បេក្ខជន​មេឃុំ​បក្ស​ភ្លើងទៀន​ម្នាក់​នៅ​ឧត្ដរមានជ័យ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​កៀរ​ឱ្យ​របួសធ្ងន់

ដោយ ទីន ហ្សាការីយ៉ា
2022.05.27
Share on WhatsApp
Share on WhatsApp
បេក្ខជន​មេឃុំ​បក្ស​ភ្លើងទៀន​ម្នាក់​នៅ​ឧត្ដរមានជ័យ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​កៀរ​ឱ្យ​របួសធ្ងន់ អ្នកស្រី សន ចាន់ថន បេក្ខជន​មេឃុំ​គណបក្ស​ភ្លើងទៀន​ម្នាក់ ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ​ ដែលរងរបួសដោយសារ​គេ​កៀ​ម៉ូតូក្រោយហែក្បួនឃោសនាគណបក្ស កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក

បេក្ខជន​មេឃុំ​គណបក្ស​ភ្លើងទៀន​ម្នាក់​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ​អះអាង​ថា មាន​ជន​មិន​ស្គាល់​មុខ ២​នាក់​បាន​ជិះ​ម៉ូតូ​កៀរ​ផ្ដួល​ម៉ូតូ​អ្នកស្រី ក្រោយ​ពី​ចូលរួម​ឃោសនា​រក​សំឡេងឆ្នោត​កាលពី​ថ្ងៃទី​២៤ ឧសភា បណ្ដាល​ឱ្យ​របួស​ជើង​ម្ខាង។ អ្នកស្រី​ចាត់ទុក​រឿង​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ដើម្បី​រារាំង​កុំឱ្យ​អ្នកស្រី​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន។

ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​កៀរ​ផ្ដួល​ម៉ូតូ​សកម្មជន​គណបក្ស​ភ្លើងទៀន ស្រុក​ត្រពាំង​ប្រសាទ អ្នកស្រី សន ចាន់ថន។ អ្នកស្រី​ឱ្យដឹង​ថា ជន​មិន​ស្គាល់​មុខ​ ២​នាក់​បាន​ធាក់​ម៉ូតូ​អ្នកស្រី​ដួល​ទៅលើ​ចិញ្ចើម​ផ្លូវ ក្នុង​ពេល​កំពុង​ធ្វើ​ដំណើ​រ​នៅ​ម្ដុំ​ឃុំ​ត្រពាំងប្រាសាទ បណ្ដាល​ជាំ​ក្បាល​ជង្គង់​ខាងឆ្វេង។

បេក្ខនារី​មេឃុំ​ត្រពាំង​ប្រាសាទ គណបក្ស​ភ្លើងទៀន​អ្នកស្រី សន ចាន់ថន ប្រាប់​វិទ្យុ​អាស៊ីសេរី​កាលពី​ថ្ងៃទី​២៦ ឧសភា​ថា ជន​មិន​ស្គាល់​មុខ​ទាំង​ ២​នាក់​នោះ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​យ៉ាង​លឿន​ក្រោយ​ពី​ធាក់​ផ្ដួល​ម៉ូតូ​អ្នកស្រី ក្នុង​ពេល​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ទី​រួម​ខេត្ត​ឧត្ដរមានជ័យ ដើម្បី​ទៅ​ចូលរួម​ឃោសនា​រក​សំឡេង​ឆ្នោត​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន​។ អ្នកស្រីជឿជាក់​ថា រឿង​នេះ​ជា​ការ​ប៉ង​ធ្វើបាប​អ្នកស្រី ដើម្បី​ឱ្យ​ដកខ្លួន​ចេញពី​បេក្ខនារី​ឈរ​ឈ្មោះ​មេឃុំ​គណបក្ស​ភ្លើងទៀន៖ «ខ្ញុំ​គិតថា ប្រហែលជា​ការ​ប៉ុនប៉ង​ផ្នែក​នយោបាយ​ហើយ ព្រោះ​ដោយសារ​ពី​ដើម​មក គឺ​ខ្ញុំ​អត់​ដែល​មាន​បញ្ហា​អី​ជាមួយ​បងប្អូន​ណា​ទេ​។ គ្នា​គេ​ ២​នាក់ ប៉ុន្តែ​ពេល​ហ្នឹង​មេឃ​ភ្លៀង​ខ្លាំង​ ខ្ញុំ​ក៏​អត់​បាន​ចាំ​ស្លាក​លេខ​ ​ហើយក៏​គេ​អត់​មាន​ងាក​ក្រោយ​អី​ទេ។ គេ​ពាក់​មូល​សុវត្ថិភាព គេ​ដឹង​ថា ខ្ញុំ​ដួល​ហើយ​គេ​អត់​ងាក​ក្រោយ​ទេ គេ​ជិះ​ម៉ូតូ​ទៅ​លឿន​តែម្ដង​។ ប្រសិនជា​ប្រជាពលរដ្ឋ​ស្លូតត្រង់​ ដែល​គាត់​អត់​មានបំណង​ ក៏​គាត់​ឈប់​ម៉ូតូ​មើល​ខ្ញុំ ប៉ុន្តែ​នេះ​គឺ​ថា ​គាត់​ធាក់ខ្ញុំ​ហើយ​ គាត់​មិន​ងាក​ក្រោយ​តែម្ដង»

អ្នកស្រី​បន្ត​ថា បើទោះជា​ជួប​គ្រោះថ្នាក់​បែបនេះ​ក្ដី ក៏​អ្នកស្រី​មិន​ប្ដឹង​ទៅ​ប៉ូលិស ដើម្បី​ឱ្យ​តាម​ចាប់​ជន​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស​ដែរ ព្រោះ​គ្មាន​ជំនឿ​ទៅ​លើ​សមត្ថកិច្ច។

ទាក់ទង​នឹង​បញ្ហា​នេះ​អធិការ​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ លោក អ៊ូច ម៉ៅ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​ពុំ​ទាន់​ទទួល​ដំណឹង​ពី​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​កៀរ​សកម្មជន​បក្ស​ភ្លើងទៀន​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​លោក​បញ្ជាក់​ថា លោក​មិន​ជឿ​ថា រឿង​នេះ​ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ដូច​ការ​លើក​របស់​សកម្មជន​បក្ស​ភ្លើងទៀន​នោះ​ទេ។ លោក​សោកស្តាយ ​ដែល​បេក្ខជន​គណបក្ស​ភ្លើងទៀន​បាត់​ជំនឿ​លើ​អាជ្ញាធរ​មូលដ្ឋាន​។ លោក​អះអាង​ថា កន្លងមក​ លោក​តែងតែ​ដោះស្រាយ​បណ្ដឹង​របស់​ពលរដ្ឋ​ដោយ​មិន​រើសអើង​និន្នាការ​បក្សនយោបាយ​នោះ​ទេ៖ «កាត់​ប្រសាសន៍​បង​ក្នុង​ខេត្ត​ផ្សេងៗ ​ខ្ញុំ​អត់​ដឹង​ទេ ចំពោះ​ស្រុក​ត្រពាំង​ប្រាសាទ គឺ​មិនដែល​ឃើញ​មាន​សកម្មជន​ណាមួយ​របស់​គណបក្ស​ផ្សេងៗ​ ហ្នឹង​ មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​ ក៏ដូចជា​សមត្ថកិច្ច​ដែរ។ ដូច​អត់​មាន​ទេ​។ មកដល់​ម៉ោង​នេះ​ គឺ​អត់​មាន​ទេ។ ប៉ុន្តែ ​អ្វី​ដែល​គាត់​ប្ដឹង​ទៅ​វិទ្យុ​អាស៊ីសេរី​ហ្នឹង​ មិន​ដឹង​ថា គាត់​មាន​គោលបំណង​យ៉ាងម៉េច ​ខ្ញុំ​អត់​ដឹង​ទេ»

ទោះជា​យ៉ាងណា មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​ឧត្ដរមានជ័យ​លោក ស្រី ណារ៉េន យល់​ថា ការ​ផ្ដួល​ម៉ូតូ​សកម្មជន​គណបក្ស​ភ្លើងទៀន​នេះ​អាច​ជា​ការ​បំភិតបំភ័យ​ផ្នែក​នយោបាយ ព្រោះ​ជនរងគ្រោះ​ជា​បេក្ខនារី​មេឃុំ​គណបក្ស​ភ្លើងទៀន ដែល​ជា​ឆ្អឹង​ទទឹង​ក​របស់​គណបក្ស​កាន់អំណាច​។ លោក ស្រី ណារ៉េន ស្នើ​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ជន​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស​តាមច្បាប់​ឱ្យ​ខាង​តែ​បាន ដើម្បី​កុំឱ្យ​ពួកគេ​ចេះតែ​ដើរ​វាយ​ធ្វើបាប​សកម្មជន​នយោបាយ​តាម​អំពើ​ចិត្ត​ទៀត៖ «ពីព្រោះ​គាត់​ជា​បេក្ខភាព ហើយ​នៅ​ពេល​គាត់​ឃោសនា​រក​សំឡេងឆ្នោត​ចប់។ ​អីចឹង ​គាត់​ធ្វើ​សកម្មភាព​មក​ខេត្ត​ឧត្ដរមានជ័យ​។ អីចឹង​ គាត់​ប្រាប់​ខ្ញុំ​នៅ​លើ​មធ្យោបាយ​ធ្វើដំណើរ​របស់​គាត់​ហ្នឹង​គាត់​មាន​បិទ​ស្លាក​គណបក្ស​ភ្លើងទៀន​អ៊ីចឹង។ អាហ្នឹង​ហើយ​ដែល​យើង​គិត​ថា វា​មិនមែន​ជា​ប្រជា​ពលរដ្ឋ​សាមញ្ញ គឺ​គាត់​ជា​អ្នក​ប្រកួតប្រជែង ​ដើម្បី​រក​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​អីចឹង​ណា»

លោក ស្រី ណារ៉េន ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​២០២១ មក​ដល់​ពេល​នេះ មាន​សកម្មជន​បក្ស​ភ្លើងទៀន​នៅ​ខេត្ត​ឧត្ដរមានជ័យ​ជាច្រើន​នាក់​ហើយ ដែល​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​បក្ស​កាន់​អំណាច ក្នុង​នោះ​មាន​សកម្មជន​ម្នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ ដោយ​សើរើ​សំណុំរឿង​ចាស់​ពាក់ព័ន្ធ​នឹង​គម្រោង​ការ​ធ្វើ​មាតុភូមិ​និវត្ត​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កាល​ពី​ឆ្នាំ​២០១៩​។ លោក​ថា ក្រៅ​នោះ​នៅ​មាន​សកម្មជន​បក្ស​នេះ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ដើរ​បំភិតបំភ័យ​ឱ្យ​ពួកគេ​ដកខ្លួន​ចេញពី​គណបក្ស​ភ្លើងទៀន​។ លោក​មើល​ឃើញ​ថា ប្រសិន​ស្ថានការណ៍​នយោបាយ​នៅតែ​អាប់អួរ​ដូច​សព្វថ្ងៃ​នេះ​នឹង​ធ្វើ​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា ដំណើរការ​បោះឆ្នោត​នៅ​ខែមិថុនា​ខាងមុខ​នឹង​ប្រព្រឹត្តទៅ​គ្មាន​ភាព​សេរី​ និង​ត្រឹមត្រូវ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
តុលាការ​សម្រេច​ឃុំខ្លួន​មេដឹកនាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ ក្រោយ​ចាប់ខ្លួន​ពីព្រលាន​យន្តហោះ
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
ប្រមុខ​ការពារ​ជាតិ​អាមេរិក និង​កម្ពុជា ជួប​ទ្វេភាគី​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការវិស័​យ​ការពារ​ជាតិ និង​សន្តិសុខ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។