កញ្ញា សេង ធារី មាន​សុខភាព​ទ្រុឌទ្រោម​ខ្លាំង ខណៈ​កំពុង​ធ្វើ​កូដកម្ម​បង្អត់​អាហារ​នៅ​ពន្ធនាគារ​ព្រៃ​ស

0:00 / 0:00

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ព្រួយបារម្ភ​ពី​សុខភាព​របស់​មេធាវី និង​ជា​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​អន្តរជាតិ កញ្ញា សេង ធារី នៅ​ក្នុង​ពន្ធនាគារ ក្នុង​ពេល​កញ្ញា​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​​អស់​រយៈ​ពេល​ជិត ១សប្ដារហ៍​មក​ហើយ​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​អះអាង​ថា សុខភាព​របស់​កញ្ញា សេង ធារី ចាប់​ផ្ដើម​ចុះ​ខ្សោយ ប៉ុន្តែ គ្រូពេទ្យ​បាន​ត្រៀម​ឧបករណ៍​ពេទ្យ ដើម្បី​ជួយ​ដល់​កញ្ញា​ហើយ។

មន្ត្រី​សង្គម​ស៊ីវិល​​លើក​ឡើង​ថា ការ​បង្អត់​អាហារ​របស់​កញ្ញា សេង ធារី នេះ ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព ដែល​មន្ត្រី​ពន្ធនាគារ​គួរតែ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ខ្ពស់។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១២ ធ្នូ​ថា ការ​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ជា​សិទ្ធិ​សេរីភាព​របស់​កញ្ញា សេង ធារី ដោយសារ​មិន​ពេញ​នឹង​តុលាការ ដែល​បាន​ចោទ​ប្រកាន់​កញ្ញា​ដោយ​អយុត្តិធម៌។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ព្រួយបារម្ភ​ខ្លាច​ការ​បង្អត់​អាហារ​​ច្រើន​ថ្ងៃ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ។

លោក នី សុខា៖ «អ៊ីចឹង​កម្រ​ណាស់ កម្រ​មាន​មនុស្ស ដែល​ហ៊ាន​លះបង់​បែប​នឹង​ណាស់។ អ៊ីចឹង​ហើយ​បាន​យើង​ទទូច​ឱ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ពិចារណា​និង​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​នេះ​រួម​ផ្សំ​នឹង​អ្វី ដែល​ជា​ការ​ស្នើ​ឡើង​របស់​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ថ្មី​នេះ ដែល​ស្នើ​ឱ្យ​ដោះស្រាយ​លែង​កញ្ញា សេង ធារី និង​កញ្ញា ឈឹម ស៊ីធរ និង​អ្នក​ទោស​មនសិការ​ដទៃ​ទៀត»។

ក្ដី​បារម្ភ​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ​ក្នុង​ពេល​ដែល​កញ្ញា សេង ធារី កំពុង​ធ្វើ​កូដកម្ម​អត់​អាហារ​រយៈ​ពេល ១០ថ្ងៃ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ចាប់​ពី​ថ្ងៃ​ទី៧ ទៅ​ដល់​ថ្ងៃ​ទី១៦ ធ្នូ ដើម្បី​ទាមទារ​ឱ្យ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ផ្ដល់​សេរីភាព​ដល់​កញ្ញា​វិញ។ ការ​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ខ្លួន​ឯង​នេះ នៅ​មុន​ពេល​សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​ជំនុំជម្រះ​ក្ដី សំណុំរឿង​របស់​កញ្ញា នៅ​ថ្ងៃ​ទី១៣ ធ្នូ។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលាឧទ្ធរណ៍​ភ្នំពេញ​លោក ឃុន លាងម៉េង ដើម្បី​សាកសួរ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១២ ធ្នូ។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា កញ្ញា សេង ធារី​​​មិន​ទទួល​យក​អាហារ​គ្រប់​យ៉ាង លើក​លែង​តែ​ទឹក​និង​ក្រូចឆ្មារ​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា ចាប់​តាំង​ពី​បង្អត់​អាហារ​មក​សុខភាព​របស់​កញ្ញា បាន​ចុះ​ខ្សោយ​ជាង​មុន ដែល​គួរ​ឱ្យ​ព្រួយបារម្ភ ប៉ុន្តែ គ្រូពេទ្យ​ប្រចាំ​នៅ​ពន្ធនាគារ​បាន​តាម​ដាន​​សុខភាព​របស់​កញ្ញា​យ៉ាង​ដិតដល់​ហើយ។

លោក នុត សាវនា៖ «បើ​សិន​ជា​គាត់​ឆ្លើយ​ថា​ទទួល​យើង​សប្បាយ​ចិត្ត​ណាស់​នឹង​ចាក់​ឱ្យ​គាត់​និង​ឱ្យ​គាត់​លេប​អី​ជា​ដើម​នឹង។ មាន​ទាំង​សេរ៉ូម​មាន​ទាំង​ថ្នាំ​កម្លាំង​ជំនួយ​សុខភាព​អី​​ផ្សេងៗ មួយ​កំផ្លេ មាន​ទាំង​ទឹកដោះ​គោ មាន​ទាំង​ផ្លែឈើ មាន​ទាំង​អាហារ​អី​ផ្សេងៗ នឹង​គឺ​យើង​រៀប​ចំ​ជូន​គាត់​ជា​រៀង​រាល់​ថ្ងៃ​។​អីចឹង​គាត់​ហូប​មិន​ហូប​វា​ជា​សិទ្ធិ​របស់​គាត់​អា ហ្នឹង​គឺ​បាន​ត្រៀម​អស់​ហើយ តែ​សំខាន់​គាត់​មិន​ទទួល​ទេ»។

ទោះ​ជា​យ៉ាង​ណា​ក្ដី នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​មន្ត្រី​ពន្ធនាគារ​បាន​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​សុខភាព​របស់​កញ្ញា​ សេង ធារី​ បែប​នេះ​ក្ដី ក៏​លោក​នៅ​តែ​ព្រួយ និង​មាន​​បរិយាកាស​មិន​សូវ​ល្អ​​ដូច​នៅ​ខាង​ក្រៅ​​ឡើយ។ លោក​ថា សាលាឧទ្ធរណ៍​គួរតែ​ដោះ​លែង​កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព​វិញ​តាម​ការ​ស្នើ​សុំ។

លោក អំ សំអាត៖ «សកម្មភាព​កន្លង​មក​របស់​កញ្ញា សេង ធារី នឹង​ជា​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន ជា​ការ​តស៊ូ​មតិ ដើម្បី​ឱ្យ​មាន​កំណែទម្រង់​ទៅ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​មែន​ជា​បទ​ល្មើស​ទេ។ ដូច្នេះ​ហើយ​បាន​គេ​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​កញ្ញា សេង ធារី ហ្នឹង។ អ៊ីចឹង យើង​សង្ឃឹម​ថា សាលាឧទ្ធរណ៍​សវនាការ​នៅ​ថ្ងៃ​ស្អែក​នេះ​នឹង​ពិនិត្យ​ពិចារណា​លើ​រឿង​នេះ ហើយ​សង្ឃឹម​ថា​កញ្ញា សេង ធារី នឹង​មាន​សេរីភាព»។

សមត្ថកិច្ច​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​កញ្ញា សេង ធារី កាលពី​ថ្ងៃ​ទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ ក្រោយ​តុលាការ​ប្រកាស​សាលក្រម​កាត់ទោស​កញ្ញា​ឱ្យ​ជាប់​ពន្ធនាគារ ៦ឆ្នាំ ដោយ​ចោទ​ពី​បទ "រួមគំនិត​ក្បត់" ក្នុង​សំណុំរឿង​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី កាលពី​ឆ្នាំ២០១៩។ មួយថ្ងៃ​បន្ទាប់​មក​តុលាការ​បាន​បញ្ជូន​កញ្ញា​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ។ ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី២៣ ខែកញ្ញា អាជ្ញាធរ​បាន​ផ្ទេរ​អ្នក​ជំនាញ​នយោបាយ​អន្តរជាតិ​រូប​នេះ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ក្នុង​រាជធានី​ភ្នំពេញ​វិញ ក្រោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ជួប​ជាមួយ​មន្ត្រី​សហរដ្ឋអាមេរិក​ផ្ទួនៗ គ្នា​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​នៅ​លើ​ទឹកដី​អាមេរិក។

កាល​ពី​ពេល​ថ្មីៗ នេះ សហរដ្ឋអាមេរិក​បាន​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​ថ្មី​បើក​លំហ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​វិញ ដើម្បី​ធានា​ថា ពលរដ្ឋ​ខ្មែរ​ទាំងអស់​អាច​ចូលរួម​បាន​ដោយ​សេរី​ក្នុង​ដំណើរ​ការ​នយោបាយ ហើយ​ដោះលែង​សកម្មជន​នយោបាយ រួម​ទាំង​សកម្មជន​សិទ្ធិមនុស្ស​​សញ្ជាតិ​ខ្មែរ​អាម៉េរិកាំង គឺ​កញ្ញា សេង ធារី ផង​ដែរ។

កាល​ពី​ថ្ងៃ​ទី១០ ធ្នូ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក បាទ្រីក ម័រហ្វី (Patrick Murphy) ក៏​បាន​ថ្លែង​ក្នុង​ពេល​ចូល​រួម​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ​ទាមទារ​​ឱ្យ​តុលាការ​ខ្មែរ​ដោះ លែង​កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ដែរ៕