អតីតចៅសង្កាត់បក្សប្រឆាំងក្រុងព្រះសីហនុ នឹងត្រូវដោះលែងនៅថ្ងៃទី១៩ មិថុនាខាងមុខនេះក្រោយការអនុវត្តទោសក្នុងពន្ធនាគារ ២ឆ្នាំ។
លោក អ៊ុក ចេត្តនី ត្រូវតុលាការខេត្តព្រះសីហនុ ផ្ដន្ទាទោស ៥ឆ្នាំ កាលពីខែធ្នូ ឆ្នាំ២០១៩ ក្រោមបទចោទកាន់កាប់រានដីព្រៃសាធារណៈ នៅតំបន់ក្បាលឆាយ។ មេធាវីរបស់លោក គឺលោក សំ សុខគង់ ប្រាប់អាស៊ីសេរីថា តុលាការបានសម្រេចព្យួរទោស លោក អ៊ុក ចេត្តនី ៣ ឆ្នាំ និងអនុវត្តទោសក្នុងពន្ធនាគារ២ឆ្នាំ។
លោក អ៊ុក ចេត្តនី ជាមួយនិងឪពុកក្មេក ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅលើទីតាំងដីមួយកន្លែងស្ថិតក្នុងសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។
ភរិយាលោក អ៊ុក ចេត្តនី បាននិយាយថា ប្តីរបស់គាត់ ត្រូវបានកម្លាំងយោធាប្រចាំការ នៅតំបន់ក្បាលឆាយចាប់ខ្លួន ពេលកំពុងកាប់ឆ្ការព្រៃ ដើម្បីដាំដំណាំនៅលើដីរបស់គាត់មួយកន្លែង ដែលគ្រួសារគាត់បានទិញពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន កាលពីឆ្នាំ២០០៧ មកម្លេះ។
គណបក្សសង្គ្រោះជាតិអះអាងថា មន្ត្រីនិងសកម្មជនមូលដ្ឋានរបស់ខ្លួនចំនួន ៨៨នាក់ ត្រូវបានរបបក្រុងភ្នំពេញចាប់ខ្លួនក្នុងឆ្នាំ២០១៩ ហើយត្រូវបានដោះលែងវិញចំនួន ៨០នាក់។ ក្នុងឆ្នាំ២០២០ មន្ត្រីនិងសកម្មជនជិត ២០នាក់ត្រូវចាប់ និងឃុំខ្លួនជាបន្តបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
