ប្រធានចលនាស្ត្រីរបស់គណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ស្ពឺ អ្នកស្រី គុណ ម៉ាច ប្ដេជ្ញាប្រើជីវិតចុងក្រោយធ្វើនយោបាយ ដើម្បីជំរុញឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន។ បច្ចុប្បន្ន អ្នកស្រី កំពុងភៀសខ្លួននយោបាយនៅក្រៅប្រទេស និងកំពុងតស៊ូនយោបាយជាមួយគណបក្សប្រឆាំង ទោះបីជាប្រឈមនឹងការតាមចាប់ខ្លួនពីអាជ្ញាធររបបក្រុងភ្នំពេញក៏ដោយ។ តើអ្នកស្រី គុណ ម៉ាច មានដំណើរជីវិត និងសកម្មភាពនយោបាយបែបណាខ្លះ?
អ្នកស្រី គុណ ម៉ាច ដែលមានវ័យ៥០ ឆ្នាំ កំពុងតស៊ូរស់នៅម្នាក់ឯងក្នុងបន្ទប់តូចមួយ នៅឯប្រទេស ថៃដោយបែកបាក់ក្រុមគ្រួសារដើម្បីគេចចេញពីការតាមចាប់ខ្លួនក្រោមហេតុផលនយោបាយ របស់អាជ្ញាធររបបក្រុងភ្នំពេញ។
មាឌធំខ្ពស់ សម្បុរខ្មៅស្រអែម និងមានទឹកមុខញញឹមរួសរាយ អ្នកស្រី គុណ ម៉ាច រៀបរាប់ប្រាប់ អាស៊ីសេរីមួយៗថា អ្នកស្រី បានបង្ខំចិត្តចាកចេញពីផ្ទះចោលប្ដី និងកូនចៅរត់ភៀសខ្លួន ទៅប្រទេសថៃ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៩ ។ ការបង្ខំចិត្តរស់នៅនិរទេសខ្លួននេះ បន្ទាប់ពីតុលាការខេត្តកំពង់ស្ពឺបានចេញដីកាកោះហៅទៅបំភ្លឺចំនួនពីរលើក និងដាក់ពង្រាយកម្លាំង សមត្ថកិច្ចតាមដានអ្នកស្រីជាប្រចាំ បន្ទាប់ពីអ្នកស្រីបង្ហោះសារតាមហ្វេសប៊ុកថា លោក សម រង្ស៊ី និងលោក កឹម សុខា ជាមនុស្សតែមួយ និងបង្ហោះសារគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី៖ «ខ្ញុំគិតថា បើខ្ញុំមិនបានរត់ភៀសខ្លួនមកនេះទេ គេនឹងចាប់ខ្ញុំដាក់គុក ឬមានបញ្ហាផ្សេងៗ ព្រោះខ្ញុំអត់មានជំនឿជឿជាក់ទៅលើអាជ្ញាធរក្រុងភ្នំពេញ និងតុលាការខេត្តកំពង់ស្ពឺ ។ សកម្មភាពដែលពួកយើងធ្វើ យើងគ្រាន់តែជួបជុំគ្នា ខ្ញុំគិតថា អត់មានធ្វើអីធ្ងន់ធ្ងរដល់ថ្នាក់មានដីកាពីតុលាការចោទប្រកាន់ពួកនាងខ្ញុំសុទ្ធតែជាជនឧក្រិដ្ឋ»។
បើទោះបីជា អ្នកស្រី គុណ ម៉ាច បានចាកចេញពីប្រទេសហើយក្ដី ប៉ុន្តែអាជ្ញាធរកម្ពុជា នៅតែបន្តតាមធ្វើទុក្ខបុកម្នេញដដែល។ ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរកម្ពុជា បានបិទរូបថតប្រកាសតាមចាប់ខ្លួនអ្នកស្រី និងសកម្មជនបក្សប្រឆាំងផ្សេងនៅតាមច្រកព្រំដែនខ្មែរ-ថៃ ដោយខ្លាចអ្នកស្រី វិល ត្រឡប់ចូលកម្ពុជាវិញ។ បន្ទាប់មក ក្រសួងការបរទេស ក៏បានសម្រេចលុបចោលលិខិតឆ្លងដែនរបស់អ្នកស្រី និងសកម្មជនបក្សប្រឆាំងចំនួន២៦នាក់ទៀត។ រហូតមកដល់ពេលនេះ អ្នកស្រី គុណ ម៉ាច ឱ្យដឹងថា អ្នកស្រី មិនអាចវិលត្រឡប់ចូលកម្ពុជាវិញបានទេ ដោយសារមានដីកាចាប់ខ្លួនកំពុងរង់ចាំអ្នកស្រី ដែលចេញដោយតុលាការខេត្តកំពង់ស្ពឺពាក់ព័ន្ធនឹងបទចោទ ''រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍''។ ចំពោះការបន្តជីវិតនយោបាយនៅប្រទេសថៃនេះ អ្នកស្រី រៀបរាប់ថា ជួបការលំបាកជាច្រើនដូចជាបញ្ហាជីវភាព និងសុវត្ថិភាព៖ «យើងអត់ចេះភាសាគេ ហើយយើងអត់ដឹងភូមិសាស្ត្រ បញ្ហាប្រឈម ហើយនិងខ្វះខាត់ក្នុងជីវភាពរស់នៅដោយសារបន្ទប់ថ្លៃ អត់មានថវិកាអីចឹងណា។ អាជ្ញាធរថៃ ធ្លាប់ចាប់ដែរ តែគេដោះលែងវិញ ដោយសារយើងមានឯកសារត្រឹមត្រូវ»។
អ្នកស្រី គុណ ម៉ាច មានទីលំនៅក្នុងសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ អ្នកស្រីរៀបការក្នុងឆ្នាំ១៩៩៣ មានកូនស្រីម្នាក់ ហើយបច្ចុប្បន្ន ទទួលបានចៅពីរនាក់។ ប្តី និងកូនចៅរបស់អ្នកស្រី កំពុងរស់នៅស្រុកកំណើត។ ស្ថានភាពជីវភាពគ្រួសាររបស់ស្ត្រីរូបនេះ ដែលធ្លាប់តែធូរធារសមល្មម ប៉ុន្តែបានធ្លាក់ចុះខ្លាំង បន្ទាប់ពីមានការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយរហូតរស់នៅព្រាត់ប្រាសគ្នា។
ទោះបីជាប្រឈមនឹងទុក្ខលំបាក ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញបែបណាក្តី ស្ត្រីសមាជិក បក្សប្រឆាំងរូបនេះ នៅតែរក្សាជំហរមោះមុតបន្តជីវិតនយោបាយជាមួយគណបក្សសង្គ្រោះជាតិ ដដែល ដោយមិននៅសម្ងំសុខខ្លួនឯងនោះទេ ។ អ្នកស្រី មានក្តីប្រាថ្នាចង់ឃើញប្រទេសកម្ពុជា មានការអភិវឌ្ឍត្រឹមត្រូវ មាននីតិរដ្ឋ មានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពិតប្រាកដ និងចង់ឃើញការផ្លាស់ប្ដូរជាវិជ្ជមាន៖ «ខ្ញុំមិននៅសម្ងំសុខទេ គឺខ្ញុំនៅតែបន្តសកម្មភាពចូលរួម សកម្មភាពនយោបាយជាមួយថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ ក៏ដូចជាសកម្មជននៅថៃ។ មួយជីវិតខ្ញុំ គឺខ្ញុំចូលរួមការងារនយោបាយនេះ ខ្ញុំចង់ឱ្យមានការផ្លាស់ប្ដូរ ៥ឆ្នាំ បោះឆ្នោតម្តងប្តូរនាយករដ្ឋមន្ត្រីពីរ អាណត្តិម្ដង ខ្ញុំអត់ចង់ឱ្យមេដឹកនាំមួយដឹកនាំ ៣០ ទៅ៤០ឆ្នាំហើយតកូនតចៅទេ។ ចង់ឱ្យមានលទ្ធិប្រជាធិបតេយ្យហើយចង់ឱ្យមានការអភិវឌ្ឍដូចប្រទេសជិតខាង»។
អ្នកស្រី គុណ ម៉ាច បានចូលរួមជីវភាពនយោបាយជាមួយគណបក្ស សម រង្ស៊ី ចាប់ពីឆ្នាំ២០០៤ បន្ទាប់ពីមើលឃើញថា លោក សម រង្ស៊ី ជាមេបក្សប្រឆាំងដែលស្អាតស្អំ និងធ្វើគ្រប់យ៉ាងដើម្បី ប្រទេសជាតិ និងប្រជាពលរដ្ឋ នៅក្នុងសង្គមមួយដែលមានអំពើអយុត្តិធម៌ ការរំលោភបំពានសិទ្ធិសេរីភាពពលរដ្ឋ ការរំលោភយកដីធ្លីពលរដ្ឋ អំពើពុករលួយ និងការកើនឡើងនៃជនអន្តោប្រវេសន៍ វៀតណាមខុសច្បាប់នៅកម្ពុជា។ ក្រោយមកអ្នកស្រី បានបន្តចូលរួមជាមួយគណបក្សសង្គ្រោះជាតិ និងទទួលបានដំណែង ជាប្រធានចលនាស្ត្រីប្រចាំខេត្តកំពង់ស្ពឺ។ អ្នកស្រីធ្លាប់ជាប់ឆ្នោតជាក្រុម ប្រឹក្សាសង្កាត់រកាធំ របស់គណបក្សសម រង្ស៊ី ពីឆ្នាំ២០០៥ ដល់ឆ្នាំ្ន២០១២ ហើយបន្ទាប់មកអ្នកស្រី បានជាប់ឆ្នោតជាក្រុមប្រឹក្សាក្រុងច្បារមន នៅឆ្នាំ២០១៤។
យុវជនគណបក្សសង្គ្រោះជាតិ ដែលកំពុងភៀសខ្លួននៅថៃ លោក រិន រដ្ឋ ថ្លែងថា អ្នកស្រី គុណ ម៉ាច គឺជាអ្នកនយោបាយដែលមានបេះដូងស្នេហាជាតិពិតប្រាកដ។ លោកមើលឃើញថា អ្នកស្រី មាន ភាពក្លាហាន មានគុណធម៌ ចេះចែករំលែក និងមានការលះបង់ខ្ពស់ចំពោះជាតិ និងប្រជាជន ហើយ លោកយល់ថា ប្រសិនបើអ្នកស្រី និងគណបក្សសង្រ្គោះជាតិ មានឱកាសវិលទៅបម្រើប្រជាពលរដ្ឋ វិញ គឺជាសំណាងរបស់ប្រជាពលរដ្ឋខ្មែរ។ យុវជនរូបនេះបន្តថា អ្នកស្រី គុណ ម៉ាច ទទួលបានការ គោរពស្រឡាញ់យ៉ាងខ្លាំងពីសកម្មជនភៀសខ្លួននយោបាយ និងប្រជាពលករខ្មែរ៖ «យុវជនដែលភៀសខ្លួននៅបាងកកភាគច្រើនហៅគាត់ថា ម៉ែ ឬ អ្នកម្ដាយ ដោយសារគាត់ជាចាស់ទុំ ចេះអោបក្រសោប ចេះមើលថែយុវជន ហើយដូចថា ឈឺថ្កាត់ អី ឬបើថា ខ្វះលុយខ្វះកាក់គឺថា គាត់ជួយទំនុកបម្រុងមើលថែ និងជួយចេញលុយជាដើម។
សព្វថ្ងៃនេះ មានសកម្មជនគណបក្សសង្គ្រោះជាតិ ប្រមាណជិត ១០០នាក់ ទាំងស្រី និងប្រុស ហើយ អ្នកខ្លះក៏មានកូនៗតូច កំពុងតស៊ូរស់នៅជាជនភៀសខ្លួនក្នុងប្រទេសថៃ។
ទាក់ទងនឹងការធ្វើទុក្ខបុកម្នេញសកម្មជនបក្សប្រឆាំងនេះ អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) ប្រចាំខេត្តកំពង់ស្ពឺ លោក ខុន ខូយ សោកស្ដាយចំពោះអាជ្ញាធរ និងតុលាការខេត្តកំពង់ស្ពឺ ដែលចោទប្រកាន់ និងតាមចាប់ខ្លួនសកម្មជនបក្សប្រឆាំង សូម្បីតែជាស្ត្រី រហូតដល់ពួកគេ ត្រូវរស់នៅព្រាត់ប្រាសក្រុមគ្រួសារ ។ លោកយល់ថា ទង្វើរបស់អាជ្ញាធរមិនមែនជាការអនុវត្តច្បាប់នោះទេ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ព្រោះសកម្មភាពរបស់សកម្មជនបក្សប្រឆាំងទាំងនោះ គ្រាន់តែអនុវត្តសេរី ភាពបញ្ចេញមតិ សិទ្ធិជួបជុំ និងសិទ្ធិចូលរួមសកម្មភាពនយោបាយដែលមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ៖ «ការគាំទ្រគឺជាសិទ្ធិរបស់គាត់។ បើគាត់គិតថា គណបក្សនយោបាយណាមួយដែលល្អសម្រាប់គាត់គឺគាត់អាចគាំទ្រនូវគណបក្សនោះបាន។ បើយើងតាមមើលទៅ គឺគណបក្សប្រឆាំងនេះ យើងឃើញថា មកទល់ឥឡូវនេះ មេដឹកនាំ មិនទាន់មានការកាត់ទោសនៅឡើយ ទេ ហើយការរំលាយគណបក្សនេះ ខ្ញុំឃើញថា វាដូចជាមិនត្រូវតាមច្បាប់ទេ វាជារឿងនយោបាយ ព្រោះយើងឃើញថា ពេលបោះឆ្នោតឃុំ - សង្កាត់នោះ បក្សប្រឆាំង មានការកើនឡើងចំនួនអាសនៈ ត្រង់ចំណុចនេះ អាចជាការព្រួយបារម្ភសម្រាប់គណបក្សកាន់អំណាច»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ សង្កេតឃើញថា ក្រោយអវត្តមានគណបក្សសង្គ្រោះជាតិ ហើយមានការធ្វើទុក្ខបុកម្នេញលើសកម្មជនបក្សប្រឆាំងគ្រប់ទីកន្លែង គឺធ្វើឱ្យសំឡេងជជែកពីរឿងនយោបាយមាន ភាពស្ងប់ស្ងាត់ និងធ្វើឱ្យអាជ្ញាធររដ្ឋាភិបាល ជិះសេះលែងដៃ។
យ៉ាងណាក៏ដោយចុះ អ្នកស្រី គុណ ម៉ាច នៅតែអំពាវនាវឱ្យប្រជាពលរដ្ឋ និងសកម្មជនបក្សប្រឆាំងនៅតាមមូលដ្ឋាន ត្រូវតែរឹងមាំ កុំលក់ឧត្ដមគតិ និងកុំអស់សង្ឃឹម ហើយបន្តចូលរួមកិច្ចការនយោបាយឱ្យកាន់តែសកម្មថែមទៀត ដើម្បីទាមទារឱ្យមានដំណោះស្រាយនយោបាយឆាប់ៗ និងស្ដារសិទ្ធិមនុស្ស ព្រមទាំងលទ្ធិប្រជាធិបតេយ្យឡើងវិញ៖ «យើងសាមគ្គីគ្នាជាធ្លុងមួយ យើងកុំបែកបាក់ កុំគិតអីរឿងផ្សេងដូច អ្នកមួយចំនួនចង់ទៅបង្កើតបក្សថ្មីនោះ គឺអត់ប្រយោជន៍ទេ ដូច្នេះយើងត្រូវតែរឹងមាំជាមួយគណបក្សសង្គ្រោះជាតិ ហើយសូមឱ្យយុវជនជំនាន់ថ្មី ធ្វើម៉េចចេះតស៊ូចេះងើបឡើងដើម្បីប្រជាជាតិយើងឱ្យ មានលទ្ធិប្រជាធិបតេយ្យពិតប្រាកដដូចនៅប្រទេសលោកសេរី»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។