អ្នកស្រី ប៊ុន រ៉ានី ត្រូវ​បាន​ប្រទាន​ងារ​ ​"សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត"

ដោយ ដែន អយុធ្យា
2013-05-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​កាកបាទ​ក្រហម​កម្ពុជា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន។
ប្រធាន​កាកបាទ​ក្រហម​កម្ពុជា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន។
Photo: RFA

ព្រះមហាក្សត្រ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ប្រថាប់​ព្រះរាជ​លញ្ឆករ ឬ​ពាក្យ​សាមញ្ញ​ថា បោះ​ត្រា ប្រោស​ព្រះរាជទាន​គោរមងារ​ជូន​អ្នកស្រី ប៊ុន រ៉ានី ដែល​ជា​ភរិយា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា «សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន»។

ព្រះរាជក្រឹត្យ​ប្រទាន​គោរមងារ​របស់​ព្រះមហាក្សត្រ​ជូន​អ្នកស្រី ប៊ុន រ៉ានី ជា​សម្ដេច​នេះ គឺ​បន្ថែម​លើ​គោរមងារ​អ្នកស្រី​ចាស់​ដែល​មាន​ស្រាប់​​​ហៅ​ថា «កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី»។ ការ​តែង​តាំង​នេះ​ បាន​ធ្វើ​ឡើង​ចំ​ថ្ងៃ​ដែល​កាកបាទ​ក្រហម​កម្ពុជា បាន​ប្រារព្ធ​ទិវា​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ខួប​លើក​ទី​១៥០ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៣។

ព្រះមហាក្សត្រ បាន​បញ្ជាក់​ក្នុង​ព្រះរាជក្រឹត្យ​ថា ការ​ប្រោស​ព្រះរាជទាន​គោរមងារ ជា​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូន​អ្នកស្រី ប៊ុន រ៉ានី ដោយ​ព្រះអង្គ​​យល់​ថា អ្នកស្រី ប៊ុន រ៉ានី បាន​គាំទ្រ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​អង់​អាច និង​ដោយ​​ស្វាមី​ភក្តិ ជា​អ្នក​រំដោះ​ប្រទេស​ជាតិ ស្នេហា​ជាតិ ការពារ​ជាតិ និង​សាសនា។ បាន​គាំពារ​ឥត​ល្អៀង​តាម​មាគ៌ា​នយោបាយ​បង្រួប​បង្រួម​ជាតិ ផ្សះផ្សា​ជាតិ​របស់​ព្រះករុណា ព្រះបាទ​​សម្ដេច​ព្រះ​នរោត្តម សីហនុ ដើម្បី​ជាតិ​មាតុ​ភូមិ​កម្ពុជា។

ទាក់ទិន​ការ​ផ្ដល់​គោរមងារ​នេះ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ​មិន​ជំទាស់​ចំពោះ​ការ​ផ្ដល់​គោរមងារ​ជា​សម្ដេច​ជូន​អ្នកស្រី ប៊ុន រ៉ានី របស់​ព្រះ​មហាក្សត្រ​ទេ។ ប៉ុន្តែ​លោក​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​មនុស្ស​ជា​ច្រើន​ដែល​គួរ​ទទួល​បាន​គោរមងារ​ជា​វីរជន​ឆ្នើម តែង​តាំង​ដោយ​ព្រះមហាក្សត្រ​ដែរ។ អ្នក​ទាំង​នោះ​មាន​ដូច​ជា​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ អ្នកស្រី ទេព វន្នី សកម្មជន​ដីធ្លី​តំបន់​បឹងកក់ លោក ឈុត វុទ្ធី អតីត​ប្រធាន​អង្គការ​​ការពារ​ធនធាន​ធម្មជាតិ និង​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ជា​ដើម ដែល​​​កំពុង​ត្រូវ​បាន​គេ​គំរាម​កំហែង និង​សម្លាប់ ដោយ​សារ​​ខំ​ប្រឹង​ការពារ​ផល​ប្រយោជន៍​រួម។

លោក កែម ឡី៖ «មនុស្ស​យើង​បើ​កាល​ណា​ផ្ដល់​គោរមងារ​អ៊ីចឹង​ជួន​ជា​ការ​ប្រសើរ។ បើ​យើង​មិន​ទាន់​គ្រប់​លក្ខណៈ​នៃ​ការ​ទទួល ក៏​យើង​ខំ​ប្រឹង​ដែរ នៅ​ពេល​ដែល​យើង​ទទួល។ ក៏​ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ផ្ដល់​អនុសាសន៍​ថា ឲ្យ​មាន​ការ​រៀបចំ​ជា​ច្បាប់​ជា​ទម្លាប់​ថា តើ​អ្នក​អនុវត្ត​បាន​ប៉ុណ្ណា ស្នាដៃ​ប៉ុណ្ណា យើង​ត្រូវ​រៀបចំ​គោរមងារ​យ៉ាង​ដូច​ម្ដេច។ ឲ្យ​មាន​ជា​ច្បាប់​តែម្ដង ឲ្យ​មាន​ជា​លក្ខខណ្ឌ​ត្រឹមត្រូវ​តែម្ដង​ជា​ការ​ប្រសើរ»

ដូច​គ្នា​ដែរ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ យល់​ថា សង្គម​ខ្មែរ​បច្ចុប្បន្ន បើ​ថ្នាក់​ដឹកនាំ​ប្រទេស គេ​ចង់​បាន​អ្វី​គឺ​ព្រះមហាក្សត្រ ព្រះអង្គ​មិន​ហ៊ាន​ជំទាស់​ទេ៖ «ធម្មតា​ទេ កាលណា​គណបក្ស​ប្រជាជន មេដឹកនាំ​សព្វថ្ងៃ​ហ្នឹង​គេ​ចង់​បាន​អី ព្រះមហាក្សត្រ​តែងតែ​ប្រទាន​ឲ្យ​គេ​ហើយ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​ហ្នឹង​សប្បាយ​ចិត្ត កុំ​ធ្វើ​បាប​រាស្ត្រ​ត​ទៅ​ទៀត។ ប៉ុន្តែ​កន្លង​មក​គេ​នៅ​តែ​ធ្វើ​បាប​រាស្ត្រ​អ៊ីចឹងៗ ចេះ​តែ​ខំ​ឲ្យ​ទៅ​គេ​ទៅ ក្រែង​លោ​គេ​ដូរ​គំនិត ដូរ​មារយាទ​អី​ខ្លះ លើក​ទឹក​ចិត្ត​ខ្លះ។ ដូច្នេះ​ហើយ​ខ្ញុំ​មិន​មាន​ការ​ចាប់​អារម្មណ៍​អី​ទៅ​លើ​ការ​ផ្ដល់​គោរមងារ​នេះ​ទេ។ ទិតៀន ក៏​ខ្ញុំ​មិន​ទិតៀន រិះគន់​ខ្ញុំ​ក៏​មិន​រិះគន់ ហើយ​សរសើរ​ក៏​ខ្ញុំ​មិន​សរសើរ​ដែរ»

​ទោះ​យ៉ាង​ណា ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ​​ព្រះអង្គ​​ទ្រង់​ស្វែង​យល់​ថា ការ​ផ្ដល់​គោរមងារ​ជា​សម្ដេច ជូន​អ្នកស្រី ប៊ុន រ៉ានី ដោយសារ​តែ​អ្នកស្រី ប៊ុន រ៉ានី ជា​អគ្គមគ្គុទ្ទេសក៍​ដ៏​ល្អ​ឆ្នើម ជា​ទី​​គោរព​ស្រឡាញ់​របស់​ប្រជារាស្ត្រ បាន​ដឹកនាំ​កសាង និង​គោរព​ព្រះពុទ្ធ​សាសនា ឲ្យ​ប្រទេស​មាន​ការ​អភិវឌ្ឍ​រីក​ចំរើន។ ក្រៅ​ពី​នេះ គឺ​អ្នកស្រី ប៊ុន រ៉ានី ក៏​ជា​អគ្គមគ្គុទ្ទេសក៍​​ដ៏​​ឆ្នើម​ និង​មាន​ស្វាមីភក្ដិ​​ចំពោះ​ព្រះរាជបល័្លង្ក និង​បាន​ចូល​រួម​ដង្ហែ​ព្រះករុណា​ព្រះ​មហា​វីរក្សត្រ តាំង​ពី​ដើម​រហូត​ដល់​ព្រះអង្គ​យាង​សោយ​ព្រះ​ទិវង្គត។

ព្រះរាជសារ​បន្ត​ថា ជាង​នេះ​ទៀត អ្នកស្រី ប៊ុន រ៉ានី ក៏​ជា​អ្នក​ដឹកនាំ​កាកបាទ​ក្រហម​កម្ពុជា ដែល​ទទួល​បាន​ការ​គាំទ្រ ទាំង​​ក្នុង​សង្គម​ជាតិ និង​អន្តរជាតិ ដោយ​មាន​សមត្ថភាព​ជួយ​ជន​រង​គ្រោះ​ពី​គ្រោះ​មហន្តរាយ​នានា នៅ​កម្ពុជា បាន​ទាន់​ពេល​វេលា។

កន្លង​មក​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ខ្មែរ បាន​ផ្ដល់​ងារ​ជា​សម្ដេច​ជូន​ឥស្សរជន​ខ្មែរ​ជាន់​ខ្ពស់​មួយ​ចំនួន ដែល​ជា​មន្ត្រី​គណបក្ស​​ប្រជាជន​កាន់​អំណាច​យូរ​មក​ហើយ មាន​ដូច​ជា៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ។ លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា សម្ដេច​អគ្គ​មហា​ធម្មពោធិសាល និង​លោក ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ជា សម្ដេច​អគ្គ​មហា​ពញា​ចក្រី។

ទាក់ទិន​សកម្មភាព​របស់​កាកបាទ​ក្រហម​កម្ពុជា នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ក្នុង​​ពិធី​ប្រារព្ធ​ទិវា​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ខួប​លើក​ទី​១៥០ ថា កាកបាទ​ក្រហម​កម្ពុជា បាន​សម្រេច​សមិទ្ធផល និង​ទទួល​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់។

លោក​បញ្ជាក់​ថា ​ឆ្នាំ​២០១២ កន្លង​ទៅ កាកបាទ​ក្រហម​កម្ពុជា បាន​អនុវត្ត​ការងារ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ​ពី​គ្រោះ​​​ធម្មជាតិ​នានា ដូចជា​ខ្យល់​ព្យុះ រាំង​ស្ងួត ទឹក​ជំនន់ និង​គ្រោះ​មហន្តរាយ​ដោយ​ប្រការ​ផ្សេងៗ​ បាន​ចំនួន ២៨.៤៥៨​គ្រួសារ។ លោក​បន្ត​ថា នៅ​ដើម​ឆ្នាំ​២០១៣ នៅ​គ្រា​ប្រទេស​កម្ពុជា បាន​ជួប​ប្រទះ​នូវ​ខ្យល់​កន្ត្រាក់ ធ្វើ​ឲ្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន ២.៧១៤​ខ្នង ត្រូវ​ខូចខាត និង​មាន​មនុស្ស​ស្លាប់ ១២​នាក់​នោះ កាកបាទ​ក្រហម​កម្ពុជា បាន​ផ្ដល់​អំណោយ​ជួយ​​សង្គ្រោះ​បន្ទាន់​ដល់​គ្រួសារ​ជន​រង​គ្រោះ​បាន​ទាន់​ពេល​វេលា។

ទិវា​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ខួប​លើក​ទី​១៥០ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ឧសភា នេះ កាកបាទ​ក្រហម​កម្ពុជា ប្រមូល​បាន​ថវិកា​ជិត ១៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (32)
Share

អ្នក​អាន​អនាមិក

គ្មានអ្វីអស្ចារ្យទេគ្រាន់តែជាងារប៉ុណ្ណោះ ល្អតែឈ្មោះ មិនបាច់អប់អរសាទរអីនោះទេ

May 12, 2013 11:55 AM

អ្នក​អាន​អនាមិក

កុំចេះតែថា មិនមែនត្រឹមសរសេរទេសូម្បីអានអត្ថបទដែលគេ
ព្រៀងអោយស្រាប់ក៏យ៉ាប់ដែរ គិតទៅងារនេះគួរតែធ្វើជា
បន្តោងខ្សែរក៏អោយបានប៉ុនចង្អេរពាក់នៅក៏ទើបសម្យ

May 10, 2013 05:22 AM

ធឿង

ពី ស្វាយរៀង

ម្យ៉ាងដែរ សរសេរអក្សរមិនត្រូវផងបានងារសម្តេចដែរ ហាស​ ហា! ល្អមើលណាស់វើយ ស្រុកខ្ញុំឥឡូវ!!!

May 10, 2013 02:12 AM

អ្នក​អាន​អនាមិក

this title is useless. she does not earn it but was given to her.every one in the world knows that she does not earn.

May 10, 2013 01:06 AM

អ្នក​អាន​អនាមិក

សម្តេចគតិបណ្ឌឹតចំតឹត...ងារនេះសាកសមមែន។

May 09, 2013 11:23 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល