ពលរដ្ឋចង់ឃើញវត្តមានលោក សម រង្ស៊ី នៅកម្ពុជា តាមការប្រកាសធ្វើមាតុភូមិនិវត្តន៍ជាលើកទី២ របស់លោកប្រកាស កាលពីយប់ថ្ងៃទី១៩ ខែកញ្ញា។ ពួកគេចង់ឲ្យរដ្ឋាភិបាលបន្ធូរបន្ថយការចាប់ចងសកម្មជន ឬប្រជាពលរដ្ឋ បន្ទាប់ពីមានការប្រកាសធ្វើមាតុភូមិនិវត្តន៍របស់មេបក្សប្រឆាំងរូបនេះ។
បុគ្គលិកក្នុងរោងចក្រមួយនៅខេត្តព្រះសីហនុ លោក សៅ វណ្ណារ៉ា ឲ្យដឹងថា ការប្រកាសធ្វើមាតុភូមិនិវត្តន៍ជាលើកទី២ របស់លោក សម រង្ស៊ី គឺជារឿងល្អសម្រាប់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋ ប៉ុន្តែលោកចង់ឃើញមេបក្សប្រឆាំងរូបនេះ ធ្វើតាមការប្រកាសរបស់ខ្លួន បើទោះបីជាមានការរារាំងណាមួយពីគណបក្សកាន់អំណាចក៏ដោយ។ លោកបន្តថា ការប្រកាសបែបនេះកន្លងមក គឺតែងមានសកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួនត្រូវបានអាជ្ញាធរបង្ក្រាបដាក់ពន្ធនាគារ ដូច្នេះ លោកចង់ឲ្យលោក សម រង្ស៊ី ធ្វើយ៉ាងណា វិលមកឲ្យដល់កម្ពុជាពិតប្រាកដ ដើម្បីដោះស្រាយបញ្ហានយោបាយនេះ និងជួយដល់ប្រជាពលរដ្ឋ៖ « ធ្វើការធ្វើអីក៏ដោយ សំខាន់មានមេ មានក្បាល មានកន្ទុយ ហើយខ្ញុំគិតថា បើមានក្បាលមកហើយ អាកន្ទុយ ខ្លួន វាចាំតែតាមក្រោយទេ ម្នាក់ ២នាក់ ៣នាក់ ១០នាក់ ជួនកាល រាប់លាននាក់នៅតាមក្រោយគាត់។ មើលមិនឃើញទេ ប៉ុន្តែឲ្យមានក្បាលសិន ពីព្រោះមនុស្សម្នាក់ៗ ជឿទៅលើគាត់ ប៉ុន្តែបើគាត់បានប្រកាសហើយ ម្ដងហើយម្ដងទៀតៗ នៅក្នុងស្រុកមានចាប់មានចង នៅពេលដែលគាត់ប្រកាសថា មកម្តងៗ គេរឹតបន្តឹង » ។
ពលរដ្ឋនៅខេត្តព្រះសីហនុ ម្នាក់ទៀត គឺលោក ភិន សារ៉ាត់ បញ្ជាក់ថា លោកគាំទ្រចំពោះមាតុភូមិនិវត្តន៍លើកទី២ របស់លោក សម រង្ស៊ី ដោយសារលោកជឿថា លោក សម រង្ស៊ី អាចធ្វើឲ្យសេដ្ឋកិច្ចនៅកម្ពុជាមានដំណើរការឡើងវិញដែលអាចជួយដល់ប្រជាពលរដ្ឋជាច្រើនឲ្យមានការងារ ស្ដារលទ្ធិប្រជាធិបតេយ្យ និងមានដំណោះស្រាយនយោបាយមួយ ដើម្បីជួយដល់អ្នកដែលកំពុងជាប់ឃុំនៅពន្ធនាគារផងដែរ។ លោកជឿថា លោក សម រង្ស៊ី អាចធ្វើឲ្យសហភាពអឺរ៉ុបផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA២០% មកឲ្យកម្ពុជាវិញ និងអាចទាក់ទាញវិនិយោគិននៅក្រៅប្រទេសមកវិនិយោគនៅកម្ពុជាបានផងដែរ៖ « រាល់ថ្ងៃអត់មានគណបក្សប្រឆាំងសម្រាប់ប្រឆាំងនៅក្នុងរដ្ឋសភាក៏អត់មានអី ងងឹតឈឹងហ្មង។ ខ្ញុំសំណូមពរឲ្យរដ្ឋាភិបាលបើកផ្លូវ សម្រួលផ្លូវឲ្យលោកប្រធានវិលចូលស្រុកខ្មែរឲ្យ ឲ្យបានជោគជ័យកុំឲ្យមានកងកម្លាំងប្រដាប់អាវុធរារាំងផ្លូវដូចកាលពី ០៩ វិច្ឆិកា បិទផ្លូវ បិទចរាចរមិនឲ្យប្រជាពលរដ្ឋធ្វើដំណើរ ឬក៏ទៅទទួលលោកប្រធាន សម រង្ស៊ី វិលចូលស្រុកខ្មែរវិញ » ។
ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង ថ្លែងតាមបណ្ដាញសង្គមហ្វេសប៊ុក (facebook) នៅយប់ទី១៩ ខែកញ្ញា ថាផែនការមាតុភូមិនិវត្តន៍របស់លោកជាលើកទី២ នឹងកើតមានជាថ្មីម្ដងទៀតនៅពេលខាងមុខ ដើម្បីជួយសង្គ្រោះប្រទេសកម្ពុជាឱ្យរួចពីការគ្រប់គ្រងបែបផ្ដាច់ការរបស់លោក ហ៊ុន សែន សព្វថ្ងៃ។ លោក សម រង្ស៊ី អះអាងថា ផែនការមាតុភូមិនិវត្តលើកទី២ នេះ គឺលោកមិនប្រាប់ពីមធ្យោបាយឱ្យដឹងមុនទេដូចលើកទី១ ឡើយ ដោយលោកនឹងមានវត្តមាននៅប្រទេសកម្ពុជាតែម្ដង។ លោកក៏ស្នើអ្នកគាំទ្រលោក ត្រៀមខ្លួនរួមកម្លាំងគ្នាកម្ចាត់របបលោក ហ៊ុន សែន ពេលលោកទៅដល់កម្ពុជា ដោយចោទថា លោក ហ៊ុន សែន កំពុងសម្លាប់ជាតិខ្មែរ។
អនុប្រធានប្រតិបត្តិនៃគណៈកម្មការគណបក្សសង្គ្រោះជាតិ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានប្រសាសន៍ថា ដំណើរមាតុភូមិនិវត្តជាលើកទី២ របស់លោក សម រង្ស៊ី គឺជារឿងល្អប្រសើរ ដែលអាចជួយដល់ប្រជាពលរដ្ឋកំពុងរងគ្រោះដោយសាររបបលោក ហ៊ុន សែន។ លោកបន្តថា ប្រជាពលរដ្ឋទាំងអស់ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក គួរស្រុះស្រួលគ្នា ជំនះរាល់ការរារាំងរបស់រដ្ឋាភិបាល ហើយនាំគ្នាវិលចូលស្រុកទាំងអស់គ្នា៖ « ប្រសិនបើការវិលចូលនេះបានទទួលជោគជ័យ និងការគាំទ្រពីប្រជាពលរដ្ឋខ្មែរ វាគឺជាប្រវត្តិសាស្ត្រមួយរបស់ប្រទេសកម្ពុជាយើងក្នុងការរកដំណោះស្រាយរវាងទំនាស់ខ្មែរនិងខ្មែរហ្នឹងឲ្យជាសះស្បើយនឹងគ្នាឡើងវិញ។ ប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោក ឬក៏ឯនាយសមុទ្រហ្នឹង គឺចាំតែការឲ្យសញ្ញាពីលោកប្រធាន សម រង្ស៊ី ច្បាស់ថា នឹងចូលទេ ពីព្រោះគាត់នឹងត្រៀមកម្លាំង ហើយជាពិសេស គឺមានការត្រេកអរខ្មែរទាំងអស់គ្នា មិនថា អ្នកគាំទ្រអ្នកកាន់អំណាចផ្តាច់ការទេ គឺថា មានការត្រេកអរទាំងអស់គ្នាទូទាំងប្រទេស ហើយរង់ចាំការវិលត្រឡប់របស់លោកប្រធានទាំងអស់គ្នា។
ពលករធ្វើការនៅប្រទេសកូរ៉េ លោក ផាន់ ផារ៉ា លើកឡើងថា លោកចង់ឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញឲ្យបានឆាប់ ដើម្បីជួយដល់ប្រជាពលរដ្ឋ។ លោកថា លោកនឹងវិលទៅប្រទេសកម្ពុជាវិញ ដើម្បីរង់ចាំទទួលលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍លើកទី២។ លោកបន្តថា ប្រសិនបើ លោក សម រង្ស៊ី មិនវិលចូលប្រទេសកម្ពុជាដូចការប្រកាសរបស់លោកទេ លោកគ្មានជំនឿចិត្តលើលោក សម រង្ស៊ី នោះឡើយ៖ « ខ្ញុំមើលឃើញថា បើគាត់ចូលស្រុកវិញកាន់តែឆាប់កាន់តែល្អ ព្រោះអីខ្ញុំមើលឃើញថា ស្ថានភាពស្រុកខ្មែរនៅពេលនេះគឺកាន់តែដុនដាបទៅៗ ព្រោះអីនៅខ្មែរឥឡូវ ការរំលោភសិទ្ធិមនុស្សហ្នឹងកាន់តែធ្ងន់ធ្ងរទៅៗ ចឹង។ គាត់ ( លោក សម រង្ស៊ី ) តែងតែព្យាយាមការពារឆ្នាំងបាយប្រជាពលរដ្ឋ កុំឲ្យបាត់បង់ការងារដោយសាររដ្ឋាភិបាលគាត់មិនខ្វល់ អើពើនឹងប្រជាពលរដ្ឋអញ្ចឹង » ។
លោកសម រង្ស៊ី ធ្លាប់បានប្រកាសម្ដងរួចមកហើយពីដំណើរធ្វើមាតុភូមិនិវត្តន៍លើកទី១ ជាមួយក្រុមអ្នកគាំទ្ររបស់លោក កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ប៉ុន្តែមិនទទួលបានជោគជ័យនោះទេ ដោយសារលោកហ៊ុន សែន រារាំងដោយដាក់កម្លាំងទ័ពបិទច្រកព្រំដែន និងព្រមានក្រុមហ៊ុនយន្តហោះមិនឱ្យដឹកលោក សម រង្សី ចូលក្នុងទឹកដីកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។