មន្ត្រីបក្សប្រឆាំងថា ក្រោយការដឹកនាំរយៈពេល ៦ខែ លោក ហ៊ុន ម៉ាណែត នៅមិនទាន់ស្ដារសេដ្ឋកិច្ចបាននៅឡើយទេ
2024.02.20

មន្ត្រីបក្សប្រឆាំងថាការដឹកនាំរយៈពេល ៦ខែរបស់លោក ហ៊ុន ម៉ាណែត នៅមិនទាន់ស្ដារសេដ្ឋកិច្ចបាននៅឡើយ ហើយពលរដ្ឋមួយចំនួនក៏កំពុងរស់នៅក្នុងស្ថានភាពលំបាកដោយសារការរំលោភបំពានសិទ្ធិមនុស្ស ដីធ្លី និងជំពាក់បំណុលវ័ណ្ឌកជាដើម។ ពួកគាត់ថាដើម្បីដោះស្រាយបញ្ហានេះរដ្ឋាភិបាលគួរតែដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដែលជាផ្នែកសំខាន់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាកាន់តែលឿនរហ័ស។
ប្រតិកម្មរបស់មន្ត្រីបក្សប្រឆាំងនេះ គឺជាការឆ្លើយតបទៅនឹងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ដែលបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៩ កុម្ភៈថា រដ្ឋាភិបាលបន្តវេនកំពុងអនុវត្តតាមគោលនយោបាយបញ្ចកោណ និងគោលនយោបាយ ៦ចំណុច រួមមាន ការពង្រីកសេវាសុខាភិបាល ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ និងការអភិវឌ្ឍកម្មវិធីជាតិជំនួយសង្គមជាដើម។ ក្នុងពេលជាមួយគ្នានោះ លោក ប៉ែន បូណា អះអាងថា រយៈពេល ៦ខែ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានសម្រេចសមិទ្ធផលជាច្រើន។
លោក ប៉ែន បូណា៖«រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលសកម្ម មានចក្ខុវិស័យច្បាស់លាស់ និងមានឆន្ទៈការងារខ្ពស់ រាជរដ្ឋាភិបាលដែលមានមេដឹកនាំវ័យក្មេង ប៉ុន្តែមានបទពិសោធន៍ចាស់ទុំ រាជរដ្ឋាភិបាលដែលបានប្រើពេលតិចតែទទួលបានសមិទ្ធផលច្រើន រដ្ឋាភិបាលដែលមានថ្នាក់ដឹកនាំចង់បង្ហាញលទ្ធផលជាជាងការនិយាយនឹងមាត់»។
ផ្ទុយពីការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលនេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ែន សុថាវរិន្ទ្រ កត់សម្គាល់ថា ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត កន្លងមកនេះបង្ហាញរូបភាព ច្រើនជាងលទ្ធផលជាក់ស្ដែង និងមិនទាន់អាចស្ដារសេដ្ឋកិច្ចបាននៅឡើយទេ។ លោក ម៉ែន សុថាវរិន្ទ្រ បន្តថា កម្ពុជាមានបញ្ហាសំខាន់ៗ ដែលកំពុងកើតមាន រួមមានដូចជា បញ្ហាអត់ការងារធ្វើ ការបិទទ្វាររោងចក្រ បញ្ហាគ្រឿងញៀន និងកង្វះទីផ្សារសម្រាប់កសិកម្មជាដើម។
លោក ម៉ែន សុថាវរិន្ទ្រ៖ «ហើយអសមត្ថភាពក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន គ្រឿងញៀនពេញមិនមែនរាប់គីឡូទេ គឺរាប់តោន ហើយអសមត្ថភាពក្នុងការដោះស្រាយប្រព័ន្ធយុត្តិធម៌ អសមត្ថភាពក្នុងការការពារធនធានធម្មជាតិដូចជាព្រៃឈើ រ៉ែ ភ្នំ កោះ បឹងបួ អសមត្ថភាពក្នុងការដោះស្រាយបញ្ហាកសិកម្មតម្លៃថោក ហើយអសមត្ថភាពក្នុងការដោះស្រាយសេវាសាធារណៈជូនប្រជាពលរដ្ឋ យឺតយ៉ាវ ហើយនៅឆ្ងាយ ហើយអំពើពុករលួយពេញ គាត់រៀបចំតែក្រុមគ្រួសារគាត់ ដាក់តែបក្ខពួកគាត់»។
លោក ម៉ែន សុថាវរិន្ទ្រ បន្តទៀតថា លោក ហ៊ុន ម៉ាណែត ក៏មិនទាន់បានដោះស្រាយវិបត្តិកម្ពុជានៅចំពោះសហគមន៍អន្តរជាតិដែរ រួមមានការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ការជួញដូរមនុស្ស និងការគ្មានតម្លាភាពលើមូលដ្ឋានកងទ័ពរាមជាដើម។
របាយការណ៍ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី១៣ ខែធ្នូ ព្យាករណ៍ថា ដើម្បីឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ រដ្ឋាភិបាលកម្ពុជាគួរតែពន្លឿនការកែទម្រង់សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពក្រីក្រ ហើយប្រទេសកម្ពុជាត្រូវរក្សាអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំយ៉ាងតិច ៧ភាគរយ។ ធនាគារពិភពលោកថា គិតត្រឹមឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះ ធ្វើឱ្យពលរដ្ឋខ្មែរជាង ១លាន ២សែននាក់ រស់នៅក្រោមបន្ទាត់ភាពក្រីក្រ ឬមានន័យថា មនុស្សម្នាក់រកចំណូលបានតិចជាង ២,៧ដុល្លារ ឬប្រមាណមួយម៉ឺនរៀលក្នុងមួយថ្ងៃ ខណៈដែលពលរដ្ឋខ្មែរចំនួនពាក់កណ្ដាលប្រទេសផ្សេងទៀត ចំណាយត្រឹមតែ ៤,១៥ដុល្លារ ឬប្រមាណ ១ម៉ឺន ៦ពាន់រៀល ឬតិចជាងនេះក្នុងមួយថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។