ប៉ូលិស​រារាំង​ព្រះសង្ឃ​មិន​ឲ្យ​​​ទៅ​ធ្វើ​ពិធី​បួង​សួង​​មុខ​ព្រះបរម​រាជវាំង

ព្រះសង្ឃ​ប្រមាណ​ជិត ២០០​អង្គ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាល​មហោស្រព​ចតុមុខ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ នៅ​វេលា​ម៉ោង ៤​រសៀល​ថ្ងៃ​ទី​១៩ កញ្ញា នេះ ដើម្បី​ធ្វើ​ដំណើរ​ទៅ​មុខ​ព្រះ​បរម​រាជវាំង ​ធ្វើ​ពិធី​បួង​សួង​សុំ​សន្តិភាព។ ក៏​ប៉ុន្តែ​ព្រះ​សង្ឃ​ទាំង​នោះ​ត្រូវ​ក្រុម​សមត្ថកិច្ច​នគរបាល​ដាក់​របាំង​រារាំង នៅ​មុខ​សាល​មហោស្រព​ចតុមុខ​នោះ ដោយ​​មិន​ឱ្យ​និមន្ត​ទៅ​មុខ​បាន។

មិន​មាន​មន្ត្រី​នគរបាល​ណា​ម្នាក់​បញ្ជាក់​ហេតុផល​អំពី​ការ​ហាម​ឃាត់​នេះ​ទេ ក្រៅ​ពី​ព័ត៌មាន​ពី​អ្នក​ឈរ​មើល​ខ្លះ​និយាយ​ថា ខ្លាច​ក្រុម​ព្រះសង្ឃ​ទាំង​នោះ​បង្ក​ការ​កក​ស្ទះ​នៅ​តំបន់​មុខ​វាំង​នោះ។

បន្ទាប់​ពី​ក្រុម​នគរបាល​ដាក់​របាំង​រារាំង មិន​ឱ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​បាន ព្រះសង្ឃ​ជិត ២០០​អង្គ​នោះ នាំ​គ្នា​គង់​ធ្វើ​សមាធិ​សុំ​សន្តិភាព​នៅ​លើ​ផ្លូវ​ថ្នល់ ខាង​មុខ​សាល​មហោស្រព​ចតុមុខ​នោះ។ មិន​មាន​ការ​ប៉ះទង្គិច ឬ​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង​ទេ នៅ​ក្នុង​ការ​រារាំង​នោះ។ ក៏​ប៉ុន្តែ ក្នុង​អំឡុង​ពេល​ដែល​ព្រះសង្ឃ​កំពុង​អង្គុយ​សមាធិ មាន​ជន​មិន​ស្គាល់​មុខ​ចោល​ស្បែក​ជើង​លើ​ព្រះសង្ឃ។ ទោះ​ជា​ដូច្នេះ​ក្ដី មិន​មាន​ព្រះសង្ឃ​រង​បួស​ទេ ហើយ​ព្រះសង្ឃ​សូត្រ​ធម៌​ដើម្បី​ផ្សាយ​មេត្តា​ធម៌ និង​រំសាយ​ទៅ​តាម​វត្ត​រៀងៗ​ខ្លួន នៅ​ម៉ោង​ជិត ៦​ល្ងាច។

ព្រះសង្ឃ​គង់​ធ្វើ​សមាធិ​បួង​សួង​សុំ​សន្តិភាព​នៅ​ខាង​មុខ​រនាំង​របស់​សមត្ថកិច្ច ក្រោយ​ពី​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​និមន្ត​ទៅ​ខាង​មុខ​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី​១៩ កញ្ញា ឆ្នាំ​២០១៣។
ព្រះសង្ឃ​គង់​ធ្វើ​សមាធិ​បួង​សួង​សុំ​សន្តិភាព​នៅ​ខាង​មុខ​រនាំង​របស់​សមត្ថកិច្ច ក្រោយ​ពី​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​និមន្ត​ទៅ​ខាង​មុខ​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី​១៩ កញ្ញា ឆ្នាំ​២០១៣។ (RFA/Mom Sophon)

ដោយ​ឡែក ក្រៅ​ពី​ព្រះសង្ឃ​នៅ​ឯ​ខាង​ជើង​ព្រះ​បរម​រាជវាំង​វិញ គឺ​នៅ​កែង​ផ្លូវ​ព្រះស៊ីសុវត្ថិ និង​ផ្លូវ​លេខ ១៧៨ សមត្ថកិច្ច​នគរបាល​ក៏​ដាក់​របាំង​បិទ​ផ្លូវ​ដែរ ដោយ​រារាំង​ដល់​ពលរដ្ឋ​ប្រមាណ ២០០ ទៅ ៣០០​នាក់ ដែល​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​បួងសួង​នៅ​ខាង​មុខ​ព្រះ​បរម​រាជ​វាំង​ដូច​ព្រះសង្ឃ​ដែរ។ ការ​រារាំង​របស់​នគរបាល​នៅ​ទី​នោះ មិន​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ទេ ហើយ​អ្នក​ភូមិ​បឹង​កក់ បាន​ដក​ថយ​ខ្លះ​វិញ នៅ​ម៉ោង​ជាង ៦​ល្ងាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។