លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិដែលកំពុងនិទ្ទេសខ្លួននៅឯក្រៅប្រទេសបានប្រកាសនៅក្នុងគេហទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១១ មិថុនា យុទ្ធវិធីមួយដ៏ល្អប្រសើរ ដើម្បីបញ្ចប់របបផ្ដាច់ការឱ្យបានឆាប់នៅកម្ពុជា គឺធ្វើឱ្យលោក ហ៊ុន សែន ឆ្កួត។
លោក សម រង្ស៊ី បានបញ្ជាក់ថា មានសំណុំរឿងជាច្រើនដែលរង់ចាំលោក ហ៊ុន សែន និងភរិយារបស់លោក នៅចំពោះមុខតុលាការប្រទេសបារាំង ហើយលោកក៏ចង់ឱ្យ លោក ហ៊ុន សែន ហ៊ានមកប្តឹងលោកនៅប្រទេសបារាំង។
ការប្រកាសរបស់លោក សម រង្ស៊ី បានធ្វើឡើងក្រោយពីមេធាវីការពារក្ដីឱ្យលោក ហ៊ុន សែន លោកឧបនាយករដ្ឋមន្ត្រី ស ខេង និង លោក ឌី វិជ្ជា កូនប្រុសអតីតអគ្គស្នងការនគរបាលជាតិលោក ហុក ឡងឌី មានគម្រោងដាក់ពាក្យបណ្ដឹងប្រឆាំងមេដឹកនាំគណបក្សប្រឆាំងរូបនេះក្រោយពីបានចោទប្រកាន់ជាសាធារណៈថាលោក ហ៊ុន សែន រៀបចំផែនការសម្លាប់ឪពុកលោក។
លោក ឌី វិជ្ជា ថា លោកកំពុងឱ្យមេធាវីសិក្សាផ្នែកច្បាប់ ដើម្បីប្ដឹងលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សប្រឆាំង តែមិនបញ្ជាក់ថា នឹងប្ដឹងទៅតុលាការនៅកម្ពុជា ឬប្ដឹងទៅតុលាការប្រទេសបារាំង ដូច លោក ហ៊ុន សែន និង លោក ស ខេង ទេ។ លោក ឌី វិជ្ជា អះអាងថា លោក សម រង្ស៊ី មានចេតនាផ្សព្វផ្សាយព័ត៌មានប្រឌិត ញុះញង់ ដើម្បីធ្វើឱ្យមតិជាតិ និងអន្តរជាតិ ភ័ន្តច្រឡំ នឹងការស្លាប់របស់ឪពុកលោក កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០០៨។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ កាលពីថ្ងៃទី១១ មិថុនា។
លោក សម រង្ស៊ី បានចោទប្រកាន់ថា លោក ហ៊ុន សែន ជាអ្នកសម្លាប់ លោក ហុក ឡង់ឌី តាមរយៈការដាក់គ្រាប់បែកឱ្យផ្ទុះក្នុងឧទ្ធម្ភាគចក្រ (Helicopter) នៅពេលកំពុងហោះហើរលើខេត្តស្វាយរៀង កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០០៨។
លោក សម រង្ស៊ី បញ្ជាក់ទៀតថា មូលហេតុ ដែលលោក ហ៊ុន សែន សម្រេចចិត្តសម្លាប់ លោក ហុក ឡង់ឌី ដោយសារ លោក ហុក ឡង់ឌី បានដឹងរឿងអាក្រក់របស់ លោក ហ៊ុន សែន ច្រើនពេក។ ជាពិសេស លោក ហុក ឡង់ឌី ត្រៀមលាតត្រដាង រាល់បទបញ្ជា ដែល លោក ហ៊ុន សែន បានបញ្ជាឱ្យសម្លាប់ មេសហជីព លោក ជា វិជ្ជា ក្នុងឆ្នាំ២០០៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។