សង្គម​ស៊ីវិល​ហៅ​ការ​ដក​លោក កឹម សុខា ពី​តំណែង​ថា​​ជា​ការ​បំបិទ​មាត់​បក្ស​ប្រឆាំង

0:00 / 0:00

ក្រុម​អង្គការ​សង្គម​ស៊ីវិល ប្រតិកម្ម​ចំពោះ​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា និង​សម័យ​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា ដែល​បាន​អនុម័ត​ដក​លោក កឹម សុខា ពី​តំណែង​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៥។ ពួកគេ​យល់​ឃើញ​ថា ការ​សម្រេច​ដក​នេះ គឺ​ជា​រឿង​ខុស​នីតិវិធី។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ១០​អង្គការ សមាគម បាន​ហៅ​ការ​ដក​តំណែង​លោក កឹម សុខា គឺ​ប៉ះពាល់​ដល់​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​ក្នុង​រដ្ឋសភា​ពហុបក្ស និង​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​តំណាងរាស្ត្រ​ ដែល​ជា​សិទ្ធិ​មូលដ្ឋាន​នៃ​សិទ្ធិ​មនុស្ស និង​បង្កើត​ភាព​មិន​ប្រក្រតី​នៃ​ការ​ដក​ថ្នាក់​ដឹកនាំ​រដ្ឋសភា​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ​ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ថា សង្គម​ស៊ីវិល​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ពី​ដំណើរ​ការ​តឹងតែង និង​ទំនាស់​ខាង​នយោបាយ។ លោក​ថា ការ​ដក​លោក កឹម សុខា ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​នេះ បាន​ជះ​ឥទ្ធិពល​ដល់​ដំណើរ​ការ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​ក្នុង​រដ្ឋសភា ដែល​ទាក់ទង​ទៅ​ដល់​ប្រសិទ្ធភាព​រដ្ឋសភា។

លោក​បញ្ជាក់​ថា សង្គម​ស៊ីវិល​មើល​មិន​ឃើញ​មូលហេតុ​នៃ​ការ​ដក​នេះ​ទាល់​តែ​សោះ៖ «សំខាន់​គឺ​ថា បំបិទ​មាត់​ថ្នាក់​ដឹកនាំ​រដ្ឋសភា​ដែល​ចេញ​មក​ពី​គណបក្ស​ប្រឆាំង។ ទី​២ អាច​បង្កើត​នៃ​ភាព​មិន​ប្រក្រតី​នៃ​ការ​ដក​មេដឹកនាំ​នៃ​រដ្ឋសភា​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ព្រោះ​ថា អត់​មាន​នីតិវិធី​អី​ច្បាស់លាស់ តើ​ត្រូវ​ដក​យ៉ាង​ម៉េច? អត់​មាន​ទេ មាន​តែ​មាត្រា​ទាល់​តែ​គាត់​លាលែង ឬ​ក៏​គាត់​ស្លាប់ ឬ​បាត់បង់​សមត្ថភាព​ធ្វើ​ការ។ វា​អត់​មាន​នីតិវិធី​រឿង​អី​ដក​ដូរ​ទេ វា​បន្ថែម​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ដក​អី​ហ្នឹង​ណា។ និយាយ​ឲ្យ​ចំ​អាណត្តិ​ហ្នឹង​អត់​ដក​បាន។ កន្លង​មក​វា​មាន​ការ​ដោះដូរ ដក​អ៊ីចឹង​ដែរ នីតិវិធី​អស់​នេះ វា​មាន​ភាព​ច្របូកច្របល់​វា​អត់​មាន​អី​ច្បាស់លាស់»

សេចក្ដី​ថ្លែងការណ៍​រួម​របស់​សង្គម​ស៊ីវិល​សរសេរ​ថា ការ​បាត់​បង់​តំណែង​លោក កឹម សុខា ក្រោម​ហេតុផល​បញ្ចេញ​មតិ គឺ​ជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ និង​តុល្យភាព​អំណាច​នៃ​របប​សភា​និយម ព្រម​ទាំង​គំរាម​កំហែង​ធ្ងន់ធ្ងរ​ផ្នែក​ស្មារតី​ដល់​ថ្នាក់​ដឹកនាំ​រដ្ឋ​សភា តំណាងរាស្ត្រ និង​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ការ​បំពេញ​ភារកិច្ច តួនាទី និង​សិទ្ធិ​ជា​មូលដ្ឋាន ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ។
ដោយ​ឡែក​អង្គការ​លីកាដូ (LICADHO) ក៏​បាន​ចាត់​ទុក​ការ​ដក​តំណែង​អនុ​ប្រធាន​ទី​មួយ​រដ្ឋ​សភា​របស់​លោក កឹម សុខា នៅ​ពេល​នេះ គឺ​បាន​បង្ហាញ​ថា កិច្ច​ព្រមព្រៀង​នយោបាយ​កំពុង​មាន​ភាព​រង្គោះរង្គើ នៅ​ពេល​មេ​ដឹកនាំ​គណបក្ស​ជំទាស់​ត្រូវ​បាន​ដក​ពី​តំណែង​អនុ​ប្រធាន​ទី​មួយ​រដ្ឋ​សភា។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ថ្លែង​ថា ការ​ដក​លោក កឹម សុខា គឺ​មាន​ហេតុផល​នយោបាយ​ច្រើន​ជាង​ហេតុផល​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ឬ​ការ​ប្រព្រឹត្ត​ទោស​កំហុស​ណា​មួយ​ដែល​មាន​ចែង​នៅ​ក្នុង​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា៖ «ជាក់ស្ដែង​ហេតុផល​នេះ​វា​ចូល​នៅ​ក្នុង​លក្ខខណ្ឌ​ហ្នឹង​ទេ ប៉ុន្តែ​ខាង​រដ្ឋសភា​សំអាង​ទៅ​លើ​កំហុស។ សួរ​ថា កំហុស​កន្លែង​ណា​ដែល​ចែង​អំពី​បញ្ហា​ទាំង​អស់​ហ្នឹង។ តើ​មាន​បទបញ្ជា​ចែង​អំពី​ការ​ស្ដី​បន្ទោស​លើក​ទី​១ លើក​ទី​២ ជា​លាយលក្ខណ៍អក្សរ​ហើយ ឬ​នៅ? វា​អត់​មាន​ចូល​ទៅ​ដល់​លក្ខខណ្ឌ​ប៉ុណ្ណឹង ហើយ​ហេតុផល​ណា សូម​បញ្ជាក់​ឲ្យ​ច្បាស់​ថា ជា​កំហុស​ធ្ងន់ធ្ងរ​នៅ​ក្នុង​ការ​ដក​តំណែង។ យើង​ចាត់​ទុក​ថា នេះ​ជា​ភាព​រង្គោះរង្គើ​ទៅ​ដល់​កិច្ច​ព្រមព្រៀង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ក៏​ជា​ភាព​រង្គោះរង្គើ​នៃ​វប្បធម៌​សន្ទនា»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​លោក កឹម សុខា ជា​ច្រើន​ដង​ថា នឹង​បោះឆ្នោត​ទម្លាក់​លោក​ចេញ​ពី​តំណែង​អនុ​ប្រធាន​ទី​១​រដ្ឋសភា ប្រសិន​បើ​លោក កឹម សុខា ចេះ​តែ​បន្ត​រិះគន់​រដ្ឋាភិបាល។ បញ្ហា​នេះ សង្គម​ស៊ីវិល​នៅ​តែ​បារម្ភ​ថា ប្រសិន​ជា​អនុ​ប្រធាន​រដ្ឋសភា​ថ្មី​នៅ​បន្ត​រិះគន់​លើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អនុ​ប្រធាន​ថ្មី​នេះ ក៏​អាច​ប្រឈម​នឹង​ការ​បោះឆ្នោត​ទម្លាក់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដូច​គ្នា។ ពួកគេ​ស្នើ​ឲ្យ​គណបក្ស​ទាំង​ពីរ​ដោះស្រាយ​បញ្ហា​ឈរ​លើ​គោលការណ៍​នីតិរដ្ឋ គោរព​គោលការណ៍​សិទ្ធិ​មនុស្ស ព្រម​ទាំង​តម្កល់​ប្រយោជន៍​ជាតិ​ជា​ធំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។