សកម្មជនបក្សប្រឆាំងភៀសខ្លួននៅថៃ នៅតែបន្តជួបជុំគ្នាពង្រឹងសាមគ្គីត្រៀមទទួលលោក សម រង្ស៊ី វិលចូលស្រុកវិញ
2019.11.29
សកម្មជនគណបក្សប្រឆាំងដែលភៀសខ្លួននៅប្រទេសថៃប្រមាណ ១០នាក់ នៅតែបន្តជួបប្រជុំគ្នាពង្រឹងសាមគ្គីភាព ដើម្បីត្រៀមខ្លួនទៅទទួលប្រធានស្ដីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី វិលចូលស្រុកវិញសាជាថ្មី។ ពួកគេនៅតែអះអាងថា នៅពេលលោក សម រង្ស៊ី វិលចូលស្រុក នឹងធ្វើឱ្យវិបត្តិនយោបាយនៅកម្ពុជាបានប្រសើរឡើងវិញ។
យុវជនគណបក្សប្រឆាំងដែលភៀសខ្លួននៅប្រទេសថៃលើកឡើងថា ការជួបជុំគ្នានេះ ដោយសារពួកគាត់ចង់ឱ្យកម្ពុជា ជាប្រទេសមានច្បាប់ទម្លាប់ត្រឹមត្រូវ និងមានការអភិវឌ្ឍន៍ជឿនលឿន ដូច ប្រជាធិបតេយ្យលោកខាងលិច។
សមាជិកយុវជនគណបក្សសង្គ្រោះជាតិខេត្តកំពង់ចាម លោក រឹន រ័ដ្ឋ ថ្លែងនៅថ្ងៃទី២៩ វិច្ឆិកាថា ស្ថានការណ៍នយោបាយនៅកម្ពុជាកាន់តែអាក្រក់ទៅ ដោយសារតែមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បំផ្លាញប្រជាធិបតេយ្យ ដោយរំលាយគណបក្សសង្គ្រោះជាតិចោល ដើម្បីក្រុមរបស់លោកបានគ្រប់គ្រងអំណាចបន្តទៅមុខ។ លោកបញ្ជាក់ថា របបដឹកនាំសព្វថ្ងៃធ្វើបាបតែប្រជាពលរដ្ឋក្រីក្រ ចាប់មនុស្សដាក់គុកដាក់ច្រវាក់តាមអំពើចិត្ត ដែលធ្វើឱ្យពួកគេឈឺចាប់ក៏នាំគ្នារត់ភៀសខ្លួន ដើម្បីចូលរួមជាមួយគណបក្សប្រឆាំង។ លោកបន្តថា ពួកគេមានគ្នា ១០នាក់ ជាតំណាងយុវជនមកពីខេត្តកំពង់ចាម រាជធានីភ្នំពេញ និងខេត្តបាត់ដំបង បានជួបប្រជុំគ្នានៅទីក្រុងបាងកកពង្រឹងសាមគ្គីភាព ដើម្បីត្រៀមកម្លាំងទៅទទួលលោក សម រង្ស៊ី វិលចូលស្រុកវិញសាជាថ្មី នៅព្រឹកថ្ងៃទី២៩ វិច្ឆិកា។ លោកអះអាងថា ថ្វីត្បិតតែកាលពីថ្ងៃទី៩ វិច្ឆិកាកន្លងទៅ របបក្រុងភ្នំពេញបានដាក់ពង្រាយកម្លាំងប៉ូលិស និងទាហាន គ្រប់ច្រកព្រំដែន ដើម្បីរាំងខ្ទប់ដល់ថ្នាក់ដឹកនាំគណបក្សនេះមិនបានចូលទៅដល់កម្ពុជាក្ដី ក៏ពួកគាត់នៅតែបន្តរង់ចាំទទួលលោក សម រង្ស៊ី វិលចូលស្រុកវិញដដែល៖ «ពួកខ្ញុំត្រៀមអស់ហើយ និងបានប្ដេជ្ញាហើយបើសិនលោកប្រធាន សម រង្ស៊ី ហ៊ានវិលចូលស្រុកក្នុងខែ១២ ឬខែណាក៏ដោយ គឺពួកខ្ញុំនឹងទៅអមដំណើរ ទោះមានរឿងអ្វីកើតឡើងមកលើខ្ញុំក៏មិនរាថយដែរ។ មូលហេតុដោយសាររបបក្រុងភ្នំពេញមិនផ្ដល់សិទ្ធិសេរីភាពពួកខ្ញុំ និយាយរួមទៅខ្ញុំចង់ឱ្យគណបក្សសង្គ្រោះជាតិ ដំណើរការណ៍ឡើងវិញ និងមានការដោះលែង លោក កឹម សុខា ឱ្យមានសេរីភាពពេញលេញ និងឱ្យតំណាងរាស្ត្រទាំងអស់និងសកម្មជននៅតាមមូលដ្ឋានឱ្យគាត់មានសិទ្ធិធ្វើនយោបាយឡើងវិញ»។
លោកបន្តថា សកម្មជនគណបក្សប្រឆាំងនៅក្នុងស្រុក នៅតែសាមគ្គីគ្នាជាធ្លុងមួយ ដោយមិនមានថ្ងៃងាករេឡើយ ហើយពួកគាត់តែងតែទាក់ទងមកពួកលោកនៅក្រៅប្រទេសជាប្រចាំ ដើម្បីសាកសួរអំពីដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ជាថ្មីទៀតនេះ។
រីឯសមាជិកយុវជនគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ ដែលបានចូលរួមពង្រឹងសាមគ្គីដែរនោះលោក នាង សុឃុន ថ្លែងថា លោកបានភៀសខ្លួននៅក្រៅប្រទេសជាង ១ឆ្នាំហើយ ដោយសារអាជ្ញាធររបបក្រុងភ្នំពេញតាមធ្វើទុក្ខបុកម្នេញធ្វើឱ្យលោកមិនអាចធ្វើសកម្មភាពនយោបាយបានឡើយ។ លោករំពឹងថា កម្លាំងសាមគ្គីរបស់អ្នកគាំទ្រគណបក្សប្រឆាំងនឹងទទួលបានជោគជ័យក្នុងពេលឆាប់ៗ ខាងមុខ ពីព្រោះលោកសម រង្ស៊ី ជិតបានវិលត្រឡប់ទៅកម្ពុជាវិញហើយ៖ «មិនមែនតែថ្ងៃនេះទេ គឺយើងបានជួបប្រជុំយុវជនបក្សសង្គ្រោះជាតិទាំងជួបផ្ទាល់និងជួបតាមហ្វេសប៊ុកជាប្រចាំ។ កិច្ចនេះយើងអត់អាចបោះបង់បានទេ ព្រោះដោយសារលោកប្រធានគាត់នៅតែដំណើរអីចឹង។ខ្ញុំចង់ឱ្យលោក សម រង្ស៊ី វិលចូលទៅកម្ពុជា ដើម្បីនាំយកប្រជាធិបតេយ្យជូនជាតិ ដើម្បីឱ្យពលរដ្ឋខ្មែរបានស្គាល់ប្រជាធិបតេយ្យពិតប្រាកដ»។
លោកបន្តទៀតថា សកម្មជនគណបក្សប្រឆាំងជាច្រើននាក់ បន្តភៀសខ្លួនទៅក្រៅប្រទេសជាថ្មី ដោយសារនៅក្នុងស្រុកមិនអាចជួបជុំគ្នាធ្វើសកម្មភាពនយោបាយបានដូចនៅក្រៅប្រទេស។
កាលពីពេលថ្មីៗ នេះ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ថ្លែងថា នៅកម្ពុជាគ្មានវិបត្តិនយោបាយដូចការសកម្មជនគណបក្សប្រឆាំងនិយាយនោះទេ។ លោក បញ្ជាក់ទៀតថា អ្នកដែលរត់ភៀសខ្លួនទៅក្រៅប្រទេស ដោយសារពួកគេប្រព្រឹត្តខុសច្បាប់ ដោយបានរួមគំនិតជាមួយលោក សម រង្ស៊ី ចង់ផ្ដួលរំលំរបបលោក។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា អ្នកគាំទ្របក្សប្រឆាំងដែលភៀសខ្លួននៅថៃ គួរតែត្រឡប់ទៅផ្ទះវិញ ខិតខំធ្វើការងាររកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារប្រសើរជាង ពីព្រោះលោកជឿជាក់ថា លោក សម រង្ស៊ី មិនហ៊ានត្រឡប់ទៅកម្ពុជាវិញឡើយ៖ «ខ្ញុំនិយាយតាំងពីដើមមកមិនមែនទើបនិយាយក្រោយថ្ងៃទី៩វិច្ឆិកាទេ ខ្ញុំថាបើទណ្ឌិតហ្នឹងហ៊ានពលីជីវិត ប្រថុយចូលទៅវាមិនស្លាប់ គ្រាន់តែគេចាប់ដាក់គុកតែប៉ុណ្ណោះ។ព្រោះដីការបស់តុលាការមានរួចហើយ»។
ផ្ទុយពីការលើកឡើងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែន ករុណា មានប្រសាសន៍ថា ការប្រជុំគ្នារបស់អ្នកគាំទ្រគណបក្សប្រឆាំងនេះ ជាសិទ្ធិសេរីភាពសម្ដែងមិតរបស់ប្រជាពលរដ្ឋដោយស្របច្បាប់ ដែលបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ។ លោកគត់សំគាល់ថា ថ្វីត្បិតតែថ្មីនេះរដ្ឋាភិបាលបានបន្ធូរបន្ថយលក្ខខ័ណ្ឌមួយចំនួនដល់លោក កឹម សុខា និងដោះលែងសកម្មជនគណបក្សប្រឆាំងជាច្រើននាក់ក្ដី ក៏ស្ថានការណ៍នយោបាយនៅកម្ពុជាហាក់មិនទាន់បានប្រសើរនៅឡើយ ពីព្រោះពួកគេមិនទាន់មានសិទ្ធិពេញលេញដូចប្រជាពលរដ្ឋដទៃនៅឡើយ៖ «យើងឃើញការដោះលែងទាំងអស់ហ្នឹងដូចជាសេរីភាពមួយបណ្ដោះអាសន្នទេ មិនមែនជាសេរីភាពពេញលេញក្នុងការផ្ដល់សិទ្ធិសេរីភាពឱ្យពួកគាត់ធ្វើសកម្មភាពនយោបាយបាននៅឡើយទេ។ អ៊ីចឹងដរាបណាសេរីភាពដែលមានលក្ខខណ្ឌបែបនេះ យើងយល់ថា កម្ពុជាអត់មានការបើកសិទ្ធិសេរីភាពទូលំទូលាយ ដើម្បីផ្ដល់ឱកាសឱ្យក្រុមអ្នកនយោបាយគ្រប់ភាគីបានធ្វើនយោបាយឱ្យបានត្រឹមត្រូវឱ្យបានស្មើភាពនិងយុត្តិធម៌អីហ្នឹងនៅឡើយទេ»។
មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះបន្តថា សង្គមប្រជាធិបតេយ្យដែលល្អ ត្រូវមានគណបក្សប្រឆាំង និងគណបក្សកាន់អំណាច ដែលមានអាសនៈនៅក្នុងរដ្ឋសភាប្រហាក់ប្រហែលគ្នា ដើម្បីមានអំណាចតាមដានការអនុវត្តច្បាប់របស់រដ្ឋាភិបាលមានប្រសិទ្ធភាព ដែលធ្វើប្រទេសអភិវឌ្ឍន៍រីកចំរើនបានឆាប់រហ័ស។ ផ្ទុយទៅវិញលោក បញ្ជាក់ថា ប្រទេសដែលគ្រប់ដោយរបបឯកបក្សនឹងធ្វើឱ្យប្រទេសនោះអភិវឌ្ឍន៍មានចំណុចចន្លោះប្រហោងច្រើនជាងសង្គមប្រជាធិបតេយ្យ។
ក្រោយពេលមិនអាចវិលទៅកម្ពុជាវិញតាមកាលកំណត់ លោក សម រង្ស៊ី បានប្រកាសជាថ្មីទៀតថា លោកនឹងថ្នាក់ដឹកនាំគណបក្សប្រឆាំងនឹងរកច្រកវិលចូលមាតុប្រទេសវិញ ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីទាមទារអំណាចពីលោក ហ៊ុន សែន ដែលប្លន់យកទៅក្ដោបក្ដាប់ តាមរយៈការរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ ទៅប្រគល់ជូនពលរដ្ឋវិញ។
យុវជនគណបក្សប្រឆាំងនៅប្រទេសថៃនៅតែជឿជាក់ថា លោក សម រង្ស៊ី និងអាចរកច្រកចូលទៅកម្ពុជាបាននៅចុងឆ្នាំ២០១៩ នេះ ពីព្រោះលោក សម រង្ស៊ី កំពុងធ្វើកិច្ចការទូតជាមួយបណ្ដាប្រទេសអាស៊ាន និងសហភាពអឺរ៉ុប ដើម្បីឱ្យដាក់សម្ពាធទៅរបបក្រុងភ្នំពេញឱ្យងាកមកស្ដារប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់ឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។