អ្នកឃ្លាំមើលថា លោក កឹម សុខា ចេញក្រៅផ្ទះចំណេញជាងនៅក្នុងផ្ទះ និងជាការសម្រេចចិត្តត្រឹមត្រូវ។ ការលើកឡើងបែបនេះ ខណៈប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានធ្វើដំណើរទៅខេត្តមួយចំនួន ក្នុងនោះមាន ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ត្បូងឃ្មុំ និងខេត្តសៀមរាប។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី សង្កេតឃើញថា ចាប់តាំងពីលោក កឹម សុខា បានចូលរួមពិធីបុណ្យសពម្ដាយក្មេក លោក ហ៊ុន សែន រួចមក ឃើញថា លោក កឹម សុខា បានធ្វើដំណើរចេញក្រៅផ្ទះច្រើនដង។ អ្នកវិភាគរូបនេះយល់ថា ការសម្រេចចិត្តចេញក្រៅរបស់លោក កឹម សុខា ហាក់យឹតពេលបន្តិច ប៉ុន្តែជាការសម្រេចចិត្តមួយត្រឹមត្រូវ។ ទោះយ៉ាងណាក្តី បណ្ឌិត សេង សារី យល់ថា ទោះនេះជាសិទ្ធិរបស់លោកក្ដី លោក កឹម សុខា ក៏ត្រូវមានការប្រុងប្រយ័ត្នផ្លូវច្បាប់ជៀសវាងមានការចោទប្រកាន់ណាមួយពីតុលាការ៖ «ធ្វើឱ្យអ្នកគាំទ្រឃើញសកម្មភាពគាត់ ( លោក កឹម សុខា ) របស់គាត់ផង យ៉ាងហោចណាស់ឃើញគាត់ដើរបានឡើងវិញ ទី៣ បង្ហាញអំពីបង្ហាញការធ្វើការនយោបាយបែបសកម្មអហិង្សាបែបសកម្មឱ្យអ្នកគាំទ្រឃើញមុខឃើញសកម្មភាពទោះបីសកម្មភាពហ្នឹងមិនមែនជាសកម្មភាពនយោបាយក៏ដោយ ប៉ុន្តែទស្សនៈរបស់ខ្ញុំឱ្យតែអ្នកនយោបាយទោះអង្គុយផឹកកាហេ្វហ្នឹង ក៏ជាសកម្មភាពនយោបាយដែរ»។
អនុប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរលោក មាន ព្រហ្មមុនី យល់ថា ការចេញក្រៅផ្ទះរបស់ កឹម សុខា នៅរយៈពេលចុងក្រោយនេះ ក្រៅតែពីការប្រើប្រាស់សិទ្ធិដែលតុលាការបានកំណត់ គឺអាចធ្វើឱ្យលោក កឹម សុខា មានឱកាសជួបពលរដ្ឋទូទៅ ឬសកម្មជនរបស់លោក និងអាចធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនបានឃើញវត្តមានរបស់លោក។ អ្នកឃ្លាំមើលរូបនេះយល់ថា ការចេញធ្វើដំណើរតាមបណ្ដាខេត្តរបស់លោក កឹម សុខា អាចចំណេញជាងពេលលោកនៅតែក្នុងផ្ទះ៖ «ប្រជាពលរដ្ឋនឹកគាត់ ( លោក កឹម សុខា ) គាត់នឹកប្រជាពលរដ្ឋអ៊ីចឹងជារឿងរបស់អ្នកនយោបាយហើយ ប៉ុន្តែមិនមែនជាសេរីភាពធ្វើនយោបាយទេ ប៉ុន្តែគាត់ចង់ឱ្យប្រជាពលរដ្ឋឃើញគាត់កុំភ្លេចមុខគាត់»។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងរងបទចោទពីតុលាការ បានធ្វើដំណើរទៅមើលចម្ការមួយកន្លែងនៅខេត្តត្បូងឃ្មុំ ទៅសួរសុខទុក្ខអតីតសហការីរបស់លោកនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ឈ្មោះ ហង់ សំចិត្ត ដែលកំពុងមានជំងឺ ហើយលោកក៏បានទៅអុជធូបបួងសួងនៅរមណីយដ្ឋានឧកញ៉ាឃ្លាំងមឿងក្នុងខេត្តពោធិ៍សាត់ រួចក៏បន្តដំណើរឈៀងចូលមើលប្រាសាទបុរាណក្នុងខេត្តសៀមរាប ជាដើម។
សកម្មភាពនៃការធ្វើដំណើររបស់មេបក្សប្រឆាំងរូបនេះ ភាគច្រើនត្រូវបានបង្ហោះចែករំលែកដោយ មនុស្សជំនិតរបស់លោក គឺ លោក មុត ចន្ថា ដែលជាមន្ត្រីខុទ្ទកាល័យរបស់លោក កឹម សុខា។ រួមដំណើរជាមួយលោក កឹម សុខា មានភរិយារបស់លោក ក្រុមមេធាវីការពារក្ដី មន្ត្រីជាន់ខ្ពស់របស់លោក កឹម សុខា ដូចជា លោក យ៉ែម បុញ្ញឫទ្ធិ ជាដើម។ ក្នុងដំណើរទស្សនកិច្ចនេះ គេឃើញលោក កឹម សុខា ជួបសំណេះសំណាលជាមួយពលរដ្ឋ អាជីវករ អ្នកធ្វើការផ្នែកអនាម័យ និងឆ្មាំការពារប្រាសាទជាដើម។
មេធាវីការពារក្ដីលោក កឹម សុខា ម្នាក់ អ្នកស្រី ម៉េង សុភារី ឱ្យអាស៊ីសេរីដឹងថ្ងៃទី១៩ ខែកក្កដា ថា ចាប់តាំងពីតុលាការអនុញ្ញាតឱ្យលោក កឹម សុខា អាចធ្វើដំណើរចេញក្រៅផ្ទះបានពីឆ្នាំ២០១៩មក យូរៗម្ដង លោក កឹម សុខា បានចេញក្រៅផ្ទះដែរ ប៉ុន្តែមិនបានផ្សព្វផ្សាយជាសាធារណៈ។ អ្នកស្រីមេធាវីបន្តថា ការចេញក្រៅផ្ទះលោក កឹម សុខា ពេលនេះ គឺលោកចង់ឃើញការរស់នៅរបស់ពលរដ្ឋនិងចង់ស្រូបយកខ្យល់អាកាសខាងក្រៅ៖ «ធម្មតាមនុស្សយើងនៅក្នុងផ្ទះយូរ គឺតប់ប្រមល់ហើយណាមួយគាត់ចេញក្រៅផ្ទះ មើលទេសភាពមើលអីមើលជីវភាពប្រជាពលរដ្ឋផង ហើយក៏ចង់ស្រូបខ្យល់អាកាសបរិសុទ្ធអីផងដើម្បីសុខភាព»។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវសមត្ថកិច្ចសម្រុកចូលចាប់ខ្លួនទាំងកណ្ដាលអធ្រាត្រថ្ងៃទី០២ ឈានចូលថ្ងៃទី០៣ កញ្ញា ឆ្នាំ២០១៧ ក្នុងពេលដែលលោកកំពុងមានអភ័យឯកសិទ្ធិសភា។ ប៉ុន្តែកាលពីនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការក្រុងភ្នំពេញបានសម្រេចកែប្រែលក្ខខណ្ឌនៃកាតព្វកិច្ចមួយចំនួនសម្រាប់លោក កឹម សុខា។ តុលាការបានអនុញ្ញាតឱ្យលោក កឹម សុខា អាចធ្វើដំណើរបាននៅក្នុងប្រទេស ប៉ុន្តែមិនឱ្យហួសពីព្រំប្រទល់ដែនរបស់កម្ពុជាបានឡើយ ហើយក៏មិនឱ្យលោកធ្វើសកម្មភាពនយោបាយបាននោះដែរ។ ក្រៅពីនេះ តុលាការបានតម្រូវឱ្យលោកឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។
បន្ទាប់ពីទទួលបានសេរីភាពខ្លះៗឯកអគ្គរដ្ឋទូតប្រទេសប្រជាធិបតេយ្យធំៗក្នុងពិភពលោកបានបណ្ដាក់គ្នាចូលជួបសួរសុខទុក្ខជាបន្តបន្ទាប់ និងទាមទាររដ្ឋាភិបាលលោក ហ៊ុន សែន ទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា និងផ្ដល់សិទ្ធិនយោបាយ និងសេរីភាពពេញលេញដល់មេបក្សប្រឆាំងរូបនេះ។
លោក មុត ចន្ថា បានសរសេរលើហ្វេសប៊ុកលោកថា លោកប្រធាន កឹម សុខា តែងតែផ្សាខ្លួនភ្ជាប់ជាមួយនឹងជីវិតរស់នៅផ្ទាល់របស់ប្រជាពលរដ្ឋខ្មែរ ទោះបីស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ឱ្យតែគាត់មានលទ្ធភាព និងមានឱកាស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។