ចិន នឹង​បើក​ស្ថាន​អគ្គ​កុងស៊ុល និង​សមាគម​សារព័ត៌មាន​ចិន នៅ​ខេត្ត​ព្រះសីហនុ

ដោយ ម៉ៅ សុធានី
2019.07.15
Wang Wentian លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ និង​លោក វ៉ាង វិនជៀន (Wang Wentian) ឯក​អគ្គ​រដ្ឋ​ទូត​ចិន ក្នុង​ជំនួប​ជាមួយ កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ២០១៩។
រូប៖ រដ្ឋបាលសាលាខេត្ត​ព្រះសីហនុ

ចិន​គ្រោង​បើក​ស្ថាន​អគ្គ​កុងស៊ុល និង​សមាគម​សារព័ត៌មាន​ចិន នៅ​ខេត្ត​ព្រះសីហនុ ក្នុង​ពេល​ឆាប់ៗ ខាង​មុខ ក្រោយ​ពី​ជំនួប​ពិភាក្សា​រវាង​ឯក​អគ្គ​រដ្ឋទូត​ចិន និង​អភិបាល​ខេត្ត​ព្រះសីហនុ។

អ្នក​នាំ​ពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ លោក ឃាង​ ភារម្យ បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុង​ជំនួប​កាល​ពី​សប្តាហ៍​មុន ឯក​អគ្គ​រដ្ឋ​ទូត​ចិន លោក ​វ៉ាង វិនជៀន (Wang Wentian​) ​​បាន​យល់ព្រម​តាម​សំណើ​​របស់​អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន ដើម្បី​សុំ​ឲ្យ​បើក​ស្ថាន​កុងស៊ុល​ចិន និង​បើក​សមាគម​សារ​ព័ត៌មាន​ចិន ក៏​ប៉ុន្តែ​មិន​ទាន់​កំណត់​ពេល​វេលា​ច្បាស់លាស់​នៅ​ឡើយ។​

លោក ឃាង ភារម្យ បញ្ជាក់​ថា គោល​បំណង​សំខាន់​នៃ​សំណើ​របស់​អភិបាល​ខេត្ត​ព្រះសីហនុ​នេះ គឺ​ដើម្បី​អប់រំ ​ផ្សព្វផ្សាយ ​និង​ចែក​រំលែក​ការ​អនុវត្ត​នីតិ​វិធី​ច្បាប់ ចំពោះ​ក្រុមហ៊ុន​វិនិយោគ​ចិន ​នៅ​ខេត្ត​ព្រះ​សីហ​នុ ​ឲ្យ​យល់​ដឹង​ពី វប្ប​ធម៌​ ច្បាប់ ​សង្គម​ និង​ការ​ផ្សព្វ​ផ្សាយ​អប់រំ​នៅ​កម្ពុជា។ លោក​បន្ត​ថា នៅ​ពេល​មាន​ស្ថាន​អគ្គ​កុងស៊ុល​ចិន​ប្រចាំ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ គឺ​ជា​ការ​ផ្ដល់​ភាព​ងាយ​ស្រួល​ចំពោះ​ការ​គ្រប់គ្រង​ព័ត៌មាន ស្ថិតិ​ប្រជា​ជន​ចិន ​អ្នក​វិនិយោគ​ និង​ភ្ញៀវ​ទេសចរ​ចិន ​បាន​ជាក់​លាក់​ ព្រមទាំង​ជួយ​សម្រួល​បញ្ហា​ផ្សេងៗ ពាក់​ព័ន្ធ​នឹង​សន្តិសុខ​ បាន​ទាន់​ពេល​វេលា​ទៀត​ផង។

គេហទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​សុក្រ​ ទី១២ ខែ​កក្កដា បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​នេះ​ដែរ ភាគី​ទាំង​២ ក៏បាន​ផ្លាស់​ប្ដូរ​យោបល់​ទៅ​វិញ​ទៅ​មក ​ស្ដីពី​កិច្ច​សហ​ប្រតិបត្តិ​ការ​ថ្នាក់​ក្រោម​ជាតិ​ រវាង​ចិន​ និង​កម្ពុជា​ ព្រមទាំង​ជំរុញ​ការ​កសាង​​តំបន់​សេដ្ឋ​កិច្ច​ពិសេស នៅ​ក្រុង​ព្រះ​សីហនុ​ផង​ដែរ។

ទិន្នន័យ​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ ​កាល​ពី​ដើម​ខែ​កក្កដា ​បង្ហាញ​ថា អាជីវកម្ម​ជាង ៩០ភាគ​រយ នៅ​ក្រុង​ព្រះសីហនុ ​បច្ចុប្បន្ន ​ត្រូវ​បាន ​គ្រប់គ្រង​ដោយ​ជន​ជាតិ​ចិន​ ក្នុង​នោះ​រួម​មាន ​សណ្ឋាគារ ​កាស៊ីណូ ​ភោជនីយដ្ឋាន និង​​ហាង​ម៉ាស្សា​ជាដើម។ ខេត្ត​ព្រះសីហនុ ទើប​តែ​មាន​ស្ថាន​អគ្គ​កុងស៊ុល​វៀតណាម​មួយ​ប៉ុណ្ណោះ ហើយ​ស្រប​ពេល​ដែល​កំណើន​វិនិយោគិន​ចិន និង​ប្រជា​ជន​ចិន​ មាន​ការ​កើន​ឡើង​ជា​គំហុក ទើប​អភិបាល​ខេត្ត​ព្រះសីហនុ ស្នើសុំ​ឲ្យ​ស្ថាន​ទូត​ចិន​បង្កើត​ស្ថាន​អគ្គ​កុងស៊ុល​ នៅ​ខេត្ត​នេះ​ផ្ទាល់​តែ​ម្ដង ដើម្បី​សម្រួល​ដល់​បញ្ហា​នានា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។