សមាជិកបក្សប្រឆាំង លោក គង់ ម៉ាស់ ដែលទើបដោះលែងពីពន្ធនាគារ អះអាងថា អាជ្ញាធរខេត្តស្វាយរៀង បានបន្តតាមឃ្លាំមើល សកម្មភាពរបស់លោក ទោះបីលោកបានបញ្ចប់ទោសក្នុងពន្ធនាគារហើយក៏ដោយ។ លោក គង់ ម៉ាស់ និងមន្ត្រីសង្គមស៊ីវិល ចាត់ទុកទង្វើរបស់អាជ្ញាធរថា ជាការរឹតត្បិតសិទ្ធិសេរីភាពរបស់លោក។
សមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង លោក គង់ ម៉ាស់ ប្រាប់អាស៊ីសេរីថា អាជ្ញាធរតាមមូលដ្ឋានក្នុងខេត្តស្វាយរៀង តែងតែជិះម៉ូតូតាមដាន និងថតរូបលោក នៅពេលលោក ជួបជុំបងប្អូន មិត្តភក្តិ និងក្រុមគ្រួសារជាដើម។ លោក បន្តថា សូម្បីតែក្នុងពេលបុណ្យភ្ជុំបិណ្ឌ លោកទៅលេងផ្ទះឪពុកបង្កើតរបស់លោកដែលជាជំទប់ទី១ មកពីគណបក្សប្រជាជនកម្ពុជា នៅឃុំកំពង់ត្រាច ស្រុករមាសហែក ក៏មានប្រជាការពារភូមិ និងប៉ូលិសប៉ុស្តិ៍ តាមឃ្លាំមើលលោកដែរ រហូតដល់ឪពុករបស់លោក ទើសចិត្តទ្រាំមិនបាន ក៏ស្តីបន្ទោសអ្នកតាមដានទាំងនោះទៀតផង៖ « គេតាមគ្រប់ជំហាន ទាំងការដែលយើងចុះទៅជួបបងប្អូនហូបញាំជប់លៀង គាត់ធ្វើកម្មវិធីឲ្យខ្ញុំចេញពីពន្ធនាគារព្រៃស គឺបងប្អូនគាត់នឹកស្រឡាញ់ដូច្នេះគេធ្វើ កម្មវិធីហូបចុក ដូច្នេះកម្មវិធីដែលយើងធ្វើម្ហូបអាហារញាំជុំគ្នា គឺប៉ូលិសតាមយើងដល់ៗ កន្លែង តាមឃ្លាំមើលយើងគ្រប់ពេលវេលា។ ជាពិសេស នៅពេលដែលខ្ញុំចុះមកខេត្តពេលភ្ជុំបិណ្ឌ ខ្ញុំបានទៅលែងផ្ទះម៉ែក្មេងនៅភូមិដូង និងធ្វើបានទៅធ្វើបុណ្យនៅវត្តដូង ក៏មានមេភូមិក្រវែលពេញមុខផ្ទះរហូតដល់គំរាមម្ដាយក្មេងខ្ញុំ កុំឲ្យរាប់ខ្ញុំអ្នកទើបចេញពីគុក និងកុំឲ្យទទួលខ្ញុំស្នាក់នៅ ក្នុងផ្ទះហើយគំរាមគាត់ថា បើសិនជាមានបញ្ហាអីគេអត់ទទួលខុសត្រូវផ្ទះនេះទេ » ។
សមាជិកបក្សប្រឆាំងរូបនេះ បន្តថា ទង្វើរបស់អាជ្ញាធរនេះ គឺជាការរំលោភសិទ្ធិឯកជនរបស់លោកធ្ងន់ធ្ងរ និងធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់លោក។ លោក ស្នើសុំឲ្យអាជ្ញាធរបញ្ឈប់ទង្វើនេះ ជាបន្ទាន់ ព្រោះលោក មិនមែនជាជនល្មើសនោះទេ៖ « ខ្ញុំគិតថា នេះគឺជាការរឹតបន្តឹងសេរីភាពរបស់ខ្ញុំដែលខ្ញុំជាអតីតអ្នកទោសនយោបាយ ដែលទើបចេញពីពន្ធនាគារដែលយើងបានអនុវត្តទោសបានរួចរាល់ហើយ។ គិតថា ចេញមកវិញនេះគេមិនហ៊ានទេ បែរជាកាន់តែខ្លាំងឡើង គឺតាមគ្រប់ជំហានតែម្ដង » ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបរឿងនេះពីស្នងការនគរខេត្តស្វាយរៀង លោក កឹង ឃន និងអភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល បានទេ ដោយទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។ ចំណែកអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន មិនទទួលទូរស័ព្ទ នៅថ្ងៃទី១៩ កញ្ញា។
អ្នកសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារត្ន័ មានប្រសាសន៍ថា សកម្មភាពតាមដានរបស់អាជ្ញាធរនេះ គឺជាការរំលោភទៅលើសិទ្ធិបុគ្គល និងសិទ្ធិរស់រានមានជីវិតរបស់មនុស្ស។ លោកពិនិត្យឃើញថា មិនមែនតែលោក គង់ ម៉ាស់ ម្នាក់នោះទេ ពោលគឺសកម្មជនបក្សប្រឆាំងដទៃទៀត រួមទាំងក្រុមគ្រួសាររបស់សកម្មជនដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃសផង សុទ្ធតែត្រូវបានអាជ្ញាធរក្នុងខេត្តស្វាយរៀង ឃ្លាំមើលយ៉ាងដិតដល់បំផុត។ លោក នុត បូពិណ្ណារត្ន័ ឲ្យដឹងថា លោក ក៏បានរាយការណ៍អំពីករណីទាំងនេះជូនឯកអគ្គរដ្ឋទូតអាមេរិកកាលពីពេលថ្មីៗ នេះដែរ៖ « ចំពោះលោក គង់ ម៉ាស់ នេះ ខ្ញុំជឿថា គាត់លំបាកហើយដោយសារអី ដោយសារថាទោះបីជាគាត់ទទួលទោសព្រហ្មទណ្ឌតាមផ្លូវច្បាប់ហើយក្តី ក៏គេនៅតែមិន ទុកចិត្ត និងនៅតែតាមឃ្លាំមើល ធ្វើឲ្យយើងភិតភ័យចង់រកស៊ីក៏មិនកើតហាក់ ដូចជារស់មិនចំរស់ ដែលនិយាយមែនទែនទៅពិបាកណាស់។ ត្រង់នេះហើយដែលយើងនិយាយថា ប៉ះពាល់ដល់សិទ្ធិសេរីភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ បើយើងយករដ្ឋធម្មនុញ្ញមកនិយាយ យកកតិកាសញ្ញាស្តីពីសិទ្ធិមនុស្ស ដែលកម្ពុជាចុះហត្ថលេខីហើយហ្នឹង តែមកដល់ពេលនេះយើងបាត់ បង់អស់ចង់ពាក់កណ្តាលហើយ ដោយសារតែមិនគោរពតាម » ។
សមាជិកគណបក្សសង្គ្រោះជាតិ លោក គង់ ម៉ាស់ ត្រូវបានអាជ្ញាធរដោះលែងចេញពីពន្ធនាគារខេត្តស្វាយរៀង កាលពីព្រលប់ថ្ងៃទី៤ ខែសីហា ក្រោយពីលោក បានអនុវត្តទោសក្នុងពន្ធនាគារព្រៃស ចំនួន ១៨ខែ និង ១៥ថ្ងៃ ហើយនិងបញ្ជូនមកជាប់ពន្ធនាគារខេត្តស្វាយរៀងមួយយប់ចុងក្រោយទៀត។
លោកជាប់ទោស ២ករណី គឺទី១ សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ១៨ខែ ពីបទប្រមាថ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបណ្ដឹងរបស់អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន។ ចំណែកករណីទី២ តុលាការខេត្តស្វាយរៀងបានកាត់ទោសលោកឱ្យជាប់ពន្ធនាគារ ១៥ថ្ងៃ ពីបទបរិហារកេរ្តិ៍ និងញុះញង់ឱ្យពលរដ្ឋស្អប់អ្នករាជការសាធារណៈ តាមបណ្ដឹងរបស់អតីតអភិបាលស្រុករមាសហែក លោក ពេញ ជា។ សំណុំរឿងប្រឆាំងលោក គង់ ម៉ាស់ នេះ កើតឡើងក្រោយពេលលោកបង្ហោះសារលើហ្វេសប៊ុក (Facebook) ទាក់ទងនឹងយុទ្ធនាការម្រាមដៃស្អាតមុនការបោះឆ្នោតឆ្នាំ២០១៨ និងមតិរិះគន់ជុំវិញការដឹកនាំបែបអសកម្មរបស់រដ្ឋាភិបាល និងមន្ត្រីរបបលោក ហ៊ុន សែន។ ក្រុមអង្គការជាតិ និងអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ថា លោក គង់ ម៉ាស់ គ្មានកំហុសអ្វីឡើយ ហើយការចោទប្រកាន់នេះធ្វើឡើងដោយគ្មានមូលដ្ឋាន និងមានចរិតនយោបាយសុទ្ធសាធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។