រដ្ឋសភា​កោះ​ប្រជុំ​វិសាមញ្ញ ដើម្បី​អនុម័ត​សំណើ​រុះរើ​គណៈ​រដ្ឋ​មន្ត្រី នៅ​ថ្ងៃ​ទី៣០ មីនា

0:00 / 0:00

រដ្ឋ​សភា​ឯក​បក្ស ​នឹង​កោះ​ប្រជុំ​វិសាមញ្ញ​ នៅ​ចុង​ខែ​នេះ ដើម្បី​អនុម័ត​សំណើ​សុំ​រុះរើ​​សមាសភាព​គណៈ​រដ្ឋមន្ត្រី ​ដោយសារ លោក ហ៊ុន សែន ត្អូញត្អែរ​ថា មន្ត្រី​តាម​ក្រសួង​ខ្លះ​ស្ពឹក​ស្រពន់​​។ មន្ត្រី​បក្ស​ប្រឆាំង ថា ការ​ប្រើ​យុទ្ធសាស្ត្រ​ដឹក​នាំ​ប្រទេស​តាម​របៀប​ឯក​បក្ស និង​​ផ្ដាច់​ការ​ ​មិន​អាច​ធ្វើ​ឲ្យ​មន្ត្រី​ មាន​ភាព​សកម្ម​​លើ​ការងារ​ទេ។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី២៧ មីនា​ថា រដ្ឋសភា​នឹង​បើ​កិច្ចប្រជុំ​វិសាមញ្ញ នៅ​ថ្ងៃ​ទី៣០ មីនា គឺ​ដើម្បី​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​​លើ​ការ​តែងតាំង និង​កែ​សម្រួល​សមាសភាព​គណៈរដ្ឋមន្ត្រី តាម​ការ​ស្នើ​របស់​នាយក​រដ្ឋ​មន្ត្រី។

អគ្គ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា លោក ឡេង ប៉េងឡុង ប្រាប់​អាស៊ី​សេរី បន្ថែម​ថា សំណើ​សុំ​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​លើ​ការ​កែសម្រួល​សមាសភាព​គណៈ​រដ្ឋមន្ត្រី គឺ​ត្រឹមត្រូវ​តាម​ច្បាប់​ចែង ដូច្នេះ​សមាជិក​រដ្ឋសភា ត្រូវ​តែ​កោះ​ប្រជុំ​តាម​ការ​ស្នើសុំ​ពី​រដ្ឋាភិបាល។ លោក ឡេង ប៉េងឡុង មិន​ទាន់​អាច​បង្ហាញ​បាន​ទេ ថា ​​​រដ្ឋាភិបាល​​ ​ស្នើសុំ​ឲ្យ​រុះរើ​មន្ត្រី​ណា​ខ្លះ៖ « មិន​ទាន់​ជម្រាប​បាន​ទេ។ លិខិត​របស់​សម្ដេច​នាយក លោក​កោះ​ប្រជុំ​​វិសាមញ្ញ ដើម្បី​លោក​ស្នើ​ កែ​សម្រួល​សមាសភាព​រដ្ឋាភិបាល​មួយ​ចំនួន។ រដ្ឋ​សភា ត្រូវ​តែ​ធ្វើ​ទៅ​តាម​រដ្ឋធម្មនុញ្ញ គឺ​នាយក​រដ្ឋមន្ត្រី មាន​​សិទ្ធិ​កោះ​ប្រជុំ​វិសាមញ្ញ​ហ្នឹង​ឯង។ រឿង​លោក កែ​សម្រួល​សមាសភាព​ គណៈ​រដ្ឋមន្ត្រី​របស់​លោក ក៏​មាន​ច្បាប់​​ចែង​នៅ​ក្នុង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្តិ​ទៅ​របស់​គណៈ​រដ្ឋមន្ត្រី។ អ៊ីចឹង យើង​ធ្វើ​តាម​សំណើ​របស់​លោក»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន បាន​លើក​ឡើង​ ពី​គម្រោង​ការ​ កែប្រែ​សមាសភាព​គណៈ​រដ្ឋមន្ត្រី​​របស់​លោក​ កាល​ពី​​ពេល​​​ធ្វើ​សន្និសីទ​កាសែត ​នៅ​វិមាន​សន្តិភាព នៅ​ពី​ថ្ងៃ​ទី​២៤ កុម្ភៈ​។ លោក ហ៊ុន សែន បាន​ព្រមាន​មន្ត្រី​ ក្នុង​ជួរ​គណៈ​រដ្ឋមន្ត្រី​ ដែល​លោក​ចោទ​ថា ​ស្ពឹក​ស្រពន់​ក្នុង​ការងារ​កែប្រែ​ខ្លួន មុន​ពេល​លោក សម្រេច​កែប្រែ​សមាសភាព៖ « ខ្ញុំ​គ្រាន់​តែ​ឲ្យ​សញ្ញា ព្រោះ​វា​ត្រូវ​​ការ ធ្វើការ​កែ​សម្រួល វា​ជា​រឿង​ធម្មតា​ណាស់។ នៅ​ប្រទេស​ខ្លះ ក៏​គេ​កែ​សម្រួល​​រហ័ស​ណាស់ តែ​យើង​ក៏​នៅ​ទុក​ពេល​ដើម្បី​ឲ្យ​ធ្វើ​ការ។ ក៏​ប៉ុន្តែ​ការ​កែ​សម្រួល​នោះ ក៏​វា​មិន​កែ​សម្រួល​រហូត​ទៅ​ដល់​រដ្ឋាភិបាល​នោះ​ដែរ ព្រោះ​យើង​​ក៏​មើល​ឃើញ​ថា វា​មាន​ភាព​ស្ពឹក​ស្រពន់​នៅ​កន្លែង​ខ្លះ ហើយ​កន្លែង​ខ្លះ​ប្រសិទ្ធ​ភាព​ មិន​ទាន់​ឆ្លើយ​តប​តាម​ការ​ចង់​បាន​របស់​យើង។ វា​គួរ​តែ​លឿន​ជាង ដូច​ថា ១០០ វា​បាន​តែ​៧០។ ដូច្នេះ​អា​ហ្នឹង ក៏​យើង​ត្រូវ​តែ​កែ​ដែរ»

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​សមាសភាព​មន្ត្រី ដែល​នឹង​ត្រូវ​ប្ដូរ​ផ្លាស់​នេះ​បាន​ទេ ដោយ​សារ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មិន​ទទួល​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​២៧ មីនា។

តំណាង​រាស្ត្រ​ជាប់​ឆ្នោត​​មណ្ឌល​ខេត្ត​ពោធិ៍សាត់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ងឹម ញ៉េង ដែល​កំពុង​រស់​នៅ​​ប្រទេស​អូស្ត្រាលី ក្រោយ​ការ​រំលាយ​បក្ស​ប្រឆាំង យល់​ថា នយោបាយ​រុះរើ​គណៈ​រដ្ឋមន្ត្រី របស់​លោក ហ៊ុន សែន គ្មាន​ប្រសិទ្ធិ​ភាព​ជំរុញ​ការងារ​ឲ្យ​ល្អ​ប្រសើរ​ទេ។

លោក អះអាង​ថា លោក ហ៊ុន សែន តាំង​ពី​ឡើង​កាន់​តំណែង​​កំពូល​មក​ គ្មាន ​ដែល​មាន​ឆន្ទៈ​​រក​ប្រយោជន៍​ឲ្យ​ជាតិ​ពិត​ប្រាកដ​ទេ គឺ​រក​ប្រយោជន៍​សម្រាប់​តែ​បក្ខពួក​ ក្រុម​គ្រួសារ​ខ្លួន​ច្រើន​ជាង ដូច្នេះ​ការ​កែ​សម្រួល​ រុះរើ​គណៈ​រដ្ឋមន្ត្រី គឺ​ជា​ការ​បង្អើល​ឲ្យ​ល្អ​មើល​ ដូច​សព្វ​ដង៖ « និយាយ​រួម​ទៅ គ្រាន់​តែ​ ហ៊ុន សែន បង្អើល ដើម្បី​​យក​ឱកាស​ពុក​រលួយ​ហ្នឹង​ឯង​។ បើ​កាល​ណា មាន​បង្អើល​រឿង​ដូរ​គណៈ​រដ្ឋមន្ត្រី​អ្វី​ហ្នឹង ពួក​អា​មន្ត្រី​ពុក​រលួយ នាំ​គ្នា​យក​លុយ​ទៅ​សូក​ ហ៊ុន សែន។ សង្គម​ពុក​រលួយ បង្កើត​តែ​ការងារ​សម្រាប់​តែ​អំពើ​ពុក​រលួយ​ហ្នឹង​ឯង។ និយាយ​រួម​ទៅ​ ហ៊ុន សែន អត់​មាន​ឆន្ទៈ​សម្រាប់​ការងារ​ហ្នឹង​ទេ»

កន្លង​មក​ លោក ហ៊ុន សែន​ ធ្លាប់​​បង្កើត​ស្ថាប័ន​ព្រោងព្រាត​ និង​ព្រមាន​វិធានការ​ច្រើន​ដង​ច្រើន​សារ​​ ​លើ​មន្ត្រី​អសកម្ម និង​មន្ត្រី​ស្ពឹក​ស្រពន់ ដូចជា ការ​​​​បង្កើត​ឧត្ដម​ក្រុម​ប្រឹក្សា​ ពិគ្រោះ និង​ផ្ដល់​យោបល់ ការ​បង្កើត​​ក្រុម​ការងារ​តាម​ក្រសួង​ ឲ្យ​ឃ្លាំមើល និង​ចាំ​​ដោះស្រាយ​សំណើ​ពលរដ្ឋ​​ហ្វេសប៊ុក (facebook) ខុទ្ទកាល័យ​ចាំ​ទទួល​ញត្តិ​ ជា​ដើម។ ប៉ុន្តែ​​ នៅ​តែ​លោក អះអាង​ថា មាន​មន្ត្រី​ស្ពឹក​ស្រពន់ និង​ស្នើសុំ​ឲ្យ​រុះរើ​គណៈ​រដ្ឋមន្ត្រី ដដែល។

អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា​វិញ​ សង្កេត​ឃើញ​ថា មន្ត្រី​ស្ពឹក​ស្រពន់​ក្នុង​គណៈ​រដ្ឋមន្ត្រី កើត​មាន​ច្រើន​អាណត្តិ យូរ​ឆ្នាំ​មក​ហើយ ហើយ​កាល​ពី​អាណត្តិ​មុនៗ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ស្នើសុំ​រុះរើ​គណៈ​រដ្ឋមន្ត្រី ដែរ ដោយ​ប្ដូរ​​បុគ្គល​​រដ្ឋមន្ត្រី​មួយ​ ទៅ​កាន់​ក្រសួង​មួយ​ផ្សេង​ទៀត។ ការ​រុះរើ​គណៈ​រដ្ឋមន្ត្រី​បែប​នេះ ក៏​មិន​ទទួល​បាន​ប្រសិទ្ធិ​ភាព​ការងារ​ដែរ។

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង កញ្ញា លី ស្រីស្រស់ យល់​ថា បើ​ការ​រុះ​រើ​គណៈ​រដ្ឋមន្ត្រី ជា​ការ​ធ្វើ​ ដើម្បី​ដក​មន្ត្រី​ស្ពឹក​ស្រពន់​ ចេញ​ពិត​ប្រាកដ ជា​ការ​ល្អ​ប្រសើរ និង​ជួយ​ដល់​ប្រជាប្រិយភាព​គណបក្ស​កាន់​អំណាច​ ។ ប៉ុន្តែ​បើ​ការ​រុះរើ​គណៈ​រដ្ឋមន្ត្រី ​នេះ ដើម្បី​​នយោបាយ ផ្លាស់ប្ដូរ​​​អំណាច​បក្ខ​ពួក​ ឬ​​គ្រាន់​តែ​ប្ដូរ​បុគ្គល​ល្បី ពី​រដ្ឋមន្ត្រី​ក្រសួង​មួយ​ ទៅ​កាន់​ក្រសួង​មួយ​ទៀត ដែល​ខុស​ពី​ជំនាញ​ខ្លួន ជា​ការ​មិន​ឆ្លើយ​តប​​ត្រឹមត្រូវ​ឡើយ។ កញ្ញា លី ស្រីស្រស់ បន្ត​​​ថា ការ​វាយ​តម្លៃ​​ខុស​ លើ​សមាសភាព​​​គណៈ​រដ្ឋ​មន្ត្រី នឹង​នាំ​ឲ្យ​រុះរើ​ គ្មាន​​ប្រសិទ្ធិ​ភាព ហើយ​គណៈ​រដ្ឋមន្ត្រី នៅ​តែ​​ទទួល​បាន​មន្ត្រី​ស្ពឹក​ស្រពន់​ដដែល៖ « ប្រសិន​ជា​យើង​រក​ការងារ​រុះ​រើ​គណៈ​រដ្ឋមន្ត្រី នៅ​ក្នុង​ផ្លាស់ប្ដូរ​រដ្ឋ​មន្ត្រី​អ្វី​ហ្នឹង ផ្អែក​ទៅ​លើ​ការ​វាយ​តម្លៃ អនុវត្ត​ការងារ​ត្រឹមត្រូវ​ ដោយ​មាន​តុល្យភាព មិន​មាន​ជា​អំពើ​ពុក​រលួយ​អ្វី​ហ្នឹង។ ខ្ញុំ​យល់​ថា ជា​រឿង​មួយ​ល្អ​បំផុត ចំពោះ​រដ្ឋាភិបាល នៅ​ក្នុង​ការ​ធ្វើ​ដើម្បី​ស្ដារ​នូវ​មុខ​មាត់ ឬ​ក៏​ស្ដារ​នូវ​ការ​គាំទ្រ​របស់​ខ្លួន ជា​ពិសេស​គណបក្ស​ប្រជាជន​ហ្នឹង។ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ថា ប្រសិន​ជា​យើង ធ្វើការ​រុះរើ​គណៈ​រដ្ឋ​មន្ត្រី នៅ​ក្រោម​ហេតុផល ដោយសារ​តែ ចង់​ប្ដូរ​អំណាច ឬ​ក៏​យ៉ាង​ម្ដេច រឿង​នយោបាយ​នៅ​ពីក្រោយ ខ្ញុំ​គិត​ថា ជា​រឿង​មួយ នឹង​មិន​អាច​ឆ្លើយ​តប និង​ធ្វើ​​ឲ្យ​អា​ការ​ចង់​បាន ដូចជា ចង់​ឲ្យ​រដ្ឋមន្ត្រី មាន​ភាព​ស្វាហាប់ ក្នុង​ការ​អនុវត្ត​តួនាទី​ហ្នឹង វា​ហាក់​ដូច​មិន​ឆ្លើយ​តប ជាមួយ​អា​គោល​បំណង​បែប​ហ្នឹង​ទេ»

ក្រុម​អ្នក​ឃ្លាំមើល​ និង​គណបក្ស​ប្រឆាំង ចាត់​ទុក​គណៈ​រដ្ឋមន្ត្រី​របប​ក្រុង​ភ្នំពេញ​ថា ជា​ស្ថាប័ន​ក្បាល​ធំ​ជាង​ខ្លួន ដោយ​សារ​ លោក ហ៊ុន សែន បាន​​ឱប​ក្រសោប​ទុក​មន្ត្រី​គ្រប់​ប្រភេទ​នៅ​ទី​នោះ​ ដោយ​ផ្ដល់​​តំណែង តួនាទី ដែល​គ្មាន​ការងារ​ឲ្យ​ធ្វើ និង​ផ្ដល់​ប្រាក់ខែ​ឲ្យ​ ព្រោះ​តែ​ខ្លាច​ បែក​ឆ្វេង​ មិន​ស្មោះ​ស្ម័គ្រ​​ជាមួយ​បក្ស​កាន់​អំណាច។

លោក ហ៊ុន សែន ធ្លាប់​បាន​រអ៊ូ​រទាំ​ថា សមាសភាព​គណៈ​រដ្ឋមន្ត្រី​របស់​លោក​ ច្រើន​ហួសហេតុ​ពេក ដែរ និង​ពិបាក​ក្នុង​ការ​ប្រជុំ​​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី​ម្ដងៗ ម្ល៉ោះ​ហើយ ក្រោយ​ព្រឹត្តិការណ៍​បោះឆ្នោត​ដ៏​ចម្រូង​ចម្រាស់​ឆ្នាំ​២០១៨​រួច ​លោក​សម្រេច​កាត់​ចេញ​តំណែង​ថ្នាក់​រដ្ឋលេខាធិការ​ចេញ​ពី​សមាស​ភាព​គណៈ​រដ្ឋមន្ត្រី។

តែ​​យ៉ាង​ណា ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ក៏​បាន​បន្ត​បំបែក​​ហែក​ច្រៀក​ក្រសួង​ជំនាញ​បន្ថែម​ទៀត ដូចជា​បង្កើត​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម ចេញ​ពី​ក្រសួង​ក្រសួង​រ៉ែ និង​ឋាមពល ដើម្បី​ដាក់​បញ្ចូល​មន្ត្រី​​បក្ស​កាន់​អំណាច​ឲ្យ​ចូល​ធ្វើការ ទោះ​បី​ជា​ក្រសួង​ខ្លះ​ ជាន់​ការងារ​គ្នា​ច្រើន​ក្រសួង​ក៏​ដោយ។ មក​ដល់​ពេល​នេះ អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​បង្កើន​ក្រសួង​​​​រហូតដល់ ៣០ក្រសួង រដ្ឋ​លេខាធិការដ្ឋាន​មួយ (អាកាសចរណ៍) និង​អង្គភាព ស្ថាប័ន​គណៈកម្មការ​ ចំណុះ​ឲ្យ​គណៈ​រដ្ឋមន្ត្រី​ ជាច្រើនទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។