ក្រុម​គ្រួសារ​អ្នក​ជាប់​ពន្ធនាគារ​ថា​អាកាសធាតុ​ក្ដៅ​ធ្វើ​ឱ្យ​ការ​រស់នៅ​ក្នុង​ពន្ធនាគារ​កាន់តែ​លំបាក

ដោយ ប្រាជ្ញ ចេវ
2024.04.17
ក្រុម​គ្រួសារ​អ្នក​ជាប់​ពន្ធនាគារ​ថា​អាកាសធាតុ​ក្ដៅ​ធ្វើ​ឱ្យ​ការ​រស់នៅ​ក្នុង​ពន្ធនាគារ​កាន់តែ​លំបាក
រូប៖ ពីពលរដ្ឋ

ក្រុម​គ្រួសារ​អ្នក​ជាប់​ពន្ធនាគារ​អះអាង​ថា​អំឡុង​ពេល ដែល​អាកាសធាតុ​ក្ដៅ​​​ខ្លាំង​ធ្វើ​ឱ្យ​​ការ​រស់​នៅ​ក្នុង​ពន្ធនាគារ​កាន់​តែ​លំបាក ដោយ​សារ​តែ​ការ​ផ្គត់​ផ្គង់​ទឹក​មិន​បាន​គ្រប់​គ្រាន់​ ហើយ​មន្ត្រី​ពន្ធនាគារ​មិន​បាន​ដោះ​ស្រាយ​បញ្ហា​នេះ។ ទោះ​ជា​យ៉ាង​ណា​ក្ដី មន្ត្រី​រដ្ឋាភិបាល​ថា ក្រសួង​មហាផ្ទៃ​បាន​ដឹង​ពី​កង្វះខាត​ទឹក ហើយ​ក្រសួង​កំពុង​ដោះ​ស្រាយ​បញ្ហា​នេះ។

ចំណែក​អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ​មួយ​ចំនួន​បាន​ធ្លាក់​ខ្លួន​ឈឺ និង​ជួប​ការ​លំបាក​ទ្វេ​ដង អំឡុង​ពេល​ដែល​អាកាសធាតុ​ឡើង​កម្ដៅ​​​ខ្លាំង​ រហូត​ដល់​ថ្ងៃ​ខ្លះ​កើន​ឡើង​ដល់​ជាង ៤០អង្សាសេ​ចាប់​តាំង​ពី​ដើម​ខែ​មេសា​មក។ នេះ​បើ​តាម​ការ​រៀប​រាប់​របស់​គ្រួសារ​អ្នក​ទោស​នយោបាយ។

ប្រពន្ធ​លោក​ កាក់ កុម្ភារ គឺលោកស្រី ព្រំ ចន្ថា​ លើក​ឡើង​ថា​​លោក​ស្រី​ទើប​តែ​បាន​ទៅ​សួរ​សុខទុក្ខ​ប្ដី​​មួយ​​កាល​ពី​សប្ដាហ៍​មុន​ ហើយ​ប្ដី​លោក​ស្រី​ប្រាប់​ថា​បញ្ហា​ឡើង​កម្ដៅ​នេះ​បាន​ធ្វើ​ឱ្យ​ការ​រស់​នៅ​ក្នុង​ពន្ធនាគារ​កាន់​តែ​លំបាក​។ លោកស្រី ព្រំ ចន្ថា​ ថា​លោក​ កាក់ កុម្ភា​រ បាន​រស់​នៅ​ក្នុង​បន្ទប់​ទំហំ​៤ម៉ែត្រ​ការ៉េ​ជា​មួយ​អ្នក​ទោស​​​ជាង​១០នាក់​ផ្សេង​ទៀត។

ប្រពន្ធ​មន្ត្រី​​​​​បក្ស​ប្រឆាំង​រូប​នេះ​ថា​ អំឡុង​​អាកាស​ធាតុ​ក្ដៅ​នេះ​ ​ប្ដី​លោកស្រី​អាច​ងូត​ទឹក​បាន​តែ​មួយ​ដង​​ ហើយ​ចំនួន​ទឹក​ត្រូវ​បាន​កំណត់​​មិន​ឱ្យ​​លើស​ពី​មួយ​ធុង​ ឬ​ប្រមាណ​​​១៥លីត្រ​ក្នុង​មួយ​ថ្ងៃ។ លោកស្រី ព្រំ ចន្ថា​ បញ្ហា​ខ្វះ​ទឹក​នេះ​ដូច​ជា​ការ​ធ្វើ​ទារុណកម្ម​​បន្ថែម​ទៀត​លើ​ប្ដី​របស់​លោកស្រី​ និង​អ្នក​ទោស​ផ្សេង​ទៀត​ដែល​កំពុង​រស់​នៅ​ក្នុង​ពន្ធនាគារ​ដែល​លំបាក​ស្រាប់។

លោកស្រី ព្រំ ចន្ថា៖ «ដាក់​ហើយ​ធ្វើ​បាប​រាងកាយ មិន​មែន​វាយ​ដំ​ច្រំ​ធាក់​ទេ ប្រៀបធៀប​ដូច​គ្នា​ដែរ តែ​ធ្វើ​អ៊ីចឹង គឺ​ហាក់​ដូច​ជា​ធ្វើ​ទារុណកម្ម​រាងកាយ​ហើយ​ ប្រភព​អត់​មាន​ទឹក​ស្អាត​អាហារ​ហូប​ចុក​ក៏​អត់​ តាម​ពិត​ពួក​ខ្ញុំ តាម​ពិត​ខ្ញុំ​យក​អាហារ​បឋម​ទៅ​ជូន​គាត់​ជា​រៀង​រាល់​អាទិត្យ ប្រសិន​បើ​ហូប​អាហារវា​ទៅ​ជា​ហើម ហល់ វា​អត់​ផាសុកភាព»

លោក កាក់ កុម្ភារ គឺ​ជា​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​រាជធានី​ភ្នំពេញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ២០២០ ហើយ​លោក​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​មណ្ឌល​អប់រំ​កែប្រែ​ទី១ (ម១) នៃ​ពន្ធនាគារ​ព្រៃស​ក្រោម​បទ​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ ញុះញង់​កុំ​ឱ្យ​យោធិន​ស្ដាប់​បង្គាប់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​​ជាអាទិ៍ ដោយ​សារ​តែ​លោក ​គាំទ្រ​ស្មោះស្ម័គ្រ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​មិន​ព្រម​ចុះ​ចូល​គណបក្ស​កាន់​អំណាច។

ដោយ​ឡែក តំណាង​កូដករ​ណាហ្គាវើលដ៍ កញ្ញា សុភ័ក្រ ម៉ូលិកា ដែល​ទើប​នឹង​បាន​សួរ​សុខ​ទុក្ខ​មេ​ដឹកនាំ​សហជីព កញ្ញា ឈឹម ស៊ីថរ ឱ្យ​ដឹង​ថា ការ​រស់នៅ​ក្នុង​បន្ទប់​ចង្អៀត ផ្ទុក​អ្នក​ជាប់​ឃុំ រហូត​ដល់​​ជាង ៤០នាក់ ធ្វើ​ឱ្យ​ការ​រស់​នៅ​កាន់​តែ​លំបាក ជា​ពិសេស អំឡុង​ពេល​អាកាស​ធាតុ​កំពុង​ក្ដៅ​នេះ។ កញ្ញា ឈឹម ស៊ីថរ បាន​ប្រាប់​ទៅ​កញ្ញា សុភ័ក្រ ម៉ូលិកា ថា ទំនិញ​នៅ​ក្នុង​ពន្ធនាគារ គឺ​មាន​តម្លៃ​ថ្លៃ​ជាង​តម្លៃ​ទំនិញ​ទូទៅ ៣ដង ហើយ​បញ្ហា​នេះ មន្ត្រី​ពន្ធនាគារ​មិន​ដែល​ដោះ​ស្រាយ​នោះ​ទេ។

កញ្ញា សុភ័ក្រ ម៉ូលិកា៖ «បញ្ហា​លំបាក​របស់​គាត់ គឺ​ឥវ៉ាន់​នៅ​ក្នុង​ពន្ធនាគារ​ថ្លៃ ថ្លៃ​ជាង​នៅ​ខាង​ក្រៅ​ពន្ធនាគារ​បី​ដង ឥវ៉ាន់​ហូប​ចុក។ អ៊ីចឹង​ហើយ វា​ធ្វើ​ឱ្យ​​ពិបាក មិន​ថា​តែ​គាត់ និង​អ្នក​នៅ​ពន្ធនាគារ​ដទៃ​ហ្នឹង​ទេ»

ម្ចាស់​ពាន​រង្វាន់​ការពារ​សិទ្ធិ​ការងារ​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ គឺ​ កញ្ញា​ ឈឹម ស៊ីថរ​ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​មណ្ឌលអប់រំកែប្រែទី២ (ម២) នៃ​ពន្ធនាគារ​ព្រៃ​ស ចាប់​តាំង​ពី​ឆ្នាំ២០២២ ក្រោយ​វិល​ត្រឡប់​ពី​ចូល​រួម​កិច្ច​ប្រជុំ​ជា​មួយ​សហជីព​អន្តរជាតិ​នៅ​ប្រទេស​អូស្ត្រាលី។ តុលាការ​កាត់​ទោស​ឱ្យ​ កញ្ញា​ ឈឹម ស៊ីថរ ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ ​ពាក់​ព័ន្ធ​នឹង​ដឹកនាំ​ការ​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​​គោរព​ច្បាប់​ការងារ។

រីឯ​ប្រពន្ធ​មន្ត្រី​បក្ស​កម្លាំង​ជាតិ​ខេត្ត​កំពង់ចាម លោក គា វិសាល គឺ​លោក​ស្រី ញ៉ែ សុខឿន ឱ្យ​ដឹង​ថា​ស្ថានភាព​ប្ដី​លោក​ស្រី​នៅ​ក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ​ហៅ​ថា ប៉េហ្ស៊ី (PJ) ធ្លាក់​ខ្លួន​ឈើ ដោយ​សារ​តែ​ប្ដី​លោក​ស្រី​ត្រូវ​រស់​នៅ​ក្នុង​បន្ទប់ ៣ម៉ែត្រ​ការ៉េ ជា​មួយ​អ្នក​ទោស ១៣នាក់​ផ្សេង​ទៀត។ លោក​ស្រី ញ៉ែ សុខឿន ថា ប្ដី​លោក​ស្រី​មិន​បាន​ប្រាប់​លំអិត​ពី​ស្ថាន​ភាព​រស់​នៅ​ក្នុង​ពន្ធនាគារ​នោះ​ទេ ដែល​អាច​ថា ប្ដី​លោក​ស្រី​មិន​ចង់​បង្ហាញ​ការ​លំបាក​ទាំង​អស់​នេះ​ទៅ​ក្រុម​គ្រួសារ។

លោកស្រី ញ៉ែ សុខឿន៖ «តាម​មើល​គាត់ ក៏​មិន​ហ៊ាន​ប្រាប់​មក​យើង​ច្រើន​ ប៉ះពាល់​ដល់​ខ្ញុំ​វិញ ខ្លាច​ខ្ញុំ​បារម្ភ​ តែ​គាត់​និយាយ​ដែរ​ថា ក្ដៅ ហើយ​នៅ​ក្នុង​បន្ទប់​ហ្នឹង វា​ណែន​គ្នា​យើង មួយ​ច្រកៗ ម្នាក់​ដាក់​ខ្លួន​មិន​ចង់​ចុះ​ហើយ ហើយ​បញ្ហា​គាត់​លើក​ឡើង​ពី​បញ្ហា​ផ្សែង​បារី»

លោកស្រី​ចង់​ស្នើ​រដ្ឋាភិបាល​ដោះ​លែង​ប្ដី​លោក​ស្រី និង​អ្នក​ទោស​មនសិការ​ផ្សេង​ទៀត​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ដោយ​សារ​តែ​សកម្មភាព ដើម្បី​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក គា វិសាល ធ្លាប់​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​ម្ដង​រួច​ទៅ​ហើយ​ ដោយ​សារ​តែ​ការ​ចូល​រួម​ធ្វើ​នយោបាយ​របស់​លោក។

ចំណែក​ប្រពន្ធ​របស់​មន្ត្រី​បក្ស​ភ្លើង​ទៀន លោក តូច ថឹង ដែល​កំពុង​ជាប់​ឃុំ​ដែរ​នោះ គឺ​លោក​ស្រី ហាញ់ សុវណ្ណា បាន​ឱ្យ​ដឹង​ថា ដោយសារ​តែ​អាកាសធាតុ​ក្ដៅ​ខ្លាំង​នេះ ប្ដី​លោកស្រី​បាន​ធ្លាក់​ខ្លួន​ឈឺ​ និង​ក្អួត​មិន​បាត់ ហើយ​កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​របស់​គ្រូពេទ្យ​ក្នុង​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ អស់​រយៈ​ពេល​ជាង​មួយ​អាទិត្យ​មក​ហើយ។

លោក​ស្រី ហាញ់ សុវណ្ណា៖ «នៅ​តែ​បារម្ភ​អ៊ីចឹង នៅ​តែ​បារម្ភ​ថា យើង​នៅ​នេះ​យើង​ដើរ​ចុះ​ដើរ​ឡើង​បាន ចំពោះ​គាត់​មិន​ដឹង​មិច​អី​ម៉េច មិន​ដឹង​គាត់​ដើរ​បាន ក្ដៅ​មិច​ខ្លះ ហើយ​ណា​មួយ​គាត់​ឈឺ»

សម្រាប់​ការ​រស់នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ដែល​នៅ​ជិត​ព្រំដែន​ប្រទេស​វៀតណាម ក៏​ប្រឈម​ជា​មួយ​អាកាសធាតុ​ក្ដៅ និង​ភាព​ចង្អៀត​ណែន​ដូច​គ្នា​នឹង​ពន្ធនាគារ​ដទៃ​ទៀត​ដែរ។ ប្រពន្ធ​អ្នក​ជំនាញ​កសិកម្ម លោក នី ណាក់ គឺ​លោកស្រី សុខ ស៊ីណែត លើក​ឡើង​ថា ធាតុអាកាស​ក្ដៅ​នេះ បាន​ធ្វើ​ឱ្យ​ប្ដី​លោកស្រី​ធ្លាក់​ខ្លួន​ឈឺ ហើយ​ពេទ្យ​ក្នុង​ពន្ធនាគារ​នេះ ក៏​មិន​បាន​យក​ចិត្ត​មើល​ជំងឺ​ប្ដី​លោកស្រី​នោះ​ទេ។

លោកស្រី សុខ ស៊ីណែត៖ «សំណូមពរ​ឱ្យ​តុលាការ​គាត់​ទម្លាក់​បទ​ចោទ​ទៅ ប្ដី​បង​អត់​មាន​កំហុស​ទេ ឱ្យ​តុលាការ​ដោះ​លែង​គាត់​ឱ្យ​មាន​សេរីភាព​វិញ ឬ​ភ្លាម​នេះ​ចង់​ឱ្យ​តុលាការ អ្នក​គ្រប់គ្រង​ពន្ធនាគារ​ឱ្យ​គាត់​បញ្ជូន​ប្ដី​មក (ម១) ព្រៃ​ស​វិញ កុំ​ឱ្យ​ឆ្ងាយ​ពី​ផ្ទះ​ពេក»

លោក នី ណាក់ គឺ​ជា​អ្នក​ដែល​ចែក​រំលែក​ចំណេះ​ដឹង​កសិកម្ម​នៅ​តាម​បណ្ដាញ​សង្គម ហើយ​លោក ក៏​ជា​អ្នក​រិះគន់​អំពី​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​សង្គម។ ដោយ​សារ​តែ​ការ​រិះគន់​ទាំង​នេះ លោក នី ណាក់ ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​វាយ​លោក​ឱ្យ​របួស​ធ្ងន់ ហើយ​ក្រោយ​មក​លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ជា​លើក​ទី​ពីរ កាល​ពី​ខែមករា ក្រោម​បណ្ដឹង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក ហេង សួរ ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​រឿង​កាត់​ដី ៩១ហិកតារ នៅ​ខេត្ត​កំពត​ឱ្យ​បុគ្គល​ម្នាក់​មាន​ឈ្មោះ ហេង សួរ។

អ្នក​ទោស​នយោបាយ និង​អ្នក​ទោស​មនសិការ​ភាគ​ច្រើន​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស។ ចំណែក​មន្ត្រី​បក្ស​កម្លាំង​ជាតិ​ខេត្ត​កំពង់ចាម លោក គា វិសាល មេធាវី​អន្តរជាតិ កញ្ញា សេង ធារី និង​សកម្មជន​នយោបាយ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​អំឡុង​ខែ​មេសា​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ​ហៅ​ថា ប៉េហ្ស៊ី (PJ) ហើយ​អ្នក​ទោស​មនសិការ​នៅ​ត្រពាំង​ផ្លុង​មាន​តែ​លោក នី ណាក់ ម្នាក់​ប៉ុណ្ណោះ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា កាល​ពី​ថ្ងៃ​ទី១៩ ខែតុលា ឆ្នាំ២០២៣ ក៏​បាន​លើក​ឡើង​ពី​ផល​លំបាក​ពី​ភាព​ណែនតាន់​តាប់​ក្នុង​ពន្ធនាគារ ដោយសារ​អ្នក​ទោស​បាន​កើន​ដល់​ជាង ៤ម៉ឺន (៤១.០០០) នាក់ នៅ​ទូទាំង​ប្រទេស ហើយ​មាន​អ្នក​ទោស​ចូល​ថ្មី​មាន​ជាង ១រយ​នាក់​ជា​រៀង​រាល់​ថ្ងៃ។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ជា​ច្រើន​ដង គឺ​លោក រ៉ុង ឈុន លើក​ឡើង​ថា រដ្ឋាភិបាល​នៅ​តែ​ខ្វះ​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ខ្វះ​ទឹក​នៅ​ក្នុង​ពន្ធនាគារ និង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​អ្នក​ទោស ជា​ពិសេស នៅ​ពេល​អាកាសធាតុ​កំពុង​ក្ដៅ​នេះ។ លោក រ៉ុង ឈុន ថា រដ្ឋាភិបាល​គួរ​តែ​ដោះ​លែង​អ្នក​ទោស​មនសិការ និង​បញ្ឈប់​ការ​ធ្វើ​ទុក​បុក​ម្នេញ​មក​លើ​ពលរដ្ឋ ដែល​គ្រាន់​តែ​រិះគន់​ពី​ភាព​សកម្ម​របស់​ខ្លួន។

លោក រ៉ុង​ឈុន៖ «យក​រូបភាព​ចាប់​ដាក់​គុកៗ ហ្នឹង​បន្ត​ទៀត​ទេ វា​មិន​មាន​ផល​ចំណេញ​ដល់​ជាតិ​ទេ​ ប្រសិន​បើ​យើង​នៅ​តែ​បន្ត​យក​បញ្ហា​ពន្ធនាគារ បញ្ហា​ចាប់​ដាក់​គុក អ៊ីចឹង​វា​ប៉ះពាល់​ទៅ​ដល់​កេរ្តិ៍ឈ្មោះ​ ទៅ​ដល់​អ្នក​វិនិយោគ​ទុន​ អ្នក​ទេសចរណ៍»

ចំណែក​អតីត​អ្នក​ទោស​មនសិការ​ម្នាក់​ទៀត គឺ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ ថា តាម​បទ​ពិសោធន៍​របស់​លោក អ្នក​ទោស​កាន់​តែ​ច្រើន​ធ្លាក់​ខ្លួន​ឈឺ​នៅ​អំឡុង​ពេល​ដែល​អាកាសធាតុ​ក្ដៅ ដោយ​សារ​តែ​ពួកគេ​មិន​អាច​ទ្រាំ​នឹង​ភាព​ហប់ និង​កង្វះ​ទឹក។ ទោះ​ជា​យ៉ាង​ណា​ លោក វន់ ពៅ ថា ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ​ហៅ​ថា ប៉េហ្ស៊ី (PJ) មាន​ភាព​ប្រសើរ​ជាង​ពន្ធនាគារ​ដទៃ។

លោក វន់ ពៅ៖ «ជា​ទូទៅ ពន្ធនាគារ​ដែល​គេ​ហៅ​ថា​លំដាប់​(VIP) ហ្នឹង​គឺ​នៅ​ប៉េហ្ស៉ី​​ហ្នឹង​ហើយ​​ភាគ​ច្រើន​អ្នក​មាន ពួក​ឧកញ៉ា មន្ត្រី​ធំៗ មួយ​ចំនួន​គេ​ដាក់​នៅ​ប៉េហ្ស៊ី គឺ​ជា​គុក ដែល (VIP) ស្ថាន​ភាព​វា​មិន​ចង្អៀត​អី ហើយ​ហូប​ចុក​គ្រប់​គ្រាន់»

ក្រសួង​សុខាភិបាល កាល​ពី​ថ្ងៃ៧ ខែមេសា​កន្លង​ទៅ បាន​ព្រមាន​ថា ការ​កើន​ឡើង​កម្ដៅ​នេះ​អាច​បណ្ដាល​ឱ្យ​មនុស្ស​សន្លប់​ផង​ដែរ ប្រសិន​បើ​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។ ក្រសួង​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​ហូប​ទឹក​ឱ្យ​បាន​យ៉ាង​តិច ២លីត្រ​ក្នុង​មួយ​ថ្ងៃ រក្សា​អនាម័យ និង​ជៀសវាង​ការ​ពិសា​អាល់កុល កាហ្វេ ដែល​ធ្វើ​ឱ្យ​បាត់​បង់​ជាតិ​ទឹក​ជា​ដើម។

ឆ្លើយ​តប​នឹង​រឿង​នេះ អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ លោក នុត សវនា លើក​ឡើង​ថា ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្ដី​ណែនាំ​ឱ្យ​ពន្ធនាគារ​ទូទាំង​ប្រទេស​យក​ចិត្ត​ទុក​ដាក់ និង​អនុវត្ត​ទៅ​តាម​សេចក្ដី​ណែ​នាំ​របស់​ក្រសួង​សុខាភិបាល។ លោក នុត សវនា ថា ពន្ធនាគារ​និមួយៗ នឹង​ខិត​ខំ​ផ្គត់​ផ្គង់​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់​អំឡុង​ពេល​អាកាស​ធាតុ​ក្ដៅ​នេះ។

លោក នុត សវនា៖ «អ៊ីចឹង​ពួកគាត់​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ មាន​ការ​ការ​ពារ​ ក៏​ដូច​ជា​វិធាន​ការ​សង្គ្រោះ​ករណី​មាន​ដោយ​សារ​កម្ដៅ​ តែ​ទឹក​យើង​ជំរុញ​ឱ្យ​មាន​ការ​ផ្គត់​ផ្គង់​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់​ដែរ​​ ប៉ុន្តែ​ប្រសិន​បើ​មាន​ការ​ខ្វះខាត​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នឹង​ខិត​ខំ​ជំរុញ​​បន្ថែម​ទៀត»

លោក នុត សវនា​ បាន​​ច្រាន​ចោល​ចំពោះ​ការ​លើក​ឡើង​ថា​ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ​ហៅ​ថា ប៉េហ្ស៊ី (PJ) ដាក់​តែ​អ្នក​ទោស​ជា​អ្នក​មាន​លុយ​ មាន​អំណាច​​​​ ហើយ​លោក​ថា​​រាល់​ការ​បញ្ចូល​អ្នក​ទោស​ទៅ​ពន្ធនាគារ​ណា​មួយ គឺ​អាស្រ័យ​នឹង​ប្រភេទ​បទល្មើស និង​លក្ខខណ្ឌ​នៃ​បុគ្គល​នោះ។

លោក នុត សវនា៖ «ខ្ញុំ​មិន​ហ៊ាន​ថា ម៉េច​ទេ។ តែ​ធម្មតា​យើង​នៅ​ក្នុង​ពន្ធនាគារ​ អ្នក​ទោស​ដូច​គ្នា​ អ្នក​ទោស​ខ្លះ​គាត់​លក់​កន្លែង​គេង​ឱ្យ​គ្នា​គាត់​ដើម្បី​បាន​លុយ​ គាត់​សុខ​ចិត្ត​ចង្អៀត​គាត់ ហើយ​គាត់​ឱ្យ​អ្នក​មាន​លុយ​ចាយ ឬ​មាន​ឥទ្ធិពល​បាន​កន្លែង​ធំ​ជាង​គាត់​បរិច្ចាគ​ គាត់​លក់​ឱ្យ​គេ​នេះ រវាង​គ្នា​គាត់»

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​នេះ កន្លង​មក​អ្នក​ទោស​ដែល​ជា​អ្នក​មាន​លុយ​ មាន​អំណាច​តែង​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ប៉េហ្ស៊ី (PJ) ជាក់​ស្ដែង ឧកញ៉ា គិត ធាង ឧកញ៉ា ឌួង ងៀប និង​អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ ជា​ដើម។ ចំណែក​ លោក ព្រហ្ម វិចិត្រ សុសក្ដា ដែល​បើក​ឡាន​ទំនើប​បុក​កីឡាករ​ថ្នាក់​ជាតិ​ស្លាប់​ម្នាក់ នៅ​ភ្នំពេញ ក៏​ត្រូវ​បាន​យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ប៉េហ្សី (PJ) នេះ​ដែរ កាល​ពី​ឆ្នាំ២០២៣។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា តាម​រយៈ​ការ​ចុះ​សិក្សា​កន្លង​មក​រក​ឃើញ​ថា រដ្ឋាភិបាល​នៅ​មិន​ទាន់​ដោះ​ស្រាយ​បញ្ហា​ខ្វះ​ទឹក ជា​ពិសេស នៅ​ពេល​ដែល​អាកាស​ធាតុ​ក្ដៅ​ខ្លាំង​។ លោក អំ សំអាត ថ្លែង​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​បាន​​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​ឱ្យ​ទាន់​ពេល​វេលា បញ្ហា​នេះ​នឹង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទោស។

លោក អំ សំអាត ថា តាម​រយៈ​ការ​ទទួល​បាន​ព័ត៌មាន​ពី​អ្នក​ទោស​កន្លង​មក​លើក​ឡើង​ថា​ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ​ហៅ​ថា ប៉េហ្ស៊ី (PJ) ពិត​ជា​ទទួល​បាន​អ្នក​ទោស​ដែល​ភាគ​ច្រើន​ជា​អ្នក​មាន​លុយ​ មាន​អំណាច​មែន។ ប៉ុន្តែ​លោក​ថា ក្នុង​គោលការណ៍​ច្បាប់​គ្រប់​ពន្ធនាគារ​ទាំង​អស់​មិន​មាន​ការ​រើស​អើង​នោះ​ទេ។

លោក អំ សំអាត៖ «ហើយ​កន្លង​មក​យើង​ឃើញ​ថា​អ្នក​ជាប់​ដូច​ជា​ឧកញ៉ា​ ឬ​អ្នក​មាន​បុណ្យ​សក្ដិ​មួយ​ចំនួន​ភាគច្រើន​ហ្នឹង​គេ​ដាក់​នៅ​ប៉េស្ស៉ី។ អ៊ីចឹង​បាន​ជា​មាន​ការ​រិះគន់​ថា​ប៉េស្ស៉ី​សម្រាប់​អ្នក​មាន​សម្រាប់​អ្នក​អី តែ​តាម​ពិត​របប​ពន្ធនាគារ​វា​ស្មើៗ គ្នា​ទេ ហើយ​ជា​កន្លែង​មួយ​មិន​មាន​ការ​រើស​អើង​ទេ ប៉ុន្តែ​អ្វីៗ វា​ទៅ​លើ​ការ​អនុវត្ត​ជាក់​ស្ដែង»

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក យី សុខសាន្ត លើក​ឡើង​ថា តាម​គោល​ការណ៍​ច្បាប់​នៅ​ពេល​ដែល​បុគ្គល​ណា​ម្នាក់​ប្រព្រឹត្ត​បទ​ល្មើស​គួរ​តែ​ត្រូវ​ឃុំ​នៅ​ពន្ធនាគារ​នៅ​រាជធានី ឬ​ខេត្ត​នោះ។ លោក​ថា ការ​អនុវត្ត​ជាក់​ស្ដែង គឺ​ផ្ទុយ​ពី​ច្បាប់ ហើយ​អ្នក​កាន់​អំណាច​ហាក់​ចង់​គំនុំ​ទៅ​ហ្នឹង​អ្នកទោស​មនសិការ​ដូច​ជា​ករណី​មេធាវី​សញ្ជាតិ​ខ្មែរ​អាមេរិក​គឺ​កញ្ញា សេង ធារី ដែល​ធ្លាប់​បញ្ជូន​ទៅ​ពន្ធនាគារ​នៅ​ព្រះវិហារ​ជា​ដើម។

អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​តែង​តែ​លើក​ឡើង​ពី​ក្ដី​កង្វល់​ពី​ភាព​ណែន​តាន់​តាប់​ក្នុង​ពន្ធនាគារ​ និង​បញ្ហា​លំបាក​ផ្សេងៗ​ ក្នុង​ពន្ធនាគារ​ប៉ុណ្ណា រដ្ឋាភិបាល​មិន​ទាន់​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​នោះ​ដែរ។ បន្ថែម​ពី​ចាប់​តាំង​ពី​ការ​ឡើង​កាន់​ដំណែង​របស់​​​​ នាយករដ្ឋមន្ត្រី​ លោក​ ហ៊ុន ម៉ាណែត បាន​បន្ត​បង្ក្រាប​ និង​ចាប់​មន្ត្រី​បក្ស​ប្រឆាំង​ អ្នក​រិះគន់​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជិត​ ២០នាក់​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។