អ្នក​គោរព​ស្រឡាញ់​បណ្ឌិត កែម ឡី កំពុង​រៀបចំ​ធ្វើ​បុណ្យ​ខួប​៣​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក

ដោយ យន់ សាមៀន
2019-07-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បណ្ឌិត កែម ឡី និង​ក្រុម​យុវជន​ចុះ​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​ព្រៃ​ឡង់ កាល​ពី​ឆ្នាំ​២០១៦។
បណ្ឌិត កែម ឡី និង​ក្រុម​យុវជន​ចុះ​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​ព្រៃ​ឡង់ កាល​ពី​ឆ្នាំ​២០១៦។
RFA

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​តាម​ខេត្ត និង​ជា​អ្នក​គោរព​ស្រលាញ់ បណ្ឌិត កែម ឡី កំពុង​ត្រៀម​សុំច្បាប់​អាជ្ញាធរ ដើម្បី​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល ជូន​បណ្ឌិត កែម ឡី នៅ​ក្នុង​ខួប​៣​ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី។ កម្មវិធី​បុណ្យ​នោះ ពួកគេ​នឹង​ទទួល​ភ្ញៀវ ដោយ​នំ​បញ្ចុក​។ អ្នកធ្វើការ​ឃ្លាំមើល​សិទ្ធិមនុស្ស ថា ពលរដ្ឋ​មាន​សិទ្ធិ​ធ្វើបុណ្យ តាម​ជំនឿ​សាសនា​រៀងៗ​ខ្លួន ដោយ​មិន​ចាំបាច់​ជូនដំណឹង និង​មិន​ត្រូវ​រំខាន​ការ​ធ្វើ​បុណ្យ​របស់​ពលរដ្ឋ​ឡើយ។

សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ចំនួន​៣ បាន​បោះពុម្ព​លិខិត​អញ្ជើញ​បុណ្យខួប ៣​ឆ្នាំ​បណ្ឌិត កែម ឡី រួច​ហើយ គឺ​នៅ​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង និង​កំពង់ធំ។

ចៅសង្កាត់​ជាប់ឆ្នោត នៅ​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ លោក សួន សៀប ប្រាប់​ថា អ្នក​ផ្ដួច​ផ្ដើមបុណ្យ​កំពុង​ត្រៀម​ផ្ដល់​ដំណឹង​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​សិន ព្រោះ​បារម្ភ​ខ្លាច​រង​ការ​ហាមឃាត់ មិន​ឱ្យ​ពួកគេ​ធ្វើបុណ្យ​ជូន​បណ្ឌិត កែម ឡី។ លោក សួន សៀប ថា ក្នុង​កម្មវិធី​បុណ្យ នឹង​និមន្ត​ព្រះសង្ឃ​២​អង្គ សូត្រ​ធម៌​ជូន​បណ្ឌិត កែម ឡី ហើយ​គ្មាន​ការ​សង់​រោងបុណ្យ​ទេ តែ​ម្ចាស់​បុណ្យ​សម្រេច​រៀបចំ​នំ​បញ្ចុក​ទទួល​ភ្ញៀវ។ សកម្មជន​បក្ស​ប្រឆាំង នឹង​មិន​ថ្លែង​សារ​នយោបាយ​អ្វី​ទាំងអស់​។ ចៅសង្កាត់​ជាប់ឆ្នោត​រូប​នេះ ឱ្យ​ដឹង​ថា ពួកគេ​រៀបចំ​បុណ្យខួប​៣​ឆ្នាំ ជូន​បណ្ឌិត កែម ឡី ដោយ​សារ លោក​បណ្ឌិត ជា​អ្នកស្នេហាជាតិ៖ «គាត់ (កែម ឡី) អ្នក​ស្នេហា​ជាតិ។ និយាយ​ឱ្យ​ចំ យើង​ធ្វើ​រំលឹក​ខួប​៣​ឆ្នាំ​របស់​គាត់។ អានេះ យើង​ផ្ដល់​ជា​ព័ត៌មាន​ជូន​ទៅ​មន្ត្រី​មូលដ្ឋាន បើ​នៅ​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ គេ​មិន​ឱ្យ​ធ្វើ ក្រុមការងារ​ទៅ​(​ធ្វើ​) ខាង​ប៉ោយប៉ែត​វិញ»

ចំណែក​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ខេត្ត​កំពង់ធំ លោក ថោង វិបុលសុខុម ប្រាប់​ថា សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​គោរព​ស្រលាញ់​បណ្ឌិត កែម ឡី នឹង​ជួបជុំគ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា នៅ​គេហដ្ឋាន​របស់​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ ស្ថិតនៅ​ភូមិ​បុស្សស្បែង ឃុំ​ជ្រលង ស្រុក​តាំងគោក​។ លោក​ប្រាប់​ថា នេះ​ជា​កម្មវិធី​បុណ្យ និង​ជួបជុំ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ហូប​នំ​បញ្ចុក បន្ថែម​ពី​ការ​ហូប​នំ​បញ្ចុក​រៀងរាល់​សប្ដាហ៍​។ កម្មវិធី​បុណ្យខួប បណ្ឌិត កែម ឡី ក៏​នឹង​មាន​ការចូលរួម​ពី លោក ស៊ុន ធន់ និង លោក ថៃ ធីម ដែល​ជា​គ្រូបង្រៀន​រង​ការ​គំរាម​ឱ្យ​បញ្ឈប់​ពី​សកម្មភាព​នយោបាយ​ដែរ។

សមាជិក​ព្រឹទ្ធសភា​ជាប់ឆ្នោត​មណ្ឌល​ភូមិភាគ ខេត្ត​សៀមរាប បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ លោក សោ ចាន់ដេត ឱ្យ​ដឹង​ថា កម្មវិធី​បុណ្យខួប​៣​ឆ្នាំ​បណ្ឌិត កែម ឡី នឹង​ត្រូវ​សកម្មជន​បក្ស​ប្រឆាំង ប្រារព្ធ​ធ្វើឡើង​តាម​ខេត្ត​រៀងៗ​ខ្លួន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​ខេត្ត​ខ្លះ មិន​ហ៊ាន​ធ្វើតាម​ទម្រង់​ធំ ចេញ​អញ្ជើញ​ភ្ញៀវ​ទេ គឺ​អាច​ធ្វើ​ត្រឹម​ទម្រង់​ជា​ការ​និមន្ត​ព្រះសង្ឃ សូត្រ​មន្ត ទ្រង់ទ្រាយ​តូច​ប៉ុណ្ណោះ។

ជុំវិញ​ការ​ត្រៀម​សុំច្បាប់ ដើម្បី​ធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​បណ្ឌិត កែម ឡី នៅ​តាម​ខេត្ត​នីមួយៗ​នេះ អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បាន​ទេ​នៅ​ថ្ងៃ​ទី​៦ កក្កដា ដោយសារ​មិន​ទទួល​ទូរស័ព្ទ។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ ធ្លាប់​រង​ការ​ហាមឃាត់ និង​ចោទប្រកាន់​ជាង​មួយ​រយ (១៤៥) ករណី​ហើយ ដោយសារ ជួបជុំ​គ្នា​ហូប​នំ​បញ្ចុក សម្ដែង​មតិ គាំទ្រ​សារ​នយោបាយ​មេដឹកនាំ​គណបក្ស​ប្រឆាំង។ នៅ​ចុងខែ​មិថុនា សមត្ថកិច្ច​បាន​ចេញ​ដីកាកោះ ហៅ​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ នៅ​ខេត្ត​ព្រៃវែង ឱ្យ​ចូលខ្លួន​ឆ្លើយ​បំភ្លឺ ក្រោយពេល​ជួបជុំគ្នា បង្ហោះ​វីដេអូ ជូនពរ​ខួបកំណើត លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ តែ​ក្រោយ​មក សមត្ថកិច្ច​​បាន​លុបចោល​ដីកាកោះ​នោះ​វិញ។

ចំណែក​នៅ​រាជធានី​ភ្នំពេញ​វិញ ក្រុម​យុវជន​ធ្លាប់​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ពី​បណ្ឌិត កែម ឡី កាល​នៅ​រស់​បាន​ស្នើ​សុំ សាលា​រាជធានី​ភ្នំពេញ ចូល​ដាក់​កម្រងផ្កា​នៅ​ម្ដុំ​ស្ដារម៉ាត (Star mart) ការ៉ាស​សាំង​កាល់តិច (Caltex) ទីកន្លែង ដែល​ឃាតក​បាញ់សម្លាប់​បណ្ឌិត កែម ឡី តែ​ត្រូវ​បដិសេធ។ អភិបាលរង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ប្រាប់​ក្រុម​យុវជន​ថា មូលហេតុ សំណើ​ត្រូវ​បដិសេធ ដោយសារ​ទីតាំង​ស្ដារ ម៉ាត​នោះ ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ឯកជន។ រដ្ឋបាល​រាជធានី​ភ្នំពេញ ឱ្យ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ប្រារព្ធ​ពិធី​ដាក់​កម្រងផ្កា នៅផ្ទះ​គ្រួសារ​សព និង​នៅ​ទីស្នាក់ការ​របស់​ខ្លួន​បាន។ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏​ព្រមាន​ថា ក្នុង​ករណី​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ នៅតែ​ជួបជុំ​នៅ​ទីតាំង​ស្ដុក​បូកគោ ឬ​តាម​ផ្លូវ​សាធារណៈ ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​សន្តិសុខ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ គឺ​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​មុខ​ច្បាប់។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា បញ្ជាក់​ថា ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ពេញទី​ក្នុង​ការ​សម្ដែង​ការ​គោរព ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​បណ្ឌិត កែម ឡី ហើយ​កម្មវិធី​បុណ្យ​នោះ ទោះ​ហូប​នំ​បញ្ចុក ឬ​ហូប​អ្វី ក៏​មិន​ចាំបាច់​ជូនដំណឹង ឬ​សុំច្បាប់​ដែរ ព្រោះ​ពលរដ្ឋ​មាន​សិទ្ធិ​ធ្វើបុណ្យ​តាម​សាសនា​គ្រប់​ពេល និង​គ្មាន​ច្បាប់​ណា ចែងថា ពលរដ្ឋ​ធ្វើបុណ្យ​ត្រូវ​សុំ​ច្បាប់​ទេ។

ជាង​នេះ​ទៅ​ទៀត លោក ស៊ឹង សែនករុណា ថា ពលរដ្ឋ​មាន​សិទ្ធិ​ជជែក វែកញែក រឿង​នយោបាយ បាន ក្នុង​កម្មវិធី​បុណ្យ និង​គ្រប់​កម្មវិធី​ទាំងអស់។ លោក​ថា អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច មិន​ត្រូវ​ទៅ​រំខាន កម្មវិធី​បុណ្យ​ពលរដ្ឋ​ឡើយ៖ «ទោះបី​គាត់​ហូប​អ្វី​ក៏ដោយ ហើយ​ការ​ធ្វើ​ពិធីបុណ្យ​នេះ បើ​យើង​ពិនិត្យមើល​ក្នុង​ផ្លូវច្បាប់ ដូច​ច្បាប់​បាតុកម្ម​អ្វី​ជាដើម​ហ្នឹង គឺ​បុណ្យ ពិធី​បែប​សាសនា នេះ មិន​បាច់​ជូនដំណឹង ឬ​សុំច្បាប់​អ្វី​ទេ ហើយ​ការ​ធ្វើ​ពិធី​បែបនេះ មិន​មាន​ប៉ះពាល់​ទៅលើ​ផ្លូវច្បាប់ ឬក៏​រឿង​ខុសច្បាប់​អ្វី​ទេ​។ ច្បាប់​ចែង​អ៊ីចឹង បើ​អាជ្ញាធរ​ទៅ​ធ្វើ​ការ​រារាំង​ពួកគាត់ គឺ​អាជ្ញាធរ​ទៅវិញ​ទេ ដែល​អនុវត្ត​ខុសច្បាប់»

សកម្មជន​បក្ស​ប្រឆាំង​ថា មក​ដល់​ពេល​នេះ ពួកគេ​អស់​ជំនឿ​លើ​របប​ក្រុងភ្នំពេញ ព្រោះ​មិន​ព្រម​ចាប់​ឃាតក និង​អ្នកបញ្ជា​ពីក្រោយ នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី។ ពួកគេ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ឱ្យ​បាន​ច្រើន​កុះករ ក្នុង​កម្មវិធី​បុណ្យខួប​៣​ឆ្នាំ ដើម្បី​សម្ដែង​ការ​គោរព ស្រឡាញ់​បណ្ឌិត កែម ឡី។ ពួកគេ ក៏​ស្នើសុំ​កុំ​ឱ្យ​អាជ្ញាធរ​ទៅ​ឃ្លាំមើល​កម្មវិធី​បុណ្យ​ដែរ ដើម្បី​កុំ​ឱ្យ​អ្នកចូលរួម​កម្មវិធី​បុណ្យ​ភ័យ​ខ្លាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល