បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​ចង់​ឃើញ​ACU​ស៊ើប​អង្កេត​ករណី​ជំនួញ​គ្រួសារ​ត្រកូល "ហ៊ុន"

ដោយ ប្រាជ្ញ ចេវ
2016-07-07
Share
សែស្រឡាយ​ត្រកូល​ហ៊ុន ២០១៦ ៨៥៥ គំនូរ​បង្ហាញ​សែស្រឡាយ​ត្រកូល "ហ៊ុន" របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស (Global Witness)។ Photo/Global Witness
Photo/Global Witness

បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ចង់​ឃើញ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ស៊ើប​អង្កេត​ករណី​ជំនួញ​មហា​គ្រួសារ​លោក ហ៊ុន សែន ដែល​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស (Global Witness) បាន​រក​ឃើញ​ទាក់ទង​ការ​គ្រប់គ្រង​មុខ​ជំនួញ​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស។ ប៉ុន្តែ​រដ្ឋាភិបាល​មិន​ចាប់​អារម្មណ៍​លើ​សំណើ​នេះ​ទេ ព្រោះ​របាយការណ៍​នោះ​គ្រាន់​តែ​ជា​ការ​វាយ​ប្រហារ​មក​ក្រុម​គ្រួសារ​នាយក​រដ្ឋមន្ត្រី។

ការ​ដែល​សង្គម​ស៊ីវិល​យល់​ថា របរ​ជំនួញ​របស់​ត្រកូល «ហ៊ុន» ជា​សមត្ថកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​ស៊ើប​អង្កេត​នោះ ព្រោះ​កូន​បង្កើត កូន​ប្រសា និង​ក្មួយ​របស់​លោក ហ៊ុន សែន ជា​តំណាង​រាស្ត្រ ជា​ឧត្តមសេនីយ៍​ពាក់​ផ្កាយ​ទាំង​នៅ​ក្នុង​ជួរ​យោធា និង​នគរបាល​ជាតិ។ ក្រុម​ទាំង​នេះ ត្រូវ​បាន​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស ថា​កំពុង​កាន់​កាប់​ក្រុមហ៊ុន និង​ភាគហ៊ុន​ដោយ​សម្ងាត់​ជាច្រើន ដែល​មាន​លុយ​ជា​ដើម​ទុន​ចុះ​បញ្ជី​ជាង ២០០​លាន​ដុល្លារ។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ និយាយ​ថា របាយការណ៍​នេះ​មាន​តម្លៃ​គួរ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ស៊ើប​អង្កេត​បន្ថែម ព្រោះ​បុគ្គល​មួយ​ចំនួន​មាន​តួនាទី​នៅ​ក្នុង​ការងារ​រដ្ឋ ដែល​ក្រុម​ទាំង​នេះ​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​ស៊ើប​អង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ៖ «សមាសភាព​គ្រួសារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ពីរ​ក្រុម ដូចជា​ក្រុម​ទី​១ របស់​អ្នកស្រី ហ៊ុន ម៉ាណា គ្រប់គ្រង​ទូរទស្សន៍​បាយ័ន ជាដើម។ ប៉ុន្តែ​ក្រុម​ទី​២ កូន​ប្រុស​របស់​គាត់​សមាជិក​សភា ជា​យោធា​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​ស៊ើប​អង្កេត»

គំនូរ​​បង្ហាញ​សែស្រឡាយ​ត្រកូល «ហ៊ុន» របស់​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness)។
គំនូរ​​បង្ហាញ​សែស្រឡាយ​ត្រកូល «ហ៊ុន» របស់​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness)។
Global Witness Photo

អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា បាន​បង្ហាញ​របាយការណ៍​កម្រាស់​ជិត ៦០​ទំព័រ​មាន​ចំណង​ជើង​ថា "ការ​ក្ដោប​យក​វិនិយោគ​នៅ​កម្ពុជា" លាត​ត្រដាង​ថា អធិរាជ​ត្រកូល «ហ៊ុន» កំពុង​ក្ដោប​ក្ដាប់​សេដ្ឋកិច្ច​ធំៗ​របស់​កម្ពុជា ដោយ​អំពើ​ពុក​រលួយ រំលោភ​អំណាច និង​រំលោភ​សិទ្ធិ​មនុស្ស​ដើម្បី​ការពារ​អំណាច​របស់​លោក ហ៊ុន សែន។ របាយការណ៍​ត្រូវ​បាន​កាសែត​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ល្បីៗ ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត។

លោក សន ជ័យ យល់​ថា ដើម្បី​អាច​ធ្វើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បើក​ការ​ស៊ើប​អង្កេត លុះត្រា​តែ​មាន​បុគ្គល​ណា​មួយ​ចេញ​មុខ​ដាក់​ពាក្យ​ប្ដឹង ទើប​ស្ថាប័ន​ឯករាជ្យ​មួយ​នេះ​ចាត់ការ។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​មិន​ហ៊ាន​ទស្សន៍ទាយ​ពី​លទ្ធផល​នៃ​ការ​ប្ដឹង​នេះ​ទេ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង បាន​ទេ​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា។

ឆ្លើយ​តប​សំណើ​នេះ រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មិន​បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​ចំពោះ​របាយការណ៍​នេះ​ទេ ដោយ​បញ្ជាក់​ថា នេះ​ជា​ទំនៀមទម្លាប់​របស់​អង្គការ គ្លបល វីនេស ដើម្បី​វាយ​ប្រហារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក​បន្ត​ថា បក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សាយ​មួយ​ចំនួន ជា​សម្ព័ន្ធ​មិត្ត​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស ដូច្នេះ​ពួក​គេ​ក៏​បន្ត​បំពង​របាយការណ៍​នេះ​បន្ថែម៖ «ជា​ទំនៀមទម្លាប់​របស់​អង្គការ គ្លបល វីនេស ដើម្បី​វាយ​ប្រហារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​ក៏​ជា​សម្ព័ន្ធ​មិត្ត​របស់​គណបក្ស​ប្រឆាំង​ដែរ មាន​រាប់​ទាំង​វិទ្យុ​អាស៊ីសេរី និង​បណ្ដាញ​សារព័ត៌មាន​មួយ​ចំនួន​ទៀត​ដែល​ហៅ​ថា​ប្រព័ន្ធ​សម្ព័ន្ធ​របស់​ពួក​គេ»

តំណាង​រាស្ត្រ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង យល់​ថា​ជា​សមត្ថកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​ត្រូវ​ធ្វើ​ការងារ​លើ​រឿង​នេះ ដូច​ច្បាប់​បាន​ចែង​ពី​តួនាទី និង​ភារកិច្ច​របស់​ខ្លួន។ លោក អេង ឆៃអ៊ាង បន្ត​ទៀត​ថា មិន​មែន​ត្រូវ​ស្រាវជ្រាវ​លើ​ករណី​នេះ​មួយ​ទេ គឺ ACU ត្រូវ​ស្រាវជ្រាវ​រឿង​ផ្សេងៗ​ដែល​ប៉ះពាល់​ប្រយោជន៍​ជាតិ ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ៖ «និយាយ​ឲ្យ​ខ្លី​ទៅ នេះ​ជា​សមត្ថកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។ យើង​សុំ​ឲ្យ​ស្ថាប័ន​របស់​រដ្ឋ​ទាំងអស់ បំពេញ​ការងារ​របស់​ខ្លួន​ឲ្យ​បាន​ពេញលេញ ដើម្បី​ឲ្យ​អ្វីៗ​មាន​តម្លាភាព»

សង្គម​ស៊ីវិល​មិន​ទាន់​មាន​ជំនឿ​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្លាហាន​ហ៊ាន​ស៊ើប​អង្កេត​ករណី​នេះ​ដូច​ការ​ស៊ើប​អង្កេត​លើ​គណបក្ស​ប្រឆាំង ឬ​សង្គម​ស៊ីវិល ដែល​ស្ថាប័ន​មួយ​នេះ​ធ្លាប់​បាន​ធ្វើ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល