តុលាការ​បាន​កោះ​ហៅ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ម្នាក់​ទៀត​ពី​បទ​ក្បត់​ជាតិ

0:00 / 0:00

ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សេង​ ហៀង បាន​ចេញ​ដីកា​កោះ​ហៅ​លោក ថាច់ សេដ្ឋា សមាជិក​ព្រឹទ្ធសភា​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី២៦ វិច្ឆិកា ដោយ​ចោទ​ប្រកាន់​ពី​បទ រួម​គំនិត​ក្បត់ និង​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

មក​ទល់​ពេល​នេះ តុលាការ​របប​លោក ហ៊ុន សែន បាន​ចេញ​ដីកា​កោះ​ហៅ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៦៨នាក់​ហើយ រួម​ទាំង​លោក ថាច់ សេដ្ឋា ផង ដើម្បី​ចូលរួម​សវនាការ ​នៅ​ថ្ងៃ​ទី២៦ វិច្ឆិកា ខាង​មុខ​នេះ ពី​បទ​ចោទ​ប្រកាន់​ដូចៗ គ្នា គឺ​រួម​គំនិត​ក្បត់ ដែល​បាន​ប្រព្រឹត្តិ​កាលពី​ក្នុង​អំឡុង​ឆ្នាំ២០១៩។

តុលាការ​ក្រុង​ភ្នំពេញ កាលពី​ខែ​តុលា បាន​កោះ​ហៅ​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៩រូប រួម​ទាំង​ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី ផង ឲ្យ​ចូល​បំភ្លឺ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ក្នុង​សំណុំរឿង រួមគំនិត​ក្បត់។

ដីកា​កោះហៅ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ទាំង​នេះ ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​យក​ទៅ​បិទ​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ទីតាំង​ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌ មានជ័យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។