មេដឹកនាំ​បក្ស​ប្រឆាំង​រំពឹង​ថា​នឹង​មាន​ការ​លើកលែង​ទោស​ចំពោះ​សកម្មជន​នយោបាយ

មេដឹកនាំ​បក្ស​ប្រឆាំង​រំពឹង​ថា នឹង​មាន​ការ​លើកលែង​ទោស​ចំពោះ​មន្ត្រី​ជាន់ខ្ពស់ និង​សកម្មជន​នយោបាយ​ក្នុង​ដំណាក់​កាល​នៃ​ការ​សម្របសម្រួល​នយោបាយ​ចុង​ក្រោយ​នេះ។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ខណៈ​ដែល​លោក​បាន​អញ្ជើញ​សួរ​សុខទុក្ខ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក មាជ សុវណ្ណារ៉ា ក្នុង​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​១២ មីនា៖ «ក្រោយ​អំពី​ការ​អនុម័ត​ច្បាប់​បោះឆ្នោត ច្បាប់ គ.ជ.ប ចប់​ហើយ យើង​នឹង​លើក​បញ្ហា​នេះ​យក​មក​ជជែក​គ្នា ពីព្រោះ​កាល​ណា​យើង​មាន​ស្ថិរភាព​ហើយ យើង​មាន​ការ​សម្របសម្រួល​ហើយ យើង​ត្រូវ​តែ​សម្របសម្រួល​ឲ្យ​ចប់​ទាំង​អស់ ដើម្បី​កុំ​ឲ្យ​មាន​ផល​រមាស់​ទាំង​អស់​គ្នា ដើម្បី​រួម​គ្នា​កសាង​ប្រទេស​ទៅ​មុខ​ទៀត។ ជ្រើសរើស​សមាជិក គ.ជ.ប ៩​រូប​ហើយ​នឹង​ដាក់​ឲ្យ​សភា​ពេញ​អង្គ​ប្រជុំ​បោះឆ្នោត​អនុម័ត​លើ​សមាសភាព គ.ជ.ប ទាំង ៩​រូប​ហ្នឹង ថ្ងៃ​១៣ ខែ​៤ មុន​ចូល​ឆ្នាំ អ៊ីចុះ​ហើយ ចូល​ឆ្នាំ​ខ្ញុំ​សង្ឃឹម​ថា គ.ជ.ប ក៏​ថ្មី ច្បាប់​បោះឆ្នោត​ក៏​ថ្មី ហើយ​អ្នក​ដែល​មាន​ទោស​នយោបាយ​ហ្នឹង គឺ​ត្រូវ​បាន​ដោះលែង​មាន​សេរីភាព»

មន្ត្រី និង​តំណាងរាស្ត្រ​មួយ​ចំនួន ព្រមទាំង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ សរុប​ប្រមាណ ៥០​នាក់​បាន​ចូល​រួម​ក្នុង​ការ​សួរសុខ​ទុក្ខ​សកម្មជន​នយោបាយ​ដែល​កំពុង​តែ​ជាប់​ឃុំ ប៉ុន្តែ​មន្ត្រី និង​តំណាងរាស្ត្រ ៥​រូប​ប៉ុណ្ណោះ រួម​ទាំង​លោក កឹម សុខា ផង បាន​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ចូល​ជួប​លោក មាជ សុវណ្ណារ៉ា។

លោក មាជ សុណ្ណារ៉ា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ថា ជា​អ្នក​ដឹក​នាំ​កុប្បកម្ម និង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ក្បែរ​ស្ពាន​នាគ ជិត​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៤។ ជាមួយ​គ្នា​នោះ សកម្មជន​គណបក្ស ១០​នាក់​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដូច​គ្នា​នេះ​ដែរ​នៅ​ថ្ងៃ​បន្តបន្ទាប់។

តុលាការ​កំពូល​បាន​សម្រេច​នៅ​ព្រឹក​ថ្ងៃ​ទី​១១ មីនា មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា និង​សកម្មជន​បក្ស​មួយ​រូប​ទៀត គឺ​លោក អ៊ុក ពេជ្រសំណាង បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន តាម​ការ​ស្នើ​សុំ​របស់​មេធាវី​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។