ថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ គឺលោក ស ខេង និងលោក សម រង្ស៊ី នឹងជួបប្រជុំគ្នានៅថ្ងៃទី៦ ខែមេសា ដើម្បីជជែកអំពីការជ្រើសរើសប្រធាន និងអនុប្រធាននៃ គ.ជ.ប ថ្មី។ ដោយឡែកអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី៥ មេសា ប្រកាសឲ្យដឹងថា ជំនួបប្រជុំដែលគ្រោងជួបគ្នានៅមន្ទីររដ្ឋសភារវាងថ្នាក់ដឹកនាំតំណាងរាស្ត្រទាំង២ នឹងត្រូវលើកពេលពីជំនួបនៅម៉ោង ៣ ទៅម៉ោង ៥រសៀល ថ្ងៃដដែលវិញ។
គម្រោងការជួបប្រជុំរវាងលោក ស ខេង និងលោក សម រង្ស៊ី នៅថ្ងៃទី៦ ខែមេសា គឺធ្វើឡើងចំថ្ងៃដែលគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបញ្ចប់ការទទួលពាក្យសុំពីបេក្ខជន ដើម្បីឈរឈ្មោះជាសមាជិក គ.ជ.ប ថ្មី និងមួយសប្ដាហ៍មុនពេលដែលរដ្ឋសភាគ្រោងបើកកិច្ចប្រជុំដើម្បីបោះឆ្នោតជ្រើសរើសសមាជិក គ.ជ.ប ថ្មីនៅថ្ងៃទី១៣ ខែមេសា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ឲ្យដឹងនៅថ្ងៃទី៥ មេសា ថា ក្នុងជំនួបនោះ លោក ស ខេង និងលោក សម រង្ស៊ី នឹងពិភាក្សាអំពីការផ្គូផ្គងជ្រើសរើសយកប្រធាន និងអនុប្រធាន គ.ជ.ប ថ្មី។ បើតាមអ្នកនាំពាក្យរូបនេះ ប្រធាននិងអនុប្រធាន គ.ជ.ប ថ្មី គឺជាបេក្ខជនដែលនឹងត្រូវជ្រើសរើសចេញពីគណបក្សទាំង២។
លោក ឈឹម ផលវរុណ បដិសេធមិនទម្លាយឲ្យដឹងថា តើបេក្ខជនឈ្មោះអីមកពីគណបក្សនយោបាយណា នឹងក្លាយជាប្រធាន គ.ជ.ប ហើយបក្សណាក្លាយជាអនុប្រធាន គ.ជ.ប ថ្មីនោះឡើយ។ ទោះយ៉ាងណា លោកថា រឿងនេះថ្នាក់ដឹកនាំគណបក្សទាំង២ បានដឹងរៀងៗខ្លួនរួចហើយ៖ «និយាយរួមទៅគឺគណបក្សទាំង២ដឹងគ្នាអស់ហើយ អំពីកូតា (Quota) នៃតួនាទីគឺបានព្រមព្រៀងគ្នាអស់ហើយពីដើមមក តើប្រធាន គ.ជ.ប បានកូតាទៅគណបក្សណា អនុប្រធាន គ.ជ.ប ទៅគណបក្សណា អគ្គលេខាធិការគណបក្សណា អគ្គលេខាធិការរងបានទៅគណបក្សណា គឺបក្សទាំង២បានដឹងអស់ហើយ»។
សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានឯកភាពគ្នាអនុម័តច្បាប់ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានចែងអំពីការបង្កើតសមាសភាព គ.ជ.ប ថ្មីមានចំនួន ៩រូប ក្នុងនោះសមាសភាព ៤រូបជ្រើសរើសដោយគណបក្សប្រជាជនកម្ពុជា ៤រូបដោយគណបក្សសង្គ្រោះជាតិ ចំណែកសមាសភាព ១រូបទៀត គឺត្រូវជ្រើសរើសដោយមានការព្រមព្រៀងគ្នារវាងគណបក្សទាំង២។
មកទល់ពេលនេះ គេបានដឹងរួចហើយថា បេក្ខជនទី៩ ដែលគណបក្សទាំង២បានព្រមព្រៀងគ្នាជ្រើសរើសយកនោះ គឺលោក ហង្ស ពុទ្ធា នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត យុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច (NICFEC)។ ការប្រកាសជ្រើសរើសយកលោក ហង្ស ពុទ្ធា ជាបេក្ខជនទី៩ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រោយមកមានការយល់ព្រមពីលោក សម រង្ស៊ី បន្ទាប់ពីមានការគំរាមរបស់លោក ហ៊ុន សែន ធ្វើឡើងភ្លាមៗបន្ទាប់ពីនាយិកាអង្គការលីកាដូ អ្នកស្រី ពុង ឈីវកេក ប្រកាសមិនទទួលយកបេក្ខភាពទី៩ ដែលគណបក្សទាំង២ បានប្រគល់ឲ្យអ្នកស្រីកាលពីពេលកន្លងមក។
យ៉ាងណាក៏ដោយ លោក ឈឹម ផលវរុណ បញ្ជាក់ថា បេក្ខជនទី៩ដែលគណបក្សទាំង២ ឯកភាពគ្នាទទួលយកជាមួយគ្នានោះ នឹងមិនត្រូវគេជ្រើសរើសឲ្យធ្វើជាប្រធាន ឬជាអនុប្រធាន គ.ជ.ប ថ្មីនោះឡើយ គឺមានតួនាទីជាសមាជិកធម្មតា ដូចសមាជិកដទៃទៀតប៉ុណ្ណោះ។ ប៉ុន្តែលោកថា បេក្ខជនទី៩នេះ គឺនៅតែជាតួអង្គមានទម្ងន់ក្នុង គ.ជ.ប ថ្មី។
វិទ្យុអាស៊ីសេរី មិនអាចសុំការពន្យល់បន្ថែមពីមន្ត្រីគណបក្សសង្គ្រោះជាតិ បានទេ នៅថ្ងៃទី៥ មេសា ជុំវិញជំនួបរវាងលោក សម រង្ស៊ី និងលោក ស ខេង។
លោក ឈឹម ផលវរុណ បញ្ជាក់ថា ក្រៅតែពីពិភាក្សាអំពីការជ្រើសរើសប្រធាន និងអនុប្រធាន គ.ជ.ប ថ្មី លោក សម រង្ស៊ី និងលោក ស ខេង ក៏នឹងជជែកអំពីការរៀបចំ និងអំពីរបៀបរបបនានាដើម្បីធ្វើការបោះឆ្នោតជ្រើសរើសសមាជិក គ.ជ.ប ថ្មី ក្នុងពេលខាងមុខ។
រហូតមកទល់ពេលនេះ ក្រៅតែពីលោក ហង្ស ពុទ្ធា និងលោក គួយ ប៊ុនរឿន ដែលគណបក្សសង្គ្រោះជាតិ បានជ្រើសធ្វើជាបេក្ខជនរបស់ គ.ជ.ប ថ្មី បេក្ខជន ៧រូបផ្សេងទៀតមិនទាន់ត្រូវបានគេបង្ហាញឲ្យដឹងនៅឡើយ។ លោក ឈឹម ផលវរុណ អះអាងថា ចំពោះបេក្ខជន ៤រូបចេញពីគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំគណបក្សនេះបានសម្រេចជ្រើសរើសរួចហើយ ប៉ុន្តែលោកសុំមិនបញ្ចេញឈ្មោះពួកគេនៅពេលនេះទេ។
លោកថា បេក្ខជន ៤រូបនោះគ្មាននរណាម្នាក់ចេញមកពីអង្គការសង្គមស៊ីវិលឡើយ។ ចំណែកពីខាង គណបក្សសង្គ្រោះជាតិវិញ មន្ត្រីគណបក្សនេះធ្លាប់អះអាងថា ក្នុងចំណោមបេក្ខជន ៤រូបដែលគេជ្រើសរើស ២រូប នឹងត្រូវជ្រើសចេញពីសមាជិកគណបក្ស ហើយ ២រូបទៀត នឹងត្រូវជ្រើសចេញពីអង្គការសង្គមស៊ីវិល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
