សង្គម​ស៊ីវិល​និយាយ​ថា កម្ពុជា​ពុំ​ទាន់​មាន​សន្តិភាព​ពេញលេញ

ដោយ មួង ណារ៉េត
2019.09.21
វ​ទិវា​សន្តិភាព​ពិភពលោក ៦២២ មន្ត្រី​អង្គការ​សង្គមស៊ីវិល​ប្រារព្វ​ទិវា​សន្តិភាព​ពិភពលោក នា​ទីលាន​ប្រជាធិបតេយ្យ​ថ្មី នៅ​ថ្ងៃ​ទី២១ ខែ​កញ្ញា ឆ្នាំ​២០១៩។
RFA

នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា គឺជា​ទិវា​សន្តិភាព​អន្តរជាតិ។ សង្គម​ស៊ីវិល​លើកឡើង​ថា កម្ពុជា​ពុំ​ទាន់​មាន​សន្តិភាព​ពេញលេញ​នោះ​ទេ និង​ផ្ញើ​សារ​ឱ្យ​របប​ក្រុងភ្នំពេញ ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ។ រីឯ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ទទួលស្គាល់​ជា​លើកដំបូង​ថា សន្តិភាព របស់​កម្ពុជា ស្ថិត​ក្នុង​ស្ថានភាព​ផុយ​ស្រួយ ប៉ុន្តែ​នឹង​ខិតខំ​ថែ​រក្សា​ឱ្យ​បាន​តាមរយៈ​ការ​ពង្រឹង​ឯកភាព ការ​អនុវត្ត​វប្បធម៌​សន្ទនា និង​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​សហគមន៍ និង​ប្រជាពលរដ្ឋ​ប្រមាណ ២​រយ​នាក់ នាំគ្នា​ប្រារព្ធ​ទិវា​សន្តិភាព​ពិភពលោក​លើក​ទី​១៧ ក្រោម​ប្រធាន​សន្តិភាព​សម្រាប់​ទាំងអស់​គ្នា នៅ​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កញ្ញា។ អ្នកចូលរួម ថ្លែង​ស្រដៀងៗ គ្នា​ថា ប្រទេស​កម្ពុជា​ពុំ​មាន​ទាន់​សន្តិភាព​ពេញលេញ​នោះ​ទេ ព្រោះតែ​វិបត្តិ​នយោបាយ​ជាប់​គាំង ធ្វើ​ឱ្យ​បញ្ហា​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ធ្លាក់​ចុះ។

ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា និង​ជា​អ្នក​សម្របសម្រួល​នៃ​សហភាព​ផ្ទះ​សាមគ្គី លោក ទឹម ម៉ាឡៃ មាន​ប្រសាសន៍​ថា គោលបំណង​នៃ​ការ​ជួបជុំ​ប្រារព្ធ​ទិវា​នេះ គឺ​ចង់​ផ្ញើ​សារ​ដល់​អ្នកដឹកនាំ ប្រទេស និង​អ្នក​នយោបាយ ចរចា​គ្នា​បញ្ចប់​វិបត្តិ​នយោបាយ​រ៉ាំរ៉ៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ប្រជាពលរដ្ឋ​គ្រប់រូប គ្រប់​និន្នាការ​នយោបាយ​រស់នៅ​ដោយ​សុខដុមរមនា​ជាមួយ​។ លោក​ពន្យល់​ថា សន្តិភាព​ពេញលេញ គឺ​ត្រូវ​មាន​ទាំង​សន្តិភាព​ផ្លូវកាយ និង​សន្តិភាព​ផ្លូវចិត្ត តែ​សព្វថ្ងៃ​នេះ​ប្រជា ពលរដ្ឋ​កម្ពុជា នៅ​តែ​មាន​អារម្មណ៍​ភ័យខ្លាច មិន​ស្ងប់​សុខ​ក្នុង​ចិត្ត ដោយសារតែ​បញ្ហា​នយោបាយ ការ​គំរាមកំហែង ការ​ចាប់​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌ និង​បញ្ហា​អសន្តិសុខ​សង្គម​ជាច្រើន​ទៀត៖ «»

នៅ​ក្នុង​ថ្ងៃ​ទិវា​សន្តិភាព​អន្តរជាតិ​នេះ មេដឹកនាំ​របប​ក្រុងភ្នំពេញ ក៏​បាន​ចេញ​សារលិខិត​ចូលរួម​អប អរសាទរ​ផង​ដែរ ដោយ​បាន​ឡើង​នូវ​គោលនយោបាយ​ឈ្នះៗ របស់​រដ្ឋាភិបាល ដើម្បី​ផ្ដួល​រលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បី​ទទួល​បាន​សន្តិភាព និង​បាន​ឈាន​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​។ ទោះ​យ៉ាងណា​ក្តី លោក ហ៊ុន សែន បាន​ប្រកាស​ទទួលស្គាល់​ជា​លើកដំបូង​ថា សន្តិភាព របស់​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ផុយ​ស្រួយ ប៉ុន្តែ​លោក​បន្ទោស​ថា មកពី​មានការ​គំរាមកំហែង ការ​យាយី និង​ការ​អន្តរាគមន៍​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​កម្ពុជា​ពី​សំណាក់​បណ្ដា​ប្រទេស​មហាអំណាច និង​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន ក្រោម​លេស​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។ ក្នុង​សារលិខិត​នោះ លោក ហ៊ុន សែន ក៏​ប្ដេជ្ញា​ថែរក្សា​ការពារ​សន្តិភាព ដែល​មាន​ស្រាប់ និង​ពង្រឹង​ឯកភាព​ជាតិ អនុវត្ត​វប្បធម៌​សន្ទនា ការ​គោរព​ច្បាប់ ដោយ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​ទប់ស្កាត់​នូវ​អ្វី ដែល​របប​លោក​ចាត់​ទុក​ថា ជា​ឧបាយកល និង​ការប៉ុនប៉ង​គ្រប់​រូបភាព ដែល​មាន​គោលបំណង​ធ្វើ​ឱ្យ​ប្រទេសជាតិ​ធ្លាក់​ក្នុង​ស្ថានភាព​វឹកវរ និង​អស្ថិរភាព។

ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា ស្វាគមន៍​គំនិត​របស់​លោក ហ៊ុន សែន ដែល​អំពាវនាវ​ចង់​ឱ្យ​ថែរក្សា​សន្តិភាព ប៉ុន្តែ​ប្រសិនបើ​ការ​ថែរក្សា​សន្តិភាព តាមរយៈ​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​ពលរដ្ឋ​ខ្មែរ មួយ​ក្រុម​ឬ គណបក្សប្រឆាំង គឺ​មានន័យថា មិន​អាច​ថែរក្សា និង​ធ្វើ​សន្តិភាព​ឱ្យ​បាន​ពេញលេញ​នោះ ទេ​។ ម្យ៉ាងវិញទៀត អ្វី​ដែល​សហគមន៍​អន្តរជាតិ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង ការ​គោរព​សិទ្ធិមនុស្ស​វិញ​នោះ មិនមែន​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ឡើយ៖ «»

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍ថា សន្តិភាព​មួយ​ដែល​គ្មាន​ការ​គោរព​សិទ្ធិមនុស្ស គ្មាន​លទ្ធិប្រជាធិបតេយ្យ និង​យុត្តិធម៌ គឺជា​សន្តិភាព​ដែល​គ្មាន​និរន្តរភាព​នោះ​ទេ​។ លោក​ចង់​ឃើញ​កម្ពុជា មានការ​គោរព​សិទ្ធិមនុស្ស កសាង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ និង​សង្គម​មាន​យុត្តិធម៌ ពីព្រោះ​បញ្ហា​ទាំង​បី​នេះ​នៅតែ​ប្រឈម​ខ្លាំង​នៅឡើយ​សម្រាប់​កម្ពុជា៖ «»

ទោះបី​លោក ហ៊ុន សែន ប្រកាស​ចង់​រក្សា​សន្តិភាព​ក៏ដោយ ក៏ប៉ុន្តែ លោក ហ៊ុន សែន បាន​គំរាម​កម្ទេច​គណបក្ស​ប្រឆាំង​ឱ្យ​ដល់​ឫសគល់ ទោះ​ក្នុង​រូបភាព​ណា​ក៏​ដោយ ជាពិសេស​លោក​បាន​ប្រកាស​ព្រមាន​បិទ​ផ្លូវ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទៀត​ផង​។ ក្នុង​រយៈពេល ៩​ខែ នៃ​ឆ្នាំ​២០១៩ នេះ អាជ្ញាធរ​របប ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​សរុប ២៧​នាក់ ដាក់​ក្នុង​ពន្ធនាគារ និង​បាន​កោះហៅ​សកម្មជន​បក្ស​ប្រឆាំង​ទៅ​សាកសួរ កើន​ដល់ ១៥៦នាក់។

សង្គម​ស៊ីវិល​ព្រួយបារម្ភ​ថា ប្រសិនបើ​គណបក្ស​កាន់អំណាច នៅ​បន្ត​សារ​នយោបាយ​ហិង្សា និង បង្ក្រាប​ឥត​ឈប់ឈរ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ព្រមាន​ងើបឈរ​តវ៉ា​ទម្លាក់​លោក ហ៊ុន សែន ចេញពី​អំណាច​តែ​របៀប​នេះ​រហូត គឺ​សន្តិភាព​កម្ពុជា​មិន​គង់វង្ស​ឡើយ ហើយ​ងាយ​នឹង​ផ្ទុះ​សង្គ្រាមស៊ីវិល​ជាថ្មី​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។