ពលរដ្ឋ​បន្ត​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន នៅ​ថ្ងៃ​ទី២

ដោយ សុជីវី
2020.08.02
រ៉ុង ឈុន ៩២២ សកម្មភាព​ពលរដ្ឋ​​ភាគច្រើន​ជា​យុវជន សហជីព កម្មករ​រោងចក្រ និង​គ្រូបង្រៀន ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា ទាមទារ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​សីហា ២០២០ ឱ្យ​ដោះលែង លោក រ៉ុង ឈុន។
រូប​ពី​ហ្វេសប៊ុក Ma Chettra

ពលរដ្ឋ​ជាង ១០០​នាក់​ដែល​ភាគច្រើន​ជា​យុវជន សហជីព កម្មករ​រោងចក្រ និង​គ្រូបង្រៀន​ជាដើម បាន​បន្ត​ប្រមូល​ផ្តុំ​គ្នា​តវ៉ា ទាមទារ​នៅមុខ​សាលាដំបូង​រាជ ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០២ ខែ​សីហា ឱ្យ​ដោះលែង លោក រ៉ុង ឈុន។ មន្ត្រី​សង្គម​ស៊ីវិល សង្កេត​ឃើញ​ថា អ្វី​ដែល​លោក រ៉ុង ឈុន បាន​ធ្វើ​មិនមែន​ជា​អំពើ​ញុះញង់​ទេ ប៉ុន្តែ​ជា​សិទ្ធិ​ស្របច្បាប់​ក្នុងនាម​ជា​ពលរដ្ឋ​ក្នុង​សង្គម​ប្រជាធិបតេយ្យ និង​ស្នើ​ឱ្យ​មានការ​ទម្លាក់​ចោល​ការ​ប្រកាន់​ព្រមទាំង​ដោះលែង លោក រ៉ុង ឈុន ជា​បន្ទាន់។

អ្នក​តវ៉ា នៅតែ​លើកឡើង​ថា លោក រ៉ុង ឈុន ជា​អ្នកស្នេហាជាតិ​ពិតប្រាកដ និង​ចាត់ទុកជា​រឿង​អយុត្តិធម៌ ដែល​តុលាការ​បាន​ចោទប្រកាន់​និង​ឃុំខ្លួន​លោក រ៉ុង ឈុន។ ពួកគេ​ទាមទារ​ឱ្យ​ដោះលែង លោក រ៉ុង ឈុន ជា​បន្ទាន់ និង​គ្មាន​លក្ខខណ្ឌ។

ក្មួយប្រុស​លោក រ៉ុង ឈុន យុវជន រ៉ុង វិជ្ជា និយាយ​ក្នុង​ពេល​ទាមទារ​នោះ​ថា លោក រ៉ុង ឈុន តែងតែ​ចំណាយ​ពេលវេលា និង​កម្លាំងកាយ​ចិត្ត​ចូលរួម​ជាមួយ​ពលរដ្ឋ កម្មករ​កម្មការិនី​រោង និង ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ដើម្បី​ទាមទារ​យុត្តិធម៌​។ លោក​ថា អ្វី​ដែល​លោក រ៉ុង ឈុន បាន​ធ្វើ​មែន​ជា​អំពើ​ខុសច្បាប់​ឡើយ និង​អះអាង​ថា ពួក​លោក នឹង​បន្ត​ទាមទារ​រហូត​មានការ​ដោះលែង​លោក រ៉ុង ឈុន៖ «យើង​ឈឺចាប់​ណាស់​ចំពោះ​អាជ្ញាធរ​ចាប់​អ្នកស្នេហាជាតិ អ្នក​ដែល​ការពារ​ផលប្រយោជន៍​ជាតិ ទាមទារ​បន្ត​ទៀត​រហូត​មាន​ដំណោះស្រាយ​ជូន​លោក រ៉ុង ឈុន»

ស្ត្រី​ម្នាក់ទៀត​ដែល​ចូលរួម​ក្នុង​ការ​ទាមទារ​នេះ ថ្លែង​ថា មួយ​ជីវិត​របស់ លោក រ៉ុង ឈុន គឺ​លោក​ធ្វើ​ដើម្បី​ពលរដ្ឋ​និង​សង្គម សូម្បី​ប្រពន្ធ​ក៏​លោក​មិន​យក​ដែរ ដូច្នេះ​លោកស្រី ទាមទារ​ឱ្យ​ដោះលែង​លោក លោក រ៉ុង ឈុន៖ «គាត់​ស្នេហា​ជាតិ​សូម្បី​ប្រពន្ធ​គាត់​អត់​យក​ផង»

អ្នក​ទាមទារ​ម្នាក់​ទៀត​ប្រាប់​ថា លោកស្រី​តែង​ឃើញ​លោក រ៉ុង ឈុន បាន​ចូលរួម​ជាមួយ​កម្មករ​រោងចក្រ និង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី។ លោកស្រី យល់​ថា ការងារ​លោក រ៉ុង ឈុន បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​ពលរដ្ឋ៖ «គាត់​ជួយ​កម្មករ​រោងចក្រ​ច្រើន​ណាស់​ហើយ​គាត់​បាន​ជួយ​រឿង​ដីធ្លី​ជាច្រើន​ជួយ​ពលរដ្ឋ​ច្រើន​ណាស់ អ៊ីចឹង​សូម​ដោះលែង​គាត់»

ជាមួយ​គ្នា​នេះ កម្មករ​រោងចក្រ​វ៉ាយអូលែ​ត អាប់ភែរៀល (VIOLET APPAREL) ម្នាក់​ប្រាប់​ថា លោកស្រី​យល់ថា ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន ជា​រឿង​អយុត្តិធម៌​។ លោកស្រី​ប្រាប់​ថា ក្រុម​កម្មករ​ត្រូវការ​លោក រ៉ុង ឈុន ដើម្បី​ចូលរួម​ទាមទារ​រដ្ឋាភិបាល និង​ថៅកែ គោរព​សិទ្ធិ និង​គិតគូរ​ពី​ផល​ប្រយោជន៍​កម្មករ៖ «ពេល​កម្មករ​ត្រូវការ​ដំឡើង​ប្រាក់ខែ​អីចឹង​ទៅ​គាត់​ចេញ​មុន​មក​ជួយ​កម្មករ ពួក​យើង​ត្រូវការ​លោកគ្រូ រ៉ុង ឈុន ណាស់ ពួក​យើង​អត់​អាច​ខ្វះ​គាត់​បានទេ»

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០១ ខែ​សីហា សម្រេច​ឃុំខ្លួន លោក រ៉ុង ឈុន បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព សរសេរ​លើ​ហ្វេសប៊ុក​ថ្ងៃ​ទី២ ខែ​សីហា ថា ជន​ណា​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ករណី​ព្រំដែន​គឺជា​អំពើ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម​តាម​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ លោក​ចោទ​ប្រកាន់​ថា លោក រ៉ុង ឈុន បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​តាមរយៈ​សកម្មភាព​ផ្សព្វផ្សាយ​លើ​ហ្វេសប៊ុក ផ្ទាល់ខ្លួន​អំពី​ព័ត៌មាន​មិន​ពិត​ទាក់ទង​នឹង​ករណី​ព្រំដែន ដូច​អ្វី​ដែល​មាន​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ហេតុនេះ​ទើប​សមត្ថកិច្ច ចាត់វិធានការ​ច្បាប់​។

ប៉ុន្តែ​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា ការ​លាតត្រដាង​និង​ការ​បង្ហាញ​របាយការណ៍​របស់​លោក រ៉ុង ឈុន ពាក់ព័ន្ធ​បញ្ហា​ការបាត់បង់​ដីធ្លី​របស់​ពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ គឺជា​ការសម្ដែង​មតិស្រប​តាមច្បាប់​នៅ​ក្នុង​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ មិនមែន​ជា​អំពើ​ញុះញង់​ទេ​។ លោក​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​នឹង​ចេញ​របាយការណ៍​រួម​មួយ​ស្នើ​ឱ្យ​មានការ​ទម្លាក់​ចោល​ការ​ប្រកាន់ និង​ដោះលែង លោក រ៉ុង ឈុន៖ «យើង​នៅតែ​បន្ត​ឃ្លាំមើល​នីតិវិធី​នៅ​តុលាការ ទាំង​ដំណើរការ​ទាមទារ​តវ៉ា​ហើយ​ទន្ទឹម​ហ្នឹង​ខាង​អង្គការ​សង្គម​ស៊ីវិល យើង​ក៏​កំពុង​រៀបរៀង​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ដើម្បី​សុំ​ឱ្យ​មាន​មានការ​ទម្លាក់​ចោលការ​ប្រកាន់​ហើយ និង​ដោះលែង​គាត់​ឱ្យ​សេរីភាព​ឡើងវិញ»

សកម្មភាព​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន នៅ​ល្ងាច​ថ្ងៃ​ទី​២ ខែ​សីហា កាន់​តែ​មាន​មនុស្ស​ចូលរួម​ច្រើន​ឡើងៗ ហើយ​ក្រុម​អ្នក​តវ៉ា អះអាង​ថា ពួកគាត់​នឹង​នៅតែ​បន្ត​តវ៉ា ដោយ​មិន​រាថយ​ឡើយ និង​សរសេរ​លិខិត​ទៅ​អង្គការ​សង្គម​ស៊ីវិល​នានា ឱ្យ​ជួយ​អន្តរាគមន៍ រហូត​ទាល់តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះលែង​លោក រ៉ុង ឈុន ឱ្យ​មាន​សេរីភាព​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។