ពលរដ្ឋ​បន់ស្រន់​សុំ​ឲ្យ​អ្នក​នយោបាយ​ផ្សះ​ផ្សា​គ្នា ដើម្បី​ប្រយោជន៍​ជាតិ

0:00 / 0:00

ប្រជា​ពលរដ្ឋ និង​សកម្មជន​មួយ​ចំនួន​អះអាង​ថា ពួក​គេ​ចង់​ឃើញ​នយោបាយ​ខ្មែរ​ទាំង​អស់​បន្ទន់​ចិត្ត ងាក​រក​តុ​ចរចា​គ្នា ដើម្បី​ជួយ​ដល់​ប្រជា​ពល​រដ្ឋ និង​រក្សា​សុខ​សន្តិ​ភាព​ពិត​ប្រាកដ​ នៅ​ក្រោយ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ។ ទោះ​ជា​យ៉ាង​ណា គណបក្ស​កាន់​អំណាច​ថា មក​ទល់​ពេល​នេះ​គ្មាន​អ្វី​ត្រូវ​ចរចា​ទៀត​ទេ ព្រោះ​នយោបាយ​កម្ពុជា​កំពុង​ដំណើរ​ការ​ទៅ​ដោយ​រលូន។

កម្មការិនី​រោង​ចក្រ នៅ​រាជ​ធានី​ភ្នំពេញ លោកស្រី ពេជ្រ កែវចិន្តា ឲ្យ​អាស៊ី​សេរី​ដឹង​ថា លោក​ស្រី​បាន​ប្រគេន​ចង្ហាន់​ដល់​ព្រះ​សង្ឃ​ចំនួន ៣វត្ត​មក​ហើយ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​សាច់​ញាតិ​ដែល​បាន​ចែក​ឋាន​ទៅ និង​បន់​ស្រន់​សុំ​សេចក្ដី​សុខ​ដល់​ក្រុម​គ្រួសារ​ផង​ដែរ។ លោកស្រី​បន្ត​ថា លោកស្រី​ក៏​បាន​បន់​សុំ​ទេវតា​ឲ្យ​បន្ទន់​ចិត្ត​អ្នក​នយោបាយ​ទាំង​អស់ ឲ្យ​ដោះ​ស្រាយ​គ្នា​ដោយ​សន្តិ​វិធី ងាក​រក​តុ​ចរចា ដើម្បី​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ដែល​កំពុង​ជួប​ការ​លំបាក ដោយ​សារ​វិបត្តិ​សេដ្ឋ​កិច្ច និង​បញ្ហា​នយោបាយ​នេះ​ផង​ដែរ៖ « ខ្ញុំ​បាន​បន់ស្រន់​ដែរ សុំ​ឲ្យ​ថ្នាក់​ដឹកនាំ​ទាំងអស់ ឲ្យ​គាត់​ហ្នឹង​ផ្សះផ្សា​គ្នា ឲ្យ​ចាប់​ដៃ​គ្នា​ធ្វើ​ម៉េច​ឲ្យ​ពាក្យ​ដែល​គាត់​សរសេរ​ហ្នឹង មាន​សន្តិភាព​អញ្ចឹង​ឲ្យ​ដូច​អក្សរ​ដែល​គាត់​សរសេរ​បិទ​នៅ​តាម​ជញ្ជាំង នៅ​តាម​រោង​ចក្រ ឬ​ក៏​តាម​អី​អញ្ចឹង កុំ​ឲ្យ​តែ​សរសេរ​ថា មាន​សន្តិភាព ប៉ុន្តែ​កម្មករ ឬ​ក៏ប្រ​ជា​ជន​នៅ​ក្នុង​ប្រទេស​ហ្នឹង​មាន​ការ​លំបាក​អញ្ចឹង។ នយោបាយ​ប៉ះ​ពាល់​ទៅ​ដល់តែ​ប្រជា​ជនឬក៏​កម្មករ​ហ្នឹង​ហ្មង។ សូម​ឲ្យ​គាត់​ហ្នឹង ធ្វើ​ម៉េច​ឲ្យ​គាត់​ហ្នឹង​ត្រូវ​គ្នា កុំ​ឲ្យ​នយោបាយ​ហ្នឹង​មក​បំបែក​បំបាក់ ហើយ​ប៉ះ​ពាល់​ណាស់ ប៉ះពាល់​ទៅ​ដល់​កម្មករ​ហើយ​នឹង​ប្រជាជន​គាត់​ដដែល »

ចំណែក​ពលរដ្ឋ​រស់នៅ​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល លោក ចាន់ តុន បញ្ជាក់​ថា លោក​បាន​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ដល់​អ្នក​ស្នេហា​ជាតិ​ទាំង​អស់ ដែល​បាន​ពលី​ដោយសារ​ជាតិ និង​សូម​ឲ្យ​ពួកគេ​ថែរក្សា​អ្នក​ដែល​រស់​រាន​​មាន​ជីវិត​ដែល​តស៊ូ​ ដើម្បី​ទឹកដី និង​ប្រយោជន៍​សង្គម។ លោក​បន្ត​ថា លោក​បន់​ស្រន់​សុំ​ឲ្យ​រដ្ឋាភិបាល​បន្ទន់​ឥរិយាបថ បញ្ឈប់​ការ​ចាប់​ចង គំរាម​កំហែង​ប្រជា​ពលរដ្ឋ ដោយ​ដោះ​លែង លោក រ៉ុង ឈុន និង​យុវជន សកម្មជន​ដទៃ​ទៀត​ដែល​កំពុង​ជាប់​ឃុំ​ផង​ដែរ។ លោក​បន្ថែម​ថា រដ្ឋាភិបាល​គួរ​បញ្ចប់​បញ្ហា​នយោបាយ ​ដោយ​ងាក​រក​តុ​ចរចា​គ្នា ដើម្បី​សង្គ្រោះ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច និង​ការ​បាត់​បង់​ការងារ៖ « ខ្ញុំ​ក៏​សុំ​បួង​សួង​ឲ្យ​អ្នក​នយោបាយ​ទាំង​អស់​បន្ទន់​ឥរិយាបថ​រក​គ្នា ដើម្បី​ធ្វើ​យ៉ាង​ម៉េច​រំដោះ​ប្រជាជន​ខ្មែរ​ហ្នឹង កុំ​ឲ្យ​លាប​ពណ៌​គ្នា។ ជា​គោល​បំណង គឺ​ចង់​ឲ្យ​សុខ​សន្តិភាព​ទាំង​ផ្លូវ​កាយ ផ្លូវ​ចិត្ត។ បើ​កាល​ណា​គាត់​នៅតែ​អញ្ចឹង​ទេ ប្រជាជន​ខ្មែរ​នឹង​ជួប​ផល​លំបាក ដោយសារ​អ្នក​នយោបាយ​មិន​ត្រូវ​រ៉ូវ​គ្នា ធ្វើ​ឲ្យ​គេ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ហ្នឹង »

ដោយឡែក ប្រធាន​ប្រតិបត្តិ​ខេត្ត​ប៉ៃលិន​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ អ្នកស្រី វ៉ែន ដារ៉ា មាន​ប្រសាសន៍​ថា ទោះបី​អ្នកស្រី​មិន​បាន​ទៅ​ស្រុក​កំណើត ជួប​ជុំ​កូន​ចៅ​​ពិត​មែន តែ​អ្នកស្រី​ក៏​បាន​វេច​បាយ ម្ហូប ជា​ចង្ហាន់​ប្រគេន​ដល់​ព្រះសង្ឃ និង​បួងសួង​ដល់​ទេវតា​ឲ្យ​ជួយ​ថែរក្សា​ដល់​ពលរដ្ឋ​ខ្មែរ​ផង​ដែរ។ អ្នកស្រី​បន្ត​ថា អ្នក​ស្រី​បាន​បន់​ស្រន់​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​រួបរួម​គ្នា មិន​គិត​ពី​និន្នាការ​នយោបាយ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាតិ។ អ្នក​ស្រី​ចង់​ឲ្យ​អ្នក​នយោបាយ​ទាំង​អស់​សហការ​គ្នា ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​វត្តមាន​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ មាន​សុខ​សន្តិភាព​ពិត​ប្រាកដ មិនមែន​សុខ​សន្តិភាព​ត្រឹម​តែ​ក្រុម​គ្រួសារ​អ្នក​មាន​អំណាច​នោះ​ទេ៖ « រដ្ឋាភិបាល​សព្វ​ថ្ងៃ គឺ​ឲ្យ​តែ​សុខ​ក្រុម​គ្រួសារ​គាត់ សុខ​អ្នកធំ​ប៉ុន្មាន​អ្នក​ហ្នឹង គឺ​គាត់​ថា សុខ​ហើយ។ ហ្នឹង​មិន​មែន​ជា​ជំហរ គាត់​ថា នីតិរដ្ឋ តែ​នីតិ​រដ្ឋ​តែ​មាត់​ហ្នឹង តែ​អត់​មាន​ការ​អនុវត្ត គ្មាន​ផង​ហ្នឹង។ ខ្ញុំ​បន់​ចង់​បាន​ឲ្យ​ប្រទេស​បាន​សុខ​ស្រួល​នឹង​គេ ឲ្យ​មាន​សុវត្ថិភាព​តាំង​ពី​សន្តិសុខ តាំង​ពី​ស្អី​គ្រប់​បែប​យ៉ាង​ឲ្យ​បាន​នូវ​សុខ​សន្តិភាព​របស់​ប្រជា​ពលរដ្ឋ អត់​ចង់​ឃើញ​ការ​បំផ្លិច​បំផ្លាញ​ប្រទេស ហើយ​ប្រមូល​ផល​ប្រយោជន៍​ទៅ​ឲ្យ​ប្រទេស​គេ »

ឆ្លើយ​តប​នឹង​ក្តី​បំណង​របស់​ពលរដ្ឋ​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​រលាយ​តាម​អំណាច​សាលដីកា​​តុលាការ​កំពូល​រួច​ទៅ​ហើយ ដូច្នេះ​គ្មាន​អ្វី​ត្រូវ​និយាយ​រឿង​ចរចា​ទៀត​ទេ។ លោក​បន្ត​ថា ប្រសិន​បើ​ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ធ្វើ​នយោបាយ​ឡើង​វិញ ពួក​គេ​​ត្រូវ​តែ​សុំ​សិទ្ធិ​នយោបាយ ហើយ​អាច​បង្កើត​គណបក្ស​ថ្មី​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ៖ « តុលាការ​កំពូល​បាន​កាត់​សេចក្ដី ហើយ​បាន​ចេញ​​សាល​ដីកា​ស្ថាពរ និង​បិទ​ផ្លូវ​តវ៉ា អញ្ចឹង​អត់​មាន​ការ​ចរចា​ណាមួយ​ផ្នែក​នយោបាយ ដើម្បី​ឲ្យ​អតីត​បក្ស​ប្រឆាំង​រស់​ឡើង​វិញ​ទេ »

ដោយ​ឡែក​ ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ប្រធាន​គណបក្ស​នេះ គឺ​លោក កឹម សុខា បាន​ថ្លែង​នៅ​ពេល​ថ្មីៗនេះ​ថា កម្ពុជា​គួរ​តែ​មាន​ការ​ផ្សះផ្សា​ជាតិ និង​ឯកភាព​ជាតិ ក្នុង​ស្ថាន​ភាព​ដែល​ពិភព​លោក​ជួប​ប្រទះ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩។ លោក​ កឹម សុខា សង្កត់​ធ្ងន់​ថា ​លោក​គួរ​តែ​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ ដើម្បី​ចូល​រួម​បម្រើ​មាតុភូមិ និង​ប្រជា​ពលរដ្ឋ។ ជាពិសេស​ លោក​ចង់​ចូល​រួម​រក​ដំណោះ​ស្រាយ​បញ្ហា​ប្រឈម​ដ៏​សំខាន់​បំផុត គឺ​ជីវភាព​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​ដោយសារ​បញ្ហា​សេដ្ឋកិច្ច​កម្ពុជា​ផ្ទាល់ និង​ឥទ្ធិពល​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។