អ្នក​សិទ្ធិមនុស្ស​ថ្កោល​ទោស ការ​ចាប់​ខ្លួន​កូន​សកម្មជន​បក្ស​ប្រឆាំង​ជា​អនីតិជន

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ថ្កោលទោស​អាជ្ញាធរ​របប​លោក ហ៊ុន សែន ដែល​ចាប់ និង​ឃុំខ្លួន​កុមារា​អាយុ ១៥ឆ្នាំ ជា​កូន​ប្រុស​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ ដែល​កំពុង​តែ​ជាប់​ពន្ធនាគារ។ ក្មេង​ប្រុស​រូប​នោះ ត្រូវ​បាន​ចាប់​ខ្លួន​ខណៈ​ចូល​ទៅ​រើស​ទង់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ចាក់​អង្រែ​លើ។ ម្ដាយ​របស់​កុមារ​រូប​នេះ បញ្ជាក់​ថា មក​ដល់​យប់​មិញ​នេះ​នគរបាល​មិន​ទាន់​ដោះ​លែង​កូន​របស់​គាត់​វិញ​នៅ​ឡើយ។

ភរិយា​សកម្មជន​គណបក្ស​ប្រឆាំង លោក កាក់ កុម្ភារ ដែល​កំពុង​ជាប់​ពន្ធនាគារ​នោះ ឲ្យ​ដឹង​ថា នគរបាល​ប៉ុស្តិ៍​ចាក់​អង្រែ​លើ បាន​ចាប់​ខ្លួន​កូនប្រុស​របស់​អ្នកស្រី ឈ្មោះ កាក់ សុវណ្ណឆៃ អាយុ ១៥ឆ្នាំ យក​ទៅ​ឃុំ​ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

អ្នកស្រី ព្រំ ចន្ថា បាន​រៀបរាប់​ថា នគរបាល​បាន​ហៅ​អ្នកស្រី​ឲ្យ​ទៅ​ជួប​កូន​នៅ​ប៉ុស្តិ៍​នគរបាល វេលា ម៉ោង​ជាង ៤ល្ងាច ថ្ងៃ​ទី៤ តុលា ដោយ​ប្រាប់​ថា អាជ្ញាធរ​ឃាត់​ខ្លួន​កូន​អ្នកស្រី ដោយសារ​តែ​គាត់​បាន​ចូល​ទៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បាន​ប្រមូល​ទង់​គណបក្ស​នៅ​ទី​នោះ ដែល​ជា​តំបន់​ហាម​ឃាត់។ អ្នកស្រី បញ្ជាក់​ថា កូន​របស់​អ្នកស្រី មាន​ជំងឺ​អូទីហ្សឹម (Autism) តាំង​ពី​កំណើត។ អ្នកស្រី បន្ថែម​ថា ខួរ​ក្បាល​កូន​ប្រុស​អ្នកស្រី​ពេល​ខ្លះ​ខុស​ពី​ប្រក្រតី៖ «នៅ​ពេល​គាត់​ស្រឡាញ់​អ្វី​មួយ​អារម្មណ៍​គាត់​ដិត​ជាប់​ខ្លាំង ដូច្នេះ​ហើយ​គាត់​ឃើញ​ទង់​គណបក្ស​សង្គ្រោះ​ជាតិ​ជ្រុះ​រប៉ាត់រប៉ាយ​គាត់​បាន​ចូល​ទៅ​រើស ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ភ្លាមៗ តែ​ម្ដង ដូច​ជា គាត់​ឃើញ​ទង់​គណបក្ស​គាត់​ស្រលាញ់ គាត់​ចូល​ទៅ​រើស​យក​តែ​ម្ដង »

ក្រុម​គ្រូពេទ្យ​ជំនាញ​កុមារ ឱ្យ​ដឹង​ថា ជំងឺ​អូទីហ្សឹម គឺជា​ប្រភេទ​ពិការភាព​ម្យ៉ាង កើតមាន​ចំពោះ​កុមារ ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ទៅលើ​ការលូតលាស់​រាងកាយ សតិបញ្ញា​ស្មារតី ប៉ះពាល់​ទៅលើ​ផ្នែក​ទំនាក់ទំនង​សង្គម និង​ការ​ស្ដែង​ចេញ​នូវ​អាកប្បកិរិយា​របស់​កុមារ​។ កុមារ​អូទីហ្សឹម ពិបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ រួមមាន ឪពុកម្ដាយ បងប្អូន និង​កុមារ​ដទៃ ដោយ​បង្ហាញ​កាយវិការ ចរិត​ឫកពា ខុសប្លែក​ពី​មនុស្ស​ធម្មតា។

អ្នកស្រី​បន្ថែម​ថា កូន​របស់​គាត់​បាន​ចេញ​ទៅ​រើស​យក​ទង់​ជាតិ​គណបក្ស​នេះ មក​ទុក​ម្ដង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី៣ តុលា ដោយ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ជា​មុន​ឡើយ។ នៅ​ថ្ងៃ​ទី៤ តុលា កូន​បាន​ជិះ​ម៉ូតូ​ចេញ​ក្រៅ​ទៀត ប្រាប់​ថា ទៅ​ទិញ​ចំណី​ហូប ទីបំផុត​ស្រាប់​តែ​អ្នកស្រី​ទទួល​ទូរស័ព្ទ​ពី​មន្ត្រី​នគរបាល​មួយ​រួប​ថា កូន​របស់​អ្នកស្រី​គេ​ចាប់​ខ្លួន​ហើយ៖ «គេ​មិន​ឲ្យ​ខ្ញុំ​ជួប​កូន​ខ្ញុំ​ទេ ខ្ញុំ​មើល​ឃើញ​ពី​ខាង​ក្រៅ​ឃើញ​កូន​ខ្ញុំ​ជាប់​ខ្នោះ​ដៃ ខ្ញុំ​ស្រណោះ​ណាស់»

អាស៊ី​សេរី​មិន​អាច​ទាក់ទង​នាយ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​ ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​ទេ កាល​ពី​យប់​មិញ ថ្ងៃ​ទី៤ តុលា។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង​ ឆៃអ៊ាង ថ្កោល​ទោស​សមត្ថកិច្ច​ចាប់​ខ្លួន​កុមារ​មិន​ទាន់​គ្រប់​អាយុ​បែប​នេះ​ថា ជា​រឿង​ខុស​ច្បាប់។ លោក អេង ឆៃអ៊ាង អះអាង​ថា កុមារ កាក់ សុវណ្ណឆៃ មិន​បាន​ប្រព្រឹត្តិ​បទ​ល្មើស​អ្វី​ទាំង​អស់ ដោយ​គ្រាន់​តែ​ចូល​ទៅ​រើស​ទង់​គណបក្ស​យក​មក​ទុក​នោះ៖ « ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជួល​អគារ​គណបក្ស​ភ្លើង​ទៀន​នេះ មាន​ចោរ​ចូល​គាស់​យក​សម្ភារៈ​ជា​ច្រើន​បែរ​ជា​សមត្ថកិច្ច​មិន​ចាប់​ទៅ​វិញ»

កុមារា កាក់ សុវណ្ណឆៃ អាយុ ១៥ឆ្នាំ​រៀន​ថ្នាក់​ទី៩ ជា​កូន​ប្រុស​សមាជិក​ក្រុមប្រឹក្សា​ជាប់​ឆ្នោត​រាជធានី​ភ្នំពេញ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កាក់ កុម្ភារ ដែល​តុលាការ​ចាប់​ខ្លួន​កាល​ថ្ងៃ​ទី៣១ ខែឧសភា ឆ្នាំ២០២០ ហើយ​បច្ចុប្បន្ន​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស។ តុលាការ​ចោទ​ប្រកាន់​លោក​ពី​បទ​ញុះញង់ និង​រួម​គំនិត​ក្បត់ ដែល​ជា​សំណុំរឿង​ចាស់​កាល​ពី​ឆ្នាំ២០១៩។ រីឯ​កុមារា កាក់ សុវណ្ណឆៃ ត្រូវ​បាន​អាជ្ញាធរ រូប​ថត​ដៃ​ជាប់​ខ្នោះ និង​ត្រូវ​បាន​ចែកចាយ​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​លោក អេង ឆៃអ៊ាង ថ្កោលទោស​ថា ជា​ទង្វើ​រំលោភ​សិទ្ធិ​អនីតិជន និង​រំលោភ​ច្បាប់៖ «គាត់​យក​ក្មេង​មក​ដាក់​ខ្នោះ​ថត​បង្ហាញ​វា​មិន​ត្រឹមត្រូវ​ទេ ហើយ​ក្មេង​នេះ​មិន​បាន​សម្លាប់​មនុស្ស​បទ​ឧក្រិដ្ឋ​អ្វី​ដែរ ហើយ​បើ​ថា តំបន់​នោះ ( ទីស្នាក់ការ​បក្ស ) ជា​តំបន់​ហាម​ឃាត់​គ្រាន់​តែ​ណែនាំ​ទៅ​បាន​ហើយ»

មាត្រា១៥ នៃ​ច្បាប់​ស្ដីពី​យុត្តិធម៌​អនីតិជន​ចែង​ថា​ នគរបាល​យុត្តិធម៌​អាច​ចាប់​ខ្លួន​អនីតិជន ដែល​មាន​អាយុ​ចាប់​ពី ១៤ឆ្នាំ​ដល់​ក្រោម ១៨ឆ្នាំ តែ​ក្នុង​ករណី​ដែល​អនីតិជន​ប្រព្រឹត្តិ​បទ​ល្មើស​មជ្ឈិម ឬ​បទ​ឧក្រិដ្ឋ​ជាក់​ស្ដែង​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​អនីតិជន ដែល​មាន​អាយុ​ចាប់​ពី ១៤ឆ្នាំ​ដល់​ក្រោម​អាយុ ១៦ឆ្នាំ ការ​ចាប់​ខ្លួន​អាច​ធ្វើ​ទៅ​បាន​តែ​ក្នុង​ករណី ដែល​អនីតិជន​នោះ​ប្រព្រឹត្តិ​បទ​មជ្ឈិម​ដោយ​ចេតនា។ រាល់​ការ​ចាប់​ខ្លួន​អនីតិជន​ត្រូវ​រាយការណ៍​ជូន​ព្រះរាជ​អាជ្ញា​ភ្លាម។

ការ​អនុវត្ត​ការ​ចាប់​ខ្លួន នគរបាល​យុត្តិធម៌ ត្រូវ​ចៀសវាង​ការ​ធ្វើ​ឲ្យ​អាម៉ាស់​មុខ និង​បាត់បង់​សេចក្ដី​ថ្លៃថ្នូរ​របស់​អនីតិជន និង​ត្រូវ​បញ្ជូន​អនីតិជន​ទៅ​ឲ្យ​ផ្នែក ឬ​អង្គភាព ដែល​មាន​នគរបាល​យុត្តិធម៌​ជំនាញ​ទទួល​បន្ទុក​ការងារ​អនីតិជន​ដែល​ជិត​បំផុត។

ទីប្រឹក្សា​អង្គការ​ខុមហ្រ្វែល លោក គល់ បញ្ញា បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​អនីតិជន​នេះ​ជា​រឿង​ខុស​ច្បាប់ ពី​ព្រោះ​ថា កុមារា​រូប​នេះ​គ្មាន​ប្រព្រឹត្តិ​បទ​ល្មើស​អ្វី​ទេ ដោយ​គ្រាន់​តែ​គេ​ប្រមូល​ទង់​គណបក្ស​យក​មក​ទុក​នោះ។ លោក​បញ្ជាក់​ថា សកម្មភាព​បែប​នេះ ជា​រឿង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ៖ «ការ​ចាប់​យុវជន​ក្រោម​អាយុ ១៨ឆ្នាំ​ហ្នឹង គេ​មិន​ចាប់​ទោស​អូស​ដំណើរ​អ្វី​ទេ យុវជន​បញ្ចេញ​មតិ ឬ​ឈឺ​ឆ្អាល​រឿង​សង្គម​នេះ​គេ​លើក​ទឹក​ចិត្ត​ណាស់»

អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​បង្កើន​ចាប់​ខ្លួន​យុវជន និង​សកម្មជន​គណបក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់ ក្រោយពី ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន កាល​ពី​ចុង​ខែកក្កដា​មក។ មក​ទល់​ពេល​នេះ ​អាជ្ញាធរ​ចាប់​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ចំនួន ២៣នាក់ ចោទ​ប្រកាន់​ពី​បទ​ញុះញង់ ដែល​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ថា ជា​ការ​ចាប់​មនុស្ស​ដាក់​គុក​តាម​អំពើ​ចិត្ត។

ភរិយា​លោក កាក់ កុម្ភារ ត្រូវ​ជា​ម្ដាយ​ កុមារា កាក់ សុវណ្ណឆៃ ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ អ្នកស្រី​មិន​ដឹង​ពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​កូន​អ្នកស្រី​អ្វី​ក្រៅ​ពី​មន្ត្រី​ប៉ូលិស​ប្រាប់​ថា កូន​របស់​អ្នកស្រី​បាន​ចូល​ទៅ​ក្នុង​បរិវេណ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ចាក់​អង្រែ​លើ ដែល​ប៉ូលិស​អះអាង​ថា ជា​តំបន់​ហាមឃាត់​នោះ​ឡើយ។ អ្នកស្រី​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ដោះ​លែង​កូន​អ្នកស្រី​វិញ​ជា​បន្ទាន់ ព្រោះ​កូន​អ្នកស្រី​ជា​ក្មេង​មិន​ទាន់​គ្រប់​អាយុ និង​កំពុង​នៅ​វ័យ​សិក្សា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។