គ្រួសារសកម្មជនបក្សសង្គ្រោះជាតិលោក ស៊ិន ខុន មិនជឿជាក់លើឃាតកដែលសមត្ថកិច្ចចាប់បាននោះឡើយ។ អ្នកឃ្លាំមើលសិទ្ធិមនុស្សជំរុញឱ្យតុលាការពន្លឿនការរកយុត្តិធម៌ក្នុងសំណុំរឿងនេះ។
គ្រួសារសកម្មជនបក្សសង្គ្រោះជាតិលោក ស៊ិន ខុន នៅតែមានអារម្មណ៍ទុក្ខសោក និងស្ដាយស្រណោះ ចំពោះឃាតកម្មលើរូបលោក។
បងស្រីបង្កើតរបស់ជនរងគ្រោះ លោកស្រី ស៊ិន យ៉ុន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ វិច្ឆិកាថា ប្អូនលោកស្រីស្លាប់ដោយអយុត្តិធម៌។ លោកស្រីយល់ថា ឃាតកដែលសមត្ថកិច្ចចាប់បានមិនមែនជាឃាតកពិតប្រាកដនោះទេ។ ទោះជាយ៉ាងណា លោកស្រីថា ពេលនេះគ្រួសារសាច់ញាតិលោកស្រីសម្រេចចិត្តមិនប្ដឹងផ្ដល់បន្តទៅណាឡើយ ដោយសារបញ្ហាជីវភាពក្រីក្រ និងគ្មានសង្ឃឹមថាអាចឈ្នះក្ដី៖ «បងថាមិន ( មែន ) ឃាតកពិតប្រាកដទេ ប៉ុន្តែដឹងធ្វើម៉េចបើយើងក្រអូនអើយ»។
សកម្មជនបក្សសង្គ្រោះជាតិលោក ស៊ិន ខុន ត្រូវបានជនមិនស្គាល់មុខកាប់ត្រូវជាច្រើនកាំបិតនៅលើដងខ្លួន បណ្ដាលឱ្យដាច់ជើងមួយចំហៀងត្រឹមភ្លៅនៅមាត់ទន្លេក្បែរវត្តចាស់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីវេលាម៉ោង១យប់ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា និងអ្នកនាំពាក្យអយ្យការអមតុលាការក្រុងភ្នំពេញ លោក ប្លង់ សុផល ដើម្បីសាកសួររឿងនេះបានទេ នៅថ្ងៃទី២៥ វិច្ឆិកា។
ទោះជាយ៉ាងណា កាសែតក្នុងស្រុកបានចុះផ្សាយអំពីការចូលខ្លួនសារភាពរបស់ជនសង្ស័យម្នាក់ឈ្មោះ សៀង ឆរ័ត្ន ដែលអះអាងថា រូបគេកាប់លោក ស៊ិន ខុន មកពីបញ្ហាគំនុំផ្ទាល់ខ្លួន។ ប៉ុន្តែចម្លើយសារភាពនេះ បូករួមទាំងទឹកមុខគ្មានការតក់ស្លុតរបស់ជនសង្ស័យ និងការសួរចម្លើយជនសង្ស័យនៅបន្ទប់ដែលមានការរៀបចំយ៉ាងស្អាតបាតនោះ ត្រូវបានពលរដ្ឋ និងអ្នកប្រើហ្វេសប៊ុកមួយចំនួនរិះគន់ និងមានមន្ទិលសង្ស័យថា ជាឆាកល្ខោន ព្រោះពួកគាត់យល់ថា ករណីនេះពាក់ព័ន្ធនឹងរឿងនយោបាយ។ ម្យ៉ាងវិញទៀត គ្រួសារ និងអ្នកស្គាល់លោក ស៊ិន ខុន សុទ្ធតែអះអាងថា គាត់ជាមនុស្សស្លូតបូត ចូលចិត្តធ្វើការងារសង្គម និងមិនធ្លាប់មានគំនុំជាមួយអ្នកណាឡើយ។
គណនីហ្វេសប៊ុកឈ្មោះ ហ៊ុន កុសល (Hun Kosal) បានបញ្ចេញមតិរិះគន់ថា "ជនល្មើសជាឃាតកទេ ប៉ុន្តែអង្គុយដូចវាគ្មិនផ្តល់បទសម្ភាសន៍។" គណនីហ្វេសប៊ុកមួយទៀតឈ្មោះ រិន រ័ត្ន (Ren Roth) បានបញ្ចេញមតិរិះគន់ផងដែរថា "ឲ្យតែរឿងសម្លាប់សកម្មជនបក្សប្រឆាំង សមត្ថកិច្ចដឹងតែប្រាប់ថា គឺជាគំនុំផ្ទាល់ខ្លួនដូចសំណុំរឿងសម្លាប់លោកបណ្ឌិត កែម ឡី អ៊ីចឹង"។
ជុំវិញករណីនេះ អ្នកឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូ (LICADO) លោក អំ សំអាត ស្នើដល់អាជ្ញាធរឱ្យស៊ើបអង្កេតដោយឯករាជ្យ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។ លោកបញ្ជាក់ថា ករណីឃាតកម្មដែលជារឿងព្រហ្មទណ្ឌបែបនេះ ទោះបីជាគ្រួសារជនរងគ្រោះមិនប្ដឹងផ្ដល់ក៏ដោយ ក៏ជនល្មើសពិតប្រាកដនៅជាប់បណ្ដឹងអាជ្ញារបស់ព្រះរាជអាជ្ញាដដែល និងត្រូវទទួលខុសត្រូវនៅចំពោះមុខច្បាប់៖ «រឿងនេះគឺជាតួនាទីព្រះរាជអាជ្ញាដែលជាអ្នកដើមបណ្ដឹង ហើយដែលជាអ្នកដឹកនាំនៅក្នុងនីតិវិធីក្នុងការស៊ើបអង្កេត ទៅលើមន្ត្រីនគរបាលយុត្តិធម៌ដែលពាក់ព័ន្ធហ្នឹង គឺធ្វើការស៊ើបអង្កេត។ អ៊ីចឹងហើយបានជាអង្គការសង្គមស៊ីវិលទាមទារឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ តម្លាភាព និងយុត្តិធម៌»។
លោក ស៊ិន ខុន អាយុ ៣១ឆ្នាំ គឺជាយុវជនបក្សសង្គ្រោះជាតិខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ កាលនៅមានជីវិត លោកតែងបញ្ចេញមតិរិះគន់រដ្ឋាភិបាល និងភាពអយុត្តិធម៌សង្គមលើបណ្ដាញសង្គមហ្វេសប៊ុកជាហូរហែ រហូតដល់ត្រូវបានគេគំរាមកំហែង និងវាយឱ្យរបួសធ្ងន់ធ្ងររួចម្ដងរួចទៅហើយ។ ទោះជារងការវាយដំយ៉ាងណាក៏ដោយ លោកនៅតែរក្សាជំហរនយោបាយគាំទ្រគណបក្សសង្គ្រោះជាតិ បញ្ចេញមតិរិះគន់បញ្ហានានា និងចូលរួមទាមទារឱ្យមានយុត្តិធម៌សង្គមដដែល រហូតដល់ថ្ងៃឃាតកកាប់សម្លាប់លោកក្នុងថ្លុកឈាមដោយគ្មានត្រាប្រណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។