លោក គង់ ម៉ាស់ សមាជិក​បក្ស​ប្រឆាំង ស្នើសុំ​កិច្ច​ការពារ​សុវត្ថិភាព​ពី​អង្គការ​សហប្រជាជាតិ

0:00 / 0:00

សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង លោក គង់ ម៉ាស់ ដាក់​លិខិត​ស្នើសុំ​កិច្ច​ការពារ​សុវត្ថិភាព​ពី​ឧត្ដម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា ​នៅ​រសៀល​ថ្ងៃ​ទី២៨ ខែកញ្ញា ​បន្ទាប់ពី​លោក​ព្រួយ​បារម្ភ​អំពី​សុខ​សុវត្ថិភាព​ផ្ទាល់​ខ្លួន ​និង​គ្រួសារ ក្រោយ​មាន​សមត្ថ​កិច្ច​តាម​ឃ្លាំ​មើល​សកម្មភាព​របស់​លោក​ជាប្រចាំ ​ចាប់​តាំង​ពី​លោក​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ ​ដើម​ខែ​សីហា​។

លោក​ គង់ ​ម៉ាស់​ ប្រាប់​អាស៊ី​សេរី​ថា មន្ត្រី​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ​បាន​ទទួល​លិខិត​ស្នើសុំ​របស់​លោក ​និង​បាន​សួរនាំ​លោក​ជា​ច្រើន ​ហើយ​សន្យា​ផ្តល់​ចម្លើយ​ជូន​លោក​វិញ​ក្នុង​ពេល​ឆាប់ៗ។ សមាជិក​បក្ស​ប្រឆាំង​រូប​នេះ ​បញ្ជាក់​ថា ​ក្នុង​លិខិត​នោះ ​គឺ​លោក​ស្នើសុំ​ឲ្យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ​ជួយ​ការពារ ​ឃ្លាំមើល​ តាមដាន ​និង​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ​ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​ធ្វើទុក្ខបុកម្នេញ​ទាំងឡាយ​លើ​រូប​លោក​ និង​សកម្មជន​បក្ស​ប្រឆាំង​ផ្សេងៗ ទៀត៖ « មូលហេតុ​ដែល​ខ្ញុំ​ដាក់​លិខិត​នេះ ​ព្រោះ​ខ្ញុំ​មិន​ទុក​អាជ្ញាធរ​របស់​រដ្ឋាភិបាល​នេះ​ទេ ​ព្រោះ​កន្លង​មក​យើង​មើល​ឃើញ​នូវ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្សេងៗ​ហើយ​កន្លង​មក ក៏​យើង​ឃើញ​មាន​ការ​លួច​ឆ្មក់​វាយ​លើ​សកម្មជន​បក្ស​ប្រឆាំង ​ហើយ​មិន​អាច​ចាប់​ជន​ល្មើស​បានទេ។ ដូច្នេះ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ទី១ ​ហើយ​ទី២ ​ខ្ញុំ​ដាក់​លិខិត​នេះ​ដើម្បីឲ្យ​ UNអន្តរាគមន៍​ទៅ​រដ្ឋាភិបាល កុំឲ្យ​គាបសង្កត់​អតីត​មន្ត្រី​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​ពេក »

លោក គង់ ​ម៉ាស់​ បាន​អះអាង​ថា ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត​ស្វាយរៀង​ តែងតែ​ជិះ​ម៉ូតូ​តាមដាន​ និង​ថតរូប​លោក ​នៅ​ពេល​លោក ​ជួបជុំ​បងប្អូន​ មិត្តភ័ក្ដិ​ និង​ក្រុម​គ្រួសារ​ជាដើម។ លោក ​ចោទ​ប្រកាន់​ថា​ សូម្បីតែ​ក្នុង​ពេល​បុណ្យភ្ជុំបិណ្ឌ ​លោក​ទៅ​លេង​ផ្ទះ​ឪពុក​ម្ដាយ​ក្មេក និង​ឪពុក​ម្ដាយ​បង្កើត ក៏​មាន​ប្រជា​ការពារ​ភូមិ​ និង​ប៉ូលិស​ប៉ុស្តិ៍ ​តាម​ឃ្លាំមើល​លោក​ដែរ ​និង​ថែម​ទាំង​គំរាមកំហែង ​ម្ដាយ​ក្មេក​របស់​លោក​ មិន​ឲ្យ​ទទួល​លោក​ស្នាក់នៅ​ក្នុង​ផ្ទះ​ទៀត​ផង។

រីឯ​អគ្គស្នងការ​រង ​និង​ជា​អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​លោក ឆាយ ​គឹមខឿន បាន​បក​ស្រាយ​ថា អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន ​គ្រាន់តែ​ចុះ​ល្បាត ដើម្បី​ការពារ​ភាព​សុខសាន្ត​ជូន​ប្រជាពលរដ្ឋ​តាម​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ប៉ុណ្ណោះ ​មិន​បាន​ចុះ​តាមដាន​ឬ​រឹតត្បិត​សេរីភាព​របស់​សកម្មជន​បក្ស​ប្រឆាំង​នោះ​ទេ។ លោក​ថែម​ទាំង​ចោទ​ប្រកាន់​បែប​​ប្រៀបធៀប​ថា ​សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន ​មិន​ខុស​ពី​គោ​មាន​ដំបៅ​ខ្នង​ក្អែក​ហើរ​រំលង រំសាយ​កន្ទុយ​នោះ​ទេ ព្រោះ​បើ​ពួក​គេ​មិន​បាន​ធ្វើ​អ្វី​ផ្ដេសផ្ដាស​ មិន​គួរ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ចុះ​តាម​ដាន​នោះ​ទេ ​គួរតែ​មាន​ភាព​កក់ក្ដៅ​ទៅវិញ។

ទោះ​យ៉ាង​ណា​ សកម្មជន​បក្ស​ប្រឆាំង​ និង​មន្ត្រី​សិទ្ធិមនុស្ស ​យល់​ថា ការ​លើក​ឡើង​របស់​លោក ឆាយ ​គឹម ខឿន ​នេះ គឺ​ជា​លេស​ដោះសា និង​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម ​បន្ត​រឹតត្បិត​សិទ្ធិ​សេរី​ភាព​របស់​ប្រជាពលរដ្ឋ ​ជាពិសេស​សកម្មជន​គណបក្សប្រឆាំង​បន្ត​ទៀត៕