ប្រជាពលរដ្ឋនិងយុវជនមួយចំនួនលើកឡើងថា ការដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមចាប់ខ្លួនជនទាំងឡាយណា ដែលរិះគន់ពីបញ្ហាព្រំដែនកម្ពុជា និងវៀតណាមនេះ កាន់តែធ្វើឲ្យប្រជាជនមានការ សង្ស័យជាច្រើន និង លែងទុកចិត្តរដ្ឋាភិបាល ក្នុងការកំណត់ខណ្ឌសីមាព្រំដែនកម្ពុជា និងវៀតណាម។ បន្ថែមពីនេះក្រុមពលរដ្ឋ និងយុវជន ចាត់ទុកការលើកឡើងនេះ ជាការ គំរាមបិទសិទ្ធិពលរដ្ឋ រំលោភច្បាប់កំពូលរបស់ជាតិ និងច្បាប់អន្តរជាតិ។
តើពលរដ្ឋ និងក្រុមយុវជន យល់ឃើញ ចំពោះការគំរាមរបស់លោក ហ៊ុន សែន បែបនេះ?
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា ហាក់ខ្លាចញញើត មិនហ៊ានបញ្ចេញមតិជុំវិញ បញ្ហាព្រំដែននោះទេ ព្រោះបារម្ភពីសុវត្ថិភាព។ ចំណែកក្រុមយុវជនវិញអះអាងថា ពួកគេមិនខ្លាចនិយាយរឿងព្រំដែននោះទេ បើទោះបីជាមានសារគំរាមពីមេដឹកនាំរដ្ឋរូបនេះក្ដី។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ លោក រឿន វាសនា ថ្លែងថា ការគំរាមរបស់លោក ហ៊ុន សែន បែបនេះ គឺចង់លាក់បាំងទោសកំហុសដ៏ធំរបស់ខ្លួន ដែលបានកាត់ដីឱ្យវៀតណាម ដោយស្ងាត់ៗ មិនឱ្យពលរដ្ឋដឹងឮ។ លោកថា ពលរដ្ឋមិនទុកចិត្ត រដ្ឋាភិបាលឯកបក្ស ក្នុងការកំណត់បង្គោលព្រំដែនដែលព្រមព្រៀងដោយសម្ងាត់នោះទេ៖ «គំរាមពលរដ្ឋ គឺដើម្បីលាក់បាំងទោសកំហុសរបស់ខ្លួនដែលបានកាត់ដីឱ្យយួន មិនឱ្យពលរដ្ឋដឹងឮ ជាដាច់ខាតគឺកាត់ឱ្យយួនក្នុងលក្ខណៈសម្ងាត់។ ឃុបឃិតជាមួយបក្ខពួកជាមួយ ក្រុមគ្នាគាត់តែប៉ុណ្ណោះ មិនឱ្យពលរដ្ឋដឹងឮទេ » ។
យុវជនរស់នៅរាជធានីភ្នំពេញ និងជានិស្សិតច្បាប់ ថ្នាក់អនុបណ្ឌិត គឺកញ្ញា ហឿន ស្រីនិច ចាត់ទុកការលើកឡើងរបស់ មេដឹកនាំប្រទេសរូបនេះ គឺរំលោភលើរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់រដ្ឋ។ កញ្ញាថា ខ្លឹមសាររដ្ឋធម្មនុញ្ញ បានអនុញ្ញាតឱ្យពលរដ្ឋមានសិទ្ធិការពារអធិបតេយ្យជាតិរបស់ខ្លួន៖ «ការរារាំង និងការបិទសិទ្ធិពលរដ្ឋរបស់លោក ហ៊ុន សែន វាធ្វើឱ្យប៉ះពាល់ទៅហ្នឹង រដ្ឋធម្មនុញ្ញ អីចឹងមានន័យថា គាត់កំពុងរំលោភរដ្ឋធម្មនុញ្ញ។ ជំពួកទី៣ នៃច្បាប់រដ្ឋធម្មនុញ្ញ គេនិយាយ ពីសិទ្ធិ និងករណីកិច្ចរបស់ពលរដ្ឋ អ៊ីចឹងមានន័យថា ពលរដ្ឋមានសិទ្ធិការពារអធិបតេយ្យជាតិដូចគ្នា » ។
ជាមួយគ្នានេះ យុវជនទើបតែបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រនយោបាយ នៅប្រទេសថៃ គឺលោក សុត បាន យល់ថា មេដឹកនាំប្រទេស គួរតែពន្យល់ និងបកស្រាយឱ្យច្បាស់លាស់ ប្រាប់ពលរដ្ឋពីបញ្ហាព្រំដែន មិនគួរប្រើអំណាចគំរាមបិទសិទ្ធិសេរីភាពពលរដ្ឋនោះទេ។ លោកប្រតិកម្មថា សារគំរាមនេះ ឆ្លុះបញ្ចាំងថា រដ្ឋាភិបាលហាក់ព្រមព្រៀងដោយស្ងាត់ៗ ជាមួយវៀតណាម បង្កើតនូវចំណុចសង្ស័យជាច្រើន ទាក់ទិនការកំណត់ខណ្ឌសីមាកម្ពុជា-វៀតណាមកន្លងទៅ៖ «ការនិយាយរបស់គាត់ ឃោរឃៅបន្តិច គាត់និយាយបែបឈ្លើយ ក្នុងនាមយើងជាថ្នាក់ដឹកនាំ យើងត្រូវមានក្រមសីលធម៌ខ្ពស់ ក្នុងការនិយាយ ព្រោះអីយើងជាគំរូដល់មហាជនទូទាំងប្រទេស។ អំណាចនៅលើគាត់ គាត់ចង់ថា ម៉េចក៏បានដែរ សម្រាប់យើងជាយុវជន យើងនៅតែស្រឡាញ់ និងតាមដាន បញ្ហាព្រំដែនដដែល » ។
កាលពីពេលថ្មីៗ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចាប់ខ្លួនជនទាំងឡាយ ដែលញុះញង់ និងបំភ្លៃ អំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម ដែលអាចជំរុញឱ្យមានសង្គ្រាមជាមួយប្រទេសជិតខាង៖ «ឥលូវមកប៉ុន្មានចាប់ប៉ុណ្ណឹង រឿងទល់ដែនអត់មានឱ្យរញ៉េរញ៉ៃ។ កុំថា រដ្ឋាភិបាលហ៊ុន សែន ផ្ដាច់ការ នេះមិនមែនការតស៊ូមតិទេ។ អ្នកខ្លះថា នេះជាការតស៊ូមតិ អត់តស៊ូមតិទេ នេះជារឿងផ្លូវច្បាប់សុទ្ធសាធ » ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ចាត់ទុកការគំរាមរបស់លោក ហ៊ុន សែន នេះ គឺជាកំហុសដ៏ធំមួយ ព្រោះរដ្ឋាភិបាល គឺជាអ្នកទទួលខុសត្រូវរួម បើទោះបីជាពលរដ្ឋមានទស្សនប្រឆាំងក្ដី ក៏ត្រូវផ្តល់សិទ្ធិឱ្យពួកគេបញ្ចេញមតិយោបល់ ស្របតាមរដ្ឋធម្មនុញ្ញដែរ។ លោកបញ្ជាក់ថា លោក ហ៊ុន សែន បានចាត់ទុកអ្នករិះគន់ ជាក្រុមប្រឆាំង គឺជាកំហុសមួយទៀត ដែលមេដឹកនាំរូបនេះ នៅមិនទាន់យល់ ពីតួនាទីរបស់ខ្លួននៅឡើយទេ៖ «នរណាក៏ដោយឱ្យតែនិយាយរឿងព្រំដែន ចាប់ទាំងអស់ ពលរដ្ឋដែលប្លន់អំណាចពីពលរដ្ឋ ប្លន់សន្លឹកឆ្នោតពីពលរដ្ឋទៅវិញទេ កាលណាគាត់និយាយអ៊ីចឹង។ ពលរដ្ឋ ក្រុមសកម្មជនព្រំដែន និងអ្នកធ្វើកិច្ចការព្រំដែនទាំងអស់ហ្នឹង គឺគាត់ទាមទារតែមួយទេ គឺដោះស្រាយបញ្ហាព្រំដែនដោយ តម្លាភាព ដាក់លើតុ មិនមែនធ្វើស្ងាត់ៗ អ៊ីចឹងទេ។ គាត់ដោះស្រាយបញ្ហាព្រំដែន គាត់ធ្វើស្ងាត់ៗ » ។
កាលពីដើមខែសីហាកន្លងទៅ គណៈកម្មការព្រំដែនកម្ពុជា និងវៀតណាម បានចុះហត្ថលេខាប្រើប្រាស់ផែនទីថ្មី ខ្នាត ១/២៥ពាន់ យកពីប្រទេសវៀតណាម និងបោះពុម្ព ដោយក្រុមហ៊ុនឯកជនមួយ នៅប្រទេសដាណឺម៉ាក (Denmark)។ រដ្ឋាភិបាលចាត់ទុកការប្រើផែនទីថ្មីនេះ គឺជាការទទួលស្គាល់លទ្ធផលបង្គោលព្រំដែនកម្ពុជា និងវៀតណាម ដែលបោះរួចចំនួន ៨៤ភាគរយ។ ចំណែកគណបក្សប្រឆាំងចោទថា ការចុះហត្ថលេខាទទួលយកផែនទីនេះ ជាការទទួលស្គាល់ការឈ្លានពានរបស់វៀតណាម ដោយស្របច្បាប់ ខណៈដែលកម្ពុជាកំពុងមានជម្លោះនយោបាយ ដឹកនាំដោយរដ្ឋាភិបាលឯកបក្ស ឡើងកាន់អំណាចដោយសារការបោះឆ្នោតក្លែងក្លាយ កាលពីឆ្នាំ២០១៨។
អាជ្ញាធរនៃរបបក្រុងភ្នំពេញ បានចាប់ខ្លួន សមាជិកប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន និងប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ចោទប្រកាន់ពីបទញុះញង់បញ្ហាព្រំដែន បន្ទាប់ពីពួកគេចុះពិនិត្យតំបន់ជាក់ស្ដែងនៅភូមិត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ និងរកឃើញភាពមិនប្រក្រតីដូចគ្នាថា ការបោះបង្គោលព្រំដែនលេខ១១៤ ដល់១១៩ មានភាពមិនប្រក្រតី និងមានករណីទាហានវៀតណាមមួយក្រុម បានចូលឈ្លានពានកម្ពុជា ក្នុងឯកសណ្ឋានយោធា ប្រដាប់ដោយកាំភ្លើង ចូលមក រុញច្រាន និងបណ្ដេញអ្នកភូមិត្រពាំងផ្លុង មិនឲ្យធ្វើស្រែ លើដីកេរ្តិ៍ឪពុកម្ដាយ នៅជាប់តំបន់ព្រំដែន។ ក្រៅពីនេះ ក៏បន្ថែមការចាប់ខ្លួន ចំណែកយុវជន ២នាក់ នៃក្រុមចលនាខ្មែរថាវរៈ ក្រោយពីពួកគេតវ៉ា ឱ្យដោះលែងលោក រ៉ុងឈុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។