខ​ទុក្ខ​សមាជិក​ទាំង​២ ក្នុង​ពន្ធនាគារ​ព្រៃ​ស បង្ហាញ​ថា ពួក​គេ​ជួប​ភាព​លំបាក​មួយ​ចំនួន​ ក្នុង​ការ​ជាប់​ឃុំ​នេះ​ ដោយ​សារ​​​ បញ្ហា​ចង្អៀត​ណែន ក្នុង​ពន្ធនាគារ។

ទោះ​យ៉ាង​ណា លោក មួង សូនី ទទូច​ឲ្យ​រដ្ឋាភិបាល ដោះ​លែង​សមាជិក​ទាំង ២នាក់​វិញ ព្រោះ​អះ​អាង​ ពួកគេ​បាន​ធ្វើ​សកម្មភាព​ទាមទារ​សិទ្ធិ​សេរីភាព ​ដែល​មាន​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ ជា​ច្បាប់​កំពូល​​របស់​ជាតិ។ លោក​ថា សមាគម​នឹង​នៅ​តែ​បន្ត​ធ្វើ​សកម្ម​ភាព​ទាមទារ​យុត្តិធម៌​សង្គម សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​ដដែល ដោយ​មិន​តក់​ស្លុត​ ចំពោះ​ការ​ចាប់​សមាជិក​ទាំង ២នាក់​ឡើយ៖ «យើង​នៅ​តែ​បន្ត​ឆន្ទៈ​របស់​យើង​ថា ធ្វើ​ការ​ងារ​សង្គម ដើម្បី​ផល​ប្រយោជន៍​ជាតិ ផល​ប្រយោជន៍​សង្គម​របស់​យើង​ទាំង​អស់​គ្នា ហើយ​សូម​ផ្ដាំ​ទៅ​រដ្ឋាភិបាល​ក្ដី ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ថា ការងារ​ដែល​ពួក​យើង​ធ្វើ​ គឺ​ដើម្បី​តែ​ផល​ប្រយោជន៍​ជាតិ​ទេ គ្មាន​បំណង​ណាមួយ​ធ្វើ​ឲ្យ​វឹកវរ​សង្គម ឬ​ក៏​ប៉ះពាល់​ដល់​ប្រយោជន៍​ក្រុម​បុគ្គល​ណា លំអៀង​ទៅ​រក​បុគ្គល​ណា​ទេ។ អ៊ីចឹង សូម​កុំ​ចោទ​មក​ពួក​យើង​​ទាំង​អស់​គ្នា ជា​ក្រុម​និស្សិត យុវជន​ហ្នឹង​ណា»

ក្រៅ​ពី​នេះ នៅ​មាន​ប្រធាន​គណបក្ស​នយោបាយ​ម្នាក់​ទៀត ក៏​កំពុង​ជាប់​ឃុំ​ នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ដែរ គឺ​លោក សួង សុភ័ណ្ឌ ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន។ អ្នក​នាំ​ពាក្យ​គណបក្ស​ខ្មែរ​ឈ្នះ លោក យិន ឈឿន ឲ្យ​ដឹង​ថា លោក សួង សុភ័ណ្ឌ មិន​មាន​ស្មារតី​តក់​ស្លុត​បន្តិច​ណា​ឡើយ ហើយ​លោក​ខិតខំ​ហាត់ប្រាណ ថែរក្សា​សុខភាព នៅ​ក្នុង​ពន្ធនាគារ ដោយ​សង្ឃឹម​ថា នឹង​ឆាប់​មាន​ឱកាស​បន្ត​សកម្មភាព ជួយ​សង្គម​បន្ត​ទៀត។

លោក សួង សុភ័ណ្ឌ នៅ​តែ​មិន​ព្រម​ពឹង​ពាក់​មេធាវី​ជួយ​ការពារ​ក្ដី​ឲ្យ ព្រោះ​លោក​យល់​ថា បើ​ទោះ​មេធាវី​ខ្លាំង​ និង​ច្រើន​ប៉ុណ្ណា ក៏​មិន​អាច​ជួយ​ការពារ​រឿង​ក្ដី​នេះ​ឈ្នះ​ដែរ ព្រោះ​ជា​រឿង​ក្ដី​នយោបាយ។ ទោះ​យ៉ាង​ណា លោក សួង សុភ័ណ្ឌ រក្សា​ជំហរ​មិន​សរសេរ​សំបុត្រ​សុំទោស ឬ​ដើម្បី​បាន​នៅ​ក្រៅ​ឃុំ ដូច​អ្នក​ទោស​នយោបាយ​ផ្សេង​ទៀត​ទេ ហើយ​លោក ផ្ដាំ​ឲ្យ​សមាជិក​គណបក្ស​ខ្មែរ​ឈ្នះ បន្ត​សកម្មភាព​ជួយ​ពលរដ្ឋ និង​សង្គម​បន្ត​ទៀត និង​មិន​ត្រូវ​រត់​ចោល​ពលរដ្ឋ​ឡើយ៖ «សុខភាព​គាត់​ល្អ​ធម្មតា​ទេ។ គាត់​បាន​និយាយ​ថា ទោះ​គាត់​​ដឹង​ថា គាត់​ត្រូវ​ជាប់​គុក​ក៏​ដោយ គាត់​ត្រូវ​ពលី​បែប​ណា​ក៏​ដោយ គឺ​ដើម្បី​ប្រទេស​ជាតិ គាត់​ត្រូវ​តែ​ថែ​សុខភាព​របស់​គាត់​ ព្រោះ​គាត់​មិន​ជាប់ (ពន្ធនាគារ) មួយ​ជីវិត​ទេ។ នេះ​អ្វី​ដែល​គាត់ (សួង សុភ័ណ្ឌ) និយាយ ព្រោះ គាត់​ចេញ​មក គាត់​ត្រូវ​បម្រើ​ជាតិ​ទៀត»

តុលាការ​បាន​ឃុំ​ខ្លួន មនុស្ស​ជិត​ម្ភៃ (១៧) នាក់​ហើយ រយៈ​ពេល ២ខែ​ចុង​ក្រោយ​នេះ​ ក្នុង​បទ​ចោទ​ញុះញង់។ ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស ក៏​បន្ត​ជំរុញ​ឲ្យ​មាន​ការ​ដោះ​លែង​ក្រុម​អ្នក​ទោស​មនសិការ​ទាំង​អស់​វិញ​ដែរ។ អ្នក​ឃ្លាំមើល​ការ​អនុវត្ត​សិទ្ធិ ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​សកម្មជន និង​អ្នក​នយោបាយ ដោយ​ប្រើ​​​បទ​ញុះញង់​នេះ​ ជា​រឿង​នយោបាយ ជា​ជាង​ការ​អនុវត្ត​ច្បាប់។

ក្រៅ​ពី​នេះ មនុស្ស​ច្រើន​នាក់​ផ្សេង​ទៀត រង​ការ​ព្រមាន​ពី​អាជ្ញាធរ ក្នុង​សំណុំ​រឿង​ទាមទារ​ដោះលែង លោក រ៉ុង ឈុន និង​ទាមទារ​យុត្តិធម៌​សង្គម។ អ្នក​រង​ការ​គំរាម​មាន​ដូច​ជា ក្រុម​ព្រះ​សង្ឃ ៨អង្គ នៅ​ខេត្ត​បាត់​ដំបង ត្រូវ​បង្ខំ​ឲ្យ​ត្រលប់​ទៅ​វត្ត​វិញ ក្រុម​ព្រះ​សង្ឃ​មួយ​ចំនួន ភៀស​ព្រះ​កាយ ក្រោយ​ហ៊ាន​តវ៉ា នៅ​មុខ​តុលាការ​ក្រុង គ្រូ​បង្រៀន​មួយ​ចំនួន​រង​ការ​ព្រមាន​លុប​ឈ្មោះ និង​ប្រធាន​សមាគម​គ្រូ​បង្រៀន​​​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី ត្រូវ​ជន​មិន​ស្គាល់​មុខ​​ផ្ដួល​ម៉ូតូ​ពេល​កំពុង​បើកបរ​ជាដើម៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល