ខ្មែរ​នៅ​ក្រៅ​ប្រទេស​គាំទ្រ​ការ​វិល​ចូល​ស្រុក​ជា​ថ្មី​របស់​លោក សម រង្ស៊ី

0:00 / 0:00

ពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់​នៅ​ក្រៅ​ស្រុក​ភាគ​ច្រើន​នៅ​តែ​គាំទ្រ​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ថ្មី ប៉ុន្តែ​ពួក​ចង់​ឃើញ​មេ​ដឹក​នាំ​គណបក្ស​នេះ បង្ហាញ​យុទ្ធសាស្ត្រ​វិល​ត្រឡប់​មក​វិញ ឲ្យ​ច្បាស់លាស់​ជាង​មុន ។

អ្នក​រស់​នៅ​អូស្ត្រាលី (Australia) សហរដ្ឋអាមេរិក(United States) ជប៉ុន (Japan) កូរ៉េ​ខាង​ត្បូង (South Korea) និង​ប្រទេស​ថៃ (Thailand) នៅ​តែ​យល់​ថា ការ​ចូល​ស្រុក​របស់​លោក សម រង្ស៊ី គឺ​ជា​ជម្រើស​តែ​មួយ​គត់​ក្នុង​ការ​សង្គ្រោះ​កម្ពុជា​ពី​ក្រញាំ​ដៃ​លោក ហ៊ុន សែន ដែល​ដឹក​នាំ​ប្រទេស​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ ក្លាយ​ទៅ​ជា​របប​ផ្ដាច់ការ។ លោក វឿ ហេង នៅ​សហរដ្ឋ​អាមេរិក ប្រាប់​អាស៊ី​សេរី​ថា លោក​សប្បាយ​ចិត្ត​ពេល​បាន​ឮ​ការ​ប្រកាស​ជា​ថ្មី​របស់​លោក សម រង្ស៊ី បែបនេះ។ បុរស​វ័យ​ជាង ៨០ឆ្នាំ​រូប​នេះ​ប្រាប់​ថា ទោះ​អាយុ​លោក​ច្រើន​ពិបាក​ធ្វើ​ដំណើរ​ចូលរួម​ការ​ធ្វើ​មាតុភូមិ​និវត្ត​នេះ ប៉ុន្តែ​លោក​នឹង​ចូលរួម​គាំទ្រ​តាម​លទ្ធភាព​ដែល​លោក​អាច​ធ្វើ​បាន៖ « ខ្ញុំ​គាំទ្រ​ព្រោះ​មាន​តែ​មធ្យោបាយ​មួយ​ហ្នឹង​ទេ ខ្មែរ​យើង​រួបរួម​គ្នា​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ក្រោម​ដឹកនាំ​របស់​លោក​ប្រធាន​ស្ដីទី សម រង្ស៊ី បាន​យើង​បាន​ជោគជ័យ»

ស្រដៀង​គ្នា​នេះ​ដែរ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​អូស្ត្រាលី លោក ខៀវ តារា និយាយ​ថា លោក សម រង្ស៊ី ជា​តំណាង​ពលរដ្ឋ​ជិត​កន្លះ​ប្រទេស ដែល​ស្រែក​ឃ្លាន​យុត្តិធម៌ និង​កំពុង​រង់ចាំ​លោក សម រង្ស៊ី។ លោក​ថា រូប​លោក និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ស្រុក​ផ្សេង​ទៀត​កំពុង​សហការ​គ្នា​ក្នុង​វិល​ចូល​ស្រុក​វិញ។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​យល់​ថា ជា​ពេល​វេលា ដែល​ខ្មែរ​ត្រូវ​រួម​គ្នា​ក្រោក​ឈរ​ជួយ​ប្រទេស​កម្ពុជា ខណៈ​ប្រទេស​កំណើត​មួយ​នេះ​កំពុង​រង​ការ​បំផ្លាញ​គ្រប់​បែប​យ៉ាង​ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន ជាង ៤០ឆ្នាំ​មក​នេះ៖« មាន​តែ​សម័យ​យើង​ទេ មាន​តែ​យុវជន ដែល​អាច​ផ្លាស់​ប្ដូរ​របប​ដឹក​នាំ​សព្វថ្ងៃ​នេះ​បាន»

រីឯ​និស្សិត និង​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​លោក ស សុខេម ប្រាប់​ថា ទោះ​កាល​ពី​ថ្ងៃ ៩ វិច្ឆិកា ឆ្នាំ២០១៩ កន្លង​ទៅ លោក សម រង្ស៊ី មិន​បាន​ចូល​ស្រុក​ដូច​ការ​សន្យា​ក្ដី ប៉ុន្តែ​លោក​នៅ​តែ​មាន​ជំនឿ​លើ​លោក សម រង្ស៊ី ដោយ​លោក​សង្កេត​ឃើញ​ថា កាល​នោះ គឺ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ប្រើ​ល្បិច​គ្រប់​យ៉ាង​ក្នុង​ការ​រាំង​ផ្ទប់​ដំណើរ​មាតុភូមិ​និវត្ត​លោក សម រង្ស៊ី។ លោក ស សុខេម សង្កេត​ឃើញ​ទៀត​ថា ពលករ​ខ្មែរ​មួយ​ចំនួន​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ហាក់​មាន​ចិត្ត​សង្ស័យ ឬ​រក​ជម្រើស​ផ្សេង​ក្នុង​ការ​ជួយ​សង្គ្រោះ​កម្ពុជា​ក្រោយ​ពី ៩ វិច្ឆិកា ឆ្នាំ២០១៩ ដែល​លោក សម រង្ស៊ី មិន​អាច​ចូល​ស្រុក​បាន។ ប៉ុន្តែ​លោក​ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទី​នោះ នៅ​តែ​ព្យាយាម​ពន្យល់ និង​លើក​ចិត្ត​ដល់​ពលករ​ឱ្យ​មាន​ការ​ជឿជាក់​ដោយ​លោក​យល់​ថា គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​នោះ​ទេ៖« ក្នុង​ដំណាក់​កាល​នេះ​សម្រាប់​ខ្ញុំ​មិន​អាច​សង្ស័យ​បាន​ទេ​បើ​ទោះ​បី​មាន​ការ​ថ្លោះធ្លោយ​ក៏​នៅ​តែ​ទុក​ចិត្ត​ដដែល ដោយ​សារ​អី ព្រោះ​នេះ​ជា​ជម្រើស​តែ​មួយ»

ចំណែក​ពលករ​ខ្មែរ​ម្នាក់​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ លោក សុន សីហា ប្រាប់​ថា រូប​លោក​ផ្ទាល់ និង​ពលករ​ផ្សេង​ទៀត នៅ​រង់ចាំ​តែ​វត្ត​លោក សម រង្ស៊ី វិល​ចូល​ស្រុក​ប៉ុណ្ណោះ ហើយ​ពលករ​ទាំង​អស់​រួម​គ្នា​ទៅ​កម្ពុជា​វិញ ដើម្បី​ការ​ផ្លាស់​ប្ដូរ។ ទោះ​យ៉ាង​ណា ពលករ​រូប​នេះ​ចង់​ឃើញ លោក សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​គណបក្ស​មាន​ផែនការ​ច្បាស់លាស់ និង​ធ្វើ​ការងារ​ការ​ទូត​ជាមួយ​សហគមន៍​អឺរ៉ុប ប្រទេស​មហា​អំណាច និង​ប្រទេស​ជិត​ខាង​កម្ពុជា ដើម្បី​ឱ្យ​ការ​វិល​ចូល​ស្រុក​លើក​នេះ​ទទួល​បាន​ជោគជ័យ៖« យើង​ដែល​ជា​ពលករ​រង់ចាំ​តែ​លោក​ប្រធាន សម រង្ស៊ី ទេ ហើយ​ពួក​គាត់​ស្រេក​ឃ្លាន​ការ​ផ្លាស់ប្ដូរ​ពួក​គាត់​ចង់​បាន​មេ​ដឹក​នាំ​មួយ ដែល​គោរព​សិទ្ធិមនុស្ស»

ទន្ទឹម និង​ការ​បង្ហាញ​ជំហរ​គាំទ្រ​របស់​ពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​បែប​នេះ​ក្ដី ក៏​មាន​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ចំនួន ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ហាក់​នៅ​ស្ទាក់ស្ទើរ​ដោយ​មិន​សូវ​សង្ឃឹម​ថា លោក សម រង្ស៊ី អាច​ចូល​ស្រុក​បាន។

ចំពោះ​គម្រោង​វិល​ត្រឡប់​ទៅ​សង្គ្រោះ​កម្ពុជា​ជា​លើក​ទី​ពីរ​របស់​លោក សម រង្ស៊ី នេះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ចោទ​ប្រកាន់​ថា លោក សម រង្ស៊ី មិន​មែន​ជា​បេក្ខជន​សម្រាប់​ស្វែង​រក​ប្រជាធិបតេយ្យ​ឱ្យ​កម្ពុជា​ទេ ដោយ​លោក សម រង្ស៊ី ប្រើ​នយោបាយ​ហិង្សា។ ជាង​នេះ​ទៅ​ទៀត លោក​ថា គ្រប់​អាណត្តិ​នៃ​ការ​បោះ​ឆ្នោត លោក សម រង្ស៊ី តែងតែ​នាំ​អំពើ​ហិង្សា​បំបែក​បំបាក់​សាមគ្គី​ក្នុង​សង្គម​ខ្មែរ៖ « គាត់ ( លោក សម រង្ស៊ី ) បង្កើត​នៃ​ការ​បែក​បាក់​នៅ​ក្នុង​សង្គម​ខ្មែរ ដូច​ជា ការ​បង្កើត​របស់​គាត់​និយាយ​ពាក្យ​ថា មាន​សែន អត់​ស៊ី មាន​ស៊ី អត់​សែន»

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុណ្ណរ៉ា សង្កេត​ឃើញ​ថា ប្រទេស​ថៃ​នៅ​តែ​ជា​ច្រក​សំខាន់​សម្រាប់​លោក សម រង្ស៊ី ក្នុង​ការ​ឆ្លង​កាត់ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា លោក សម រង្ស៊ី ឬ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​ធ្វើ​ការងារ​ការ​ទូត​ជាមួយ​ប្រទេស​នេះ​នៅ​ឡើយ​ដែរ។ អ្នក​ឃ្លាំមើល​រូប​នេះ​យល់​ថា ការ​ប្រកាស​របស់​លោក សម រង្ស៊ី ពេល​នេះ​អាច​ជា​ផែនការ​ប្រមូល​សំឡេង​គាំទ្រ​របស់​ខ្លួន៖« បើ​តាម​ខ្ញុំ​គិត​គ្រាន់​តែ​ជា​ការ​ស្ទាបស្ទង់​ទេ យើង​មើល​យន្តការ​នៃ​ការ​ចរចា​របស់​គណបក្ស​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​ថៃ​អត់​មាន​អី​ប្រែប្រួល​ទេ ហើយ​ណា​មួយ​រដ្ឋាភិបាល​ក៏​អត់​មាន​ផ្លាស់ប្ដូរ​ថ្នាក់​ដឹក​នាំ​ថ្មី​ដែរ»

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ធ្វើ​ការងារ​ការ​ទូត និង​ធ្វើ​ការ​ជាមួយ​សកម្មជន​របស់​ខ្លួន​នៅ​ក្នុង និង​ក្រៅ​ប្រទេស ដើម្បី​អាច​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក​វិញ​បាន ប៉ុន្តែ​មិន​ទាន់​បង្ហាញ​ពេល​វេលា​ជាក់លាក់ ឬ​មធ្យោបាយ​នៃ​ការ​វិល​ចូល​ស្រុក​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។