ទន្ទឹមនឹងការធ្វើសមាជនោះ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានព្រះបន្ទូលមិនចង់ឲ្យសែរាជវង្សានុវង្សចូលប្រឡូកក្នុងឆាកនយោបាយទេ ដោយបង្វែរពីកិច្ចការនយោបាយឲ្យមកជួយការងារមនុស្សធម៌ តាមមាគ៌ាព្រះមហាក្សត្រវិញ។
ប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ បញ្ជាក់ជាថ្មីនៅថ្ងៃទី២១ ខែកុម្ភៈ នូវជំហររបស់គណបក្សថា គ្មានបំណងណាមួយយាងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មកធ្វើជាព្រះប្រធានទេ។
លោក ញឹក ប៊ុនឆៃ បញ្ជាក់បន្ថែមថា សម្ដេចក្រុមព្រះ អាចនឹងមានការច្រណែនជាមួយព្រះរាជអនុជរបស់ព្រះអង្គ ព្រះនាម នរោត្តម អារុណរស្មី ដែលត្រៀមនឹងក្លាយជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នាពេលខាងមុខ ទើបព្រះអង្គមានព្រះរាជបន្ទូលរារាំងមិនចង់ឲ្យសែញាតិវង្សចូលប្រឡូកក្នុងសកម្មភាពនយោបាយ។
លោក ញឹក ប៊ុនឆៃ៖ «ដោយសារតែលោកបានប្រកាសឈប់ធ្វើនយោបាយ អ៊ីចឹងហើយបានពេលលោកឈប់ទៅ មិនចង់ឲ្យអ្នកផ្សេង (សែរាជវង្ស) មានសិទ្ធិធ្វើនយោបាយ។ ប៉ុន្តែហ្នឹងមកពីលោកទេ មិនអាចបន្ទោសនរណាបាន ព្រោះនេះមកពីលោកប្រកាសឈប់ធ្វើនយោបាយដោយខ្លួនលោក»។
លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា មានសមាជិកសមាជិកានៅតាមមូលដ្ឋានជាច្រើន ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច បានឯកភាពយាងម្ចាស់ក្សត្រី នរោត្តម អារុណរស្មី មកធ្វើជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងន័យរក្សាកេរដំណែលគណបក្សដែលព្រះមហាវីរក្សត្រ បានបង្កើតឡើង។ ម្យ៉ាង ច្បាប់រដ្ឋធម្មនុញ្ញក៏មិនបានហាមមិនឲ្យរាជវង្សានុវង្ស ធ្វើនយោបាយនោះដែរ។
ទាក់ទិនបញ្ហានេះ លោក ប៉ែន សង្ហា មន្ត្រីស្និទ្ធនឹងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បញ្ជាក់ថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ សម្រេចព្រះទ័យលាឆាកនយោបាយរួចហើយ ដូច្នេះព្រះអង្គមិនមែនមានចេតនាណាមួយច្រណែននឹងការយាងព្រះអនុជរបស់ព្រះអង្គទៅធ្វើជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នោះទេ។ លោកបន្តថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលធ្លាប់មានពិសោធន៍ច្រើនក្នុងរឿងនយោបាយ មានព្រះរាជតម្រិះថា ក្នុងកាលៈទេសៈ និងស្ថានភាពនយោបាយបច្ចុប្បន្ន រាជវង្សានុវង្សគួរតែនៅឲ្យឆ្ងាយពីសង្វៀននយោបាយ។ ព្រះអង្គចង់ឲ្យញាតិវង្សទាំងអស់រួបរួមគ្នាស្ថិតក្រោមម្លប់ព្រះរាជបល័្លង្ក និងធ្វើការងារមនុស្សធម៌ប្រសើរជាង។
លោក ប៉ែន សង្ហា៖ «ព្រះអង្គចង់ឲ្យញាតិវង្សានុវង្សទាំងអស់មានការរួបរួមគ្នា នៅជុំវិញម្លប់ និងដំបូលនៃព្រះរាជបល័្លង្ក ហើយជាពិសេស ត្រូវរួបរួមគ្នាក្នុងការរួមដង្ហែជាមួយព្រះករុណាព្រះមហាក្សត្រ ដើម្បីបម្រើប្រជារាស្ត្រនៅក្នុងក្របខណ្ឌសង្គមកិច្ច និងមនុស្សធម៌ ដើម្បីប្រជារាស្ត្រខ្មែរ។ មួយវិញទៀត គណបក្សហ៊្វុនស៊ិនប៉ិច ជាគណបក្សមួយដែលលែងដើរប្រតិបត្តិតាមគោលការណ៍ដើមរបស់ខ្លួនទៀតហើយ ហើយក៏មិនមែនជាគណបក្សដែលមានឯករាជ្យភាពទៅទៀត»។
កាលពីបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៤ ក្នុងឆ្នាំ២០០៨ ម្ចាស់ក្សត្រី នរោត្តម អារុណរស្មី ធ្លាប់ឈរជាបេក្ខភាពនាយករដ្ឋមន្ត្រីម្តងរួចមកហើយ នៅគណបក្សហ៊្វុនស៊ិនប៉ិច។ ប៉ុន្តែជាលទ្ធផល គណបក្សនេះហាក់មិនត្រដែតខ្ពស់គួរឲ្យចាប់អារម្មណ៍នោះទេ ពោលគឺគណបក្សហ៊្វុនស៊ិនប៉ិច បានទទួលចំនួន ២អាសនៈក្នុងរដ្ឋសភា។
នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា យល់ឃើញថា ការយាងម្ចាស់ក្សត្រី នរោត្តម អារុណរស្មី មកធ្វើជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច មិនមានខុសប្លែកពីព្រះអង្គឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី កាលពីបោះឆ្នោតអាណត្តិមុនទេ។ ប៉ុន្តែគណបក្សដែលធ្លាប់ឈ្នះឆ្នោតភ្លូកទឹកភ្លូកដី កាលពីបោះឆ្នោតសម័យអ៊ុនតាក់ (UNTAC) មួយនេះ អាចទាញប្រជាប្រិយភាពខ្លួនឡើងវិញតាមយុទ្ធសាស្ត្រ និងគោលនយោបាយថ្មីរបស់ខ្លួន ដែលខុសពីគោលនយោបាយគណបក្សឯទៀត ដោយផ្ដោតសំខាន់ទៅលើតម្រូវការរបស់ស្ត្រី។
លោកបញ្ជាក់ថា តាមការស្ទាបស្ទង់ គណបក្សហ៊្វុនស៊ិនប៉ិច នៅមានអ្នកគាំទ្រច្រើន តែអ្នកគាំទ្រទាំងនោះបានបាក់ទឹកចិត្ត និងលះបង់សិទ្ធិបោះឆ្នោត ដូច្នេះការអូសទាញអ្នកទាំងនោះឲ្យគាំទ្រ និងបោះឆ្នោតឲ្យឡើងវិញ ជារឿងសំខាន់ ម្យ៉ាងគណបក្សនេះគួរផ្ដោតយុទ្ធសាស្ត្រថ្មីបង្វែរទៅរកការគាំទ្រពីក្រុមយុវជនដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
