លោក សម រង្ស៊ី បន្ត​រិះគន់​បក្ស​កាន់អំណាច​ថា ​ជា​បក្ស​លក់​ជាតិ​ហើយ​បក្ស​តូចៗ​ ១៩​ ទៀត​ជា​បក្ស​អាប

0:00 / 0:00

ប្រធាន​ចលនា​ សង្គ្រោះជាតិ ​លោក សម រង្ស៊ី នៅ​ថ្ងៃទី៨ កក្កដា បាន​បង្ហោះ​សារ​ក្នុង​ហ្វេសប៊ុក (Facebook) របស់​លោក​រិះគន់​សាជាថ្មី ប្រដូច​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ ជា​គណបក្ស​លក់​ជាតិ បំផ្លាញ​ជាតិ និង​ក្បត់ជាតិ។ ចំណែក​គណបក្ស​១៩​ផ្សេងទៀត​ដែល​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃ​ខាងមុខថា ជា​គណបក្ស​មាន​តែ​ក្បាល​អត់​ខ្លួន ឬ​ជា​គណបក្ស​អំពិលអំពែក។ ចំណែក​លោក ហ៊ុន សែន វិញ ធ្លាប់​បាន​អះអាង​ថា ការបោះឆ្នោត​នេះ ដំណើរការ​តាម​បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ត្រឹមត្រូវ និង​យុត្តិធម៌។

ប្រធាន​ចលនា​ សង្គ្រោះជាតិ បាន​បង្ហោះ​សារ​វាយប្រហារ​ដំណើរការ​បោះឆ្នោត​នេះ​ជា​បន្តបន្ទាប់។ សារ​ចុង​ក្រោយនេះ លោក សម រង្ស៊ី បាន​ចាត់​ទុក​គណបក្ស​លេខ​រៀង​ទី២០ គឺជា​គណបក្ស​លក់​ជាតិ បំផ្លាញ​ជាតិ និង​ក្បត់ជាតិ។ ចំណែក​គណបក្ស​តូចៗ ​ដែល​មាន​លេខ​រៀង​ពី​ទី១ ដល់​ទី​លេខ​ទី​១៩ គឺជា​គណបក្ស​អាប ដែល​មានតែ​ក្បាល​អត់​ខ្លួន ឬ​គណបក្ស​អំពិលអំពែក ដែល​កើត​ចេញ​មក​ព្រោងព្រាត ពេល​រដូវ​បោះឆ្នោត​ម្តងៗ តែ​រលត់​បាត់​ទៅវិញ​អស់​ក្រោយ​ថ្ងៃ​បោះឆ្នោត។ លោក​ថា គណបក្ស​​ទាំង ១៩​នោះ គ្រាន់តែ​ជា​គណបក្ស​មក​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​លេខ​រៀង​ទី​២០ ដែល​ជា​អ្នក​រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ​នៅ​ថ្ងៃទី​២៩ កក្កដា ២០១៨។ លោក សម រង្ស៊ី ថា​ការបោះឆ្នោត​នេះ ជា​ឆាកល្ខោន ដើម្បី​​​កម្ចាត់​​គណបក្ស​ សង្គ្រោះជាតិ សម្លាប់​លទ្ធិប្រជាធិបតេយ្យ និង​ប្រថាប់ត្រា ឲ្យ​គណបក្ស​ ប្រជាជន​កម្ពុជា​ ឈ្នះ ១០០​ភាគរយ ហើយ​មាន​លេស​កាន់អំណាច បំផ្លាញ​ជាតិ តទៅទៀត ហើយ​គណបក្ស​គណបក្ស​អំពិលអំពែក​ទាំង ១៩ នោះ មិន​គួរ​ចូល​មក​លេងល្បែង​ដ៏​ថោកទាប​បែបនេះ​សោះ ពីព្រោះ​ជា​ការ​ចូល​ដៃ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​សម្លាប់​ជាតិ​មាតុភូមិ​កម្ពុជា​របស់​យើង​ទាំងអស់​គ្នា។

លោក​ថា ទោះបីជាគណបក្ស​អាប ឬ​អំពិលអំពែក​ណាមួយ អាច​ទៅជា​គណបក្ស​ខ្លាំង​គួរសម ដែល​អាច​យកឈ្នះ​លើ​គណបក្ស​ ប្រជាជន​កម្ពុជា ​ក៏ដោយ​ពេលនោះ លោក ហ៊ុន សែន ច្បាស់​ជា​នឹង​រំលាយ​គណបក្ស​នោះ ដូច​គណបក្ស​សង្គ្រោះជាតិ​ជា​ពុំខាន។ លោក សម រង្ស៊ី បន្ត​ថា ពិភពលោក​ដឹង​ហើយ​ថា ពេលនេះ​ថា លោក ហ៊ុន សែន មិន​ហ៊ាន​លេងល្បែង​ប្រជាធិបតេយ្យ​ទៀត​ទេ ពីព្រោះ​គាត់​ដឹង​ថា គាត់​ច្បាស់​ជា​ចាញ់​គណបក្សប្រឆាំង​ដែល​បាន​រីក​ធំ ដូច​គណបក្ស​ សង្គ្រោះជាតិ បើ​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ​ពិតប្រាកដ​នោះ។

ទោះជា​មានការ​រិះគន់​យ៉ាង​នេះ​ក្ដី កន្លង​មក​លោក ហ៊ុន សែន អះអាង​ថា ការ​បោះឆ្នោត​ខាងមុខ​ដំណើរការ​ប្រកបដោយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ពហុបក្ស ហើយ​មាន​គណបក្ស​នយោបាយ​ចំនួន ២០​គណបក្ស ចូលរួម​ប្រកួតប្រជែង គឺ​មែន​ជា​គណបក្ស​អាប ឬ​គណបក្ស​អំពិលអំពែក​ដូច​ការ​ចោទប្រកាន់​របស់​លោក សម រង្ស៊ី នោះ​ទេ។ «»

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ ខុមហ្រ្វែល (Comfrel) លោក កន សាវាង្ស សុំ​មិន​អត្ថាធិប្បាយ​ច្រើន​ជុំវិញ​ការ​បង្ហោះ​សារ​រិះគន់​នេះ​ទេ ប៉ុន្តែ​លោក​អះអាង​ថា សារ​រិះគន់​មួយ​ចំនួន​នៅ​អំឡុង​ពេល​បោះឆ្នោត គឺ​អាច​ជះឥទ្ធិពល​ដល់​ប្រជាពលរដ្ឋ​ទាំងមូល​បាន។ «»

លោក សម រង្ស៊ី ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ស្រលាញ់​ជាតិ ស្រលាញ់​សេរីភាព និង​ស្រលាញ់​យុត្តិធម៌ មិន​ត្រូវ​ទៅ​ចូលរួម​បោះឆ្នោត ថ្ងៃ​ទី២៩ កក្កដា ខាង​មុខ​នេះ​ទេ ដើម្បី​បង្ហាញ​ពិភពលោក​ថា ហ៊ុន សែន ជា​ជន​ក្បត់ជាតិ អស់​លក្ខណ៍​ហើយ ពីព្រោះ​ប្រជារាស្ត្រ​ខ្មែរ​ត្រូវ​ការ​ដូរ​គាត់​ចេញ ដើម្បី​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន។ ដោយឡែក​នៅ​ថ្ងៃ​យុទ្ធនាការ​ថ្ងៃ​ទី​២ ការឃោសនា​រក​សំឡេងឆ្នោត​របស់​គណបក្ស​នយោបាយ ទាំង​គណបក្ស​តូចៗ​និង​គណបក្ស​កាន់អំណាច​ហាក់​មិន​សូវ​មាន​សកម្មភាព​ខ្លាំង​ក្លា​ដូច​ការឃោសនាបោះឆ្នោត​កាលពី​អាណត្តិ​មុនៗ​ នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។