សហមេធាវីការពារក្ដីលោក កឹម សុខា ទាំងបួនរូប បានដាក់លិខិតមួយច្បាប់ទៅប្រធានសាលាដំបូងរាជធានី ភ្នំពេញ ស្នើសុំបន្តសវនាការ លោក កឹម សុខា ឡើងវិញ ក្រោយតុលាការបានផ្អាកអស់រយៈពេលជិត ៨ខែ ដោយសារវិបត្តិជំងឺកូវីដ-១៩។ មន្ត្រីសិទ្ធិមនុស្ស ថា ការបន្តអូសបន្លាយពេលរបស់តុលាការបែបនេះ ធ្វើឱ្យប៉ះពាល់សិទ្ធិសេរីភាព និងការធ្វើនយោបាយរបស់ជនជាប់ចោទ។
សហមេធាវីការពារក្ដីលោក កឹម សុខា ប្រាប់ទៅប្រធានសាលាដំបូងរាជធានី ភ្នំពេញថា បច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ រដ្ឋាភិបាលគ្រប់គ្រងបានទាំងស្រុងហើយ។ លិខិតចុះថ្ងៃទី៥ ខែតុលា បន្តទៀតថា តុលាការក៏បានដំណើរការនីតិវិធីជំនុំជម្រះក្ដីរាល់ថ្ងៃដែរ។ អាស្រ័យហេតុនេះ ក្រុមមេធាវីស្នើសុំតុលាការបន្តដំណើរការជម្រះក្ដីសំណុំរឿងលោក កឹម សុខា ឡើងវិញឱ្យបានឆាប់ៗ។
មេធាវីម្នាក់ក្នុងចំណោមក្រុមមេធាវីការពារក្តីលោក លោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី ឱ្យអាស៊ីសេរីដឹងថ្ងៃទី៥ ខែតុលាថា លិខិតនេះក្រុមមេធាវីបានដាក់ចូលដល់តុលាការហើយ។ អ្នកស្រីរំពឹងថា តុលាការនឹងឆ្លើយតបជាវិជ្ជមានចំពោះសំណើនេះ៖ « បើផ្អែកលើស្ថានភាពដូចសហមេធាវីយើងខ្ញុំលើកឡើង ក្នុងលិខិតយើងគួរទទួលបានការឆ្លើយតបជាវិជ្ជមាន ដែលយើងចង់ដំណើរការសវនការបន្តទៀត ព្រោះផ្អាកតាំងពីខែ៣ មក » ។
សាលាដំបូងរាជធានី ភ្នំពេញបានសម្រេចផ្អាកសវនាការលោក កឹម សុខា ដោយគ្មានកាលកំណត់ព្រោះវិបត្តិជំងឺឆ្លងកូវីដ-១៩ តាំងពីខែមីនា។
ជុំវិញសំណើរបស់ក្រុមមេធាវី លោក កឹម សុខា នេះអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបពីប្រធានលេខាធិការដ្ឋានសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បាននៅឡើយទេនៅថ្ងៃទី៥ ខែតុលា ដោយទូរស័ព្ទហៅចូលគ្មានអ្នកទទួល។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមបណ្ឌិត សេង សារី យល់ថា ជម្លោះនយោបាយប៉ុន្មានឆ្នាំមកនេះគួរដល់ពេលរដ្ឋាភិបាលបន្ធូរដៃវិលចូលតុចរចាសម្របសម្រួលនយោបាយឡើងវិញ ដើម្បីប្រយោជន៍ជាតិ ខណៈសហគមន៍អន្តរជាតិចាប់ផ្ដើមដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើកម្ពុជា។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាលមិនបន្ធូរដៃទេ សហគមន៍អន្តរជាតិក៏អាចបន្ថែមទណ្ឌកម្មបន្តទៀតដែរ៖ « សន្លឹកមួយនេះអាស្រ័យលើរដ្ឋាភិបាល ហើយមើលឃើញថា ដល់ពេលដែលត្រូវបន្ធូរបន្ថយបរិយាកាសនយោបាយនៅកម្ពុជា » ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត សង្កេតឃើញថា សវនាការនានានៅតុលាការនៅតែមានដំណើរការធម្មតា ប៉ុន្តែប្លែកអីតែសវនាការលោក កឹម សុខា គឺតុលាការមិនបន្តនីតិវិធីឡើងវិញនៅឡើយ។ មន្ត្រីសិទ្ធិរូបនេះយល់ថា តុលាការគួរចាប់ផ្ដើម ដំណើរសវនាការសំណុំរឿងនេះឡើងវិញ៖ « អ្វីដែលសំខាន់យើងគិតថា តុលាការគួរពិនិត្យមើលពេលវេលាសមរម្យសម្រាប់សវនាការទាក់ទងឯកឧត្ដម កឹម សុខា ឡើងវិញ ពីព្រោះយើងឃើញថា ហើយយើងឃើញថា ទាំងឯកឧត្ដម កឹម សុខា ក៏រង់ចាំលទ្ធផលនៃសវនាការហ្នឹង ហើយអន្តរជាតិ ក៏ដូចជាមតិជាតិ ក៏តាមឃ្លាំមើលដែរ » ។
សំណើសុំបន្តសវនាការឡើងវិញ របស់ក្រុមមេធាវីលោក កឹម សុខា នៅពេលនេះជាលើកទី២ ហើយ លើកទី១ គឺនៅក្នុងខែមិថុនា ប៉ុន្តែត្រូវតុលាការបដិសេធដោយលើកហេតុផលថា ស្ថានភាពជំងឺកូវីដ១៩ មិនទាន់ធូរស្រាល។
ទោះយ៉ាងណា កាលពីខែកញ្ញាកាសែតដែលស្និទ្ធនឹងរដ្ឋាភិបាលឈ្មោះខ្មែរថាមស៍ (Khmer Times) បានចុះផ្សាយថា ក្នុងកិច្ចប្រជុំបិទទ្វារមួយរបស់គណៈរដ្ឋមន្ត្រី លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និយាយថា សំណុំរឿងរបស់លោក កឹម សុខា អាចពន្យារពេលរហូតដល់ឆ្នាំ២០២៤។ ប៉ុន្តែក្រោយមានរិះគន់ថា លោក ហ៊ុន សែន ថ្លែងដូច្នេះ គឺរំលោភអំណាចតុលាការ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ចេញមុខអះអាងថា ការសែតដកស្រងសំដីលោក ហ៊ុន សែន យកមកចុះផ្សាយខុស។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយចោទប្រកាន់ពីបទក្បត់ជាតិ កាលពីឆ្នាំ២០១៧។ ប៉ុន្តែកាលពីឆ្នាំ២០១៩ តុលាការបានបន្ធូរបន្ថយការត្រួតពិនិត្យខ្លះដោយអនុញ្ញាតអាចឱ្យធ្វើដំណើរក្នុងប្រទេស ប៉ុន្តែហាមធ្វើដំណើរទៅក្រៅប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។