សមត្ថកិច្ច​ខេត្ត​ឧត្តរ​មានជ័យ​​ ចាប់​ខ្លួន​សមាជិក​បក្ស​ប្រឆាំង​​ម្នាក់​ដែល​​ត្រៀម​​ចូលរួម​​ជាមួយ​គណ​បក្ស​ភ្លើង​ទៀន

ដោយ ម៉ៅ សុធានី
2021.12.15
Share on WhatsApp
Share on WhatsApp
សមត្ថកិច្ច​ខេត្ត​ឧត្តរ​មានជ័យ​​ ចាប់​ខ្លួន​សមាជិក​បក្ស​ប្រឆាំង​​ម្នាក់​ដែល​​ត្រៀម​​ចូលរួម​​ជាមួយ​គណ​បក្ស​ភ្លើង​ទៀន រូបសញ្ញារបស់គណបក្ស ភ្លើងទៀន។
រូប៖ គណបក្សភ្លើងទៀន

សមត្ថកិច្ច​ខេត្ត​ឧត្តរ​មានជ័យ​​​ចាប់​ខ្លួន​ និង​សើរើ​បទ​ចោទ​រួម​គំនិត​ក្បត់​ទៅ​លើ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​​​ម្នាក់ ដែល​​ត្រៀម​​ចូល​រួម​​​នយោបាយ​ឡើងវិញ​ ជាមួយ​គណបក្ស​ភ្លើង​ទៀន។ សកម្មជន និង​សង្គម​ស៊ីវិល ព្រួយ​បារម្ភ​ថា រូបភាព​គំរាម​កំហែង​ជា​ថ្មី​ទៀត​នេះ ​នឹង​ជះ​ឥទ្ធិពល​មិន​ល្អ​ថែម​ទៀត​​ដល់​ស្ថានភាព​​សិទ្ធិ​មនុស្ស និង​ដំណើរ​ការ​​​​បោះឆ្នោត​នៅ​ឆ្នាំ​២០២២​ ខាងមុខ។

សមាជិក​បក្ស​ប្រឆាំង​​ដែល​អាជ្ញាធរ​​ចាប់​ខ្លួន​នេះ​ គឺ​ជា​អនុ​ប្រធាន​ប្រតិបត្តិ​​គណបក្ស​សង្គ្រោះ​​ជាតិ​ស្រុក​ចុងកាល់​លោក សុខ វិល​។ នគរបាល​បាន​ចាប់​​​វាយ​ខ្នោះ​លោក​នៅ​ម៉ោង​​ប្រមាណ ​១១ ​ព្រឹក​ថ្ងៃ​ទី​១៥ ខែធ្នូ ក្នុង​ពេល​​សកម្មជន​រូប​នេះ​ កំពុង​ជិះ​ម៉ូតូ​ដឹក​ប្រពន្ធ និង​ចៅ​ត្រឡប់​​មក​ពី​ផ្សារ​វិញ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ។

អនុ​ប្រធាន​ប្រតិបត្តិ​បក្ស​ប្រឆាំង​​ស្រុក​បន្ទាយ​អំពិល​ ខេត្ត​ឧត្តរ​មានជ័យលោក ហឿង រិទ្ធី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែធ្នូ​ថា ប៉ូលិស​​ខេត្ត​ឧត្ដរមានជ័យ​​​ច្រើន​នាក់​បាន​ចុះ​មក​វាយ​ខ្នោះ​​លោក សុខ វិល នៅ​តាម​ផ្លូវ​​​ដោយ​​គ្មាន​ដីកា ហើយ​​​គ្រាន់​តែ​ប្រាប់​ថា ​​​​ចាប់​​​​តាម​បញ្ជា​​របស់​ថ្នាក់​លើ។ ​លោក​ ហឿង រិទ្ធី​ សង្ស័យ​​​ថា ការ​ចាប់​ខ្លួន​នេះ​​អាច​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ចាស់ ក្នុង​បទ​រួម​គំនិត​ក្បត់​ ដែល​​តុលាការ​ខេត្ត​ធ្លាប់​​ចេញ​​កោះ​ហៅ​​ពួក​លោក​ចំនួន​ ៩​នាក់ ​ក្នុង​នោះ​មាន​​លោក សុខ វិល​ ផង ​ឲ្យ​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​ពី​​សកម្មភាព​ជួបជុំ​គ្នា​កាល​ពី​ចុង​ឆ្នាំ​២០១៩ ពាក់​ព័ន្ធ​នឹង​​គម្រោង​​​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង​លោក សម រង្ស៊ី​៖ «គេ​រំលាយ​សង្គ្រោះ​ជាតិ។ អ៊ីចឹង​ពួក​​​គាត់​នៅ​តែ​ចង់​ធ្វើ​នយោបាយ ចង់​បម្រើ​នយោបាយ និង​បម្រើ​ឆន្ទៈ​របស់​ប្រជារាស្ត្រ​ ដែល​ពួកគាត់​ស្រលាញ់ និង​ជឿជាក់​លើ​មាតុភូមិ​នេះ ពួកគាត់​មាន​បំណង​ចង់​ចូល​​ភ្លើង​ទៀន ដើម្បី​ត​ទល់​នឹង​របប​ផ្ដាច់​ការ»។​​​​

លោក​ សុខ វិល​ តែង​តែ​ចូល​​ទៅ​បំភ្លឺ​តាម​ការ​កំណត់​របស់​តុលាការ​ជា​និច្ច ខណៈ​​សមត្ថកិច្ច​​​​​​ធ្លាប់​ដាក់​សម្ពាធ​​ឲ្យ​លោក និង​សមាជិក​បក្ស​ប្រឆាំង​ផ្សេង​ទៀត​ផ្ដិត​មេ​ដៃ​​លើ​​លិខិត​​បញ្ឈប់​សកម្មភាព​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ ក្រោយ​មក​លោក​បាន​ផ្អាក​ពី​សកម្មភាព​នយោបាយ និង​សង្គម​ទាំង​ស្រុង​។ តែ​ថ្មីៗ​នេះ លោក​ សុខ វិល មាន​បំណង​ត្រៀម​ចូលរួម​បន្ត​ជីវភាព​នយោបាយ​ឡើងវិញ​​​​ជា​មួយ​គណបក្ស​​ភ្លើង​ទៀន​ក្នុង​តួនាទី​​ជា​ហិរញ្ញិក​ខេត្ត​​ឧត្តរមានជ័យ​។

ប្រធាន​ស្ដីទី​គណបក្ស​ភ្លើង​ទៀនលោក ថាច់ សេដ្ឋា​ ហៅ​ការ​ចាប់​ខ្លួន​នេះ​ថា ជា​រូប​ភាព​គំរាម​កំហែង​មក​លើ​​មក​លើ​​សកម្មភាព​នយោបាយ​របស់​​​​​គណបក្ស​ភ្លើង​ទៀន។ លោកបន្ត​ថា ការ​ចាប់​​​ខ្លួន និង​​ការ​សើរើ​សំណុំ​រឿង​ក្ដី​របស់​​លោក សុខ វិល បាន​បង្ក​ឲ្យ​សកម្មជន​ និង​ពលរដ្ឋ​ ដែល​កំពុង​ត្រៀម​ខ្លួន​ចូលរួម​​សកម្ម​ភាព​នយោបាយ​​ជាមួយ​គណបក្ស​ភ្លើង​ទៀន​មាន​ការ​ភិតភ័យ៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​ថា ការ​គំរាម​កំហែង​ហ្នឹង កើត​មាន​ឡើង​ជា​ថ្មី​ទៀត បន្ទាប់​ពី​យើង​បាន​ធ្វើ​សកម្មភាព​គណបក្ស​ភ្លើង​ទៀន​»។

ជុំវិញ​ការ​ចាប់​ខ្លួនលោក សុខ វិល នេះ​ វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ស្នង​ការ​ខេត្ត​ឧត្តរ​មានជ័យលោក ហួត សុធី និង​​​អ្នក​នាំ​ពាក្យ​​តំណាង​​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​​ឧត្តរមានជ័យ ព្រះ​រាជ​អាជ្ញា​រងលោក សោ សុភ័គ្គ បាន​ទេ ​នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ។ ​ប៉ុន្តែ​លោក ថាច់ សេដ្ឋា ​ឲ្យ​ដឹង​ថា ​ក្រុម​ការងារ​គណបក្ស​នៅ​ខេត្ត​ឧត្តរ​មានជ័យ បាន​ប្រាប់​លោក​​ថា ​​សមត្ថកិច្ច​បាន​​បញ្ជូន​​លោក សុខ វិល ទៅ​សាកសួរ​នៅ​ក្នុង​បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត។ វិទ្យុ​អាស៊ី​សេរី​ ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក អេង ហ៊ី បាន​ដែរ នៅ​ថ្ងៃ​ដដែល​​នេះ។

សង្គម​ស៊ីវិល​ថា ក្រៅពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ហើយ​នោះ​ រូបភាព​គំរាម​កំហែង​ផ្នែក​​​​នយោបាយ​​ទាំង​ឡាយ ​​នឹង​បន្ត​​ជះ​​ផល​អវិជ្ជមាន​​​ថែម​ទៀត​ដល់​ដំណើរ​ការ​បោះឆ្នោត​​នៅ​រយៈ​ពេល​ ៦ ​ខែ​ខាង​មុខ​​។

អ្នក​សម្រប​សម្រួល និង​​​អង្កេត​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ខុមហ្វ្រ៊ែល (Comfrel)លោក កន សាវាង្ស សង្កេត​ឃើញ​ថា​ រដ្ឋាភិបាល​មិន​ទាន់​​អាច​ធានា​សិទ្ធិ​នយោបាយ​​​បាន​ទេ​បច្ចុប្បន្ន​នេះ។ បន្ថែម​ពី​នេះ​ការ​ចាប់​ខ្លួន​ ​​ការ​សើរើ​បទ​ចោទ​ចាស់​ ឬ​ការ​បង្កើត​បទ​ចោទ​ថ្មី​ថែម​ទៀត លើ​សកម្មជន និង​អ្នក​គាំទ្រ​​នយោបាយ​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​បន្ថែម​ទៀត​​​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​​​ឃុំ​សង្កាត់​​​​ ឆ្នាំ​២០២២។ មន្ត្រី​​ឃ្លាំមើល​​សិទ្ធិ​បោះឆ្នោត​រូប​នេះ ជំរុញ​ឲ្យ​​រដ្ឋាភិបាល​​ធានា​ថា ​សិទ្ធិ​នយោបាយ​ត្រូវ​បាន​បើក​លំហ​​​ឱ្យ​បាន​ទូលាយ​ ដូច​ការ​ស្នើ​ឱ្យ​​ស្ដារ​​ឡើង​វិញ​​របស់​សហគមន៍​អន្តរជាតិ​ ទើប​អាច​ធ្វើ​ឲ្យ​បរិយាកាស​​ការ​បោះឆ្នោត​​ មាន​ភាព​​ប្រសើរ​ និង​អាច​ទទួល​យក​បាន៖ «នៅ​តែ​មាន​ការ​ចោទ​ប្រកាន់ ទាំង​ការ​សើរើ​រឿង​ចាស់ រឿង​ថ្មី​ទាំង​អស់​នេះ​គឺ​ថា វា​មិន​អាច​ធ្វើ​ឲ្យ​បរិយាកាស​ ឬ​ក៏​សិទ្ធិ​នយោបាយ​នេះ​បាន​ល្អ​ប្រសើរ​ទេ។ អ៊ីចឹង​​វា​រឹត​តែ​ធ្វើ​ឲ្យ​​មាន​ការ​ភ័យ​បារម្ភ​ថែម​ទៀត​ ដែល​វា​ធ្វើ​ឲ្យ​មាន​ការ​ជះ​ឥទ្ធិពល​ទៅ​នឹង​ដំណើរ​ការ​​នៃ​ការ​បោះឆ្នោត បើ​សិន​ជា​មិន​មាន​សញ្ញា ឬ​ក៏​មិន​មាន​ការ​បន្ធូរ​បន្ថយ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ការ​ងារ​នយោបាយ​នេះ​ទេ​»។

​​សហគមន៍​អន្តរ​ជាតិ ជា​រឿយៗ​តែងតែ​លើក​ទឹក​ចិត្ត​ឲ្យ​​រដ្ឋាភិបាល​បើក​លំហ​សិទ្ធិ​នយោ​បាយ​នៅ​កម្ពុជា​ឡើងវិញ។ ​​​​​​​​​​​​​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ រួម​ទាំង​អ្នក​រាយ​ការណ៍​​ពិសេស​​អ្នករាយការណ៍​ពិសេស​​អង្គការ​សហប្រជាជាតិ​​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ លោក វិទិត មុនតាប៊ន (Vitit Muntabhorn) បាន​លើក​ឡើង​កាល​ពី​ខែ​តុលា ​​​ក្នុង​​កិច្ច​ពិភាក្សា​អន្តរ​សកម្ម​ប្រចាំ​ឆ្នាំ​នៅ​ទីក្រុង​ហ្សឺណែវ​ (Geneva) ​ប្រទេស​ស្វីស​(Switzer​land) ​ថា ពួកគេ​​ចង់​ឃើញ​កម្ពុជា​បើក​ចំហ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ឡើងវិញ​នៅ​មុន​ការបោះឆ្នោត​ឃុំ-សង្កាត់ ឆ្នាំ​២០២២ និង​ការ​បោះ​ឆ្នោត​ជាតិ​​ឆ្នាំ​២០២៣។ ពួកគេ ក៏​ជំរុញ​ឱ្យ​​រដ្ឋាភិបាល​​​ធានា​ឱ្យ​បាន​នូវ​បរិយាកាស​បោះឆ្នោត​ប្រកប​ដោយ​យុត្តិធម៌ តម្លាភាព និង​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល