មន្ត្រី​បក្ស​ប្រឆាំង​ថា ការ​បង្កើត​ក្រុម​វាយ​ប្រហារ​អ្នក​រិះគន់​របស់​បក្ស​កាន់​អំណាច ដោយសារ​បក្ស​នោះ​​ខ្លាច​សំឡេង​អ្នក​ប្រឆាំង

0:00 / 0:00

មន្ត្រី​គណបក្ស​ប្រឆាំង​ថា ការ​បង្កើត​ក្រុម​ស្នូល​ទប់ស្កាត់​ចរន្ត​ជ្រុលនិយម របស់​បក្ស​កាន់​អំណាច គឺ​ជា​ការ​បង្ហាញ​ថា មេ​ដឹកនាំ​គណបក្ស​មួយ​នេះ ខ្លាច​សំឡេង​អ្នក​រិះគន់ និង​សំឡេង​ប្រឆាំង។ ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​បែក​ធ្លាយ​លិខិត​មួយ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​បក្ស លោក ហ៊ុន សែន ឱ្យ​ចាត់តាំង​ក្រុម​ស្នូល ដើម្បី​ទប់ស្កាត់​ក្រុម​អ្នក​ប្រឆាំង​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។

ទោះ​បី​ជា​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​តុលាការ ដែល​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់​អំណាច ចាប់ឃុំឃាំង និង​គំរាម​កំហែង​មក​លើ​ក្រុម​អ្នក​ប្រឆាំង និង​អ្នករិះគន់ ឥត​ស្រាកស្រាន្ត​ក្ដី ក៏​លោក ហ៊ុន សែន ហាក់​មិន​ទាន់​ស្ងប់​ចិត្ត​នោះ​ឡើយ ដោយ​លោក​បាន​បង្កើត​ក្រុម​ស្នូល ឱ្យ​ទប់ស្កាត់​ជាមួយ​ក្រុម​អ្នក​ប្រឆាំង ដែល​លោក​ហៅ​ថា ជា​ចរន្ត​ជ្រុលនិយម។

ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ខេត្តប៉ៃលិន លោក ខឹម មុនីកុសល ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៦ ខែឧសភា ថា យុទ្ធសាស្ត្រ​បង្កើត​ក្រុម​ស្នូល​របស់​បក្ស​កាន់​អំណាច នេះ នឹង​មិន​អាច​យក​ឈ្នះ​សំឡេង​រិះគន់​បាន​ឡើយ ផ្ទុយ​ទៅ​វិញ វិធី​នេះ នឹង​ធ្វើ​ឱ្យ​ក្រុម​អ្នក​រិះគន់ ហ៊ាន​ចេញ​មុខ​កាន់តែ​ច្រើន ព្រោះ​ពួក​គេ​នឹង​ឃើញ​កាន់តែ​ច្បាស់ អំពី​ចរិត​នយោបាយ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្រើ​កលល្បិច​អាក្រក់ ដើម្បី​កម្ទេច​សំឡេង​រិះគន់ និង​គណបក្ស​ប្រឆាំង។

លោក ខឹម មុនីកុសល៖«វា​កាន់តែ​បង្ហាញ​ឱ្យ​ឃើញ​ថា របប​ដឹកនាំ ការ​ដឹកនាំ​របស់​ឪពុក និង​កូន​ហ្នឹង គឺ​ដឹកនាំ​តែ​របៀប​ហៅ​ថា ប្រើ​តែ​អំពើ​ឃោរឃៅ ប្រើ​អំពើ​ហិង្សា ហើយ​ហ្នឹង​ការ​គាប​សង្កត់ រំលោភ​សិទ្ធិមនុស្ស​ដូច​ខ្លឹមសារ​នៅ​ក្នុង​លិខិត​អ៊ីចឹង​ហ្នឹង។ តាម​កម្ចាត់ តាម​កំចាយ អ្នក​ប្រជាធិបតេយ្យ។ ដូច្នេះ​ហើយ ពួក​គាត់​ទៅ​ថ្ងៃ​ណា​មួយ វា​នឹង​ទទួល គេ​ហៅ​ថា ផល​ពី​អំពើ​ឧក្រិដ្ឋ ដែល​ពួក​គាត់​កំពុង​តែ​ធ្វើ​ហ្នឹង​ហើយ»។

ការ​លើក​ឡើង​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៧ ខែឧសភា បាន​សម្រេច​ឱ្យ​មាន​ការ​ចាត់តាំង​ក្រុម​ស្នូល ដើម្បី​ទប់ស្កាត់​សំឡេង​អ្នក​ប្រឆាំង ដែល​គណបក្ស​កាន់​អំណាច​ចោទ​ថា ជា​ចរន្ត​ជ្រុល​និយម។ ក្រុម​ស្នូល​នេះ មាន​លោក ម៉ៃ ហុងស្រៀង ជា​ប្រធាន និង​សមាជិក ៤រូប​ផ្សេង​ទៀត ដោយ​ពួក​គេ​មាន​ភារកិច្ច​ស្រាវជ្រាវ ទប់ស្កាត់​ចរន្ត​អ្នក​ប្រឆាំង និង​អ្នក​រិះគន់​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដែល​បក្ស​កាន់​អំណាច​អះអាង​ថា ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា។

ប្រធាន​ក្រុម​ស្នូល ដែល​បក្ស​កាន់​អំណាច​តែងតាំង គឺ​លោក ម៉ៃ ហុងស្រៀង គឺ​ជា​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច កាល​ពី​ឆ្នាំ២០២៣។ ក្រោយ​ពី​ចុះចូល​ហើយ លោក ម៉ៃ ហុកស្រៀង បាន​ងាក​មក​វាយ​ប្រហារ​បក្ស​ប្រឆាំង និង​អ្នក​ប្រជាធិបតេយ្យ ហើយ​រឹតតែ​ធ្ងន់ធ្ងរ​ជាង​នេះ លោក​បាន​ប្ដឹង​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ ខេត្តកំពង់ចាម លោក គា វិសាល ដាក់​ពន្ធនាគារ បន្ទាប់​ពី​អូសទាញ ឱ្យ​លោក គា វិលាស ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​មិន​បាន​សម្រេច។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​សុំ​ការ​បកស្រាយ​បាន​ទេ នៅ​ថ្ងៃ​ទី១៦ ខែឧសភា។

ជុំវិញ​រឿង​នេះ អ្នក​សិក្សា​កិច្ចការ​សង្គម និង​នយោបាយ លោក ប៉ោ មករា យល់​ឃើញ​ថា ការ​បង្កើត​ក្រុម​ស្នូល​របស់​គណបក្ស​កាន់​អំណាច យក​មក​ទប់ទល់​នឹង​ក្រុម​អ្នក​ប្រឆាំង នឹង​គ្មាន​ផល​ប្រយោជន៍​ដល់​ជាតិ និង​គណបក្ស​កាន់​អំណាច​ឡើយ។ លោក​បន្ត​ថា ផ្ទុយទៅវិញ យុទ្ធសាស្ត្រ​នេះ នឹង​ធ្វើ​ឱ្យ​វិបត្តិ​នយោបាយ​កាន់តែ​រីក​ធំ​ឡើង និង​មាន​អ្នក​រិះគន់​គណបក្ស​កាន់​អំណាច​កាន់តែ​ច្រើន។

លោក ប៉ោ មករា៖«ប្រសិន​បើ​យើង​មិន​ដឹង​ថា ការ​ជ្រុលនិយម​ហ្នឹង មាន​លក្ខខ័ណ្ឌ​អ្វី​ច្បាស់លាស់​ទេ អ៊ីចឹង​អាច​ថា មិនមែន​ជា​ដំណោះស្រាយ​សម្រាប់​ការ​ផ្សះផ្សា​ជាតិ មិនមែន​ជា​ដំណោះស្រាយ​សម្រាប់​ធ្វើ​ឱ្យ​ជាតិ​រីក​ចម្រើន​នោះ​ទេ»។

យ៉ាង​ណា​ក៏​ដោយ​ចុះ ការ​តាម​កម្ចាត់​អ្នក​ប្រឆាំង ដែល​លោក ហ៊ុន សែន ចោទ​ថា គឺ​ជា​ចរន្ត​ជ្រុលនិយម​នេះ ហាក់​ក្លាយ​ជា​សុបិន​អាក្រក់​មួយ ដែល​តាម​បន្លាច​លោក ហ៊ុន សែន ទោះ​បី​គ្រួសារ​របស់​លោក កំពុង​ក្ដោបក្ដាប់​អំណាច​កំពូលៗ ក៏​ដោយ។ ជាក់ស្ដែង កាល​ពី​ខែតុលា ឆ្នាំ២០២៣ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​គណបក្ស​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ទាំង២៧ ត្រៀម​ខ្លួន​កម្ចាត់​ក្រុម​អ្នក​នយោបាយ ដែល​លោក​ចោទ​ថា ជា​ក្រុម​ជ្រុល​និយម។

ក្រៅ​ពី​បង្កើត​ក្រុម​ស្នូល ដើម្បី​ទប់ទល់​នឹង​ក្រុម​អ្នក​ប្រឆាំង​ហើយ​នោះ រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​គេ​រក​ឃើញ​ថា ក៏​មាន​ក្រុម​អ្នក​លេង​ប្រើ​ហិង្សា​មក​លើ​អ្នក​ប្រឆាំង​នៅ​ក្រៅ​ប្រទេស និង​ក្រុម​រំខាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ នៅ​លើ​អ៊ីនធឹណិត​ផង​ដែរ។

មន្ត្រី​គណបក្ស​ប្រឆាំង​លើក​ឡើង​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គួរ​លះបង់​ទម្លាប់​ប្រើ​ក្រុម​ជើង​កាង​ឱ្យ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​តាម​យាយី​អ្នក​រិះគន់​ត​ទៅ​ទៀត ហើយ​ងាក​មក​បើក​ចិត្ត​ទទួល​យក​ការ​កែលំអ និង​រួបរួម​គ្នា​អភិវឌ្ឍ​ជាតិ ដើម្បី​ស្ដារ​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។